អ្នកជំនាញសាទរលើចំណាត់ការរុះរើសំណង់ខុសច្បាប់ពីតំបន់អង្គរ ខណៈគ្រួសាររាប់ពាន់ត្រូវបានបណ្ដេញចេញ

សកម្មភាពរុះរើផ្ទះ និងហាងលក់ដូរនៅក្នុងតំបន់អង្គរ ក្នុងខែកញ្ញា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

របាយការណ៍មួយចេញដោយអ្នកជំនាញនៃស្ថាប័នអន្តរជាតិ ដែលត្រួតពិនិត្យតំបន់រមណីយដ្ឋាន​អង្គរ បានលើកឡើងសាជាថ្មីនូវការសាទរដែលធ្វើឡើងកាលពីពេលកន្លងទៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរុះរើសំណង់ខុសច្បាប់នៅក្នុងតំបន់បេតិកភណ្ឌ ស្របពេលដែលមានការបណ្ដេញចេញពលរដ្ឋប្រមាណជា ១ម៉ឺនគ្រួសារ ពីតំបន់រមណីយដ្ឋានក្នុងខេត្តសៀមរាបមួយនេះ។

ដោយមិនមានការលើកឡើងពីបញ្ហាណាមួយទាក់ទងនឹងការបណ្តេញចេញនាពេលបច្ចុប្បន្ននេះ របាយការណ៍ខាងលើបានឱ្យដឹងថា កម្ពុជាគួរតែបន្តសកម្មភាពរបស់ខ្លួនក្នុងការរុះរើសំណង់ខុសច្បាប់នៅជុំវិញតំបន់រមណីយដ្ឋានអង្គរ។

របាយការណ៍ចំនួន២១ទំព័រ ដែលទទួលបានដោយវីអូឌីនេះ ត្រូវបានផលិតដោយអ្នកជំនាញនានា ក្រោមគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា អាយស៊ីស៊ីអង្គរ (ICC Angkor) ហើយត្រូវបានបង្ហាញក្នុងកិច្ចប្រជុំផ្ទៃក្នុង កាលពីខែធ្នូកន្លងទៅផងដែរ។

អាយស៊ីស៊ីអង្គរ ដែលមានតួនាទីគ្រប់គ្រង ការការពារ និងការអភិវឌ្ឍនៃប្រាសាទអង្គរវត្ត គឺមានការរៀបចំកិច្ចប្រជុំទៀងទាត់រវាងអង្គការដៃគូរបស់ខ្លួននៃអង្គការយូណេស្កូ រដ្ឋាភិបាលកម្ពុជា ជប៉ុន និងបារាំង។

អាយស៊ីស៊ីអង្គរ ត្រូវបានសហការផ្តល់ហិរញ្ញប្បទានដោយប្រទេសបារាំង និងជប៉ុន ខណៈអ្នកជំនាញរបស់ខ្លួន គឺទទួលបានតែការចំណាយលើជើងហោះហើរ និងកន្លែងស្នាក់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ដោយមិនមានប្រាក់បៀវត្សសម្រាប់ការងាររបស់ពួកគេនោះទេ។

បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រការបណ្ដេញចេញទ្រង់ទ្រាយធំ នៅជុំវិញតំបន់បេតិកភណ្ឌពិភពលោកមួយនេះ ដែលចាប់ផ្តើមអនុវត្តចាប់ពីខែសីហាមក អ្នកនាំពាក្យមួយរូបរបស់អង្គការយូណេស្កូ ក៏បានលើកឡើងថា អ្នកជំនាញនានារបស់អាយស៊ីស៊ីអង្គរ នឹងចុះទៅកាន់ទីតាំងដែលមានការរុះរើនេះ ដើម្បីធ្វើការវាយតម្លៃឯករាជ្យនៅពាក់កណ្តាលខែធ្នូផងដែរ។

ទោះជាយ៉ាងណា របាយការណ៍មួយនេះ គឺស្ទើរតែគ្មានការពិភាក្សាអំពីការបណ្តេញចេញ ឬទីតាំងផ្លាស់ប្តូរថ្មីដែលមាន​ចម្ងាយប្រមាណជា​ ​២០​គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្តឡើយ ដែលពលរដ្ឋអះអាងថា កំពុងតែជួបប្រទះបញ្ហាប្រឈមដោយភាពអត់ការងារធ្វើ និងកង្វះសម្ភារបរិក្ខារមូលដ្ឋាន។

ជាមួយគ្នានេះ របាយការណ៍ក៏មិន​មាន​ការ​លើក​ឡើង​អំពី​ការ​ផ្លាស់​ប្តូរ​ទី​លំនៅ​របស់​ប្រជាពលរដ្ឋ របៀប​ដែល​ដំណើរ​ការ​ត្រូវ​បាន​​អនុវត្ត ចំនួន​គ្រួសារ​ដែល​ពាក់ព័ន្ធ ឬ​ប៉ះពាល់​ដល់​ពួក​គាត់​យ៉ាង​ណា​នោះ​ទេ។

ផ្ទុយទៅវិញ ក្រុមអ្នកជំនាញបែរជាណែនាំសាជាថ្មីដល់អាជ្ញាធរជាតិអប្សរា ឱ្យបន្តអនុវត្តវិធានការសមស្របទាំងឡាយ ដើម្បីដោះស្រាយសំណង់ខុសច្បាប់ទាំងនោះ ដោយផ្តោតលើការរក្សាអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក។

របាយការណ៍​ដែលមិនមានការដាក់ឈ្មោះនិង​ចុះ​ហត្ថលេខាដដែលនេះ បន្តថា ការរីកចម្រើននៃរចនាសម្ពន្ធខុសច្បាប់បង្កឱ្យមានជាបញ្ហាជាមួយនឹងការថែរក្សាតម្លៃសកលដ៏អស្ចារ្យនៃតំបន់មួយនេះ។

ដោយមិនមានការលើកឡើងពីតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ក្នុងខេត្តសៀមរាប ដែលពលរដ្ឋត្រូវរុះរើ​ទៅរស់នៅ អ្នកជំនាញនៅក្នុងរបាយការណ៍បានណែនាំឱ្យមានការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃការតាំងទីលំនៅថ្មីដែលបានបង្កើតឡើង ដោយធានាឱ្យបាននូវលក្ខខណ្ឌសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍរបស់ពួកគេ។

របាយការណ៍នេះក៏បានរំលឹកឡើងវិញនូវអនុសាសន៍ដែលខ្លួនបានធ្វើក្នុងខែធ្នូ ឆ្នាំ២០១៧ ក្នុងការសាទរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានអនុវត្តកម្មវិធីរុះរើសំណង់ខុសច្បាប់ថ្មីៗ ខណៈខ្លួនក៏បានណែនាំឱ្យមានការពិចារណាលើការអនុវត្តកម្មវិធីរុះរើមួយផ្សេងទៀត សម្រាប់សំណង់បុរាណខុសច្បាប់បន្ថែមទៀតដែលមានទីតាំងស្ថិតនៅក្នុងតំបន់រសើបផងដែរ។

ក្នុងអំឡុង​ខែ​សីហា ​ឆ្នាំដដែល​នោះ សំណង់​យ៉ាង​ហោច​ណាស់ចំនួន ៥០០ ត្រូវ​បាន​គេ​វាយ​កម្ទេច​ចោល។ នេះបើតាមការរាយការណ៍ដោយកាសែត ខេមបូឌា ដេលី។

នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) បានថ្លែងឱ្យដឹងបន្ទាប់ពីពិនិត្យមើលផ្នែកមួយចំនួននៃរបាយការណ៍នេះថា៖ «អ្នកជំនាញផ្នែកបុរាណវិទ្យា គឺមិនគួរត្រូវបានចាត់ទុកថាជាអ្នកមានចំណេះដឹងអំពីបញ្ហាដែលពាក់ព័ន្ធនឹងការផ្លាស់ទីលំនៅដោយបង្ខំក្នុងសហគមន៍ឡើយ»

លោក​​ថា​៖ «​ប្រសិនបើអង្គការយូណេស្កូ យកចិត្តទុកដាក់លើការធានាឱ្យបានថាសិទ្ធិត្រូវបានគោរពនោះ ពួកគេត្រូវធ្វើការស៊ើបអង្កេតដាច់ដោយឡែកមួយ និងរាយការណ៍អំពីការផ្លាស់ទីលំនៅដោយបង្ខំទាំងនេះ ហើយត្រូវធានាឱ្យបានថា វាត្រូវបានធ្វើឡើងដោយតម្លាភាព និងការចូលរួមដែលផ្តល់តម្លៃដល់អ្នកដែលត្រូវបានផ្លាស់ទីលំនៅពីសហគមន៍ដែលពួកគេរស់នៅជាច្រើនឆ្នាំ»។

ភាពតានតឹងក្នុងការថ្លឹងថ្លែងរវាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលពឹងផ្អែកលើមុខរបរលក់អាហារ ឬវត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវទេសចរ និងការអភិរក្សប្រាសាទបុរាណរបស់ឧទ្យាននេះបានកើតមានឡើងអស់រយៈពេលប្រមាណជា៣០ឆ្នាំមកហើយ ខណៈប្រាសាទអង្គរវត្តត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្រឡេកទៅកាន់ឆ្នាំ២០០៨ កន្លងទៅ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក៏ធ្លាប់បានព្រមានទាក់ទងនឹងការអភិវឌ្ឍដែលមិនអាចគ្រប់គ្រងបាននៅក្នុងឧទ្យាននេះផងដែរ ដោយក្រោយមក ខ្លួនក៏បានថ្លែងកោតសរសើរប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០១៤ ចំពោះវឌ្ឍនភាពក្នុងការគ្រប់គ្រងរចនាសម្ពន្ធខុសច្បាប់។

យោងតាមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានឱ្យដឹងកាលពីខែសីហាថា ក្រសួងបានស្រង់ទិន្នន័យសំណង់ខុសច្បាប់ថ្មីជិត៨ ៥០០ ក្នុងចន្លោះឆ្នាំ២០១៩ ដល់ពាក់កណ្តាលឆ្នាំ២០២២ ដោយលោកបន្ថែមថា មានពលរដ្ឋជិត ១ម៉ឺន​គ្រួសារ​ បាន​ទទួល​យក​ការ​ផ្លាស់​ប្តូរ​ទីលំនៅទៅកាន់ទីតាំងថ្មី។

លោក សេង តុលា អាយុ៣៣ឆ្នាំ ជាអ្នករស់នៅក្នុងតំបន់អង្គរមួយរូប បានលើកឡើងថា ប្រជាពលរដ្ឋបានរស់នៅ និងប្រកបកិច្ចការងារនៅជិតប្រាសាទអង្គរវត្ត អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដោយខ្លួនអះអាងថា ទីតាំងនេះធ្លាប់ជាចំណុចកណ្តាលនៃអាណាចក្រខ្មែរកាលពីអតីតកាល។

លោកបន្តថា រូបលោកប្រកបរបរជួលសម្លៀកបំពាក់ប្រពៃណីខ្មែរដល់ភ្ញៀវទេសចរសម្រាប់ពាក់ថតរូប ដែលជាផ្នែកមួយនៃការជួយផ្សព្វផ្សាយវប្បធម៌របស់កម្ពុជាទៅកាន់ពិភពលោក។

គួរបញ្ជាក់ថា គ្រួសារទាំងឡាយរស់នៅក្នុងតំបន់រមណីយដ្ឋាន​អង្គរ បានបន្តលើកឡើងម្តងហើយម្តងទៀតថា ពួកគេត្រូវបានគេបង្ខំឱ្យចាកចេញក្រោមការគំរាមកំហែង ដោយក្នុងនោះ ការតវ៉ាមួយចំនួនក៏បានផ្ទុះឡើងនៅក្នុងឃុំមួយ បន្ទាប់ពីពលរដ្ឋទទួលបានដំណឹងថាពួកគេអាចនឹងត្រូវរុះរើបន្ទាប់។

លោក ហ៊ុន សែន ធ្លាប់បានលើកឡើថា ​ការ​បណ្តេញ​ចេញនេះត្រូវបានធ្វើឡើងតាមរយៈការស្នើសុំដោយ​អង្គការ​យូណេស្កូ ដោយ​ពួកគេ​ចាំបាច់​​ត្រូវការពារ​​​តំបន់​បេតិកភណ្ឌ​ពិភពលោក។

ទោះជាយ៉ាងណា ខាងអង្គការយូណេស្កូ ធ្លាប់បានអះអាងថា អាជ្ញាធរជាតិអប្សរា គឺជាអ្នកទទួលខុសត្រូវលើឧទ្យាននេះ ដោយខ្លួនមិនបានអំពាវនាវឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជននោះទេ ហើយឧទ្យាន​នេះទៀតសោតក៏​មិន​ត្រូវ​បាន​​ចុះ​បញ្ជី​ថាស្ថិត​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​ដកហូត​ពីបេតិកភណ្ឌ​ពិភពលោក​របស់​ខ្លួន​ចាប់តាំង​ពី​ឆ្នាំ២០០៤ ផងដែរ។

អង្គការយូណេស្កូ បានធ្វើការឆ្លើយតបកាលពីល្ងាចថ្ងៃពុធ ដើម្បីបញ្ជាក់ថា ការសាទររបស់ខ្លួន គឺធ្វើឡើងក្នុងឆ្នាំ២០១៧ មិនមែនឆ្នាំ២០២២នោះទេ ហើយអ្នកជំនាញក៏បានចុះទៅពិនិត្យមើលទីតាំងដែលត្រូវបានផ្លាស់ប្តូរថ្មីក្នុងតំបន់រុនតាឯក និងតំបន់ពាក់ស្នែង កាលពីខែធ្នូផងដែរ។ នេះបើតាមការឱ្យដឹងពីប្រធានផ្នែក​ទំនាក់ទំនង​របស់អង្គការយូណេស្កូ លោក Matthieu Guevel

ជាមួយគ្នានេះ លោកបន្តថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នឹងពិភាក្សាអំពីរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជាស្តីពីការអភិរក្សតំបន់អង្គរ នៅក្នុងសម័យប្រជុំបន្ទាប់របស់ខ្លួនដែលគ្រោងនឹងធ្វើឡើងក្នុងខែកញ្ញាខាងមុខ ដោយខ្លួនក៏អាចផ្តល់ជាអនុសាសន៍ដល់អាជ្ញាធរកម្ពុជាផងដែរ។

លោក Matthieu Guevel បន្ថែមថា ឯកសារនេះក៏ត្រូវបានដាក់ចេញជាផ្លូវការនៅព្រឹកថ្ងៃពុធផងដែរ។

សម្រាប់ផ្នែកផ្សេងទៀតនៃរបាយការណ៍នេះ ក្នុងនោះ គេក៏សង្កេតឃើមានការណែនាំលម្អិតសម្រាប់ការថែរក្សារចនាសម្ពន្ធឧទ្យាន ក៏ដូចជារបៀបបង្ហូរទឹកភ្លៀងឱ្យបានគ្រប់គ្រាន់ពីប្រាង្គប្រាសាទអង្គរវត្តផងដែរ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Angkor Committee Experts Reiterate Congratulations amid Eviction of Thousands

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ