កម្ពុជា​ច្រាន​ចោល​ការ​លើក​ឡើង​ថា​លំហ​សេរី​ភាព​របស់​ពលរដ្ឋ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ខ្លាំង​

ក្រុម​មនុស្ស​ប្រមាណ២០នាក់​ដែល​ភាគច្រើន​ជា​គ្រូបង្រៀន បាន​ប្រមូល​ផ្តុំគ្នា​ស្រែក​ទាមទារ​ឱ្យ​ដោះលែង​និង​ទម្លាក់​បទចោទប្រកាន់​លើ​លោក រ៉ុង ឈុន នៅមុខ​តុលាការ​កំពូល ក្នុង​ថ្ងៃ​សវនាការ​លើ​ករណី​លោក រ៉ុង ឈុន ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

តំណាងកម្ពុជាប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានច្រានចោលការលើកឡើងថា លំហសេរីភាពរបស់ព​ល​រដ្ឋ​​កម្ពុជាកំពុងធ្លាក់ចុះខ្លាំង ដោយសារតែអាជ្ញាធរប្រើវិធានការច្បាប់ ដើម្បីកម្រិតសិទ្ធិក្នុងការបញ្ចេញមតិដោយសន្តិវិធី។

ការច្រានចោលរបស់កម្ពុជានេះ ធ្វើឡើងក្រោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោ​​ក​ស្រី ​មីស្សែល បាស្សេឡេត ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​លើក​ទី៤៦ ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស នៅឯទីក្រុងហ្ស៊ឺណែវ កាលពីថ្ងៃទី២​៦ ខែ​​កុ​ម្ភៈ ឆ្នាំ២​០​២​១​។

 ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានស្រង់សម្តីលោក​ស្រី ​មីស្សែល មកចុះផ្សាយលើទំព័រហ្វេកប៊ុករបស់ខ្លួន ដោយក្នុងកិច្ចប្រជុំនោះ លោកស្រីបានថ្លែងថា៖ «ខ្ញុំ​​មា​​ន​កង្វល់​ ជាពិ​សេសអំ​ពី​​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ​លំហ​ព​ល​​​រដ្ឋ​នៅ​ក្នុងប្រ​ទេស​កម្ពុ​ជា ​ដែល​វិ​ធាន​ការ​ច្បាប់និង​រដ្ឋ​បាលមិន​សមាមា​ត្រ[ដែល]កំ​ពុង​កើន​ឡើង ​កំ​ណត់​សិទ្ធិ​សេ​រី​ភាព​ក្នុង​កា​របញ្ចេញ​ម​តិ​ ​ការ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​វិ​ធី ​ការ​ចងក្រង​ស​មា​គម ​និង​ព័ត៌​មាន ​ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត» ។

ការលើកឡើងរបស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ ត្រូវបាន​តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រ​ជា​ជាតិ លោក អាន សុខខឿន បានឆ្លើយតបក្នុងលិខិតចុះថ្ងៃទី១ ខែមីនា ថាលោ​ក​មានការខកចិត្តយ៉ាងខ្លាំងចំពោះរបាយការណ៍ លោកស្រី មីស្សែល។

លោក អាន សុខខឿន បាននិយាយទៀតថា របាយការណ៍របស់ឧត្តមស្នងការ ពុំបានដាក់បញ្ចូលនូវរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជាកាលពី​​ខែធ្នូកន្លងទៅ ដែលបានឱ្យទៅការិយាល័យនេះ តែលោកស្រីបែរជាដាក់បញ្ចូលតែការចោទប្រកាន់ផ្អែកលើរបាយការណ៍តែម្ខាងទៅវិញ។

លោកថា បញ្ហានេះ កម្ពុជាសូមស្នើយ៉ាងទទូចឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស គោរពឱ្យបាននូវគោលការណ៍មិនជ្រើសរើ​ស​តែ​មួយជ្រុង ដូចដែលអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់ តូនីញ៉ូ ហ្គូតែរ៉េស ធ្លាប់បានលើកឡើង។

តំ​ណាងរដ្ឋាភិបាលបានគូសបញ្ជាក់ថា សេរីភាពក្នុងវិស័យមួយចំនួនកំពុងបន្តរីកដុះដាល ដោយថា ប្រព័ន្ធផ្សព្វផ្សាយជិត២ពា​ន់​អង្គ​ភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយរិះគន់រដ្ឋាភិបាល អ្នកប្រើហ្វេសប៊ុកមាន១២លានគណនី ស្មើ៧០ភាគរយ បានប​ញ្ចេ​ញ​ទស្សនៈទិតៀនដោ​យ​សេរី អង្គការសង្គមស៊ីវិលជិត៦ពាន់ កំពុងប្រតិបត្តិការ​ដោយគ្មានការរំខាន «ហើយបាននិងកំពុងបោះ​ពុម្ពផ្សាយរបា​យ​កា​រណ៍ និងបញ្ចេញទស្សនៈរិះគន់រដ្ឋាភិបាលជាប្រចាំ និងឥតស្រាកស្រាន្ត»។

មួយវិញទៀត តំណាងរដ្ឋាភិបាលនិយាយទៀតថា រាល់វិធានការផ្លូវច្បាប់និងរដ្ឋបាលទាំងអស់សុទ្ធសឹងតែត្រូវបានអនុវត្តនៅក្នុងព្រំដែននៃច្បាប់ និងរាល់ការចោទប្រកាន់ផ្សេងៗត្រូវបានបញ្ជូនទៅតុលាការ គឺពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនិងរំលោភរដ្ឋធម្មនុញ្ញ។

អ្នកសារព័ត៌មានសេរី លោក ម៉ៃ ទិត្យថារ៉ា និយាយថា ចំនួនអង្គភាពសារព័ត៌មានច្រើន មិនមែនជាម៉ែត្រវាស់ពីលំហសេរីភាពអ្នកសារព័ត៌​មា​​នទេ តែគេត្រូវពិនិត្យមើលពីប្រព័ន្ធអនុវត្តច្បាប់ ថាតើវាបានឆ្លើយតបទៅនឹងស្មារតីរដ្ឋធម្មនុញ្ញហើយឬនៅ។

លោកថា៖ «អ្វីដែលបានកើតឡើងចំពោះអ្នកសារព័ត៌មានកន្លងមក គឺស្ថាប័នតុលាការលោកមិនបានយកច្បាប់ស្តីពីរបបសារព័ត៌​មា​​នដែលអនុម័តនៅឆ្នាំ១៩៩៥នេះ មកអនុវត្តទៅលើអ្នកសារព័ត៌មានទេ​​ ប៉ុន្តែបែរជាយកក្រមព្រហ្មទណ្ឌយកមកអនុវត្តទៅវិញ។ នេះជាកម្រិតសិទ្ធិមែនទែន ដែលធ្វើឱ្យអ្នកសារព័ត៌មានយើងហើបមាត់មិនចង់រួចនាពេលបច្ចុប្បន្ន»។

លោកថា ចាប់ពីឆ្នាំ២០១៣មក សេរីភាពសារព័ត៌មានបានធ្លាក់ចុះ មានការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ខណៈអ្នកកាសែតខ្លះត្រូវបានចាប់ខ្លួន និងខ្លះទៀតកំពុងជាប់បណ្តឹងនៅតុលាការ។

មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM​) សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA​) និង​ក្លឹប​អ្នកសារព័ត៌មាន​បរទេស​នៃ​កម្ពុជា (CPCC​) កាលពីថ្ងៃទី២៥ ខែកុម្ភៈ បាន​អំពាវនាវក្នុលលិខិតចំហរួមគ្នា ​ឱ្យ​តុលាការ​កម្ពុជាពន្លឿន​ដំណើរការ​ក្តី​លើករណី​របស់​អតីត​អ្នកកាសែត ឌឹ ខេម​បូ​ឌាដេលី ពីរ​នាក់ រួមមាន លោក អូន ភាព និងលោក Zsombor Peter។ 

ខណៈអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីចំនួន២រូបទៀត រួមមាន លោក អួន ឈិន និងលោក យាង សុធារិន្ទ កំពុងជាប់បណ្តឹងដូចគ្នា។

ប្រធានផ្នែកសិទ្ធិមនុស្សនៅសមាគមអាដហុក លោក នី សុខា និយាយថា ប្រទេសដែលមានអ្នកប្រើប្រាស់បណ្តាញសង្គមច្រើន និងអង្គការសង្គមស៊ីវិលច្រើន មិនមែនមានន័យថាជាប្រទេសដែលបើកលំហប្រជាធិបតេយ្យទេ បើអ្នករិះគន់ដើម្បីកែលម្អសង្គមត្រូវបានចាប់ខ្លួនដូចបច្ចុប្បន្ននោះ។

លោកថា៖ «យើងត្រូវមើលទាំងអស់ឡើងវិញថា តើគ្រាន់តែការពារធនធានធម្មជាតិ ដើម្បីតែការពារឱ្យសង្គមមានយុត្តិធម៌ តើអាហ្នឹងវាខុសអី? យើងមើលទៅឃើញថា វាអត់មានខុសអីទាល់តែសោះ ដែលគ្នាគ្រាន់តែជាសកម្មជនព្រៃឈើ សកម្មជនបរិស្ថាន ដែលគ្នាខំការពារធនធានទាំងអស់ហ្នឹង បែរជាទៅទទួលរងកំហុសទៅវិញ។ […] ដូច្នេះ យើងមើលឃើញអាហ្នឹងដែលគេថា សេរីភាពហ្នឹងវាធ្លាក់ចុះ មិនមែនមានន័យថា ទាល់តែប្រជាជនទូទាំងប្រទេសនិយាយលែងបាន បានថាសេរីភាពវាធ្លាក់ចុះ[នោះទេ] អាហ្នឹងវាខុសហើយ»។

ទោះយ៉ាងណាក៏ដោយ លោក អាន សុខខឿន បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាធានានូវការអនុវត្តរាល់សិទ្ធិសេរីភាពមូលដ្ឋាននៅក្នុងក្របខណ្ឌនៃនីតិរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ