មន្ត្រី​​អាជ្ញាធរ​ជាតិ​អប្សរា​ ប្រទះ​ឃើញ​បដិមា​រូប​ព្រះ​សិរមេ​​ទេវតា​​ព្រះ​ភ័ក្រ្ត​​៤ នៅ​ក្បែរ​ខ្លោង​ទ្វារ​តាកាវ​

រូបចម្លាក់ព្រះសិរមេទេវតាត្រូវបានក្រុមការងារជួសជុលខ្លោងទ្វារតាកាវប្រទះឃើញកប់ក្នុងដីនៅក្បែរខឿនជ្រុងឦសាននៃខ្លោងទ្វារតាកាវ កាលពីថ្មីៗនេះ។ (អាជ្ញាធរជាតិអប្សរា Apsara National Authority)

ក្រុមការងារ​អាជ្ញាធរជាតិអប្សរា បាន​ប្រទះឃើញ​​​រូបចម្លាក់ព្រះសិរមេទេវតាព្រះភ័ក្រ្ត​​៤ កប់​ក្នុងដីនៅក្បែរខឿន​ជ្រុងឦសាន​នៃខ្លោងទ្វារតាកាវ ស្ថិត​នៅទិសខាងលិចនៃប្រាសាទបាយ័ន ខេត្តសៀមរាប។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅក្នុងទំព័រហ្វេស​ប៊ុករបស់ខ្លួននៅថ្ងៃចន្ទម្សិលមិញថា រូបព្រះសិរមេទេវតាព្រះភ័ក្រ្ត៤ ដែលបានរកឃើញ គឺមានព្រះភ័ក្រ្ត២ បានបាក់​ត្រឹមពាក់កណ្ដាលច្រមុះចុះក្រោម។ ចំពោះចម្លាក់ព្រះសិរទេវតាដែលបានរកឃើញនេះ ក្រុមការងារ​បានយកទៅធ្វើការផ្គុំសាកល្បងជាមួយនឹងចម្លាក់ស្មាទេវតា ដើម្បីផ្ទៀងផ្ទាត់ ហើយ​​ជាលទ្ធផលចម្លាក់ព្រះភ័ក្រ្តនោះ​ពិតជាត្រូវគ្នាជាមួយនឹងតួខ្លួនមេទេវតាប្រាកដមែន។

អាជ្ញាធរជាតិអប្សរាបន្តថា បន្ទាប់ពីផ្គុំរួចរាល់ហើយ ក្រុមការងារបានសហការជាមួយនឹងនគរបាលការពារបេតិក​ភណ្ឌក្នុងតំបន់អង្គរ ដើម្បីយកចម្លាក់ព្រះភ័ក្រ្តនោះទៅ​រក្សាទុកនៅទីតាំងការដ្ឋានខ្លោង​ទ្វារ​តាកាវ ដើម្បីធ្វើការជួសជុលឡើងវិញ។

អ្នកនាំពាក្យ​អាជ្ញាធរជាតិអប្សរា លោក ឡុង កុសល​ មាន​ប្រសាសន៍ថា ទីក្រុង​អង្គរ​ធំ​ បានសាងសង់ឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧ ក្នុង​​សតវត្សរ៍ទី១២ ដែលករណីនេះ ក្រុម​ការងារ​​អាចសន្និដ្ឋានបាន​​ថា រូបចម្លាក់​ព្រះសិរមេទេវតា​ព្រះភ័ក្ត្រ​​៤នេះកសាង​ឡើង​​​ក្នុង​សតវត្សរ៍ទី១២ ព្រោះរូបចម្លាក់នេះជា​ផ្នែកមួយរបស់ទីក្រុងអង្គរធំ។

លោក​បន្តថា​៖ «សម្រាប់ការងាររុករករូបចម្លាក់​បន្ថែម គឺកំពុងដំណើរការតទៅមុខទៀត។ យើងរំពឹងថា នឹងអាចរក​ឃើញបន្តថែមទៀត។ ឥលូវនេះ គឺយើងរក្សាទុកនៅកន្លែងការដ្ឋានជួសជុល និងមានគ្រប់គ្រងយ៉ាងជាក់លាក់​ពីនគរបាលការពារបេតិកភណ្ឌ»។

លោកបានបន្ថែមថា៖ «កន្លងមក ខាងក្រុមការងារអប្សរាបានធ្វើការផ្សព្វផ្សាយ ដូចជាព្រះកេសរបស់ទេវតា ព្រះកេសរបស់យក្ស បដិមា ដែលយើងគិតថាបាត់បង់ពីមុនមក។ ដោយពីសម័យសង្គ្រាមស៊ីវិល មានការជួញដូររូបចម្លាក់ ដោយមិននឹកស្មានថាអាចរកឃើញនោះទេ ព្រោះដោយសារតែភាគច្រើនគឺបាត់បង់ទៅហើយ។ តែតាមការរកឃើញជាបន្តបន្ទាប់មក យើងក៏មានមោទក​ភាពដែរ ដែលអាចរកឃើញឡើងវិញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ