បទយកការណ៍៖ ជនជាតិដើមភាគតិចកួយនៅខេត្តព្រះវិហារ ស្នើអាជ្ញាធរបង្ក្រាបបទល្មើសកាប់ឈើឱ្យមានប្រសិទ្ធភាព

គោយន្តជាច្រើនគ្រឿងដឹកកំណាត់ឈើចេញពីព្រៃព្រះរការ។ (ផ្ដល់ឱ្យ)

រាជរដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានដាក់ព្រៃព្រះរការ ជាដែនជម្រកសត្វព្រៃ ដែលមានទំហំ៩៦ ០០០​​ហិកតា នៅ​ភូមិ​សាស្ត្រប្រ​ជុំ​ ៣​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុកត្បែងមាន​ជ័យ និងស្រុកឆែប ខេត្តព្រះវិហារ។ ​បើ​ទោះបីជាបានដាក់បញ្ចូលជាតំបន់​​ដែន​​ជម្រកសត្វ​ព្រៃយ៉ា​ង​ណា​ក្ដី ក៏ប្រជាសហគមន៍ជនជាតិដើមភាគតិច​គួយ នៅឃុំ​ប្រមេរុ ស្រុក​ត្បែង​មានជ័យ​ នៅ​តែ​អះអាង​ថា ព្រៃ​ព្រះ​រការ​ ​នៅ​តែរ​ង​​ការ​ទន្ទ្រាន​ និង​កាប់បំផ្លាញ​ពីសំ​ណាក់​ឈ្មួញ​ ក្រោម​រូបភាពជួល​​ប្រជាពលរដ្ឋមូលដ្ឋាន និង​ជនចំណាកស្រុកកាប់បំផ្លាញ។

ករណីនេះ ប្រជាសហគមន៍ជនជាតិដើមភាគតិច​ នៅជាប់តំបន់ព្រៃព្រះរការ បាន​បង្ហាញ​ពីក្ដីបារម្ភពីការបាត់បង់ព្រៃឈើទាំងស្រុងនៅតំបន់ការពារមួយនេះ និងបានស្នើឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ចាត់វិធានការ​ឱ្យមានប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើស។

លោក ថោង ស៊ុត សហគមន៍​​ជន​ជាតិ​ដើម​ភាគតិចកួយ ​រស់នៅភូមិប្រមេរុ ឃុំប្រមេរុ​ ស្រុក​ត្បែងមានជ័យ ខេត្តព្រះ​វិហារ ដែលនៅជាប់នឹងព្រៃព្រះរការ បានរៀបរាប់ថា ព្រៃព្រះរការ​ បច្ចុប្បន្ន​​កំពុង​​រ​ង​​ការ​​ទន្ទ្រាន​ និង​​កាប់បំផ្លាញ​​ ដោយសារតែលោក​បានឃើញ​គោយន្ត​ជាច្រើនគ្រឿងបាន​ដឹកឈើចេញពីតំបន់ការពារមួយនេះ ដោយពុំមាន​ការទប់ស្កាត់ណាមួយពីអាជ្ញាធរ​ ឬមន្ត្រីឧទ្យានុរក្ស​ឡើយ។ 

គោយន្តជាច្រើនគ្រឿងដឹកកំណាត់ឈើចេញពីព្រៃព្រះរការ។ (ផ្ដល់ឱ្យ)

លោក​បន្តថា បើតាមច្បាប់ព្រៃឈើ​ អាជ្ញាធរ​ ឬមន្ត្រីឧទ្យានុរក្ស​ មានភារកិច្ច​ការពារ និងអភិរក្ស​តំបន់​ការពារ​មួយនេះ ប៉ុន្តែលោកសង្កេតឃើញមន្ត្រីដែលមានភារកិច្ចការពារ​ព្រៃឈើ​ទាំងនោះ​​ហាក់​​មិន​សូវ​អើពើលើបញ្ហានេះទេ ដែលធ្វើឱ្យ​សហគមន៍មានក្តីបារម្ភជាខ្លាំងពីការ​បាត់បង់ព្រៃឈើ​ទាំងស្រុងនៅតំបន់ការពារមួយនេះ។  

លោក ថោង ស៊ុត និយាយថា៖ «បើពួកខ្ញុំចូលមិនបាន គឺថាបាត់បង់ព្រៃឈើ សុទ្ធតែអាជ្ញាធរជាអ្នកទទួលខុសត្រូវ ពួក​ខ្ញុំអត់​ដឹង​ទេ ​បើ​គេ​មិន​ឱ្យ​ចូល​ហើយ។ ប៉ុន្តែខ្ញុំថាព្រៃនេះ​ វាមិនអាចនៅបានទេ ដាក់​តែ​នៅ​ក្នុង​ច្បាប់​ថា​ព្រៃ​ ស្ថិតនៅក្នុងព្រៃការ​ពារ ​ព្រៃ​អភិរក្ស ប៉ុន្តែគ្រប់គ្រងដោយមន្ត្រី គឺដោយសារពួកនោះ [ខ្ញុំ]ស្វែង​យល់​ថា​ដោយ​សារ​ពួ​ក​នោះ​ពុក​រលួយ​ច្រើន»។

បុរសវ័យ៦០ឆ្នាំរូបនេះ បន្តថា ប្រជាសហគមន៍ចង់ចូលរួមការពារ​ព្រៃឈើនេះដែរ ប៉ុន្តែ​បច្ចុប្បន្ន ប្រជាសហគមន៍​​មួយចំនួន កំពុងប្រឈម​បញ្ហា​ជីវ​ភាព និង​ថវិកា ហើយ​សាច់​​ញាតិ​ព្រួយ​​បារម្ភពីសុវត្ថិ​ភាព​របស់​ពួក​គាត់​ នៅពេលដែលធ្វើសកម្មភាពស្ម័គ្រ​ចិត្តការ​ពារព្រៃឈើ​នៅតំបន់​នេះ។ ជាមួយគ្នានេះ លោក​ថា អាជ្ញាធរក៏ហាក់មិនចង់សហការជាមួយ​យុវជន និងសហគមន៍មូលដ្ឋានផងដែរ​ ដែល​​ជាហេតុ​នាំ​ឱ្យ​ព្រៃព្រះរការ អាចប​ន្ត​រេច​រឹល​​ជាក់​​​ជា​មិន​ខាន​នាពេលអនាគត។

លោក ថោង ស៊ុត និយាយ​​ថា «បើតាមខ្ញុំ ខ្ញុំមានយោបល់យូរណាស់ហើយ ខ្ញុំថាគួរអាជ្ញាធរសហការ​ជាមួយ​សហគមន៍ ហើយ​ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្បែរជុំវិញព្រៃនោះ​ អា​នោះ​ទើប​បាន[គង់វង្ស] សហការ​ជាមួយ​គ្នា ប៉ុន្តែនេះ អាជ្ញាធរគេអត់​បាន​សហការ​ទេ គេ​សហការ​តែ​ជាមួយគ្នា​គេ ដូច្នេះអាព្រៃរេចរឹលកាន់តែអស់»។

ស្រដៀងគ្នានេះដែរ សហគមន៍ជនជាតិដើមភាគតិចកួយម្នាក់ទៀត លោក ខាក់ ភារិទ្ធម៉ាស៊ី ដាក់​ការ​សង្ស័យ​ថា បទល្មើសព្រៃឈើដែលកើតមានក្នុងតំបន់ព្រៃព្រះរការ​ជា​បន្តប​ន្ទាប់​បែប​នេះ អាច​ដោយ​សារ​តែ​​អាជ្ញាធរ​​បាន​​បើក​ដៃ​ឱ្យ​ជន​ល្មើស​ចូលកាប់បំផ្លាញព្រៃឈើ​ ជាថ្នូរនឹង​ការទទួល​បាន​ប្រយោជន៍​ពី​ជន​ល្មើស​ទាំង​នោះ។

លោក​ថា៖ «ការគ្រប់គ្រងរបស់សមត្ថកិច្ច និង​អ្នក​អភិរក្ស​ ដូចជាអត់មានប្រសិទ្ធភាព និងការការពារអីឱ្យច្បាស់​លាស់​ទេ។ ភាគច្រើន សមត្ថកិច្ចនិងអ្នកអភិរក្ស ច្រើនតែស៊ីសំណូក យកលុយពីអ្នកអារឈើ​ បើកផ្លូវឱ្យអ្នកឈ្មួញដឹក​ឈើ ដើម្បីបាន​ថវិកា​ចូល​ខ្លួន​របស់​គេ»។

យុវជនវ័យ២៤ឆ្នាំ ជាអ្នករស់នៅភូមិប្រមេរុរូប​នេះ បាន​បន្ថែម​ទៀត​ថា បើនៅតែ​បន្ត​ឱ្យមាន​អំពើ​ពុករលួយ​ក្នុងវិស័យបរិស្ថានបែបនេះ នោះជាការ​បង្កើត​ឱ្យមា​ន​វិនាស​កម្មព្រៃឈើនៅក្នុង​តំបន់​ការពារ​មួយនេះ​នាពេលខាងមុខ។ ករណីនេះ លោកបានជំរុញឱ្យអាជ្ញាធរ​មាន​កិច្ច​សហការយ៉ាង​ជិតស្និទ្ធជាមួយប្រជាសហគមន៍ និងអនុញ្ញាតឱ្យ​សហគមន៍ចូលរួម​ក្នុងការ​ល្បាត និង​ការ​ពារព្រៃឈើ ដើម្បី​ឱ្យ​ព្រៃឈើនៅតំបន់ព្រៃព្រះរការ​នៅគង់វង្សសម្រាប់មនុស្ស​គ្រប់ជំនាន់។

លោកបន្តថា៖ «សមត្ថកិច្ច ឬក៏បរិស្ថាន បើកសិទ្ធិឱ្យទូលាយ ​ឱ្យពួកខ្ញុំ​ជាយុវជន និងសហគមន៍ មានការ​ចូល​រួម​ការ​ពារព្រៃឈើទាំ​ង​អស់​គ្នា ដើម្បីផលប្រយោជន៍រួម ពីព្រោះព្រៃឈើគឺ​ជាជីវិត​របស់​សត្វលោក​ទាំង​អស់​នៅក្នុងភពដែនដីនេះ»។

ប្រជា​សហគមន៍ជនជាតិដើមភាគតិច​កួយម្នាក់ទៀត លោក ហ៊ោ សារ៉ាត់ រស់នៅភូមិប្រមេរុ បានឱ្យដឹង​ថា បទ​ល្មើសនៅតំបន់​ព្រៃ​ព្រះរការ​ ហាក់កាន់​តែមានសភាព​ធ្ងន់​ធ្ងរពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ ដោយ​សារ​តែលោក​បាន​សង្កេតឃើញមាន​ការដឹកឈើចេញពីតំបន់ការពារព្រៃព្រះរការ ស្ទើរ​​​​ជារៀង​​រាល់​ល្ងាច។

លោកថា៖ «នៅក្នុងព្រៃព្រះរការ ជាក់ស្តែងសព្វថ្ងៃនេះ គេនៅតែកាប់បំផ្លាញរាល់ថ្ងៃ […] ដោយសារតែមន្ត្រីបរិស្ថាន ក៏ដូច​ជាប៉ូលិស​អី គាត់​នៅ​ជួយ​អ្នក​កាប់​បំផ្លាញព្រៃឈើ។ ដូចម្សិលម៉្ងៃ ខ្ញុំឃើញគោយន្ត ២គ្រឿង ដឹកឈើចេញពីព្រៃព្រះរការ»។

បុរសវ័យ២៤ឆ្នាំរូប​នេះ បាន​ស្នើឱ្យ​មន្ត្រីពាក់​ព័ន្ធចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​​​សហការ​ជាមួយ​សហគមន៍ ​យុវ​ជន​ និង​​សកម្ម​ជននានាក្នុងការ​ចុះល្បាត និងការពារ​ ដើម្បី​បង្កើនការទប់ស្កាត់​បទ​ល្មើស​ព្រៃឈើកុំ​ឱ្យកើតមានឡើងយ៉ាងគំហុក​​បែប​នេះ។

លោកបន្តថា៖ «ខ្ញុំចង់​ស្នើឱ្យខាងប៉ូលិស​ ឬខាង​មន្ត្រីបរិស្ថាន ​គាត់​បើក​ដៃ​ឱ្យ​សហគមន៍ ក៏ដូចជាយុវជនដែលគាត់ស្រឡាញ់​ចូលចិត្តថែរក្សាព្រៃឈើ ឱ្យបានចូលរួមចុះល្បាត ​ឱ្យ​ដូច​ទៅ​នឹង​ឆ្នាំ២០១៦ និង​២០១៧ កន្លងទៅ។ ហើយចង់ឱ្យអាជ្ញាធរ​ដើរល្បាតជាមួយសហគមន៍ផងដែរ»។

គោយន្តជាច្រើនគ្រឿងដឹកកំណាត់ឈើចេញពីព្រៃព្រះរការ។ (ផ្ដល់ឱ្យ)

របាយការណ៍អង្គការពន្លកខ្មែរ ឱ្យដឹង​ថា ព្រៃ​ព្រះរការ មានប្រជាពលរដ្ឋចំនួន១៥ ០៤៦នាក់ (ស្ត្រី៧ ៨៤៦នាក់) រស់នៅក្នុងភូមិចំនួន២៦ ជុំវិញតំបន់ការពារមួយនេះ។ ប្រភពដដែលបន្តថា  ប្រជាពលរដ្ឋភាគច្រើនជាអ្នកប្រកបរបរដង​ជ័រ​ច្បោះ និង​រកបន្លែ ផ្លែឈើ រកឃ្មុំ ដើម្បីលក់ដូរប្រចាំ​ថ្ងៃ។ ព្រៃព្រះរការ គឺជាព្រៃធំទី២ ក្នុងខេត្ត​ព្រះវិ​ហារ បន្ទាប់​ពី​ព្រៃ​ឡង់ ដែលសម្បូរ​ទៅដោយជី​វ​ចម្រុះ សត្វព្រៃគ្រប់ប្រភេទ និងឈើប្រណិត ជាពិសេសដើមឈើទាល ឬដើមជ័រទឹក ជា​ដើម។

ពាក់ព័ន្ធ​នឹង​បញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃព្រះរការ មេឃុំ​ប្រមេរុ លោក សឹម លាម បានឱ្យដឹងថា លោក​មិន​សូវ​បាន​ដឹង​រឿងបញ្ហា​ពាក់​ព័ន្ធនឹង​ករណី​កាប់​ឈើ ​និង​ដឹកឈើនៅតំបន់ព្រៃព្រះរការ​នេះ​​ទេ ដោយថា ​ករណីនេះហួស​ពី​ដែន​សមត្ថកិច្ច​របស់​លោក។

លោកថា៖ «ពាក់ព័ន្ធទៅនឹងអ្នកជំនាញគេផ្ទាល់ទៅ! បើថាខ្ញុំ ខ្ញុំនៅឃុំនេះ ក៏មិនសូវបានដឹង គឺការងារនៅសាលាឃុំច្រើន គឺមិនសូវបានដឹង។ ហើយ​សំខាន់​ដោយ​សារ​តែ​មន្ត្រីឧទ្យានុរក្សគេនៅនោះ ខ្ញុំ​ពឹង​ផ្អែកទៅលើមន្ត្រីឧទ្យានុរក្សដែរហ្នឹង»។

លោក​បន្ថែម​ថា៖ «ខ្ញុំសំអាងអញ្ចេះទេ សំអាង​ថាខាងបរិស្ថានគេចេញ-ចូល [ក្នុងព្រៃព្រះរការ] គឺថាទុកឱ្យខាងជំនាញ[មន្ត្រីឧទ្យានុរក្ស] គេធ្វើការងារ​ហ្នឹងទៅ»។

ចំណែកអភិបាលស្រុកត្បែងមានជ័យ លោក នុត សុភ័ណ្ឌ សុំមិនធ្វើការអត្ថាធិប្បាយ​ជុំវិញ​ការលើក​ឡើង​របស់​សហគមន៍នោះទេ ដោយលោកបង្វែរសំណួរឱ្យអ្នកសារព័ត៌មានសួរ​ទៅ​ខាង​មន្ត្រីបរិស្ថាន​វិញ។​

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី និងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ មិនអាចសុំការអត្ថាធិប្បាយបានដែរ ដោយទូរសព្ទ​ចូល​ជា​ច្រើន​លើក ​មិន​មាន​អ្នក​ទទួល។

​តែយ៉ាងណា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ​ ធ្លាប់បានប្រាប់វីអូឌីកាល​ពីចុង​ខែកញ្ញា ឆ្នាំ២០២២​ថា​​ លោកពុំទាន់បានទទួល​ព័ត៌មាន​ដែល​ថា​​មានបទល្មើសព្រៃឈើនោះទេ​ ហើយ​​របាយការណ៍ដែល​សហគមន៍​ជនជនជាតិដើម​កួយ ​រកឃើញបទល្មើស​​កន្លង​មក​នោះ ក៏​រូប​​លោក​ និងមន្ត្រីបរិស្ថាន​ ធ្លាប់​បានចុះទៅពិ​និត្យទីតាំង​នោះ​ដែរ​ ប៉ុន្តែ​​មិនបាន​រក​ឃើញ​​ប​ទ​ល្មើសនោះទេ។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ យល់ឃើញប្រហាក់ប្រហែលទៅនឹងការលើកឡើងរបស់សហគមន៍ដែរ ដោយ​ថា ​មន្ត្រីបរិស្ថាន​ហាក់​មិន​សូវ​សកម្ម​​​ក្នុង​ការ​​ទប់​​ស្កាត់​​បទ​​ល្មើស​​​ព្រៃឈើ​នោះ​ទេ។ លោកបន្តថា តំប​ន់​ព្រៃ​ព្រះរការ ក៏​ដូច​​ជាតំបន់​ព្រៃឡង់ កំពុងរង​ការបំផ្លិចបំផ្លាញព្រៃឈើ​ពីសំណាក់ក្រុម​​ឈ្មួញ និង​អ្នក​មាន​អំណាច ប៉ុន្តែអាជ្ញាធរ​បែរ​ជា​ព្រងើយ​កន្តើយ​ មិនអើពើ និង​បង្ក្រាបបទល្មើសទៅវិញ។

លោកថា៖ «តំបន់ព្រៃព្រះរការក្តី តំបន់ពួកគាត់​រស់នៅក្តី គឺភាគច្រើនមានការកាប់បំផ្លាញ​ធនធានធម្មជាតិ ជាពិសេសទៅ​នឹង​ព្រៃឈើ [ព្រៃឡង់] ហើយ​អាជ្ញាធរ​គាត់​ហាក់​បី​ដូច​ជា​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ចាត់​វិធានការទៅនឹងអ្នកដែលបានកាប់បំផ្លាញធនធានធម្មជាតិទាំងអស់​ហ្នឹង​ទេ សូម្បីតែនៅ​ស្នាក់​ការ​សន្តិសុខ​នៅ​ជាប់​ហ្នឹង​​សោះ បែរជា​ត្រូវ​បានឈ្មួញ ត្រូវបានអ្នកមានអំណាចកាប់បំផ្លាញខ្ទេច​ខ្ទី​អស់ ក៏អាជ្ញាធរហាក់បីដូចជាមិនមានការបង្ក្រាបសោះ»។

មន្ត្រីសង្គមស៊ីវិលរូបនេះ​ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធបង្កើនការ​យក​ចិត្តទុកដាក់​ក្នុងការការពា​រ​ព្រៃឈើ ឱ្យ​បាន​ខ្លាំង​ក្លា​បន្ថែម​ទៀត ដោយថា យន្តការនានាដែលរដ្ឋាភិបាលបានដាក់ចេញដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនាពេលកន្លងមក ហាក់មិនមានប្រសិទ្ធភាពនោះទេ។

លោកថា៖ «ប្រសិនជារាជរដ្ឋាភិបាល​បើកចិត្តឱ្យទូលាយ​ទៅនឹងសហគមន៍ការពារព្រៃឈើ ក៏ដូចជា​ធន​ធាន​ធម្មជាតិអស់​ហ្នឹង រាជរដ្ឋាភិបាលគួរណាបញ្ជា​ទៅមន្ត្រីជំនាញថា្នក់ក្រោម​របស់ខ្លួន ដើម្បីឱ្យធ្វើការងារជាមួយសហគមន៍ដែរ អាហ្នឹងអាចការពារបានមួយចំនួនធំដែរ។ ប៉ុន្តែប្រសិនជាមន្ត្រីទាំងអស់ គាត់មិនបើកចិត្តឱ្យទូលាយ ហើយរាជរដ្ឋាភិបាលអត់បញ្ជា​ទៅនឹងមន្ត្រីថ្នាក់ក្រោមជារបស់ខ្លួនទៀត ខ្ញុំជឿជាក់ថា ថ្ងៃមុខនឹងវាល ឬនឹងខ្ទេចខ្ទីអស់ជាមិនខាន»។

តាមអង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ បានបង្ហាញថា ព្រៃឈើ​ចំនួន៦ ២៧១​ហិកតា ​ត្រូវ​​បាន​​កាប់​បំផ្លាញ​​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ដោយ​ការ​កាប់​ឈើ​​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។

លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ។

ត្រលប់មកកាន់ប្រជាសហគមន៍ជនជាតិដើមភាគតិច​កួយ នៅជាប់តំបន់ការពារព្រៃព្រះរការ​វិញ លោក ថោង ស៊ុត បាននិយាយ​ថា ការថែរក្សា និងអភិរក្សព្រៃឈើឱ្យបានគង់វង្ស អាចបញ្ចៀស​​បម្រែបម្រួល​អាកាស​ធាតុ និងអាចជួយសម្រួលដល់ជីវភាពសហគមន៍ដែល​រស់នៅ​ពឹង​អាស្រ័យ​ការ​រក​អនុផលព្រៃឈើ ជាដើម។

លោកថា៖ «ដើម្បីការពារធនធានសម្បតិ្តធម្មជាតិ​​ ដែលព្រៃឈើកាត់បន្ថយការព្យុះភ្លៀងអី។ ហើយម្យ៉ាងទៀត ព្រៃព្រះរការនេះ គឺជាកន្លែងទឹកដីយើងទាំង​៣ស្រុកនេះ សម្រាប់ដកហូតអនុផលព្រៃឈើ ដូចជា បន្លែបង្ការអ្វី យើងមិនបា​ច់​ទៅ​ទីផ្សារ​អីទេ​ ស្រួល! កាល​ណាតែអស់ព្រៃនេះ អ្នកជិតខាង[មិន]ដឹងរកអ្វីទេ! កាលពីដើមឡើយ ពួកខ្ញុំមានព្រៃមានអី ​ពួ​ក​ខ្ញុំ​មិនដែល​ចំណាក​ស្រុក​ទេ ត្រូវការ​អីចូលតែក្នុងព្រៃបានបន្លែ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ