រយៈពេល ២២២ថ្ងៃ សំណុំរឿងព្រហ្មទណ្ឌចាស់៩៥% និងថ្មី៧៣% ត្រូវបានដោះស្រាយបញ្ចប់

ក្រសួងយុត្តិធម៌

ក្រសួងយុត្តិធម៌បាន ឱ្យដឹងថា រយៈពេល ២២២ថ្ងៃ សាលាដំបូងរាជធានី-ខេត្ត និងអយ្យអមសាលាដំបូងទូទាំងប្រទេស បានដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌចាស់​បានប្រមាណ ៩៥% នៃសំណុំរឿងសរុបក្នុងដំណាក់កាលជំនុំជម្រះ និង​សំណុំរឿងព្រហ្មទណ្ឌថ្មីបានប្រមាណ ៧៣%។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឱ្យ​ដឹងថា តាមការគ្រោងទុក យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង​នៅតាមសាលាដំបូងរាជធានី-ខេត្ត នឹងត្រូវប្រើពេល ១ឆ្នាំ ដោយចាប់ផ្តើមគិតចាប់ពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

ក្រសួងបន្តថា បើទោះជាយុទ្ធនាការនេះមិនទាន់បញ្ចប់ ប៉ុន្តែជាលទ្ធផលក្នុងរយៈពេល ២២២ថ្ងៃនៃយុទ្ធនាការនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស បាន​ដោះស្រាយសំណុំរឿង​ព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការ ការស៊ើបសួរ និង​ជំនុំជម្រះ មានចំនួនសរុបជា ៣៥ ១០០សំណុំរឿង ស្មើនឹង ៨៩% នៃសំណុំរឿងដែលកកស្ទះ។

ក្រសួងបន្តថា ចំពោះសំណុំរឿងដែលត្រូវបានជំនុំជម្រះរួច​មានចំនួនជាង ១២ ២០០សំណុំរឿង ស្មើ​នឹង ៩៥% នៃសំណុំរឿងទាំងអស់ក្នុងដំណាក់កាលជំនុំជម្រះ ខណៈការដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌដែលចូលថ្មី មានចំនួនជាង ៣៦ ៥០០សំណុំរឿង​ ស្មើនឹង៧៣%នៃសំណុំរឿងចូលថ្មីសរុប។

ក្រសួងយុត្តិធម៌ បន្តទៀតថា៖ «គិតមកដល់បច្ចុប្បន្ន សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសរុបចំនួន ១៥ ហើយ ក្នុងចំណោម​សាលាដំបូង​ និងអយ្យការ​អមសាលាដំបូងរាជធានីខេត្តចំនួន ២៤ បានប្រកាសបញ្ចប់​ដោយ​ជោគជ័យ នៃការអនុវត្តយុទ្ធនាការ​នៅក្នុងស្ថាប័ន​របស់ខ្លួន ដោយ​សម្រេចដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែលកកស្ទះបាន​យ៉ាងតិច ៩៥% និងសំណុំរឿងដែលចូលថ្មីយ៉ាងតិច ៧០%»។

ជាមួយគ្នានេះដែរ ក្រសួងយុត្តិធម៌ ក៏រំពឹងថា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តទាំងអស់ នឹងបន្តអនុវត្តយុទ្ធនាការ​នេះឱ្យសម្រេចបាន​លទ្ធផល​ជោគជ័យ ដើម្បីឈានទៅរកការប្រកាសបិទបញ្ចប់​នៃការអនុវត្ត​យុទ្ធនាការ​នេះតាមផែនការដែលបានគ្រោងទុក ប្រកប​ដោយ​គុណភាព និងប្រសិទ្ធិភាព ព្រមទាំងធានានូវការអនុវត្ត​យ៉ាងត្រឹមត្រូវ​នូវអភិក្រម​ការងារ​ក្នុង​យុទ្ធនាការ គឺ លឿន ត្រឹមត្រូវ​ យុត្តិធម៌ និងមិនពុករលួយ៕

សំណុំរឿងព្រហ្មទណ្ឌចាស់(មុនបើកយុទ្ធនាការ) ប្រមាណ៩៥% និងសំណុំរឿងព្រហ្មទណ្ឌថ្មី(ក្រោយបើកយុទ្ធនាការ) ប្រមាណ៧៣% ត្រូវបានដោះស្រាយបញ្ចប់នៅសាលាដំបូងរាជធានីខេត្ត!នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង​នៅតាមសាលាដំបូងរាជធានី-ខេត្ត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ