ក្រសួងលើកទឹកចិត្តឱ្យសមត្ថកិច្ច​ចាត់វិធានការអ្នកកាសែតដែលជំរិតទារប្រាក់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងព័ត៌មាន ស្នើឱ្យអាជ្ញាធរមានសត្ថកិច្ច ចាត់វិធានការច្បាប់​ចំពោះអ្នកសារព័ត៌មានដែលប្រើតួនាទីទៅជំរិតទារប្រាក់ក្រោមរូបភាពជាថ្នូរមិនចុះផ្សាយ​នូវអ្វីដែលក្រសួងថា ដើម្បីទប់ស្កាត់ផលប៉ះពាល់មុខរបរពលរដ្ឋ និងសណ្តាប់ធ្លាប់សង្គម។

ក្រសួងនិយាយតាមលិខិតជូនដំណឹង​ចេញ​នៅ​ថ្ងៃ​នេះថា អំឡុងពេលដែលរដ្ឋាភិបាល​កំពុងអនុវត្តវិធាននានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងីកូវីដ​១៩ មានអ្នកសារព័ត៌មានមួយចំនួនតូច មិនបានបំពេញតួនាទីស្របតាមវិជ្ជាជីវៈទេ។

ក្រសួងថា អ្នកទាំងនោះឆ្លៀតឱកាសប្រើវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត នាំឱ្យសាធារណជនយល់ខុស បង្ករឱ្យមានការភ័យខ្លាច ច្របូកច្របល់ រំខានដល់ការអនុវត្តតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ច ប៉ះពាល់សណ្តាប់ធ្លាប់សាធារណៈ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។

ក្រសួងបញ្ជាក់ថា ដូចជាការទទួលសំណូក ឬជម្រិតទារប្រាក់ជាថ្នូរនឹងការមិនផ្សព្វផ្សាយ ឬលុបព័ត៌មាន​ដែលថា ជាប្រការមួយរំលោភយ៉ាងធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។

ក្រសួងសាមី​មួយនេះ និយាយទៀតថា ដើម្បីលុបបំបាត់ភាពអសកម្មនេះ ខ្លួនគាំទ្រឱ្យអាជ្ញាធរប្រើប្រាស់សិទ្ធិរបស់ខ្លួន​ស្របតាមច្បាប់ និង«ស្នើអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ដោយមិនចាំបាច់ជូនដំណឹងមកក្រសួងព័ត៌មានជាមុនឡើយ»។

ទោះជាយ៉ាងណា ក្រសួងព័ត៌មានមិនបានបញ្ជាក់ថា មានអ្នកសារព័ត៌មានប៉ុន្មាននាក់ នៅស្ថាប័នណាខ្លះពាក់ព័ន្ធនឹងការប្រើវិជ្ជា​ជីវៈ​នេះដើម្បីជំរិតទារប្រាក់ទៅលើក្រុមហ៊ុន ឬអ្នកធ្វើអាជីវកម្មណាមួយនោះទេ។

តែ​យ៉ាងណា ក្រសួងព័ត៌មានតាមរយៈអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានកត់សម្គាល់ថា ស្ថាប័នសារព័ត៌មាន និងអ្នកសា​រព័ត៌មានភាគច្រើនលើសលប់ បានខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មានពិតជូន​សារធារណជន និងបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងាករចាត់វិធានការការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ដើ​ម្បី​សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍរបស់ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ