តុលាការ​ខេត្ត​ស្វាយរៀង​​ ដោះលែង​​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​២​នាក់​​​​ឱ្យ​ក្រៅ​ឃុំ​បណ្ដោះ​​អាសន្ន ​

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ប្រជាសហគមន៍ដែលមានជម្លោះដីធ្លីជាច្រើននាក់ រស់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រមូលផ្ដុំគ្នាតវ៉ាទាមទារឱ្យ​អាជ្ញាធរ​ដោះស្រាយដោយផ្តល់សំណងសមរម្យ​ ក្រោយ​ពួក​គាត់​អះ​អាង​ថា អាជ្ញាធរមូលដ្ឋាន​ផ្តល់សំណងត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េ។ (ផ្ដល់ឱ្យ)

សាលាដំបូងខេត្តស្វាយរៀង បានសម្រេចដោះលែង​តំណាងពលរដ្ឋ​មានជម្លោះដីធ្លី២រូបឱ្យ​នៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោយឃុំខ្លួន​ពួកគេ​ជិត២០ថ្ងៃ និង​បន្ទាប់ពី​ពលរដ្ឋមានជម្លោះដីធ្លីទាំង​នោះសម្រេច​ទទួលយកសំណងក្នុងមួយម៉ែត្រការ៉េ៩០០​រៀល តាម​ការ​ចង់​បាន​របស់អាជ្ញាធរ។

តំណាង​សហគមន៍​ដីធ្លី​ចេកមាស​ ឃុំឈើទាល​ ស្រុកស្វាយជ្រុំ ​ខេត្តស្វាយរៀង​ គឺ​អ្នកស្រី ឥន សូត្រ និង​អ្នកស្រី យស់ សោភ័ណ្ឌ ត្រូវបាន​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​​កោះហៅ​ឱ្យ​ចូលខ្លួន​​ទៅឆ្លើយ​បំភ្លឺ​នៅស្នងការ​ដ្ឋាននគរបាល​ខេត្ត ​កាលពី​ថ្ងៃទី២៧​ ខែសីហា។ បន្ទាប់​ពី​ចូលខ្លួន​ទៅ​បំភ្លឺ​​តាម​ការ​កោះហៅ​ហើយ​ ពួកគេ​មិនត្រូវ​​បាន​​អនុញ្ញាត​​ឱ្យ​វិលត្រលប់​​មក​ផ្ទះ​វិ​ញ​ទេ។ លុះ​​ដល់​ព្រឹក​ថ្ងៃទី២៨​ ខែសីហា​ តំណាង​សហគមន៍ដីធ្លី​ទាំង២​នាក់ក៏​ត្រូវ​បានសមត្ថកិច្ច​បញ្ជូន​បន្តទៅ​កាន់​តុលាការ​ខេត្តស្វាយរៀង​តែ​ម្តង។

តំណាង​សហគមន៍​ដីធ្លី​ចេកមាស​ ឃុំឈើទាល អ្នកស្រី ឥន្ទ សូត្រ ​បានឱ្យ​ វីអូឌី ដឹងនៅ​ថ្ងៃទី​១៦ ខែ​កញ្ញានេះ​ថា អ្នកស្រីក៏ដូចជា​សមាជិក​ម្នាក់​ទៀត ត្រូវបានមេធាវី​ស្នើសុំទៅតុលាការ ដើម្បីបាន​នៅក្រៅឃុំបណ្ដោះអាសន្ន​ កាលពីថ្ងៃម្សិលមិញ។ 

អ្នកស្រីបន្តថា ការនៅក្រៅឃុំបណ្ដោះអាសន្ននេះមិនទាន់អាចធ្វើអ្វីបាន​នោះ​ទេ ត្បិតអ្នកស្រីត្រូវ​ទៅ​ជួប​តុលាការ បើសិនជាមានការកោះហៅណាមួយ។ ដូច្នេះ អ្នកស្រីមិនអាចធ្វើសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ប្រព័ន្ធតុលាការ​​ឡើយ។

អ្នកស្រីបន្តថា​៖ «ខ្ញុំវាគ្រាន់ថាល្អជាង​នៅក្នុង ​[ពន្ធនាគារ] ​នោះបន្តិច។ យើងមកផ្ទះ បានធូរ​ស្រាល​បន្តិច បាន​ជួប​ជុំ​គ្រួសារ បានជួបជុំកូនអ៊ីចឹង។ ស្រឡះមុខ ស្រឡះមាត់ [ហើយ] មានសេរី​ភាព​ជាង។​ អាចទៅណាទៅណីបានខ្លះ ល្អជាងនៅនោះ​[ពន្ធនាគារ]។ តែក្ដីបារម្ភនៅតែមានអ៊ីចឹង ព្រោះមានការតាមដាន គេអង្កេតតែរហូតអ៊ីចឹង»។

អ្នកស្រី​ ឥន្ទ សូត្រ អះអាងថា បច្ចុប្បន្ន ពលរដ្ឋជាង១០០គ្រួសារដែលមានដីប៉ះពាល់​ពីគម្រោង​យក​ធ្វើអាង​ស្តុក​ទឹក​ជិត១០០ហិកតា បានព្រមទទួលយកសំណងតាមគោលនយោបាយ​របស់​រដ្ឋាភិបាល ដែល​បាន​ផ្ដល់​ជូន​ពួក​គាត់​តម្លៃ៩០០រៀល​ក្នុងមួយម៉ែត្រការ៉េ ខណៈពួកគេ​មិន​មានសង្ឃឹម​អ្វីផ្សេង​ទៀត​នោះ​ទេ ក្រោយពី​តំណាង២នាក់របស់ខ្លួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារកាលពីចុងខែសីហា។ 

ចំណែកតំណាងពលរដ្ឋម្នាក់ទៀតដែលត្រូវបាន​ដោះលែងឱ្យ​​​នៅ​ក្រៅឃុំបណ្ដោះ​អាសន្ន​ដែរនោះ អ្នក​ស្រី យស់ សោភ័ណ្ឌ បាន​ស្នើទៅ​តុលាការ​ឱ្យទម្លាក់ចោលការចោទប្រកាន់ម​កលើពួកគាត់ ដោយថា ពួកគាត់បានព្រមទទួលយកសំណងតាមការចង់បានរបស់អាជ្ញាធររួចទៅ​ហើយ។

អ្នកស្រីបន្ថែមថា៖ ​«ខ្ញុំសុំឱ្យ​អាជ្ញាធរនិងតុលាការទម្លាក់ការចោទប្រកាន់មកលើករូបខ្ញុំចោលទាំងស្រុងបណ្ដោយទៅ ព្រោះអ្វីដែលពួកខ្ញុំបានធ្វើ គឺធ្វើតាមអ្វីដែលមេឃុំនិងចៅហ្វាយ​ស្រុកដែលគា​ត់ឱ្យ​យើងធ្វើ យើងធ្វើតាមគាត់រហូត ដែលថាត្រូវប្រឆាំងអីលើរូបគាត់អត់មានទេ»។

អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង លោក​ ទេព ផល្លា មិនអាចសុំការបំភ្លឺបន្ថែមបានទេ នៅថ្ងៃនេះ។ 

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានលើកឡើងថា ការដោះលែងតំណាងពលរដ្ឋទាំង២នាក់ឱ្យ​​មានសេរីភា​ព​ឡើងវិញ វាជារឿង​ត្រឹមត្រូវ។ លោកបន្តថា អ្វីដែលពលរដ្ឋចង់ឃើញ គឺការដោះស្រាយប្រកបដោយសន្តិវិធី មិនបង្កការគំរាមកំហែងឬធ្វើទុក្ខបុកម្នេញលើពលរដ្ឋ។

លោកមានប្រសាសន៍ថា៖ «ការដោះលែងឱ្យ​នៅក្រៅឃុំបណ្ដោះអាសន្នរបស់តំណាងសហគមន៍​ដីធ្លីនេះ វាជារឿងមួយដែលល្អប្រសើរ ពីព្រោះដើម្បីធានាថា ការអនុវត្តការផ្ដល់យុត្តិធម៌ហ្នឹងដោយ​យល់ពួកគាត់។ ហើយមួយវិញទៀត ស្នើសុំឱ្យ​ការកាត់សេចក្ដីនេះឈរលើគោលការណ៍​យុត្តិធម៌ កុំឱ្យ​មានពាក្យថា​ ការប្រើប្រាស់ប្រព័ន្ធតុលាការជាការគំរាមកំហែង»។

កាល​ពី​ថ្ងៃ​ទី​២៨ ខែសីហា សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង សម្រេច​ឃុំ​ខ្លួន​តំណាង​​​សហគមន៍​​ចេក​មាស ​២​នាក់ គឺ​លោក​ស្រី ឥន សូត្រ និង​លោកស្រី យស់ សោភ័ណ្ឌ ​ដាក់​​ពន្ធនាគារ​​បណ្ដោះអាសន្ន ក្រោម​​បទ​​ចោទ​​តាម​មាត្រា១០ និង១១ ​នៃ​ច្បាប់​​ស្ដីពី​វិធាន​ការ​ទប់​ស្កាត់​ការ​​ឆ្លង​រាល​ដាល​​ជំងឺ​កូវីដ-១៩ ដោយ​សារ​មិន​​គោរព​​តាម​វិធាន​ការ​​រដ្ឋ​បាល​ខេត្តដែល​បាន​ដាក់​ចេញ​ ហើយត្រូវផាកពិន័យម្នាក់ៗ២លានរៀលទៀតផង។

ការអនុវត្តវិធានការច្បាប់កូវីដ-១៩ ទៅលើតំណាងពលរដ្ឋមានជម្លោះដីធ្លីនៅឃុំឈើទាលនេះ ក្រោយពេលពួកគាត់ប្រមូលផ្តុំគ្នានៅលើដីស្រែមានវិវាទ ​ធ្វើយុទ្ធនាការលើបណ្តាញសង្គមកាល​ពី​ថ្ងៃទី​២ ខែសីហា ​ដើម្បី​ទាមទារឱ្យ​មានដំណោះស្រាយ​សមរម្យ​​។ យុទ្ធនាការនេះត្រូវបាន​អាជ្ញាធរចោទថាល្មើសបម្រាម​និងវិធានការរបស់ក្រសួងសុខាភិបាល ត្បិតមិនបានសុំច្បាប់ជាមុន និងមិនបានពាក់ម៉ាស់ ជាដើម៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ