បុគ្គលិក​កាស៊ីណូ​រាប់រយនាក់​នៅ​ក្រុងបាវិត នាំគ្នា​សម្រុក​ចេញ​ពី​កាស៊ីណូ​ដោយ​ហែល​ឆ្លងទន្លេ និង​រត់កាត់​តាម​វាលស្រែ

អគារដែលកម្មករឬពលករស្នាក់នៅ ស្ថិតនៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២២។ (Michael Dickison/VOD)

សមត្ថកិច្ចក្នុងតំបន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ​ថា​ ពលករបរទេសរាប់​រយនាក់​ដែល​ត្រូវ​បាន​សង្រ្គោះពី​កាស៊ីណូ​នៅក្រុងបាវិត ​ខេត្ត​ស្វាយ​រៀង បាន​នាំ​គ្នា​សម្រុក​ចូលទៅ​ក្នុ​ង​ប្រទេស​វៀត​ណាម​ ដោយរត់កាត់តាមវាលស្រែ និងហែលឆ្លងទន្លេ។

ក្នុងសប្តាហ៍​នេះ នគរបាល​អន្តោ​ប្រវេសន៍​បានឆ្មក់​ចូល​កាស៊ីណូម៉ុក​បាយ​ ដែល​ជាកាស៊ីណូ​ដ៏ល្បីមួយ​នៅ​ក្រុង​បាវិត ខណៈពលករបរទេសរាប់រយនាក់​នាំ​គ្នា​សម្រុក​ចាក​ចេញ​តាម​ច្រក​ព្រំដែន​ ខេត្ត​ស្វាយ​រៀង។

បន្ទាប់ពីជនបរទេសរាប់រយនាក់អំពាវនាវរកជំនួយពីទីតាំងនានា​ទូទាំងប្រទេស ដែល​ជន​រងគ្រោះបានរាយការណ៍ថា ពួកគេត្រូវបានបង្ខាំងនិងបង្ខំឱ្យប្រព្រឹត្តអំពើឆបោកតាមអ៊ីនធឺណិត​នោះ នគរបាល​​បា​ន​បើក​ប្រ​តិបត្តិការឆ្មក់​ចូល​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក ដោយ​បាន​សង្រ្គោះ​កម្មករ​រាប់​ពាន់​នាក់​ នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។

ខណៈនគរបាលឆ្មក់ចូលទីតាំងនានានៅក្នុងប្រទេស គេឃើញមានពលករបរទេសជាច្រើននាក់​នាំគ្នាសម្រុក​ចាក​ចេញតាម​រថយន្តក្រុងពីកាស៊ីណូក្រុងបាវិត។

ប្រធាន​មន្ទីរការងារខេត្តស្វាយរៀង លោក អ៊ូ សុខឿន បាន​ឱ្យដឹង​កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​បាន​ចាប់​ផ្ដើម​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​កាស៊ីណូម៉ុក​បាយ ដែល​ជា​តំបន់ដ៏ធំមួយ​ដែល​មាន​អគារប្រហែល៣០នៅ​ខាង​ក្រោយ​កាស៊ីណូ។

លោក អ៊ូ សុខឿន បាននិយាយថា៖ «យើង​​មិ​ន​ទាន់​បញ្ចប់​ការងារនេះនៅ​ឡើយ​ទេ។ យើងនឹងបន្តធ្វើ​មួយ​ថ្ងៃ​ទៀត។ យើង​​កំពុង​​តែ​ពិនិត្យ​មើល​ថា​តើ​ក្រុមហ៊ុន​នីមួយៗ​មាន​ជនបរទេស​ប៉ុន្មាន​នាក់ ហើយ​ថា​តើ​ពួក​គេ​មាន​លិខិតបញ្ជាក់ឬ​ទេ ហើយ​​​ប៉ុន្មាន​អ្នក​​មាន​បណ្ណ​ការងារ […] វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ»។

បើទោះជាលោក អ៊ូ សុខឿន និយាយថា ការត្រួតពិនិត្យមានលក្ខណៈធម្មតាក៏ដោយ ប៉ុន្តែនៅប៉ុន្មានថ្ងៃមុនការត្រួតពិនិត្យ ហ្វូងមនុស្សបានសម្រុកចាកចេញពីទីតាំងកាស៊ីណូ ដោយខ្លះគប់ដុំថ្មទៅលើរថយន្តក្រុងដែលកំពុងដឹកកម្មករចេញពីទីតាំងកាស៊ីណូ។

អធិការនគរបាលក្រុងបាវិត លោក ឯម សុវណ្ណារិទ្ធ មានប្រសាសន៍​ថា មនុស្សរាប់រយនាក់​នាំ​គ្នាចាក​ចេញ​ពីទី​តាំង​កាស៊ីណូ ដែលភាគច្រើនឆ្លងចូលប្រទេសវៀតណាម តាមវាលស្រែ និងហែល​ឆ្លង​ទន្លេ ដោយមិន​ឆ្លងតាមច្រកទ្វារ​ព្រំដែនឡើយ។

លោកថា៖ «យើងបានឃើញពួកគេ ពួក​គេ​បាន​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ ពួកគេ​មិន​ចូល​តាម​ច្រក​ព្រំដែន​ទេ ព្រោះ​ពួកគេ​នឹង​ត្រូវ​ផាកពិន័យ ​ដោយសារ​ពួកគេ​មិនមាន​លិខិតឆ្លងដែន ហើយ​អាច​រងការផាកពិន័យចំនួន ៦​លាន​​ដុង [​ប្រហែល ២៤០​ដុល្លារ​]។ ​ពួ​ក​គេ​​គ្មាន​​លុយ​ទេ​»​។

លោក​បាន​និយាយ​ថា ​លោក​មិន​​ដឹង​​ថា​​មាន​​មនុស្សប៉ុន្មានអ្នក​ដែល​នៅ​សល់​ទេ​ព្រោះ «យើង​មិន​បាន​រាប់​ទេ»។

លោកបន្តថា៖ «ក្រុម​ហ៊ុន​បាន​អនុញ្ញាត​ឱ្យពួកគេចាកចេញដោយ​​​សេរី»។ លោក​ថា អ្នក​ខ្លះនៅ​ទីនេះ [កាស៊ីណូម៉ុកបាយ] តាំងពីជំងឺកូវីដ-១៩ រាតត្បាត។

លោកបន្ថែមថា៖ «ឥលូវ​នេះ ​​កាស៊ីណូ​អនុញ្ញាត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ដែល​ចង់​ទៅ​ផ្ទះ​ ​អាចទៅបានដោយសេរី ហើយ​អ្នក​ដែលចង់ស្នាក់នៅ អាចស្នាក់នៅបាន​តាមចិត្តពួកគេ»។

អ្នកបើកបរម៉ូតូកង់បីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព បាននិយាយថា គាត់បានឃើញជនជាតិបរទេសជាច្រើននាក់នាំគ្នាសម្រុកចាកចេញពីកាស៊ីណូម៉ុកបាយ ទៅកាន់ព្រំដែន ពេញមួយសប្តាហ៍ ដោយខ្លះរត់ ខ្លះដើរ និងខ្លះទៀតជិះរថយន្ត។

លោកបានបន្ថែមថា នៅទីនេះ [កាស៊ីណូម៉ុកបាយ] ស្ងាត់ជាងមុន ហើយលោកបានប៉ាន់ប្រមាណថាមានកម្មកររាប់ពាន់នាក់​សម្រុក​ចាក​ចេញ​ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Bavet Compound Workers Flee Country Through River, Rice Fields

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ