ក្រុមសិទ្ធិមនុស្សកត់សម្គាល់ថា ឆ្នាំ២០២២ ការរំលោភដីធ្លីកើនឡើងដោយសារខ្វះឆន្ទៈនយោបាយ

ពលរដ្ឋដែលមានវិវាទដីធ្លីបឹងតាមោក ​រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង កាន់រូបថត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅម្ដុំវត្តបទុមវតី ជិតខុទ្ទកាល័យនាយករដ្ឋមន្ត្រី ទាមទារដំណោះស្រាយដីធ្លី ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុម​អ្ន​កកា​រ​ពា​រសិ​ទ្ធិ​មនុ​ស្ស ក​ត់សម្គា​ល់ថា ក្នុង​ឆ្នាំ​២០២២នេះ​ ការ​រំលោ​ភ​បំពានដីធ្លីនៅ​តែបន្តកើន​ឡើងរា​លដាលដ​ល់តំ​បន់​​​ជនជាតិ​ដើម​ភាគ​តិ​ច​រស់នៅ ​​ជាប់ព្រំ​ដែនវៀតណា​មនិ​ង​ថៃ ​បង្ក​ផលប៉ះពា​ល់ដ​ល់​សិ​ទ្ធិ​រស់​រាន​មា​ន​ជីវិ​ត និង​សិទ្ធិ​សេ​ដ្ឋកិ​ច្ច​ ​ដែល​ការ​ពា​រដោ​យ​រដ្ឋ​ធ​​ម្ម​នុញ្ញ​។

​ពួ​កគេសំ​អា​ង​ថា មូ​​លហេតុ​ចម្បង​នៃ​ប​ញ្ហានេះមក​ពី​កង្វះ​ឆ​ន្ទៈន​យោ​បា​យ​ ក្នុ​ង​​​ការ​កា​​រ​​ពារផ​​លប្រ​យោជន៍ម្ចា​ស់ឆ្នោត ​​ជាដើ​​ម​ច​​មជំ​​​រុ​ញ​​ឱ្យមា​​ន​​បណ្តា​​ញប្រ​​​ទា​ក់​​ក្រ​​​ឡា​គ្នា​រ​វាង​អា​ជ្ញា​ធរ​រ​ដ្ឋ​ និ​ងក្រុ​​មធុ​រ​កិ​ច្ច​(អ្ន​ក​ធ្វើជំ​នួញ)​ខិ​លខូច ជ្រកក្រោ​ម​ស្លា​ក​អភិ​​​វឌ្ឍ​​​​ន៍ ​បង្កឱ្យព​លរ​ដ្ឋក្រី​ក្របន្ត​រ​ងគ្រោះ​លើ​ទឹក​​ដីកំ​ណើ​ត​រ​បស់ខ្លួ​ន។​

​អ្នកសម្រប​សម្រួ​លគម្រោ​​ងធុរកិច្ច​ និ​ង​សិទ្ធិ​មនុ​ស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ក​ត់​សម្គាល់ថា តាមកិច្ចសហការ ធ្វើការជាមួយអង្គការដៃគូ លោកកត់សម្គាល់ថា ក្នុងឆ្នាំ២០២២នេះ ជម្លោះដីធ្លីនៅបន្តកើតមានស្ទើរគ្រប់ខេត្តក្រុងនៅឡើយ គ្រាន់តែមានរូបភាពខុសគ្នាប៉ុណ្ណោះ។

លោកគូសបញ្ជាក់ថា ក្នុងនោះមានខេ​ត្ត​កោះកុង កំពត កំពង់ស្ពឺ បាត់ដំបង និងខេត្តដែលមានជនជាតិដើមរ​​ស់​នៅ ដូចជា ខេត្តព្រះវិហារ ក្រចេះ  មណ្ឌលគិរី និងរតនគិរី ខណៈរដ្ឋាភិបាលបានដាក់ខេត្តស្ទឹងត្រែង ក្រ​ចេះ​ មណ្ឌលគិរី និងរតនគិរី ជាតំបន់អភិវឌ្ឍន៍រួមជាមួយប្រទេសវៀតណាម និងឡាវ ហៅថា «តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម»

ប៉ុ​ន្តែលោកថា ខេត្តដែលមានការតវ៉ាចម្រូងចម្រាសជាងគេ ប៉ះពាល់ដល់ពលរដ្ឋរាប់ពាន់គ្រួសារ មានខេត្តកណ្ដាល ពាក់ព័ន្ធនឹងការសាងសង់ព្រលានយន្តហោះថ្មី ដែលអាជ្ញាធរឈានទៅចាប់ឃុំខ្លួនម្ចាស់កម្មសិទ្ធិដី ៩នា​​​​ក់ ដែលចេញមុខតវ៉ាទាមទារសំណងសមរម្យ មិនទទួលយកសំណងតាមការកំណត់របស់ក្រុមហ៊ុន O​CIC និង​អាជ្ញាធររដ្ឋ ត្រឹម៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។

បន្ថែមពីនេះ លោកថា នៅឆ្នាំ២០២២នេះ ក្នុងរាជធានីភ្នំពេញ ក៏មានពលរដ្ឋរាប់សិបគ្រួសារដែលធ្លាប់អា​ស្រ័​​យផលជុំវិញបឹងកប់ស្រូវបឹងតាមោក ចេញតវ៉ាយ៉ាងក្តៅគគុក ដើម្បីទាមទារឱ្យមានដំណោះស្រា​​យសមរម្យដែរ ក្រោយពីរដ្ឋាភិបាលកាត់ឆ្វៀលដីបឹងធម្មជាតិនេះឱ្យទៅមន្ត្រី ឧកញ៉ា និងវិស័យឯកជន ធ្វើឱ្យ​ប៉ះ​ពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។

មួយវិញទៀត លោកថា បញ្ហាដូចគ្នានេះក៏បានកើតឡើងនៅខេត្តសៀមរាប តំបន់អង្គរ ដែលមានពលរដ្ឋរា​ប់​​ពាន់គ្រួសារកំពុងតស៊ូមតិជំទាស់នឹងផែនការរបស់អាជ្ញាធរ ដែលតម្រូវឱ្យពួកគាត់រើចេញពីភូមិកំណើត ទៅ​រស់​នៅកន្លែងថ្មី រួមទាំងខេត្តចំនួន៥ ជុំវិញបឹងទន្លេសាប។

លោកថា៖ «នៅមណ្ឌលគិរី នៅស្ទឹងត្រែង ក៏នៅតែមានអ៊ីចឹងដែរ ពិសេសប៉ះពាល់នឹងក្រុមហ៊ុនមួយចំនួន និងអ្នកមានអំណាច ដែលវាទីយកដីប៉ះពាល់ដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិចហ្នឹង។ សរុបសេចក្តីទៅឃើញថា ទំនាស់ដីធ្លីហ្នឹង ឃើញថាមិនបានថយចុះទេ តែវាកាន់តែកើនឡើង ដោយសារក្រុមហ៊ុន និងឧកញ៉ាមួយចំនួន គេហៅថាបានដៃ»។

ក្នុងន័យនេះ លោកសង្កេតឃើញថា បើពលរដ្ឋតតាំងក្តីក្នុងប្រព័ន្ធតុលាការ ឧកញ៉ា និងអ្នកមានអំណាច មិនដែលចាញ់ក្តីទេ ដោយឡែកចង់រកដំណោះស្រាយក្រៅប្រព័ន្ធតុលាការវិញ ពលរដ្ឋដែលជាម្ចាស់ដីនឹងជួបគ្រោះថ្នាក់ដោយការបណ្តេញចេញទាំងបង្ខំ។

លោកថា៖ «ព្រោះអ្នកមានអំណាច ក្រុមហ៊ុន ឧកញ៉ាអីហ្នឹង គេអ្នកមានលុយ ខាងអាជ្ញាធររដ្ឋ គេមានកម្លាំង ហើយពលរដ្ឋគាត់មានអី មានតែដៃទទេហ្នឹង? ហើយនឹងសិទ្ធិមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ច្បាប់អន្តរជាតិហ្នឹង។ ប៉ុន្តែដល់ជាក់ស្តែង ពួកគាត់ប្រើកម្លាំងអ៊ីចឹងទៅ ពួកគាត់[ពលរដ្ឋ]មានតែទឹកភ្នែក រត់ចេញពីដី ចែកជើងគ្នា ហើយត្រូវគេចាប់ដាក់ពន្ធនាគារ ជាដើម។ អាហ្នឹងគឺពិតៗ ដែលជាទិដ្ឋភាពជាក់ស្តែងដែលយើងមើលឃើញ»។

លោកកត់សម្គាល់ដែរថា បញ្ហានេះ វាកើតឡើងដូចឆ្នាំមុនៗដែរ គឺប្រព័ន្ធតុលាការនិងកងកម្លាំងរបស់រដ្ឋត្រូវបានគេប្រើ ដើម្បីយកប្រៀបលើពលរដ្ឋដែលមានបញ្ហាដីធ្លី ដែលរបត់នេះហាក់ឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចសហការបែបប្រទាក់ក្រឡាគ្នារវាងក្រុមធុរកិច្ចខិលខូច និងអាជ្ញាធររដ្ឋ ជ្រកក្រោមរូបភាពអភិវឌ្ឍន៍ ដើម្បីតែផលប្រយោជន៍បក្ខពួក មិនអនុលោមតាមស្មារតីច្បាប់ដែលការពារសិទ្ធិពលរដ្ឋជាម្ចាស់កម្មសិទ្ធិ។

លោកថា៖ «រដ្ឋមានសិទ្ធិដកយកម្មសិទ្ធិ អចលនទ្រព្យ ឬកម្មសិទ្ធិឯកជន ដើម្បីផលប្រយោជន៍សាធារណៈ ប៉ុន្តែ[រដ្ឋ]ត្រូវផ្តល់សំណងសមរម្យ អាចទទួលយកបាន និងមានការយល់ព្រមពីម្ចាស់អចលនទ្រព្យ ឬម្ចាស់កម្មសិទ្ធិហ្នឹង។ ប៉ុន្តែតាមពិត [ការអនុវត្ត]មានធ្វើអ៊ីចឹងណា? ឱ្យ៨ដុល្លារ[ក្នុងមួយម៉ែត្រការ៉ា]អ៊ីចឹងទៅ បណ្តេញគាត់ចេញ បង្ខំអ៊ីចឹងទៅ ប្រើកម្លាំងអ៊ីចឹងទៅ ប៉ះទង្គិចគ្នា ចោទប្រកាន់គាត់ដាក់ពន្ធនាគារអ៊ីចឹងទៅ អាហ្នឹងយើងឃើញជាក់ស្តែង»។

តែយ៉ាងណា លោកយល់ថា រដ្ឋាភិបាលអាចព្យាបាលជំងឺនេះបាន បើមានឆន្ទៈធ្វើឱ្យប្រព័ន្ធដឹកនាំរដ្ឋគិតប្រ​យោជន៍ម្ចាស់ឆ្នោតជាអាទិភាព ហើយទប់ស្កាត់កុំឱ្យអ្នកជំនួញ ឬអ្នកធ្វើពាណិជ្ជកម្មខិលខូច យកមន្ត្រីជំ​​នា​​ញ ធ្វើជាខ្នងបង្អែកបាននោះ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា វិញ សង្កេតឃើញថា ជម្លោះដីធ្លីនៅឆ្នាំ២០២២នេះ មានទាំងបញ្ហាចាស់ និងបញ្ហាថ្មី។

លោកកត់សម្គាល់ថា នៅខេត្តកោះកុង និងផ្នែកខ្លះនៅខេត្តកំពត ពលរដ្ឋរាប់រយគ្រួសារនៅបន្តចេញតវ៉ា ទាំងនៅខេត្ត និងពេលខ្លះឡើងមករកអន្តរាគមន៍ពីថ្នាក់ជាតិនៅភ្នំពេញ ប្រឆាំងនឹងការរំលោភបំពាន ដើម្បីការពារដីដែលពួកគេធ្លាប់អាស្រ័យផល បើទោះបីពួកគេប្រើពេលតវ៉ារហូតជាង១០ឆ្នាំមកនេះក្តី។

លោកបញ្ជាក់ថា ភាពជាប់គាំងរកដំណោះស្រាយជូនពលរដ្ឋនេះ ភាគច្រើនភាគីជម្លោះជាក្រុមហ៊ុនដែលស្និទ្ធនឹងមន្ត្រីមានអំណាច និងក្រុមហ៊ុនខ្លះជារបស់ឧកញ៉ា។

ដោយឡែកពីនេះ លោកមើលឃើញថា កំណើនថ្មី ចំពោះអ្នកប្រឈមនឹងបាត់បង់ដីធ្លីនៅខេត្តមួយចំនួនទៀត ដូចជា ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង រួមទាំងខេត្តនៅភាគឦសានប្រទេសដែលជាតំបន់ជនជាតិដើមរស់នៅ។

លោកថា បញ្ហានេះ វាបានកើតឡើង ក្រោយពីដីសាធារណៈរបស់រដ្ឋ មានបឹង ព្រែក និងតំបន់ការពារខ្លះ បានក្លា​​យជារបស់ក្រុមគ្រួសារអ្នកមានអំណាច និងក្រុមហ៊ុនឯកជន ជាន់លើដីអាស្រ័យផល និងព្រៃ​កប់សពរ​បស់​ជនជាតិដើមភាគតិច គ្មានវិធានទប់ស្កាត់ពីអាជ្ញាធររដ្ឋដែលអាចធ្វើឱ្យពលរដ្ឋជឿទុកចិត្តបាន ដែលកា​​​រណ៍នេះជំរុញឱ្យមានរលកតវ៉ាកើតឡើង។

លោកថា៖ «ឧទាហរណ៍ យើងមើលតែបឹងតាមោកទៅដឹងហើយ មានកាត់ឱ្យតារា កាត់ឱ្យសែស្រឡាយ កូនចៅ​អ៊ីចឹងទៅ អាហ្នឹងជារូបភាពថ្មី។ ហើយមន្ត្រីមួយចំនួនដែលមានឥទ្ធិពលនៅខេត្តហ្នឹង ក៏ទទួលបានប្រយោ​ជ​​ន៍​មួយចំនួនដែរ ដូចករណីនៅពោធិ៍សាត់ ខ្ញុំចុះទៅ មានខាងស្នងការ ស្នងការរង ក៏បានដីដែលមានវិវាទជា​​មួ​យប្រជាពលរដ្ឋអ៊ីចឹងទៅ។ អាហ្នឹងជារូបភាពថ្មី ហាក់ដូចថ្នាក់លើបើកឱកាសឱ្យពួកគាត់អាចរកប្រយោជន៍បា​ន​ពីហ្នឹង។ អានេះជាអ្វីដែលខ្ញុំកត់សម្គាល់។ ហើយដីបឹងសាធារណៈភាគច្រើន អ្នកមានអំណាចហ្នឹងគាត់ទៅច្បាមយក ហាក់ដូចអត់មានចាត់វិធានការសោះ វាដូចជាជួយសម្រួលគ្នា»។

លោកកត់សម្គាល់ដែរថា វិវាទជាច្រើន រួមទាំងនៅតំបន់ជនជាតិដើមភាគតិចរស់នៅដែរ អាជ្ញាធរច្រើនប្រើយន្តការផ្តល់សំណងជាគោលនយោបាយ មិនអនុលោមទៅតាមច្បាប់ដើម្បីធានាសំណងសមរម្យនោះទេ ដែ​លបញ្ហានេះជំរុញឱ្យអ្នកចេញមុខការពារដីធ្លាប់អាស្រ័យផល ក្លាយជាជនជាប់ចោទ។

លោកថា៖ «ដូចថ្មីៗហ្នឹង ខាងជនជាតិដើមភាគតិច ដែលបច្ចុប្បន្នគាត់ក៏ជាបុគ្គលិករបស់សមាគមអាដហុក លោក គ្រើង តុលា ហ្នឹង ត្រូវបានតុលាការបើកសវនាការជំនុំជម្រះជាមួយអ្នកស្រី ភ្លឹប ភារម្យ ដែលជាជនជា​តិ​ដើមភាគតិច ដែលពួកគាត់បានទៅការពារដីមួយកន្លែងជាដីជនជាតិដើមភាគតិច ដែលត្រូវបានយ​ក​គ្រឿងចក្រមកឈូសឆាយ ហើយគាត់បានផុសជាសាធារណៈដើម្បីឱ្យមានការដោះស្រាយ បែរជាមានការប្តឹ​ងចោទប្រកាន់ពីបទបរិហារកេរ្តិ៍ទៅវិញ»។

លោកគិតថា ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព ទាល់តែរដ្ឋាភិបាលមានឆន្ទៈដោះស្រាយបញ្ហា ពលរដ្ឋក្រីក្រពិតប្រាកដ លុបបំបាត់បក្ខពួកនិយម ហើយហ៊ានវះកាត់មន្ត្រីដែលសហការជាមួយក្រុមហ៊ុនខិលខូច និងពង្រឹងការអនុវត្តច្បាប់។

លោកថា៖ «អ៊ីចឹងក្នុងនាមរដ្ឋហ្នឹងឯង គឺជាអ្នកពិនិត្យមើលបញ្ហាទាំងអស់ហ្នឹង ហើយរកដំណោះស្រាយទៅ ស្រង់ស្ថិតិរកពលរដ្ឋដែលខ្វះខាតដីពិតប្រាកដហ្នឹង រកដីឱ្យគាត់ មិនមែនបានដីធ្វើសម្បទានសង្គមកិច្ចមួយចំនួនឱ្យទៅសែស្រឡាយអាជ្ញាធរ សែស្រឡាយបក្ខពួកក្រុមដែលរៀបចំហ្នឹង អាហ្នឹងវាមិនមែនជាការដោះស្រាយពិតប្រាកដទេ អ៊ីចឹងវានៅជាបញ្ហាដដែល ហើយវិវាទហ្នឹងចេះតែនៅអូសបន្លាយអ៊ីចឹងទៅ»។

ប្រហាក់ប្រហែលនេះដែរ នាយកទទួលបន្ទុកចាត់ការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កាត់សម្គាល់ថា ក្នុងឆ្នាំ២០២២នេះ ខេត្តដែលកំពុងមានបញ្ហាក្ដៅគគុក នៅតែបន្តកើតមានការតវ៉ាដីធ្លី មានខេត្តសៀមរាប ខេត្តព្រះវិហារ កណ្តាល កំពង់ស្ពឺ កោះកុង និងខេត្តឧត្ដរមានជ័យ ដែលថាដើមចមវាបានបន្សល់ទុកពីការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលចេះតែអូសបន្លាយយូរឆ្នាំ ដោះស្រាយមិនទាន់ចប់ ដែលជាប់ពាក់ព័ន្ធនឹងឧកញ៉ា និងអ្នកមានខ្នងបង្អែកធំ។

លោកគូសបញ្ជាក់ថា បញ្ហានេះជំរុញឱ្យការរកដំណោះស្រាយបន្តជាប់គាំង អ្នកដែលបន្តទាមទាររកយុត្តិ​ធ​ម៌​ខ្លះ​ជាប់បណ្តឹង និងខ្លះទៀតត្រូវចាប់ដាក់ពន្ធនាគារតាមរយៈប្រព័ន្ធតុលាការ ដើម្បីគំរាមកំ​ហែង ជាថ្នូរ​​​បង្ខំឱ្យអ្នកភូមិទទួលយកសំណងមិនសមរម្យ បើទោះជាលោកសង្កេតឃើញថា ក្នុងឆ្នាំ២០២២នេះ ការចាប់សកម្មជនដីធ្លីដាក់ពន្ធនាគារមានការថយចុះ តែជម្លោះនិងការគំរាមកំហែងតាមប្រព័ន្ធតុលាការមានការកើនឡើង។

បញ្ហានេះ លោកថា វាបាន​បង្កផលប៉ះទង្គិចធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ក្រោយពីមានគម្រោងអភិវឌ្ឍន៍ទៅដល់។

លោកថា៖ «ទោះបីមិនមានការចាប់ចង ក៏មានការកោះហៅជាបន្តបន្ទាប់ ដែលជាការមួយគំរាមកំហែង បំ​ភិ​ត​បំភ័យ ឬក៏ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគាត់ ព្រោះពួកគាត់ងាកមកដើម្បីការពារដីផង ងាកមកកា​រពារតំណាងរបស់គាត់ដែលគេចាប់ខ្លួនហ្នឹងផង វាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារគាត់កាន់តែធ្ងន់ធ្ងរទៅ»។

តាមសេចក្តីរាយការណ៍នានា កាលពីថ្ងៃ១០ ខែធ្នូ ឆ្នាំ២០២២ ពលរដ្ឋ១៩នាក់ត្រូវបានចាប់ឃុំខ្លួន ក្រោយពីរងការចោទប្រកាន់ថាបានទៅតាំងទីលំនៅលើដីក្រុមហ៊ុន សុខ​ ​សំណាង​ ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ ​ខេត្ត​ឧត្ដរមានជ័យ។

ទំនាស់​​នេះ​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ប្រមាណ​ ​៣​៧​០​គ្រួសារ​ ​ដែល​បាន​ចាប់ផ្ដើម​តាំងទីលំនៅ​នៅ​តំបន់​នោះ​ ​ក្នុង​ឆ្នាំ​២​០​១​២​ ​អំឡុង​ពេល​ដែល​មាន​ការបំផ្លាញព្រៃឈើ​ ​និង​ការ​ឈូស​ឆាយដី​ ​ដោយ​ក្រុមហ៊ុន​ ​សុខ​ ​សំណាង​ ​ដែល​អះអាង​ថា​​ជា​ម្ចាស់​នៃ​តំបន់​ទំនាស់​នោះ​ ។

ក្នុងទិវាប្រារព្វខួបសិទ្ធិមនុស្ស១០ឆ្នាំ នៅឆ្នាំ២០២២នេះ ប្រជាពលរដ្ឋមកពីសហគមន៍ចំនួន១០ ក្នុងខេត្តកោះកុង ទាមទារឱ្យអាជ្ញាធរពន្លឿនការដោះស្រាយវិវាទដីធ្លី និងទម្លាក់ចោលការចោទប្រកាន់តំណាងពួកគេចំនួន ៣២នាក់ ដែលសកម្មតវ៉ាប្រឆាំងនឹងការបណ្តេញចេញ។

បន្ថែមពីនេះ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពលរដ្ឋ​២៥០គ្រួសារ​​​​នៅ​​​ជាប់​​​បឹងតាមោក ដើរដាក់ញត្តិទៅក្រសួងពាក់ព័ន្ធ សុំពន្លឿនធ្វើបណ្ណកម្មសិទ្ធិ ដោយបារម្ភពីការបណ្តេញចេញទាំងបង្ខំ ក្រោយពីរដ្ឋាភិបាលកាត់ផ្ទៃបឹងនេះជាបន្តបន្ទាប់ឱ្យទៅក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ។

ដោយឡែក តំណាងជនជាតិដើម​ភាគតិច​៥នាក់ នៅឃុំប្រមេរ ​ខេត្តព្រះវិហារ កាលពីថ្ងៃទី២២ ខែធ្នូ អំឡុងចូលបំភ្លឺនៅតុលាការ ពាក់ព័ន្ធបទចោទពីក្រុមហ៊ុន បានស្នើឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ពួកគេ ដោយសំអាងថាមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់របស់ភាគីក្រុមហ៊ុន។

យ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រី ក្នុងពិធីមួយកាលពីថ្ងៃទី២២ ខែធ្នូនេះ បានណែនាំឱ្យក្រសួងនិងអាជ្ញាធរចុះបញ្ជីក្បាលដីជូនពលរដ្ឋឱ្យបានរួចរាល់នៅត្រឹមខែឧសភា ឆ្នាំ២០២៣ ពោលគឺមុនការបោះឆ្នោតជាតិមកដល់។

លោកក្រើនរំឭកដល់ក្រសួងពាក់ព័ន្ធ​ និង​​​​អភិបាលខេត្តទាំងអស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​​លើការ​ងារ​ចុះ​បញ្ជីក្បាល​​​ដី​ជូន​​ប្រជាពលរដ្ឋ​ ដោយ​ត្រូវពន្លឿនការ​ងារ​នេះឱ្យ​បាន​ ១០០ភាគ​រយ នៅ​ឆ្នាំ​២០២៣ ខណៈ​បច្ចុប្បន្ន​សម្រេចបានជាង ៩០ភាគរយ ​ទៅ​ហើយ​នោះ។

លោកបញ្ជាក់ថា ការ​​ពន្លឿន​ការ​​អនុវត្តផែន​ការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណៈរបស់​រដ្ឋ ដី​សម្បទាន​សេដ្ឋ​កិច្ច និង​ដី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ដើម្បី​ធានានូវសុវត្ថិភាពនៃការកាន់កាប់​ដីធ្លី ដែលជាទុនសម្រាប់ការ​រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើត​មុខ​របរ និង​បង្កើន​ប្រាក់​ចំណូល។

លោកបន្ថែម​​​​​ថា៖ «ព្រោះរឿងនេះ វាជារឿងចាំបាច់សម្រាប់ប្រជាពលរដ្ឋរបស់យើង​ នេះ​ជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដើម្បីចៀស​វាង​ការកើតឡើង​នូវ​បញ្ហានានា​ជាបន្តទៀត»

យ៉ាងណា លោក អំ សំអាត គាំទ្រការតាំងចិត្តរបស់រដ្ឋាភិបាល ប៉ុន្តែលោកថា រដ្ឋាភិបាលនឹងមិនបានឆ្លើយតបទៅនឹងការតាំងចិត្តកាត់បន្ថយភាពក្រីក្របានទេ និងបានព្រមានថា អសន្តិសុខសង្គមអាចនឹងកើតឡើង បើអាជ្ញាធររដ្ឋមើលស្រាលបញ្ហានេះ។

លោកថា៖ «បើសិនជាបញ្ហាដីធ្លីនេះមិនត្រូវបានដោះស្រាយបញ្ចប់ ហើយវាចេះតែកក្រើកឡើងដូចឆ្នាំ២០១២ ដែលរដ្ឋាភិបាលរហូតដល់ចេញបទបញ្ជាលេខ០០១ ហើយបង្កើតក្រុមយុវជនស្ម័គ្រចិត្ត ក្នុងការវាស់វែងដីធ្លីជូនពលរដ្ឋ ដើម្បីកាត់បន្ថយចលនាឬក៏អាចមានបដិវត្តន៍កើតឡើង ហើយបញ្ហាដីធ្លីមិនអាចមើលស្រាលបានទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ