សកម្មជន​ព្រៃឡង់​ដែល​រង​បណ្ដឹង​ពី​ឈ្មួញ​ឈើ​សុំ​ឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌

លោក ចាន់ ធឿន សមាជិកបណ្ដាញព្រៃឡង់ម្នាក់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ (ផ្ដល់ឱ្យ)

សមាជិកបណ្ដាញព្រៃឡង់ម្នាក់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ អំពាវនាវដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់និងផ្តល់យុត្តិធម៌​ជូនគេ ក្រោយឈ្មួញឈើប្ដឹងពីបទ​មនុស្សឃាត ដោយថា រូបគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។

សាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ២០២១ បាន​បើក​សវនា​ការ​លើ​សំណុំរឿងរបស់​សមាជិក​បណ្តាញសហគមន៍​​ព្រៃឡង់ ​លោក ចាន់ ធឿន ក្រោមការចោទប្រកាន់ថាបានប៉ុន​ប៉ង​មនុស្ស​ឃាត​ ទៅតាមបណ្តឹងរបស់ឈ្មួញឈើម្នាក់ឈ្មោះ ប៉ាក យ៉ាងគួ។

មេធាវីការពារក្តីឱ្យលោក ចាន់ ធឿន គឺលោក​ សំ សុគង់ ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះ​ថា តុលាការ​នឹង​ប្រកាស​សាលក្រម​លើ​​សំណុំរឿងរបស់លោក ចាន់ ធឿន នៅថ្ងៃទី២៨ ខែកញ្ញា​ខាង​មុខ​នេះ។

សមាជិកបណ្ដាញព្រៃឡង់ លោក ចាន់ ធឿន រស់នៅភូមិត្រពាំងត្រឡាច ឃុំមានរិទ្ធ​ ប្រាប់ វីអូឌី ថាសវនាការ​នៅថ្ងៃព្រហស្បតិ៍​នេះ គឺ​​លោកមិនបានចូលរួមនោះទេ ដោយសារបារម្ភពីការចាប់ខ្លួន ប៉ុន្តែមេធាវីការពារក្តីរបស់លោកបានចូលរួមក្នុងសវនាការនេះ។

សកម្មជនព្រៃឡង់រូបនេះអះអាងថា បុគ្គលឈ្មោះ ប៉ាក យ៉ាងគួ គឺ​ជាកូនមេបញ្ជាការរង​កងរាជអាវុធហត្ថខេត្តកំពង់ធំ និងជាឈ្មួញរកស៊ីឈើច្រើនឆ្នាំមកហើយក្នុង​ខេត្ត​នេះ ហើយ​បាន​ប្តឹង​រូប​លោក​​ក្នុង​​សំណុំរឿង​​ព្រហ្មទណ្ឌ និង​ទាមទារ​ប្រាក់​សំណង២ ០០០​​ដុល្លារ​។

លោក ចាន់ ធឿន រៀបរាប់ថា កាលពីខែកក្កដា ឆ្នាំ២០២០ រូបលោកនិងពលរដ្ឋផ្សេងទៀតបានចុះ​ទប់​ស្កាត់​បទ​ល្មើសព្រៃឈើ​នៅក្នុងសហគមន៍មួយស្ថិតនៅភូមិត្រពាំងត្រឡាច ឃុំមានរិទ្ធ​​ ស្រុក​សណ្ដាន់ ដោយ​ប្រទះឃើញ​បុគ្គលឈ្មោះ ប៉ាក យ៉ាងគួ​ ដែលជាឈ្មួញឈើ បានដឹកឈើតាមគោយន្តចេញពីព្រៃសហគមន៍។

សកម្មជនព្រៃឈើរូបនេះបន្តថា រូបលោក​បាន​យក​ទូរសព្ទថត​គោយន្ត​ដឹក​ឈើ​នោះ ហើយឈ្មួញ​ឈើបាន​​ស្ទុះ​​ប្រទាញ​ប្រទង់​ដណ្ដើម​​ទូរសព្ទ​ និងឆក់​យក​កាំបិត​​​ស្នៀត​​ភ្ជង់​រូប​លោក រួចប្តឹង​លោក​ទៅតុលាការថែម​ទៀត។

លោកបន្ថែមថា៖ «កាលហ្នឹងគេបានឆក់​កាំបិតពីចង្កេះខ្ញុំបាន ហើយគេភ្ជង់​ខ្ញុំតែម្តង គេភ្ជង់​យក​ទូរសព្ទ។ ភ្ជង់​យកទូរសព្ទ គេថា អាហ្អែងឱ្យអញឬមិនឱ្យ ចុងកាំបិតនៅនឹងពោះខ្ញុំហើយ កាំចុងស្នៀត​​ចុងស្រួចទៀត។ ពេលហ្នឹងខ្ញុំភ័យ ខ្ញុំឱ្យគេ ខ្លាចគេចាក់យើងសម្លាប់។ ដល់ឱ្យទូរសព្ទទៅគេ បាន​គេ​ដើរចេញ គេបោះពាក្យសម្តីថា គេគុំខ្ញុំយូរហើយ។ ឥលូវខ្ញុំកំពុងបារម្ភ​ពីសុវត្ថិ​ភាព​ផង និងការចាប់ខ្លួនផង។ អាចយើងជិះម៉ូតូទៅណាមក​ណា​ម្នាក់ឯង​ គេអាច​និងជួលអ្នកមកធ្វើឃាត​យើងក៏ថាបាន ព្រោះយើងបានធ្វើប៉ះពាល់ផលប្រយោជន៍របស់គេ»

លោក ចាន់ ធឿន បន្ថែមថា វាជារឿងអយុត្តិធម៌មួយ​ដែលរូបលោកជាអ្នកការពារព្រៃឈើ ត្រូវរង​ការ​គំរាមកំហែងនិងត្រូវបានប្តឹងទៅតុលាការដោយជនបំផ្លាញព្រៃឈើទៅវិញ។ លោក​បាន​អំពាវនាវ​ដល់​តុលាការ​ឱ្យពិចារណាទម្លាក់ចោលការចោទប្រកាន់មកលើរូបលោក។

វីអូឌី មិនអាចសុំការឆ្លើយតបពីដើមបណ្តឹង លោក ប៉ាក យ៉ាងគួ បានទេ នៅថ្ងៃព្រ​ហស្បតិ៍នេះ។ ប៉ុន្តែលោកធ្លាប់ប្រាប់សារព័ត៌មាន​ក្រៅស្រុកមួយកាលពីខែសីហា​ ឆ្នាំ២០២០​ ថាមូលហេតុ​ដែល​​លោក​​ប្តឹ​ង​​សកម្មជន​ព្រៃ​ឡង់ ដោយសារសកម្មជនរូបនោះបាន​ថតរូបលោក​ដឹក​ឈើ​ធ្វើ​ផ្ទះ​​បន្តិ​ចបន្តួច។ លោក​ថា ឈើ​ដែល​ដឹក​តាម​គោយន្ត​នោះ លោក​ទិញ​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន មិនមែន​ជា​ឈើដឹក​ចេញពី​ព្រៃ​ឡង់​ឬព្រៃសហគមន៍នោះ​ទេ​។

ប្រធាន​បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព មានប្រសាសន៍ថា ករណីតុលាការចាត់ការលើបណ្ដឹងរបស់ឈ្មួញឈើ ប្រឆាំងអ្នកការពារព្រៃឈើនេះ វាជារឿងអយុត្តិធម៌និងជាការគំរាមកំហែងបំបាក់ស្មារតីបណ្តាញ​ព្រៃឡង់ មិនឱ្យហ៊ាន​ធ្វើសកម្មភាព​ការពារ​ព្រៃ​បន្តទៀត​តែ​ប៉ុណ្ណោះ។

ប្រធានបណ្ដាញ​សហគមន៍ព្រៃឡង់រូបនេះ លើកឡើងថា លោក ចាន់ ធឿន ជាសមាជិកប​ណ្តាញ​សហគម​ន៍​ព្រៃឡង់​ម្នាក់ ដែលស្រឡាញ់​ព្រៃឈើ និងសកម្មក្នុងការចូលរួម​ការ​ពារ​ព្រៃ មិន​ដែលធ្វើសកម្មភាព​អ្វីខុសច្បាប់ឡើយ។

លោកបន្ថែមថា៖ «ខ្ញុំគិតថា ការចោទប្រកាន់នោះ ទាំងតុលាការ ទាំងអាជ្ញាធរ ទាំងដើមបណ្ដឹង គឺពួកគេ​រួមគ្នាធ្វើសកម្មជនព្រៃឈើ មិនឱ្យហ៊ានការពារព្រៃឈើ។ តែធាតុពិត ចាន់ ធឿន មិនបានធ្វើរឿងដូចការចោទប្រកាន់។ បច្ចុប្បន្ន បទល្មើសព្រៃឈើនៅសហគមន៍ និងព្រៃឡង់នៅខេត្តកំពង់ធំ គឺកើតមានរាល់ថ្ងៃ ដោយដឹកទាំងផ្លូវទឹក និងផ្លូវគោក តាម​គោយន្ត និងកាណូត ដោយគ្មាន​ការទប់​ស្កាត់ពី​សំណាក់អាជ្ញាធរឡើយ»

មេធាវីការពារក្តីឱ្យសមាជិកបណ្ដាញ​សហគមន៍ព្រៃឡង់ លោក ចាន់ ធឿន គឺលោក​ សំ សុគង់ មាន​ប្រសាសន៍ថា បើពិនិត្យលើអង្គហេតុ គឺគ្មានភស្តុតាងណាដាក់បន្ទុកលើកូនក្តីរបស់លោកទេ ហើយកូនក្តីរបស់លោកត្រូវតែរួចផុតពីការចោទប្រកាន់។

លោកបន្ថែមថា៖ «អង្គហេតុហ្នឹងជាអង្គហេតុអត់ពិត ហើយភស្តុ​តាង​អត់​មាន​ភស្តុតាងអីក្រៅពីចម្លើយរបស់ជនរងគ្រោះ និងសាក្សីដែលជាបក្សពួករបស់ជនរងគ្រោះ។ អ៊ីចឹងខ្ញុំគិតថា ផ្អែកតាម​អង្គហេតុ​និងភស្តុតាង​ហ្នឹង បើយើងគិតទៅលើមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ គេនិយាយពីវិមតិសង្ស័យ មានន័យថា វាអត់មានភស្តុតាងអី​ដែលធ្ងន់ធ្ងរ​ថាកូនក្តីរបស់ខ្ញុំបានប្រព្រឹត្តទេ។ អ៊ីចឹង​បើ​ពិនិត្យ​មើល​ទៅ​លើ​អង្គហេតុនិងភស្តុតាងហ្នឹង ខ្ញុំ​សង្ឃឹមថា តុលាការនឹងសម្រេចឱ្យកូនក្តីខ្ញុំរួចផុតពីបទចោទ។ នៅក្នុងសវនាការហ្នឹង ខ្ញុំក៏បានសំណូមពរដល់តុលាការ​ឱ្យទម្លាក់​ចោលបទ​ចោទ​លើ​កូនក្តី​ខ្ញុំ​ដែរ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ