ពលរដ្ឋ​នៅ​ឃុំ​តាជេស​ចោទ​អាជ្ញាធរ​ថា​ មិន​ឱ្យ​បង្កើត​សហ​គមន៍​អភិរក្ស​ធនធាន​ធម្មជាតិ

រោងយាមរបស់ប្រជាសហគមន៍នៅទីតាំងដីដែលពលរដ្ឋស្នើសុំឱ្យមានការបង្កើតសហគមន៍ដើម្បីការពារបឹងធម្មជាតិ ស្ថិតនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋរស់នៅ​ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចោទអាជ្ញាធរមូលដ្ឋានថាមិនព្រម​ចុះហត្ថលេខាលើលិខិតស្នាមដែលពួកគេសុំបង្កើតជាសហគមន៍ដើម្បីអភិរក្សបឹង​ធម្មជាតិ​មួយ​ បន្ទាប់ពីមានការស្នើសុំអស់រយៈពេលជិត២ឆ្នាំមកហើយ។

តំណាងប្រជាសហគមន៍ លោក ស្ងួន ញឿន បានឱ្យដឹងថា ក្នុងអំឡុងខែសីហា ឆ្នាំ២០១៩ ប្រជាពលរដ្ឋចំនួន៥០០​នាក់​ មកពីភូមិ​ចំនួន​៧ រួម​មាន ភូមិ​ឡពាង ភូមិ​សំរោង ភូមិ​សូវង្ស ភូមិតាកោះ ភូមិបឹងកក់ ភូមិស្វាយក្រោម និងភូមិបន្ទាយ ក្នុងឃុំតាជេស បាន​រួមគ្នាផ្តិតមេដៃដើម្បីស្នើ​​សុំ​​បង្កើតសហគមន៍មួយដែលមានឈ្មោះថា «សហគមន៍អភិរក្សធនធានធម្មជាតិបឹងពោធិ៍» ក្នុងគោលបំណងដើម្បីអភិរក្សបឹងធម្មជាតិមួយនេះ។ ប៉ុន្តែលោកថា បច្ចុប្បន្ន នៅសល់​តែជាង៣០០ស្នាមមេដៃប៉ុណ្ណោះ ដោយសារមានការកោសលុបពីអាជ្ញាធរមូលដ្ឋាន។

លោកបន្ត​ថា តំណាងពលរដ្ឋ​​បា​ន​ដាក់លិខិតស្នើសុំការអនុញ្ញាត​បង្កើត​សហគមន៍​ពី​មេភូមិ​រយៈពេលជិត២ឆ្នាំមក​ហើយ  ប៉ុន្តែមេភូមិបាននិយាយថា ក្រុមពលរដ្ឋគ្មានសិទ្ធិបង្កើតសហគមន៍នោះ​ទេ ហើយ​ថា ត្រូវមាន​លិខិតអនុញ្ញាតពីថ្នាក់លើជាមុនសិន។

លោកនិយាយថា៖ «ខាងមេភូមិនិងមេឃុំហ្នឹងឯង គេថាអ៊ីចឹងឯង! គេថា ប្រជាពលរដ្ឋគ្មានសិទ្ធិបង្កើតសហគមន៍ គ្មានសិទ្ធិអីការពារធនធានធម្មជាតិទេ អ្នកដែលការពារធនធានធម្មជាតិគឺមានតែអាជ្ញាធរទេ […] អាជ្ញាធរភូមិឃុំ​ហ្នឹង​ថា បើចង់សហការ​ការពារធនធានធម្មជាតិ ឱ្យមានច្បាប់មក ឱ្យមានលិខិតសុំច្បាប់ពីអាជ្ញាធរ ពីអភិបាលខេត្ត ពីមន្រ្តីជលផល។ ហើយយើងបានធ្វើការអស់ហើយ បានន័យថា យើងរត់ច្បាប់អស់ហើយ នៅតែគេមិនព្រមឱ្យយើងបង្កើតសហគមន៍ទេ វាពិបាកមែនទែន»។

តំណាងប្រជាសហគមន៍រូបនេះបន្តថា គោលបំណងនៃការបង្កើតសហគមន៍នេះ គឺដើម្បីអភិរក្សធនធានធម្មជាតិ «បឹងពោធិ៍» ដែលមានទំហំ៤៧ហិកតា ស្ថិតនៅជាប់ភូមិចំនួន៣ មានភូមិឡពាង ភូមិសូវង្ស និងភូមិសំរោង ដោយថា ប្រជាពលរដ្ឋរាប់រយគ្រួសារបានអាស្រ័យផលពីបឹងនេះ ខណៈ​បច្ចុប្បន្ន លោកឃើញមានសកម្មភាពចាក់លុបបឹងជាបន្តបន្ទាប់ ធ្វើឱ្យផ្ទៃបឹងបានរួមតូច។

តំណាងប្រជាសហគមន៍រូបនេះបានឱ្យដឹងទៀតថា កាលពីថ្ងៃទី៧​​ ខែកក្កដា ឆ្នាំ២០២១ មានប្រជាពលរដ្ឋ៣០នាក់បានទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដើម្បីសុំការអន្តរាគមន៍រួចមកហើយ ប៉ុន្តែមិនមានដំណោះស្រាយនោះទេ។

យ៉ាងណាក្តី លោកថា ក្រុមប្រជាពលរដ្ឋនឹងមានគម្រោងស្នើសុំកិច្ចអន្តរាគមន៍សារជាថ្មីទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន រដ្ឋសភា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងនៅតាមបណ្តាស្ថានទូតនានាជាបន្តទៀត។

លោកបញ្ជាក់ថា៖ «បន្តិចទៀត យើងនឹងរៀបចំដាក់លិខិតទៅតាមក្រសួងធំៗ ដូចជា ក្រសួងកសិកម្ម ព្រោះថ្នាក់ក្រោមបានដាក់រួចអស់ហើយ មន្ទីរ ក្រសួងកសិកម្ម ជលផល ស្រុកខេត្តអីហ្នឹង គឺយើងបានដាក់អស់ហើយ ប៉ុន្តែមិនមានវិធានការណាឱ្យប្រជាពលរដ្ឋបង្កើតសហគមន៍ទេ គឺឆ្លើយដាក់គ្នាថា យើងអត់មានសិទ្ធិ! អ៊ីចឹងគឺយើងនឹងត្រៀមឯកសារនិងឡើងទៅដល់ថ្នាក់ជាតិ»។

ប្រជាសហគមន៍ម្នាក់ទៀតរស់នៅភូមិឡពាង អ្នកស្រី កែវ វណ្ណៈ បាននិយាយថា អ្នកស្រីគាំទ្រឱ្យមានការបង្កើតសហគមន៍នេះឡើង ដើម្បីអភិរក្សបឹង ដោយថា បារម្ភខ្លាចបាត់បង់បឹងដែលពួកគាត់​​ធ្លាប់តែអាស្រ័យផលជាច្រើនឆ្នាំមកហើយ។

អ្នកស្រីបន្ថែមថា កាលពីឆ្នាំ២០១៩ ​និង២០២០ មានក្រុមហ៊ុនមួយបានមកវាស់វែង ប៉ុន្តែក្រុមអ្នកភូមិបានសាកសួរនិងហាមឃាត់ ទើបមានការស្ងប់ស្ងាត់រហូតមក។

អ្នកស្រីថា៖ «កាលឆ្នាំទៅមិញហ្នឹង ២០១៩ [ឬ] ២០២០ មានក្រុមហ៊ុន មិនដឹងមកពីណាទេ ឃើញគេចុះមកវាស់វែង ហើយដល់អ៊ីចឹង ពួកខ្ញុំសហគមន៍ហ្នឹង ហើយអ្នកភូមិហ្នឹង ក៏ដេញតាមសួរទៅ វា [ក្រុមហ៊ុន] រត់ឡើងឡានអស់ទៅ ស្ងាត់មួយសារ​ទៅ។ ដល់អ៊ីចឹង​ ពួកខ្ញុំគិតថា បើយើងអត់អើពើ​ទេ បាត់ហើយបឹងហ្នឹង! ច្បាស់ជាអស់ហើយ! អ៊ីចឹងក៏សហគមន៍ពួកខ្ញុំឱ្យមេភូមិចុះហត្ថលេខាមក»។

ឆ្លើយតបករណីនេះ មេភូមិ​ឡពាង លោក ប៊ុន ហេង មានប្រសាសន៍ថា​ លោកនឹងអនុញ្ញាត​ឱ្យ​ក្រុម​​ពលរដ្ឋ​អាច​បង្កើត​ជា​សហគមន៍បាន ប៉ុន្តែតម្រូវឱ្យមានលិខិត​ពីក្រសួងពាក់ព័ន្ធជាមុនសិន ទើប​លោកហ៊ានចុះហត្ថលេខាលើការស្នើសុំនេះ។

ទោះយ៉ាងណា លោកថា អាជ្ញាធរកំពុងមានគម្រោងស្តារបាតបឹង ដោយកំពុងចរចា​ជាមួយក្រុមហ៊ុនឯកជនឡើងវិញ ដោយ​ពុំមាន​ការ​លុប​បឹង​នោះ​ទេ។

លោកថ្លែងថា៖ «គាត់ចេះតែថា ខាង​លើ​គេអនុញ្ញាត​ហើយ តែពួកខ្ញុំនេះក៏មានសិទ្ធិដែរ ខាងលើអនុញ្ញាត​ទាល់តែមានលិខិតពីលើមកដែរ ព្រោះអាហ្នឹងជាបឹង អូរ ទន្លេ វាជាសម្បត្តិរបស់រដ្ឋ! ក៏ខ្ញុំអត់ទាន់ហ៊ានអនុម័តអីណាមួយ សម្រេចអី ស៊ីញ៉េអីទាំងអស់ [ទាំង] ថ្នាក់លើមិនដឹងអ៊ីចឹងទៅណាស់»។

យ៉ាងណាក្តី ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានលើកឡើងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិអាចបង្កើតជាសហគមន៍ឬជាអង្គការក្រៅរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដោយគ្រាន់តែអនុវត្តតាមនីតិវិធីច្បាប់តែប៉ុណ្ណោះ។

លោកបន្ថែមថា ការបង្កើតសហគមន៍ណាមួយនៅមូលដ្ឋានគឺត្រូវតែមានការអនុញ្ញាតពីមេភូមិឬមេឃុំជាមុនសិន ទើបអាចដាក់លិខិតទៅកាន់ស្ថាប័នពាក់ព័ន្ធបន្ត​ទៀត។ ករណីនេះ លោក​បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគួរពិចារណាបន្ថែម ដើម្បីអាចអនុញ្ញាតឱ្យក្រុមពលរដ្ឋអាចបង្កើតសហគមន៍ដែលបម្រើផលប្រយោជន៍រួមដល់សហគមន៍ទាំងមូល។

លោកមាន​ប្រសាសន៍ថា៖ «ខ្ញុំថា អាជ្ញាធរគួរតែពិចារណាពីបញ្ហាហ្នឹង ហើយសិក្សាស្វែងយល់បន្ថែម ដើម្បីអនុញ្ញាត​ឱ្យ​ពួក​គាត់​អាច​បង្កើត​សហគមន៍​ ដើម្បី​ជួយ​ការពារធនធានធម្មជាតិ ជួយអភិរក្សបឹងអីជាដើម សម្រាប់ការយកទឹកប្រើប្រាស់អីជាដើម។ ហើយវាជួយដល់អាជ្ញាធដែរ ក្នុងការគ្រប់គ្រង ការថែរក្សាហ្នឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ