សមត្ថកិច្ច​ចាប់​ខ្លួន​អតីត​សកម្មជន​បក្ស​ប្រឆាំង​២​នាក់​ទៀត​ ករណី​ញុះញង់​និង​ក្លែង​បន្លំ​ឯកសារ

អតីតសកម្មជនគណបក្សប្រឆាំង លោក ទុំ ប៊ុនថន ក្រោយសមត្ថកិច្ចចាប់ខ្លួននាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

សមត្ថកិច្ចបានឃាត់ខ្លួនអតីតសកម្មជនគណបក្សសង្រ្គោះជាតិ២នាក់បន្ថែមទៀត កាលពីម្សិលមិញ ដោយពួកគេទាំងពីរនាក់នោះត្រូវបាននគរបាលបញ្ជូនទៅឃុំខ្លួនហើយដែរ ក្រោមបទចោទប្រកាន់ «ញុះញង់បង្កភាពវឹកវរ​ដល់សន្តិសុខសង្គម និងក្លែងបន្លំលិខិតឯកសារសាធារណៈ»

សមត្ថកិច្ចបានឃាត់ខ្លួនអតីតសកម្មជនគណបក្សប្រឆាំង លោក ទុំ ប៊ុនថន នៅរាជធានីភ្នំពេញ និងអតីតមេឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក ឡាក់ គៀន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាន​នគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ការចាប់ខ្លួនអតីតសកម្មជនបក្សប្រឆាំង​កាលពីថ្ងៃទី២៩ ខែកញ្ញានេះ ធ្វើឡើងតាមដីការបស់តុលាការទាំងអស់ ដោយម្នាក់​ឈ្មោះ ទុំ ប៊ុនថន ត្រូវបានតុលាការចោទពីបទ «ញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម» និងម្នាក់ទៀតឈ្មោះ​ ឡាក់ គៀន ត្រូវបានចោទប្រកាន់ពីបទ «ក្លែងបន្លំលិខិតសាធារណៈ»។

​លោក ឆាយ គឹមខឿន៖ «ឃាត់តាមដីការបស់តុលាការទាំងអស់ អាហ្នឹងគេឃាត់ហើយ [បញ្ជូនឃុំឬអត់?] ចង់ដឹងទៅសួរអ្នកឃាត់ បងគ្រាន់តែដឹងប៉ុណ្ណឹងទេ! ឃាត់ហើយ គ្មានលែងវិញទេ មានដីកាតុលាការហើយ ឃាត់ហើយ ដាក់គុកហើយ»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាឌី សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះទេ ដោយបង្វែរសំណួរឱ្យទៅសួរអ្នកនាំពាក្យអយ្យការវិញ ប៉ុន្តែ វីអូឌី នៅមិនអាច​រកការឆ្លើយតបពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះបានទេ នៅថ្ងៃទី៣០ ខែកញ្ញានេះ។

ភរិយាលោក ឡាក់ គៀន គឺអ្នកស្រី អន ចន្ធូ បានប្រាប់ វីអូឌី ថាសមត្ថកិច្ចបានទៅចាប់ខ្លួនស្វាមីរបស់គាត់នៅម៉ោង៤ល្ងាច កាលពីថ្ងៃទី២៩ ខែកញ្ញា ដោយមិនបានបង្ហាញដីការបស់តុលាការឡើយ ហើយបច្ចុប្បន្ន ស្វាមីរបស់គាត់ត្រូវបានសមត្ថកិច្ចបញ្ជូនមកភ្នំពេញ។

អ្នកស្រីថា៖ «គេ​ឱ្យខ្ញុំធ្វើម៉េចឱ្យប្ដីចេញមក ​បើមិនអ៊ីចឹងទេ គេចាប់ខ្ញុំ ហើយគេនឹងកម្ទេចផ្ទះខ្ញុំ​ចោល។ ហើយខ្ញុំក៏ទៅហៅគាត់មក ព្រោះគេប្រាប់ខ្ញុំថា គេគ្រាន់តែសួរទេ។ ​​ដល់ពេលគាត់ចេញមក គេអត់មានសួរអីទេ គេ​វាយខ្នោះគាត់ដាក់ឡានតែម្ដង។ ខ្ញុំសួររកដីកា ​ហើយគេថាដីកាគេឱ្យប៉ូលិសប៉ុស្តិ៍បង្ហាញ ​ដល់ពេលខ្ញុំទៅរកប៉ូលិសប៉ុស្តិ៍ អត់មាន»។

អ្នកស្រីបន្តថា ក្រោយពីចាប់ខ្លួនរួច សមត្ថកិច្ចទើបបង្ហាញដីកា បន្ទាប់ពីបងរបស់គាត់យកសម្លៀកបំពាក់ទៅឱ្យគ្រួសាររបស់គាត់នៅអធិការស្រុក។ អ្នកស្រីបន្តថា ដីកាដែលសមត្ថកិច្ចបង្ហាញនោះ ជាដីកាឱ្យគ្រួសារគាត់ចូលបំភ្លឺនៅតុលាការឱ្យបានមុនថ្ងៃទី២៩ ខែកញ្ញានេះ ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសាររឿងដីធ្លី។

នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ​ លោក អំ សំអាត សង្កេតឃើញថា ការចាប់ខ្លួនអតីតសកម្មជនបក្សប្រឆាំង ធ្វើឡើងបន្ទាប់ពីការឆ្លងឆ្លើយពាក្យសម្ដីរវាងមេដឹកនាំនយោបាយនាពេលថ្មីៗនេះ។

លោកបន្តថា អ្នកនយោបាយគួរតែងាកមកជជែកគ្នាស្វែងរកដំណោះស្រាយ ដោយកម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីរួមគ្នាអភិវឌ្ឍ​ប្រទេសជាតិ ហើយធ្វើការប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌វិញទើបប្រសើរជាង។

លោកថា៖ «អ្វីសំខាន់ទៀត កម្ពុជាយើងគួរតែ​​​ពិនិត្យដែរ ក្នុងការ​​រិះគន់លទ្ធិប្រជាធិបតេយ្យ​និងគោរពសិទ្ធិមនុស្សកន្លងមក [ថា]តើកម្ពុជាយើងមានចំណុចខ្វះចន្លោះអី​! ខ្វះអី! បើសិនជាយើងនាំគ្នាកែលម្អនិងបំពេញបន្ថែម​ អាហ្នឹងវាជាផលប្រយោជន៍រួមរបស់ប្រទេសកម្ពុជា។ បើមិនអ៊ីចឹង ​ការរិះគន់ទាក់ទងនឹងបញ្ហា​សិទ្ធិមនុស្ស​នៅតែមានបន្ត។ ហើយយើងឃើញហើយ បទពិសោធន៍កន្លងមក ការដាក់ទណ្ឌកម្ម​លើទៅបុគ្គលមួយចំនួននៅកម្ពុជាដែល​គេថាមានការបំពាន​សិទ្ធិមនុស្ស​​ជាដើមអីហ្នឹង អាហ្នឹងវាមិនមែនជាផលចំណេញសម្រាប់កម្ពុជាទេ»។

គិតចាប់ពីខែមករា ដើមឆ្នាំ២០២០មក អតីតសកម្មជនគណបក្សសង្រ្គោះជាតិ រួមទាំងសកម្មជនការពារបរិស្ថានផង ​ចំនួនជាង៤០នាក់ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន។ ពួកគេត្រូវរងការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ជាតិ» និង «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាដើម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ