រដ្ឋាភិបាលកាត់ផ្ទៃបឹងតាមោកប្រមាណ ២០ហិកតា​បន្ថែម​ទៀត​ឱ្យ​ឯកជន​ធ្វើជា​កម្មសិទ្ធិ

ទិដ្ឋភាពបឹងតាមោក ខណៈអាជ្ញាធររៀបចំចាក់បំពេញដី ដើម្បីអភិវឌ្ឍ កាលពីឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

រដ្ឋាភិបាលកម្ពុជា​សម្រេច​កាត់ផ្ទៃបឹង​តាមោក​ប្រមាណ ២០ ហិកតា​បន្ថែម​ទៀត ប្រគល់​ឱ្យលោកស្រី សាម ចេង ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ ដែល​ធ្វើឱ្យផ្ទៃបឹង​ប្រហែល​ ១ ០០០ ហិ​កតា​ហើយ ត្រូវ​បាន​រដ្ឋាភិបាល​កាត់និង​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័នរដ្ឋនិង​ក្រុមហ៊ុន​ឯកជន សម្រាប់​សាងសង់​អគារនិង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ។

ក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១  ឱ្យដឹងថា ផ្ទៃបឹង​តាមោក​ចំនួន ១៩៩.៣៧៥ ​ម៉ែត្រក្រឡា ឬ​ស្មើនឹង ២០ ហិកតា ​ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែព្នៅ រាជធានីភ្នំពេញ ប្រគល់​ទៅ​លោកស្រី សាម ចេង ធ្វើជាកម្មសិទ្ធិ ដោយពន្ធ និង​អាករផ្សេងៗជាបន្ទុករបស់រដ្ឋ។

បឹង​តាមោកផ្ទៃដីសរុប ៣ ២៣៩ហិកតា សម្រាប់ស្តុក​ទឹកកខ្វក់ និងរំដោះទឹក​ចេញ​ពី​រាជធានីភ្នំពេញ ហើយបឹងនេះ ត្រូវបានរដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យមួយ​កាលពីដើម​ខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់​បឹង​ធម្មជាតិ​នេះ ជាសម្បតិ្ត​របស់រដ្ឋ។

ប៉ុន្តែយោង​តាម​លិខិត​របស់​រដ្ឋាភិបាលដែលបានចេញ​ជាបន្តបន្ទាប់ចាប់តាំងពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២១ ​ផ្ទៃ​បឹង​​តា​មោក​​ប្រហែល១ ០០០ ហិ​ក​តា​​ហើយត្រូវ​បាន​​រដ្ឋាភិបាល​​កាត់​និង​​ដោះដូរ​​ទៅ​​ឱ្យ​​ស្ថាប័ន​រដ្ឋនិង​​ក្រុមហ៊ុន​​ឯកជនសម្រាប់​​សាងសង់​​អគារ​និង​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​​ៗ​។

ការកាត់ផ្ទៃបឹងសម្រាប់ស្តុកទឹក​ជា​បន្តបន្ទាប់នេះ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម លោក ​លឹម គានហោ កាល​ពី​​ខែ​​ឧសភា​ ​ឆ្នាំ២០២០ បាន​ចេញ​លិខិត​មួយ​ដោយ​​ព្រមាន​​អំពី​​គ្រោះ​​មហន្តរាយ​ដោយ​សារ​ទឹក​ជំនន់​ ក្រោយ​ពី​ក្រសួង​មើល​ឃើញ​ថា មាន​ការ​​ចាក់​ដី​លុប​និង​​ការ​​សាង​សង់​​បិទ​​ផ្លូវ​ទឹ​ក​​នានា​ជា​បន្តបន្ទាប់។

របាយការណ៍​អង្គការសមាគមធាងត្នោតដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ថា បឹងចំនួន​២៦​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​លុប​ទាំង​ស្រុងចំនួន១៦ ដោយស្មើនឹង ៦០% នៃ​​ផ្ទៃបឹងសរុប និងបឹងចំនួន ១០ ផ្សេងទៀត​ត្រូវបាន​លុប​ផ្នែកមួយ​ចំនួន​នៃ​បឹង។

របាយការណ៍​ដដែល​បាន​បញ្ជាក់ថា មូលហេតុនៃការ​លុបបឹង​ទាំង​នោះ គឺបណ្តាល​មក​ពី​ការ​សាងសង់​បុរី តំបន់​លំនៅដ្ឋាន និង​ទីក្រុង​រណប។ របាយការណ៍​នេះ​បង្ហាញ​ថា ការលុបបឹង​ទាំង​នោះ គឺជាការ​បាត់បង់​អាងស្តុក​ទឹក​ដ៏​សំខាន់​សម្រាប់​ទីក្រុង​ភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ