សកម្មជនបរិស្ថានជាស្ត្រីត្រូវគេរើសអើងកន្លែងការងារ ខណៈពួកគេធ្លាប់ជាប់ពន្ធនាគារ

សកម្ម​ជន​បរិស្ថានចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា ផ្ដល់បទសម្ភាសន៍ អំឡុងពេលក្រុមយុវជនចលនាមាតាធម្មជាតិ បាននាំគ្នាយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន សុំឱ្យ​ក្រសួងបង្ហាញជាសាធារណៈនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវនៅ «តំបន់កោះកុងក្រៅ» រយៈពេល៦ឆ្នាំ និង​ការ​ដាក់​កោះកុងក្រៅជា​ឧទ្យានជាតិ​សមុទ្រ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ (កាយ ណារ៉ា)

សកម្មជនការពារបរិស្ថានជាស្រ្តីមួយចំនួនត្រូវបានមិត្តរួមការងាររើសអើង ខណៈពួកគេធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ។

កាលពីថ្ងៃទី១៦ ខែមិថុនា ​ឆ្នាំ​២០២១ សកម្មជនបរិស្ថាន៤នាក់​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ប៉ុន្តែម្នាក់ត្រូវបានដោះលែងវិញ ខណៈ៣នាក់ទៀត រួមមាន ​យុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានបញ្ជូនទៅតុលាការ។ ពួកគេទាំង៣នាក់ ព្រមទាំងស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន (Ale​ja​n​d​ro Gonzalez Davidson) ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងប្រមាថ​​អង្គព្រះមហាក្សត្រ»

សកម្មជនចលនាមាតាធម្មជាតិជាស្រ្តី រស់នៅសង្កាត់​អូចារ ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង កញ្ញា ស៊ុន រដ្ឋា បានឱ្យដឹងថា បច្ចុប្បន្ននេះ សកម្មជនបរិស្ថាន ឬសកម្មជនសិទ្ធិមនុស្សមួយចំនួន កំពុងប្រឈមបញ្ហាការរើសអើងពីសង្គម មិត្តភក្តិ អ្នកនៅជុំវិញខ្លួន និងកន្លែងការងារផ្សេងទៀត។ កញ្ញាបន្តថា មានមិត្តភក្តិខ្លះមិនចង់រាប់អាន ហើយកន្លែងការងារឯកជនខ្លះទៀត​ ក៏រើសអើងមិនទទួលសកម្មជនដែលធ្លាប់ចូលរួមបម្រើការងារការពារសិទ្ធិមនុស្សនិងបរិស្ថាន ដោយគេយល់ឃើញថា ការងារទាំងនោះជាការងារប្រឆាំងនឹងរដ្ឋាភិបាល ជាដើម។

កញ្ញាបន្តថា៖ «ខ្ញុំធ្លាប់ នៅពេលដែលខ្ញុំដាក់ពាក្យទៅកន្លែងការងារខ្លះ ដឹងថាខ្ញុំធ្លាប់ដើរជាមួយសកម្មជនបរិស្ថាន គេបដិសេធខ្ញុំ [រើសអើងខ្ញុំ]។ ហើយមានមិត្តភក្តិមួយចំនួនទៀត គាត់បោះបង់ខ្ញុំចោលហ្មង ប្រើពាក្យបោះបង់ហ្មងទៅ ព្រោះគាត់លែងនិយាយរក លែងអីខ្ញុំ»។

មិនតែប៉ុណ្ណោះ យុវតីវ័យ២៨ឆ្នាំរូបនេះ បន្ថែមទៀតថា កញ្ញាធ្លាប់បានប្រឡូកកិច្ចការងារសង្គម ចាប់តាំងពីឆ្នាំ២០១៧ ​ដែលបាន​ស្ម័គ្រចិត្ត​​ចូលរួម​រៀប​ចំ​បុណ្យ​ព្រៃកោងកាង​ នៅ​ខេត្ត​កោះកុង ដើម្បី​ផ្សព្វផ្សាយ​ពីសក្តានុពល​ព្រៃកោងកាង និងបញ្ហា​ប្រឈមមួយចំនួននៃផល​ប៉ះពាល់​ដោយ​ការ​បូម​ខ្សាច់ ពេល​នោះហើយដែល​កញ្ញា​បាន​ស្វែងយល់​កាន់តែច្បាស់​អំពីបញ្ហា​បរិស្ថាន និង​សង្គម។ លើសពីនេះទៀត ចាប់តាំងពីចូលរួមសកម្មភាពសង្គម និងបរិស្ថានមក កញ្ញាចាប់ផ្តើមទទួលរងការរិះគន់ និងរើសអើងជាបន្តបន្ទាប់ ពីសំណាក់អ្នកនៅជុំវិញខ្លួន មិត្តភក្តិ និងសង្គម រហូតក្រោយចេញពីពន្ធនាគារឆ្នាំ២០២១ ក៏នៅតែរងការរើសអើងដដែល។

កញ្ញាបន្តថា៖ «ការរើសអើងខ្ញុំកាន់តែច្រើនទៅៗ រហូតដល់ខ្ញុំមិនហ៊ាននិយាយជាមួយគេមុន ខ្ញុំខ្លាចមិត្តភក្តិខ្លះរើសអើងខ្ញុំ មានចំនួនមិត្តភក្តិច្រើនមែនទែនដែលរើសអើង ក្រោយពីខ្ញុំចេញពីពន្ធនាគារ […] អ្នកខ្លះថាមិនហ៊ានដើរជាមួយខ្ញុំទេ ខ្លាចខ្ញុំហ្នឹងនាំហានិភ័យដល់គាត់ ខ្លាចគេថាគាត់ធ្វើការងារដូចខ្ញុំ ខ្លាចខ្ញុំហ្នឹងនាំឱ្យគាត់រកការងារដែលល្អអត់បាន។ មិត្តភក្តិមួយចំនួនទៀតថា អាការងារហ្នឹង វាខុសខ្លាំងណាស់ ព្រោះប្រទេសខ្មែរមានសន្តិភាពហើយ»។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កញ្ញា ស៊ុន រដ្ឋា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ ពីរបទល្មើស រួមមាន «បទប្រមាថព្រះមហាក្សត្រ» និង «បទរួមគំនិតក្បត់» ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។

ស្រដៀងគ្នានេះដែរ សកម្មជនចលនាមាតាធម្មជាតិម្នាក់ទៀត​ ដែលរស់នៅភូមិខែលជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម គឺកញ្ញា ឡុង គន្ធា បានឱ្យដឹងថា សង្គមសព្វថ្ងៃនេះ មិនមែន​​ត្រឹមតែសម្មជ​នបរិស្ថានដែលធ្លាប់ជាប់ពន្ធនាគារទេ សូម្បីតែយុវជនដែលឈឺឆ្អាល ខ្វាយខ្វល់ និងតាមដានអំពីបញ្ហាសង្គមជាតិ ពិតជាចៀសមិនរួចពីការរើសអើង ការពេបជ្រាយពីសំណាក់មិត្តភក្តិ សង្គម និងសាច់ញាតិនោះទេ។

កញ្ញាបន្តថា ភាគច្រើន ហេតុដែលមិត្តភក្តិ ឬកន្លែងធ្វើការងារមួយចំនួននរើសអើង ឬមិនចង់រាប់អានសកម្មជន អាចដោយសារគេបារម្ភពីសុវត្ថិភាពខ្លួនគេ និងកត្តាមួយទៀតមកពីការបង្ខិតបង្ខំពីគ្រួសារ ជាដើម។

កញ្ញាបន្តថា៖ «មិត្តភក្តិមួយចំនួនអីដែលធ្លាប់តែស្និទ្ធស្នាលគ្នា គឺគាត់ចាប់ផ្តើមលែងសូវហ៊ាននិយាយជាមួយយើង លែងហ៊ានជួបជជែកជាមួយយើង ដោយសារតែគាត់បារម្ភពីសុវត្ថិភាពខ្លួនឯងអ៊ីចឹងទៅ។ល។»

យ៉ាងនេះក្តី យុវតីវ័យ២៤ឆ្នាំរូបនេះ ​​នៅតែប្តេជ្ញាបន្តការងារការពារបរិស្ថានមួយនេះជារៀងរហូត បើទោះបីជាត្រូវរងការរិះគន់ និងរើសអើងយ៉ាងក៏ដោយចុះ នោះក៏ព្រោះតែជាការងារដែលខ្លួនពេញចិត្ត។ កញ្ញាបន្ថែមទៀតថា មានយុវជនខ្លះចង់ចូលរួមកិច្ចការងារសង្គមច្រើនដែរ ប៉ុន្តែបរិបទសង្គមមិនផ្តល់ឱកាស ធ្វើយុវជនទាំងនោះភ័យខ្លាច សូម្បីតែចូលរួមគាំទ្រ និងលើកទឹកចិត្តដល់សកម្មជនបរិស្ថានដូចគ្នាក៏មិនហ៊ានដែរ។

កញ្ញាបន្តថា៖ «ទោះជាទទួលរងការរើសអើងពីមិត្តភក្តិ ឬក៏អ្នកស្គាល់គ្នាក៏ដោយ ក៏ខ្ញុំនៅតែបន្តការងាររបស់ខ្ញុំ ព្រោះអ្វីដែលយើងធ្វើជារឿងដែលត្រឹមត្រូវ។ ហើយខ្ញុំក៏យល់ពីពួកគាត់ អាចដោយសារបរិបទសង្គម ដែលធ្វើឱ្យគាត់ភ័យខ្លាច គាត់អត់ហ៊ានក្នុងការប្រាស្រ័យទាក់ទង ឬក៏ចូលរួមជាមួយយើង»។

មួយវិញទៀត កញ្ញា ឡុង គន្ធា ស្នើឱ្យរដ្ឋាភិបាល និងពលរដ្ឋ ព្រមទាំងកន្លែងការងារមួយចំនួន គួរបញ្ឈ​​ប់ការរើសអើងសកម្មជនបន្តទៀត ព្រោះគាត់ក៏ជាពលរដ្ឋក្នុងសង្គមដូចគ្រប់គ្នាដែរ។ លើសពីនេះទៀត យុវជនដែលស្រឡាញ់បរិស្ថាន មានសិទ្ធិចូលរួមរាល់កិច្ចការងារសង្គម ស្របតាមច្បាប់ ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។

បញ្ញត្តិមាត្រា៣៥ នៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

វីអូឌី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បីបំភ្លឺជុំវិញរឿងនេះជា​​ច្រើនដង​​ តាម​​ទូរ​សព្ទ​​ ប៉ុន្តែពុំមានអ្នកទទួល។

យ៉ាងនេះក្តី ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ ​នៃ​សមាគមបណ្តាញ​យុវជនកម្ពុជា ដែ​​ល​​ហៅ​កាត់​ថា ស៊ីវ៉ាយអ៊ីន (CYN)​ លោក ហេង គឹមហុង យល់ឃើញថា រដ្ឋាភិបាល ពលរដ្ឋ និ​ង​​យុវជន គួរ​​តែផ្តល់ឱកាស និងកោតសរសើរចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់​យុ​​វ​​ជ​​ន​​​​ដែល​​ស្រ​​ឡាញ់​​​បរិស្ថាន ក្នុងបុព្វហេតុដើម្បីផលប្រយោជន៍សង្គម ជាជាងកា​​ររើស​​អើង​​ពួក​​គេ។

លោកបន្តថា៖ «ការផ្តល់កម្លាំងចិត្តដល់ពួកគេ ជាពិសេសនៅតាមបណ្តាស្ថាប័ន ឬក៏អង្គការមួយចំនួនហ្នឹង ការចូលរួមធ្វើកិច្ចការងាររបស់សកម្មជន ឬសកម្មជនដែលធ្លាប់មានទោសទណ្ឌដោយសារតែការខិតខំប្រឹងប្រែងបំពេញការងាររបស់ពួកគេ គួរតែត្រូវបានលើកទឹកចិត្ត និងការទទួលបានឱកាសការងារ ជាការផ្តល់នូវគុណតម្លៃផង និងជំរុញឱ្យអ្នកផ្សេងៗទៀតចូលរួមខិតខំប្រឹងប្រែងក្នុងការការពារផលប្រយោជន៍សង្គមជាតិ»។

ការលើកឡើងរបស់ប្រធានកម្មវិធី នៃបណ្តាញយុវជនកម្ពុជានេះ វាហាក់ស៊ីគ្នាទៅនឹងខ្លឹមសា​​​​រនៃរដ្ឋ​​ធម្ម​​នុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

នៅក្នុងបញ្ញត្តិមាត្រា៤១ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិ​​សុខជាតិបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ