សុទ្ធ ពៅសំណាង៖ ពួកយើងចង់បានសិទ្ធិរបស់យើងត្រលប់មកវិញ

សុទ្ធ ពៅសំណាង សមាជិកនៅក្នុងក្រុមអ្នកស្រឡាញ់ភេទដូចគ្នាមួយដែលមានឈ្មោះថា «ក្តីស្រឡាញ់គឺចម្រុះ»។ (ផ្ដល់ឱ្យ)

«អ្វីដែលយើងធ្វើ យើងចង់ឱ្យមហាជនគ្រប់គ្នា ឬក៏បងប្អូនអ្នកស្រឡាញ់ភេទផ្ទុយគ្នាហ្នឹង ឬក៏រដ្ឋាភិ​បាល មើលឃើញ​ថា ពួកយើង​ចង់​បាន​សិទ្ធិ​របស់​យើង​ត្រលប់​មក​វិញ។ សិទ្ធិក្នុងការ​រស់រាន សិទ្ធិ​ក្នុង​ការ​ធ្វើការ​ងារ​ដោយ​គ្មាន​ការ​រើស​អើង សិទ្ធិក្នុងការស្រឡាញ់នរណាដែល​យើងស្រឡាញ់ ដោយអត់មាននរណាគេមករិះគន់»

នេះ​ជាការរៀបរាប់របស់សកម្មជនការពារសិទ្ធិអ្នក​ស្រឡាញ់ភេ​ទដូចគ្នា​វ័យ​ក្មេង​ម្នាក់​ ដែល​បានចូល​រួម​ការងារ​ស្ម័គ្រ​ចិត្តយ៉ាង​សកម្មនៅក្នុងសង្គមប្រមាណ៦ឆ្នាំមកហើយ ដើម្បីជំរុញឱ្យមានការទទួលស្គាល់យ៉ាងពេញលេញចំពោះអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។

មានស្រុកកំណើតនៅ​ភូមិក្រាំង​តាសែន ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ សុទ្ធ ពៅសំណាង មានវ័យ២៤ឆ្នាំ គឺជាកូនច្ប​ងក្នុងគ្រួសារ ក្នុងចំណោមបងប្អូន៣នាក់។ បើទោះបីជាមានរូបរាងជាក្មេងប្រុសក៏ដោយ ប៉ុន្តែ សំណាង បានប្រាប់ថា កាលពីនៅ​កុមារភាព រូបគេមាន​ចរិកតទន់​ភ្លន់ ចូល​ចិត្ត​លេង​តុក្កតា និងចូលចិត្តស្លៀកពាក់តុបតែង​របៀប​ជា​មនុស្ស​ស្រី ប៉ុន្តែជាសំណាង​មួយ​ដែរ​សម្រាប់រូបគេ ដោយសារតែមិនមានការរើសអើងពីក្រុមគ្រួសារនោះទេ ផ្ទុយទៅ​វិញ គឺទទួលបានការគាំទ្រនិងលើកទឹកចិត្តពីពួកគាត់​ទៅវិញ។

សំណាង ប្រាប់ថា៖ «ខ្ញុំចាំបានថា ម៉ែខ្ញុំគាត់ធ្លាប់និយាយថា គាត់មិននិយាយត្រង់ទេ តែ​ក្នុងន័យហ្នឹង គាត់និយាយថា ពលរដ្ឋល្អអត់​កំណត់លើ​ភេទឬក៏យេនឌ័រយើងទេ! ពលរដ្ឋល្អកំណត់ដោយសារទង្វើ ការទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់ពួកយើង»។

សំណាង បានចាប់ផ្តើមបង្ហាញអត្តសញ្ញាណរបស់ខ្លួន​ជាសធារណៈនៅពេលដែលរូបគេបានទទួលអាហារូបករណ៍តាមរយៈអង្គការមួយ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រ​សិល្បៈ ដោយចាប់យក​ជំនាញ​បុរាណ​វិទ្យា បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០១៥។

ក្នុងពេលនោះ និសិ្សតដែលបានទទួលអាហារូបករណ៍រូប​នេះ តម្រូវឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលមួយ​​​មាន​ឈ្មោះ​ថា​ «គុណតម្លៃ» ដែលក្នុងនោះមានមេរៀនមួយនិយាយអំពី​ការស្គាល់​ខ្លួនឯង ដែល​ធ្វើឱ្យ សំណាង បានចាប់ផ្តើមយល់ពីនិស្ស័យ​របស់​ខ្លួន និងហ៊ានបង្ហាញភាពជា​របស់ខ្លួន​ឯង​​ដោយបើកចំហ ព្រមទាំងព្យាយាមរកឱកាសដើម្បីធ្វើសកម្មភាពនានាក្នុងការលើកស្ទួយ​សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គម។

ទោះបីជាមានការគាំទ្រពីក្រុមគ្រួសារក៏ដោយ ប៉ុន្តែការហ៊ានបង្ហាញអត្តសញ្ញាណខ្លួនឯង និងចូល​រួម​ធ្វើស​កម្មភាព​ការ​ងារ​យ៉ាង​សកម្ម​បែប​នេះ ធ្វើឱ្យ សំណាង ត្រូវទទួលបានការរើសអើងតាម​រយៈពាក្យសម្ដីពីមហាជនមួយចំនួនទៅវិញ។ ក្នុងនោះ រូបគេក៏បានបាត់បង់ទំនាក់​ទំនង​ជាមួយ​មិត្តភក្តិមួយ​ចំនួន​ផង​ដែរ ដោយសារអ្នកទាំងនោះមិនបានគាំទ្រនូវសកម្មភាពរបស់សំណាង​ឡើយ។

សំណាង រៀបរាប់ថា៖ «ខ្ញុំធ្លាប់ទទួលបានការគំរាមកំហែង តែមិនគំរាមកំហែងសម្លាប់ជីវិតទេ។ ពេលដែលយើង live [ផ្សាយតាមបណ្ដាញសង្គម] អ្នកខ្លះក៏ប្រើពាក្យអសុរោះនៅក្នុង live។ ពេលដែលយើងផ្សព្វផ្សាយព័ត៌មាន អ្នកខ្លះប្រើ Comment អាក្រក់ៗអីអ៊ីចឹងមកកាន់យើង […]មួយទៀត ខ្ញុំមើលឃើញថា មិត្តភក្តិប្រុសៗរបស់ខ្ញុំគាត់ឃ្លាតឆ្ងាយដែរ»។

ស្ថិតនៅវ័យជំទង់ដែលត្រូវចំណាយ​ពេលសិក្សានិងរកចំណូលផង ហើយត្រូវចំណាយពេលវេលាមកធ្វើការស្ម័គ្រចិត្តក្នុងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានេះផង សកម្មជនអ្នកស្រឡាញ់​ភេទ​ដូច​គ្នារូប​នេះក៏ធ្លាប់បាក់ទឹកចិត្តដោយចង់ទម្លាក់ចោលការងារនេះផង​ដែរ។

ប៉ុន្តែ​ដោយសារតែយល់ឃើញថា ខ្លួនមាន​ឱកាស​ច្រើន​ជាង​អ្នក​ដទៃ ព្រោះ​មាន​ការ​គាំទ្រ​ពីគ្រួសារ និង​ទទួល​បាន​ការ​រៀន​សូត្រ​ច្រើន​ផង​នោះ ព្រមទាំងការលើកទឹកចិត្តពីសមាជិកក្រុមជាមួយ​គ្នាផង ទើបធ្វើឱ្យរូបគេបានបន្តកិច្ចការងារនេះ​រហូត​មក។

បច្ចុប្បន្ន សុទ្ធ ពៅសំណាង គឺ​ជា​សមាជិក​នៅក្នុង​ក្រុម​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា​មួយ​ដែល​មានឈ្មោះ​ថា «ក្តីស្រឡាញ់គឺចម្រុះ​» ដែលជាក្រុមប្រមូល​ផ្តុំ​ដោយ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយបាន​ធ្វើកា​រងារ​ដោយ​ស្ម័គ្រចិត្ត ក្នុងគោលដៅបញ្ជ្រាបការយល់ដឹងពី​សិទ្ធិ​សេរីភាព​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​ ដោយបានបង្កើតជាយុទ្ធនាការនានានិងកម្មវិធីជាច្រើននាពេលកន្លង​មក។

សុទ្ធ ពៅសំណាង សមាជិកនៅក្នុងក្រុមអ្នកស្រឡាញ់ភេទដូចគ្នាមួយដែលមានឈ្មោះថា «ក្តីស្រឡាញ់គឺចម្រុះ» ក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ។
សុទ្ធ ពៅសំណាង សមាជិកនៅក្នុងក្រុមអ្នកស្រឡាញ់ភេទដូចគ្នាមួយដែលមានឈ្មោះថា «ក្តីស្រឡាញ់គឺចម្រុះ» ក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ។ (ផ្ដល់ឱ្យ)

កាលពីពេលថ្មីៗនេះ យុទ្ធនាការតាមបណ្ដាញសង្គមមួយដែលទើបតែបានបិទបញ្ចប់ទៅ ដែល​មា​នឈ្មោះថា «ខ្ញុំជាអ្នកស្រឡាញ់​ភេទដូចគ្នាហើយខ្ញុំ …» ត្រូវបានបង្កើតឡើងដោយក្រុម«ក្តីស្រឡាញ់គឺចម្រុះ»​ ក្នុងនោះក៏​មាន សុទ្ធ ពៅសំណាង ជាស្ថាបនិកបង្កើតកម្មវិធីនេះឡើងផងដែរ។

បើតាម សំណាង យុទ្ធនាការនេះមានគោលបំណងសំខាន់ចំនួន២ គឺដើម្បីបញ្រ្ជាបសិទ្ធិអ្នកស្រឡាញ់​ភេទ​ដូចគ្នា​ទៅ​កាន់​សង្គម និ​ងចូលរួមការលុបបំបាត់ការរើសអើង និងរំលោភ​បំពានសិទ្ធិ​របស់​ពួកគេ​នៅ​កន្លែង​ការងារ​នៅតាមបណ្ដាស្ថាប័នមួយចំនួន។

អ្នកសម្របសម្រួលគម្រោងនិន្នាការ​ភេទនិងអត្តសញ្ញាណយេនឌ័រ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា លោក លឹម បូរិន បានសង្កេតឃើញថា ក្នុងរយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះ ការរើសអើងចំពោះក្រុមដែលស្រឡាញ់ភេ​ទដូច​គ្នានៅកម្ពុជា ត្រូវបានកាត់បន្ថយ​ខ្លះ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ជាទូទៅនៅឡើយ។

លោកថា​ ការចូលរួមផ្សព្វផ្សាយដោយបើកចំហ និងការបង្ហាញ​ខ្លួន​ជា​សាធារណៈ​របស់​ក្រុមអ្នក​ស្រឡាញ់ភេ​ទ​ដូចគ្នា បានធ្វើឱ្យផ្នត់គំនិត​នៃការ​រើស​អើង​របស់​ពលរដ្ឋកម្ពុជាចំពោះពួកគេត្រូវ​បាន​កាត់​បន្ថយ។

ប៉ុន្តែលោកថា ពួកគេកំពុងបាត់បង់សិទ្ធិក្នុងការទទួលបានឯកសារផ្លូវច្បាប់មួយចំនួន ដូចជា សៀវ​ភៅ​គ្រួសារ លិខិតបញ្ជាក់អត្តសញ្ញាណ និងសំបុត្រអាពាហ៍ពិពាហ៍ ជាដើម ដែលធ្វើឱ្យពួកគេមិនទាន់​បានអនុវត្ត​សិទ្ធិ​បាន​ពេញ​លេញ​ដូច​ពលរដ្ឋ​ទូទៅ​នោះ​ទេ ទោះបីជាអាជ្ញាធរបាន​អនុ​ញ្ញាត​ឱ្យក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​បាន​រៀបការ​តាម​ប្រពៃណីក៏​ដោយ ប៉ុន្តែច្បាប់​កម្ពុជាមិន​បាន​អនុញ្ញាតឱ្យមានការចុះសំបុត្រអាពាហ៍ពិពាហ៍នោះឡើយ។ ករណីនេះ អ្នក​សម្របសម្រួលគម្រោងនិន្នាការ​ភេទ និងអត្តសញ្ញាណយេនឌ័ររូបនេះ បាន​ជំរុញឱ្យរដ្ឋាភិបាល​គិត​គូរបង្កើត​ច្បាប់​គាំទ្រ​ដល់​សហគមន៍​អ្នកស្រឡាញ់ភេទ​ដូច​គ្នា និងបង្កើន​ការ​ផ្សាព្វ​ផ្សាយ​នូវ​សិទ្ធិរបស់​ពួកគេឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

លោកបន្តថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលគួរតែបង្កើននូវការផ្សព្វផ្សាយទាក់ទងទៅនឹងសិទ្ធិអ្នកស្រឡាញ់​ភេទ​ដូចគ្នា ជាពិសេសនៅស្ថាប័នរដ្ឋ ស្ថាប័នអប់រំ ដែលជាមូល​ដ្ឋាន​គ្រឹះ​ក្នុង​ការបញ្ជា្រប​នូវ​សិទ្ធិអ្នកស្រឡាញ់ភេទ​ដូចគ្នាទៅក្មេងៗ​ជំនាន់​ក្រោយ»

លោកបន្ថែមថា៖ «ការឈានទៅបង្កើតច្បាប់ [គឺ] អាចឱ្យគាត់អនុវត្ត​សិទ្ធិពួកគាត់បានពេញលេញ និងលិខិតបទដ្ឋានមួយចំនួនដែលអាចគាំទ្រឱ្យពួកគាត់អាចធ្វើអត្តសញ្ញាណបណ្ណ​ ឬ​លិខិត​​បទដ្ឋានមួយចំនួន ដូចជា សៀវភៅ​គ្រួសារ​អីអ៊ីចឹង គឺជា​ជំហាន​ទៅមុខដែល​អាចឱ្យគាត់អាច​អនុវត្តសិទ្ធិ ការបង្ហាញអត្តសញ្ញាណ និងការដើរហើររបស់គាត់ ដោយអាចប្រើប្រាស់លិខិត​សម្គាល់អត្តសញ្ញាណរបស់គាត់»

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន បានថ្លែងថា រដ្ឋាភិបាល​​បាន​យក​​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុមអ្នកស្រឡាញ់ភេទដូច​គ្នា ដោយមិនមាន​ការរើសអើងនោះឡើយ តាម​រយៈ​ការដាក់ចេញនូវគោលនយោបាយជាតិ​ប្រឆាំងការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូច​គ្នា​ជាបន្តបន្ទាប់ ដោយបានបង្កើតច្បាប់ដើម្បីដាក់ទោសចំពោះជនណាដែលរើសអើងចំពោះពួក​គេ ការ​បញ្ចូល​មេរៀន​ក្នុង​កម្មវិធី​សិក្សារ​បស់ក្រ​សួង​អប់រំ និង​បាន​​សហការ​ជាមួយអង្គ​ការ​ក្រៅរដ្ឋាភិបាល​នានា ដើម្បីធ្វើសកម្មភាពគាំទ្រដល់អ្នកស្រឡាញ់ភេទ​ដូចគ្នាផង​ដែរ។

លោកគូសបញ្ជាក់ថា៖ «ច្បាប់ស្តីពីការរើសអើង យើងមានក្រមព្រហ្មទណ្ឌហើយ។ ក្រមព្រហ្មទណ្ឌបាន​ចែង​ច្បាស់ណាស់ ផ្តន្ទាទោសចំពោះបុគ្គលដែលមានការរើសអើង ជាប់ពន្ធនាគារ​ពី១ខែទៅ​១ឆ្នាំ និង​ពិន័យ​ជាប្រាក់​រហូត​ដល់១លាន​រៀល»

លោកបន្ថែមថា៖ «ប្រសិនបើការរើសអើងនេះប្រព្រឹត្តដោយមន្ត្រីរាជការសាធារណៈ ការផ្តន្ទាទោសរហូតពី៦ខែទៅ១ឆ្នាំ ហើយពិន័យជាប្រាក់ច្រើនលានរៀលទៀត។ នេះជាក្របខណ្ឌនៃច្បាប់ប្រឆាំងការរើសអើង ដូច្នេះយើងមាន​អស់ហើយ»។

ទោះយ៉ាងណា លោកថា រដ្ឋាភិបាលត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសិក្សា​ទៅ​លើ​បរិបទ​សង្គម​​ក្នុង​ការ​ពិចារណា​អនុញ្ញាត​ឱ្យពួកគេអាចចុះសំបុត្រអាពាហ៍ពិពាហ៍ ​និងការទទួលស្គាល់ជាឯកសារ​ផ្លូវច្បាប់​ផ្សេងៗទៀត។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​រូបនេះ បានជំរុញឱ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាទាំងអស់បន្តធ្វើកិច្ចការដែលជាគំរូល្អក្នុងសង្គម ដោយចៀសវាងនូវសកម្មភាពទាំង​ឡាយ​ណាដែលនាំឱ្យមានការស្អប់ខ្ពើមពីមហាជន ដើម្បីឈានទៅដល់ការទទួលស្គាល់ពួកគេយ៉ាងពេញលេញដូចជាពលរដ្ឋទូទៅ។

លោកបញ្ជាក់ថា​៖ «ខ្ញុំយល់ថា មានតែបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នាទេដែលធ្វើជាគំរូសម្រាប់សង្គម សម្រាប់បុគ្គលផ្សេងៗ ព្រោះការទទួលស្គាល់អ្នកស្រឡាញ់ភេទដូចគ្នានេះ វាផ្តើមចេញពីបុគ្គលម្នាក់ៗដែលជាអ្នកស្រឡាញ់ភេទដូច​គ្នា ធ្វើសកម្មភាពឱ្យគេទទួលស្គាល់គាត់ ឱ្យគេឱ្យតម្លៃគាត់»។

លោកបន្ថែមថា៖ «ផ្ទុយទៅវិញ បើគាត់ធ្វើសកម្មភាពមិនត្រឹមត្រួវ ល្មើសច្បាប់ ឬប៉ះពាល់ដល់វប្បធម៌ប្រពៃណី នោះធ្វើឱ្យសង្គមគេស្អប់ខ្ពើម។ ដូច្នេះហើយការទទួលស្គាល់គាត់ គឺវាមិនអាចទៅរួចទេ។ វាផ្តើមចេញពីបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នាធ្វើជាគំរូ ហើយសង្គមយើងនឹងឱ្យតម្លៃលើគាត់ ពេលហ្នឹងឯង អ្វីៗវានឹងអាចទៅមុខហើយ»។

បើតាមលោក កត្តា អ៊ន រដ្ឋាភិបាលមិនទាន់អាចកំណត់ចំនួន​ជាក់​លាក់​នៃ​ក្រុម​អ្នក​ស្រឡាញ់ភេទ​ដូចគ្នា​នៅ​កម្ពុជា​បា​ន​នៅឡើយ​នោះ​ទេ ដោយ​ថា មានអ្នកខ្លះមិនបានបង្ហាញមុខជាសាធារណៈ។ ប៉ុន្តែលោកថា តាមរយៈរបាយការណ៍របស់អង្គការយុវជនកម្ពុជា ទទួល​បន្ទុក​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា ដែល​លោក​ទទួល​បាន ​រក​ឃើញ​ថា គិតត្រឹមឆ្នាំ២០២១នេះ អ្នកស្រឡាញ់​ភេទ​​ដូច​​គ្នាដែលបាន​រស់នៅជា​ប្តីប្រពន្ធ​ មានប្រហែល៨ ០០០គូរ ដែលស្មើ​​នឹង​ប្រមាណ២០ ០០០​នាក់។

ត្រលប់ទៅកាន់សកម្មជនការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាវ័យក្មេង សុទ្ធ ពៅសំណាង វិញដែល​ធ្លាប់ជួបឧបសគ្គក្នុងដំណើរបំពេញបេសកកម្មរបស់ខ្លួន បានបង្ហាញការប្តេជ្ញាចិត្តដើម្បីបន្តការ​ងារ​នេះ ក្នុងបំណងធានាឱ្យបាននូវការទទួលបានសេរីភាពយ៉ាងពេញលេញ និងបញ្ឈប់ការរើសអើងចំពោះក្រុមដែលមានសំឡេងភាគតិចមួយនេះ។

សុទ្ធ ពៅសំណាង សមាជិកនៅក្នុងក្រុមអ្នកស្រឡាញ់ភេទដូចគ្នាមួយដែលមានឈ្មោះថា «ក្តីស្រឡាញ់គឺចម្រុះ» ក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ។ (ផ្ដល់ឱ្យ)

សំណាង និយាយថា៖ «ខ្ញុំនៅតែបន្ត ខ្ញុំនឹងព្យាយាមស្វែងរកឱកាសផ្សេងៗ ដើម្បីនឹងអាចអនុវត្តសកម្មភាព​ផ្សេងឬ​ក៏គម្រោង​នានានៅក្នុងន័យលើកកម្ពស់សិទ្ធិរបស់អ្នកស្រឡាញ់​ភេទ​ដូច​គ្នា ខ្ញុំនឹង​ព្យាយាម​ធ្វើ​បែប​នោះ។ ទី២ ខ្ញុំមានគម្រោងបន្តការសិក្សាដែរ តែការសិក្សាដែលខ្ញុំគ្រោងហ្នឹង ​ក៏វាទាក់ទងជាមួយនឹងបងប្អូនក្រុមអ្នកស្រឡាញ់ភេទ​ដូច​គ្នាដែរ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ