ក្រសួង​មហាផ្ទៃ​ព្រមាន​មិន​ចុះ​បញ្ជី​ឱ្យ​គណបក្ស​បេះដូង​ជាតិ​ បើ​មិន​អនុលោម​តាម​ច្បាប់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងពិធីបើកវេទិកាលើកទី៤ ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ។ (វេបសាយ ក្រសួងមហាផ្ទៃ)

ក្រសួងមហាផ្ទៃ ព្រមានជាថ្មីទៀតថានឹងមិនចុះបញ្ជីគណក្សនយោបាយ​ឱ្យ «គណបក្សបេះដូងជាតិ» ដែល​ជាគណបក្សមួយ​បង្កើតឡើង​ដោយ​សមាជិ​កនៃអតីតគណបក្សសង្រ្គោះជាតិ ប្រសិន​បើ​គណបក្សនេះមិនអនុលោមឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។

យោងតាមលិខិត​របស់​​ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកញ្ញា បានព្រមានជាលើកទី២ ដល់ស្ថាប​និក​គណបក្សបេះដូងជាតិ ឱ្យកែសម្រួល​លក្ខន្តិកៈ​របស់​ខ្លួនឱ្យស្របតាម​ច្បាប់ស្តីពី​គណបក្សនយោ​បាយ រួច​ផ្ញើជូន​ក្រសួង​មហាផ្ទៃវិញ ក្នុង​រយៈពេល១៥​ថ្ងៃ ចាប់​ពីថ្ងៃទី​១៥ ដល់​ថ្ងៃទី៣១ ខែ​​កញ្ញា ឆ្នាំ២០២១ បើពុំដូច្នេះទេ ក្រសួងនឹងមិនចុះបញ្ជីជូនគណបក្សនេះ​ទេ។

ខ្លឹមសារក្នុងលិខិតសរសេរថា៖ «ក្រសួងមហាផ្ទៃ ស្នើឱ្យគណបក្សបេះដូងជាតិ ធ្វើការកែសម្រួល​ខ្លឹមសារក្នុងលក្ខន្តិកៈគណបក្ស​ឱ្យត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា១០ ត្រ​ង់​ចំណុច៤ នៃ​ច្បាប់ស្តីពី​គណបក្សនយោបាយ រួចផ្ញើមកក្រសួង​វិញយ៉ាងយូរ​១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង។ ក្នុង​ករណី​មិន​អនុវត្តស្មារតីនៃលិខិតជូនដំណឹងទេ ក្រសួងមិនចុះបញ្ជីគណបក្សបេះដូងជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងនោះឡើយ»។

វីអូឌី មិនអាចសុំការឆ្លើយតបបន្ថែមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត និង​​តំណាង​ស្ថាបនិក​គណបក្សបេះដូង​ជាតិ លោក សៀម ភ្លុក បានទេ នៅថ្ងៃទី១៦ ខែកញ្ញានេះ។

កន្លងមក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានដាក់សំណើស្នើសុំបង្កើតគណបក្សនយោបាយថ្មីនេះទៅកាន់ក្រសួង​មហាផ្ទៃ កាលពីថ្ងៃទី៣ ខែមិថុនា។ ប៉ុន្តែផ្អែកតាមបញ្ញត្តិមាត្រា១០ នៃច្បាប់ស្តីពី​គណបក្សនយោបាយ ក្រសួងបានស្នើឱ្យតំណាងស្ថាបនិកគណបក្សនេះ ត្រូវធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈ​គណបក្ស​ឱ្យត្រឹមត្រូវ​ស្រប​តាមបញ្ញត្តិ​មាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួចផ្ញើមកក្រសួង​វិញ យ៉ាងយូរ១៥ថ្ងៃជាកំណត់។

យ៉ាងនេះក្តី កាលពីថ្ងៃ១៥ ខែកញ្ញា ម្សិលមិញ​ ក្រសួងមហាផ្ទៃបានសម្រេចចុះបញ្ជីជូន «គណបក្សកែទម្រង់កម្ពុជា» ​ដោយមានលោក ប៉ុល ហំម អតីតអនុប្រធាន CNRP ជាប្រធាន និងលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិជាសមាជិកបក្សផងដែរ។

សមាជិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា ថ្នាក់ដឹកនាំគណបក្សរបស់លោកគ្រោងចុះជួបអ្នកគាំទ្រ សកម្មជន និងប្រជាពលរដ្ឋមួយចំនួននៅតាម​បណ្តាខេត្ត ដើម្បី​ស្ទង់មើល​កម្លាំងគាំទ្រ និងបើកផ្លូវឱ្យបក្សផ្សេងៗទៀតដែលចង់រួបរួមគ្នាជាមួយបក្សកែទម្រង់កម្ពុជា សម្រាប់ជាកម្លាំងស្នូលរឹងមាំប្រកួតប្រជែងជាមួយបក្សកាន់អំណាច​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់នាពេលឆាប់ៗខាងមុខនេះ។

លោកមានប្រសាសន៍ថា៖ «យើងនឹងធ្វើទៅតាមផែនការសកម្មភាពរបស់យើង ក្នុងរយៈពេល២ទៅ៣ខែ នៅតាមមូលដ្ឋាន មានការរៀបចំលើកផ្លាកនៅតាមខេត្ត ហើយចុះជួបមន្ត្រីនៅតាមមូលដ្ឋាន។ យើងចង់ដឹងមើលនៃការគាំទ្រ ហើយយើងចង់រៀបចំរចនាសម្ព័ន្ធបន្ថែម រួមទាំងអ្នកចូលរួមជាបេក្ខភាពឃុំ-សង្កាត់ផង។ ក្នុងរយៈពេល២ទៅ៣ខែ យើងអាចវាយតម្លៃថា គួររៀបចំយុទ្ធសាស្ត្របែបម៉េចក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់»។

លោកមានប្រសាសន៍បន្ថែមថា៖ «ទិសដៅទី២ក្នុងការជជែកគ្នាក្នុងការបង្រួបបង្រួមនិន្នាការគណបក្សប្រឆាំងឡើងវិញនេះក៏ដូចគ្នាដែរ យើងកំពុងតែចាប់ផ្តើម។ តាមពិត ខ្ញុំបានប្រកាសជម្រាបជូនមតិសាធារណជនជាច្រើនដងហើយ ជាឆន្ទៈក្នុងការបង្រួបបង្រួមនេះ យើងនៅតែបន្ត ហើយយើងនឹងសាកល្បងមើលក្នុងពេលឆាប់ៗនេះ។ យើងនឹងផ្ញើសារជូនទៅគណបក្សដទៃដែលគិតថាអាចរួបរួមគ្នាបាន ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច»។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន មានប្រសាសន៍ថា ក្រសួងមហាផ្ទៃគួរ​តែចាត់​មន្ត្រីជំនាញជួប​ជជែកឬពិភាក្សាជាមួយអ្នកដែលស្នើសុំចុះបញ្ជីគណបក្សនយោបាយថ្មី ដើម្បី​ងាយស្រួលឱ្យពួកគាត់បានបំពេញនូវចន្លោះខ្វះខាត នឹងឆាប់ទទួលបានគ្រប់លក្ខខណ្ឌស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។

ផ្ទុយទៅវិញ លោកថា បើសិនជាការចុះបញ្ជីគណបក្សនយោបាយថ្មី ក្រសួងមហាផ្ទៃមានការលម្អៀងផ្នែកនយោបាយ នោះការចុះបញ្ជីគណបក្ស​នឹងធ្វើឱ្យជួបបញ្ហាប្រឈមច្រើន ហើយមិនអាចចុះបញ្ជីប្រកួតប្រជែងនយោបាយទៀតផង។

លោកមានប្រសាសន៍ថា៖ «រឿងចុះបញ្ជីគណបក្សនយោបាយនេះ អាចមានភាពប្រទាញប្រទង់គ្នាដែរ ការចុះបញ្ជីគណបក្សនេះ វាស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ យើងដឹងហើយថា ក្រសួងមហាផ្ទៃជាផ្នែកមួយរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន បើសិនការអនុវត្តដំណើរការចុះបញ្ជីមានភាពលម្អៀងផ្នែកនយោ​បាយ ​ក៏ជាបញ្ហាសម្រាប់គណបក្សឬអ្នកនយោបាយដែលមានបំណងទៅបង្កើតគណបក្សថ្មីហ្នឹងនិងចុះបញ្ជីដែរ»។

គិតចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ នៅខែវិច្ឆិកា ឆ្នាំ២០១៧ ដោយតុលាការកំពូលកម្ពុជាមក មានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួនជាង២០នាក់ ក្នុងចំណោម១១៨នាក់ ដែលជាប់បម្រាម​​ធ្វើនយោបាយរយៈពេល៥ឆ្នាំនោះ បានស្នើសុំសិទ្ធិធ្វើនយោបាយ​ឡើងវិញ។ ពួកគេមួយចំនួនបានទៅបង្កើតគណបក្សនយោបាយថ្មី និងមួយចំនួនទៀតនៅមិនទាន់សម្រេចចិត្តនៅឡើយទេ ខណៈការបោះឆ្នោតឃុំ-សង្កាត់នឹងធ្វើឡើងនៅឆ្នាំក្រោយនេះ។

រហូតមក​ដល់ពេល​នេះ ​មាន​គណបក្ស​នយោបាយ​ជាង​៤០បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ក្នុងនោះមានគណបក្សចំនួន៥ ដែលបានបង្កើតឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង រួមមាន គណបក្សឆន្ទៈខ្មែរ របស់​លោក គង់ មូនីកា កូនប្រុសរបស់​​លោក គង់ គាំ, គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ្រ, គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា, គណបក្សកំណែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន និងគណបក្សបេះដូងជាតិ ដែលត្រូវបានគេអះអាងថាជារបស់​លោក ថាច់ សេដ្ឋា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ