ក្រុម​អ្នកជំនាញ​UN​រិះគន់​​កម្ពុជា​ចំពោះ​ការ​កាត់​ទោស​លោក រ៉ុង ឈុន និង​អ្នក​​គាំទ្រ​២នាក់​ទៀត

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (HRW)

ក្រុមអ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​(អ.ស.ប)ឬ UN បានរិះគន់ និងថ្កោលទោសអាជ្ញាធរកម្ពុជាចំពោះការកាត់ទោស​​ប្រធានសហភាពសជីពកម្ពុជា លោក រ៉ុង ឈុន និងអ្នកគាំទ្រ​២នាក់ផ្សេងទៀត ដោយថាជាការកាត់ទោស​មិនត្រឹមត្រូវ និងមិនសមហេតុផល។

កាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំ​មើលកម្ពុជា និង​ប្រធានសហភាពសហជីពកម្ពុជាឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ និងអ្នកគាំទ្រ២នាក់ទៀតរួមមាន កញ្ញា សរ កណិកា និងលោក តុន និមល ឱ្យជាប់ពន្ធនាគារម្នាក់២០ខែ ក្រោមបទចោទដូចគ្នា ព្រមទាំងបង្គាប់ឱ្យអ្នកទាំង៣ រួមគ្នាសងជំងឺចិត្តទៅគណៈកម្មការព្រំដែនកម្ពុជាចំនួន ៤០០លានរៀល ឬ១០ម៉ឺនដុល្លារអាមេរិក និងបង់ប្រាក់បង្គាប់ក្តីម្នាក់២លានរៀលទៅតុលាការផងដែរ។

សេចក្តីប្រកាសព័ត៌មានមួយរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិនៅថ្ងៃទី២៤ខែសីហានេះ បានថ្កោលទោសចំពោះ​សេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញនោះ  ​ដោយថាជាការសម្រេចក្នុងចេតនាដើម្បីបង្ក្រាបសំឡេងជំទាស់ និង​ការបញ្ចេញមតិ​ស្របតាមច្បាប់តែប៉ុណ្ណោះ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលទើបចូលកាន់តំណែងនេះ លោក Vitit Muntarbhorn ​បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ការដាក់ពន្ធនាគារ និងការផាកពិន័យយ៉ាងធ្ងន់លើសកម្មជនសិទ្ធិមនុស្សទាំង៣នាក់នោះ គឺមិនសមហេតុផល និងមិនសមាមាត្រឡើយ។

លោកបន្ថែមថា៖«ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ដែលតុលាការផ្តន្ទាទោសអ្នកការពារសិទ្ធិមនុស្សទាំង៣រូបនេះ។ ចំពោះសកម្មភាពដែលត្រូវបានការពារដោយសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិជួបជុំដោយសន្តិវិធី ជាសិទ្ធិដែលធានាការពារដោយច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ»។

ដោយឡែក អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សអ្នកស្រី Mary Lawlor បានលើកឡើង​ថា អ្នកការពារសិទ្ធិមនុស្សមិនគួរត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬផ្តន្ទាទោសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីការពារសិទ្ធិអ្នកដ៏ទៃឡើយ។

អ្នកស្រីបន្ថែមថា«យើងមានកង្វល់ជាខ្លាំងដែលរដ្ឋាភិបាលកម្ពុជាប្រើប្រាស់មាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ«បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋដែលប្រើពាក្យពេចន៍ ស្រពិចស្រពិល ដើម្បីបង្ក្រាបមតិជំទាស់ និងបិទមាត់ការបញ្ចេញមតិដោយសេរីនោះទេ»

សេចក្តីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងថា ក្រុមអ្នកជំនាញអង្គការកំពូលរបស់ពិភពលោកមួយនេះ បានសរសេរម្តងហើយម្តងទៀត ទៅកាន់រដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំមុន ដោយបានលើកឡើងនូវកង្វល់ចំពោះការគំរាមកំហែងប្រឆាំងអ្នកការពារសិទ្ធិមនុស្ស២៥នាក់ ដែលត្រូវបានរាយការណ៍ថា បាន និងកំពុងទទួលរងការបំភិតបំភ័យ អំពើហិង្សា និងការឃុំខ្លួន។

ក្រុមអ្នករាយការណ៍ពិសេសដដែល បានរិះគន់ចំពោះតុលាការកម្ពុជា ដែលបានបដិសេធជាប្រព័ន្ធនូវពាក្យស្នើសុំនៅក្រៅឃុំ ខណៈដែលជនជាប់ចោទគួរតែមានសេរីភាពអំឡុងពេលរងចាំការជំនំជម្រះ។ ក្រុមអ្នកជំនាញទាំងនេះក៏បានរិះគន់ចំពោះភាពចង្អៀតណែននៅក្នុងពន្ធនាគារផងដែរ ខណៈអ្នកទោសរាប់រយនាក់ធ្វើតេស្តវិជ្ជជំងឺកូវីដ-១៩ ទៀតផង។

ក្រុមអ្នកជំនាញ អង្គការសហប្រជាជាតិ​ ក៏បានបង្ហាញកង្វល់យ៉ាងខ្លាំង​ ចំពោះព័ត៌មាន​ថា មានអ្នកការពារសិទ្ធិមនុស្ស១៧នាក់ក្នុងចំណោមអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត ដែលបច្ចុប្បន្នបាន និងកំពុងជាប់ឃុំ ត្រូវបានចោទប្រកាន់តាមមាត្រា៤៩៤ និងមាត្រា៤៩៥។

សេចក្តីប្រកាសព័ត៌មានបន្តថា៖ «យើងមានកង្វល់ដែលមាត្រាទាំង២នេះត្រូវបានប្រើប្រាស់ជាប្រព័ន្ធដើម្បីកំណត់គោលដៅទៅលើអ្នកការពារសិទ្ធិមនុស្ស។ យើងសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់ការប្រើប្រាស់ច្បាប់ដើម្បីកំណត់គោលដៅលើបុគ្គលទាំងឡាយដែលកំពុងធ្វើការដើម្បីលើកកម្ពស់ និងការពារសិទ្ធិអ្នកដទៃ»

ក្រុមអ្នកជំនាញ អ.ស.ប បានរំលឹកកម្ពុជាថា  កម្ពុជាខ្លួនឯងធ្លាប់បានប្តេជ្ញាចិត្តនា​សម័យប្រជុំពិនិត្យរបាយការណ៍ជាសកលតាមកាលការកំណត់កាលពីឆ្នាំ២០២១៩ ដើម្បីបញ្ចប់ការយាយី ការរំខាន និងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សដោយបំពាន និងបង្កើតលក្ខខណ្ឌចាំបាច់ឱ្យបុគ្គលទាំងនោះ ទទួលបានសិទ្ធិជាមូលដ្ឋាន ជាពិសេសសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិចូលរួមជាសមាគម និងសិទ្ធិជួបប្រជុំដោយសន្តិវិធីជាដើម។ ក្រុមអ្នកជំនាញទាំងនេះបន្តថា ពួកគេនឹងជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យអាជ្ញាធរអនុវត្តឱ្យបានល្អដូចការសន្យារបស់ខ្លួនកន្លងមក។

មិនខុសពីការរិះគន់​មុនៗ  ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ ដោយបដិសេធចោលទាំងស្រុង នូវទស្សនៈផ្ទាល់ខ្លួនរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប។  ស្ថានបេសកកម្មអចិន្រ្តៃយ៍ចាត់ទុកការរិះគន់របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សថា ​ ពុំបានផ្តល់ការយកចិត្តទុកដាក់ ចំពោះសារៈសំខាន់ នៃការអនុវត្តច្បាប់ និងការប្រព្រឹត្តដោយភាពស្មើគ្នា ចំពោះប្រជាពលរដ្ឋទាំងអស់ នៅក្នុងប្រទេសកម្ពុជាឡើយ។

លើសពីនេះកម្ពុជា ​ចាត់ទុកលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ​ ថាបានបង្កឱ្យមានការភ័ន្តច្រទ្បំ និងជ្រើសយកតែមួយជ្រុងហួសហេតុ មកធ្វើការវាយតម្លៃពីទិដ្ឋភាពនៃការអនុវត្តច្បាប់នៅកម្ពុជា។

ជាមួយគ្នានេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានក្រើនរំលឹកអ្នករាយការណ៍ពិសេស ឱ្យយកចិត្តទុកដាក់ចំពោះសេចក្តីថ្លែងការណ៍ របស់គណៈប្រតិភូភាគច្រើនលើសលប់ នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលបានគូសបញ្ជាក់ ពីភាពចាំបាច់នៃការកែលម្អ របៀបរបបការងាររបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស ដោយត្រូវអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ គណនេយ្យភាព និងការទទួលខុសត្រូវ ដោយភាពស្មោះត្រង់។

យ៉ាងណា កាលពីថ្ងៃទី១៨ខែសីហា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy មានប្រសាសន៍ថា ការផ្តន្ទាទោសដោយតុលាការ លើលោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីពដ៏គួរឱ្យគោរព ​​ ធ្វើឲ្យមានការចោទសួរយ៉ាងខ្លាំង ទៅលើសេរីភាព​ក្នុងការបញ្ចេញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និងសារៈសំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ លោកបន្តថា ប្រព័ន្ធតុលាការ មិនគួរត្រូវបានគេរំលោភបំពាន ដើម្បីបំបិទសំឡេង​សកម្មជនសន្តិភាព​​នោះឡើយ។

លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំ​មើលកម្ពុជា និង​ប្រធានសហភាពសហជីពកម្ពុជា ត្រូវបានសមត្ថ​កិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ និងត្រូវ​តុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» បន្ទាប់ពីលោកចេញ​សេចក្ដីថ្លែងការណ៍​មួយ​ស្ដីពី​ជម្លោះដីធ្លី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន១០៦គ្រួសារ ស្ថិតនៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញា​ក្រែក ខេត្ត​ត្បូងឃ្មុំ ដែលជារឿងពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម។

ចំណែកកញ្ញា សរ កណិកា និងលោក តុន និមល ដែលជាអ្នកគាំទ្រលោក រ៉ុង ឈុន នោះ ក៏ត្រូវបានតុលាការចាប់ខ្លួននិងចោទប្រកាន់ពីបទ«ញុះញង់»ដូចគ្នាដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ