សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យគ្រោងជួបជុំទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំមនសិការនៅថ្ងៃស្អែក

ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នក​ស្រី អ៊ុក ឆា​យ៉ាវី ផ្តល់សម្ភាសជាមួយ វីអូឌី ក្នុងឱកាស «ទិវាគ្រូបង្រៀនពិភពលោក» ​នៅ​ទីលានប្រជាធិបតេយ្យ​ ដើម្បីទាមទារឱ្យរដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារគ្រូបង្រៀនឱ្យប្រសើរ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សមាគម​គ្រូបង្រៀនកម្ពុជាឯករាជ្យ​ គ្រោង​​​ជួបជុំ​សម្ដែងមតិ​​នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃស្អែកនេះ ដើម្បី​ទាមទារឱ្យរដ្ឋាភិបាល​ដោះលែងអ្នកជាប់ឃុំមនសិការ ​បើទោះជា​សាលារាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បដិសេធ​​មិនអនុញ្ញាត​សមាជិកសមាគមមួយនេះធ្វើសកម្មភាពជួបជុំក្ដី​​។​ ​​

ថ្លែងប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះ ប្រធានសមាគម​គ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី​ អ៊ុក ឆាយ៉ាវី បានលើកឡើងថា​ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ រក្សាជំហរ​បន្ត​ការប្រមូលផ្តុំសម្ដែងមតិនៅ​ថ្ងៃស្អែកនេះដដែល ​ដើម្បីទាមទារឱ្យរដ្ឋាភិបាល​ដោះលែងក្រុមគ្រូបង្រៀន និងអ្នកជាប់ឃុំមនសិការ មានដូចជា លោក កែវ ថៃ លោក ស៊ុន ធន់ កញ្ញា ឈឹម ស៊ីថរ និងកញ្ញា សេង ច័ន្ទធារី រួមទាំងអ្នកជាប់ឃុំមនសិការផ្សេងៗទៀតឱ្យ​មានសេរីភាពឡើងវិញ។​

បើតាម​លោកស្រី​ អ៊ុក ឆាយ៉ាវី ​មូលហេតុដែល​​សមាគម​គ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតែបន្ត​​​ប្រមូលផ្តុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ បើទោះបីជា​ខាងសាលាក្រុងមិនអនុញ្ញាត ព្រោះថា ​ការ​​រៀបចំសម្ដែងមតិនេះ ​គឺជាសកម្មភាពស្របច្បាប់ និងថ្ងៃសុក្រស្អែកនេះជាវិសមកាល​សម្រាប់គ្រូបង្រៀន​។

លោកស្រីថ្លែងថា៖​ «ដោយសារតែខ្ញុំជាគ្រូបង្រៀន ​ជិតដល់ពេលខ្ញុំចូលបវេសនកាលវិញ​ អ៊ីចឹងខ្ញុំអត់មានពេល ​លោកគ្រូ-អ្នកគ្រូយើងអត់មានពេលទៀត។ ​បើទៅចូលរួម ត្រូវចោលសិស្ស​៥០ [ទៅ] ៦០នាក់ក្នុងមួយថ្នាក់​។ ចំពោះគាត់ថាខុសច្បាប់​នេះ គ្រាន់តែជាការគំរាមកំហែង។​ បើច្បាប់នៅក្នុងប្រទេសកម្ពុជា​ គឺមានចែងរួចស្រេច​ ទាំងជាតិ និងអន្តរជាតិ បានផ្ដល់សច្ចាប័នរួចរាល់ហើយ​ថាមានសិទ្ធិប្រមូលម្ដុំសម្ដែងមតិអ៊ីចឹងទៅ​»។

ប្រធានសមាគមគ្រូបង្រៀនរូបនេះ អះអាង​ថា ​​សមាគមនៅតែបន្តជួបជុំដដែល បើទោះបីជា​អាច​មាន​ការគំរាម​កំហែង ឬ​រារាំងពីសំណាក់អាជ្ញាធរក៏ដោយ​។

លោកស្រីថា៖ ​«ចំពោះការគំរាម ​ទោះបីជា​យើងមិនធ្វើ ក៏គេគំរាមកំហែងដែរ​។ អ៊ីចឹងយើងត្រូវតែធ្វើ ព្រោះយើងធ្វើនេះ​អត់មានប្រើអាវុធ អត់មានប្រើអី​ដែលធ្វើឱ្យមានស្ថានភាពវឹកវរក្នុងសង្គមទេ។​ យើងគ្រាន់តែទៅទាមទារ ​ដើម្បីទាមទារឱ្យមានការដោះលែង​»។

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានលើកឡើងថា​ ​ប្រសិនបើសមាគម​​គ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតែរក្សាជំហរធ្វើការប្រមូលផ្ដុំនៅថ្ងៃស្អែក​ លោកថា វានឹង​ខុសច្បាប់​ និងខុសពីកិច្ចសន្យាដែលសមាគមគ្រូបង្រៀនមួយនេះមានជាមួយសាលាក្រុងភ្នំពេញ​។

លោកបញ្ជាក់ថា៖​ «ពូមិនដឹងថាឆ្លើយជាមួយក្មួយឯងយ៉ាងម៉េច បើកំណត់ហេតុ គាត់អ្នកព្រមព្រៀង មិនមែនខ្ញុំឱ្យផ្អាកទេ គាត់ព្រមព្រៀងផ្អាកខ្លួនគាត់។​ រួចក្មួយឯងដឹងហើយ​ថា ​​គាត់ជាសមាគមគ្រូបង្រៀនទៀត​ ហើយនៅពេលដែលគាត់ជាអ្នកអប់រំគេ​ហើយ​ ហើយនៅពេលដែលគាត់ព្រមព្រៀង​ចុះហត្ថលេខាហើយ​ ហើយក្មួយឯងមកសួរពូអ៊ីចឹង ពូឆ្លើយថា​ម៉េច!»

ចំណែកអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងថា ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​មានសិទ្ធិជួបជុំ ឬប្រមូលផ្ដុំ​តវ៉ា ទាមទារដំណោះស្រាយអ្វីមួយ ហើយសិទ្ធិនេះមានធានានៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិផ្សេង​ៗ​។

មន្រ្តីសង្គមស៊ីវិលរូបនេះបន្តថា ​បើសិន​ជា​អាជ្ញាធររាជធានីភ្នំពេញហាមឃាត់មិន​ឱ្យសមាគម​​គ្រូបង្រៀនកម្ពុជាឯករាជ្យធ្វើការតវ៉ាដោយសន្តិវិធីទេ នោះ​គឺជាទម្រង់​នៃ​ការ​រឹតត្បឹតសិទ្ធិសេរីភាព​លើពលរដ្ឋ​។​

លោកថា៖​ «​ជាការសង្កេតរបស់ខ្ញុំ ឃើញថាមានការកំណត់​អំពីការរៀបចំការទាមទារ​តវ៉ាអីនេះ ខ្ញុំគិតថា​ជាការរារាំង ជាការរឹតត្បិតទៅលើសេរីភាព ​លើប្រជាពលរដ្ឋ​ ឬក្រុមគ្រូបង្រៀនហ្នឹង​»។

បើតាមកំណត់ហេតុ​​នៃកិច្ចប្រជុំ​រវាង​រដ្ឋបាលរាជធានីភ្នំពេញ ជាមួយសមាគម​គ្រូបង្រៀនកម្ពុជាឯករាជ្យ​​ កាលពីថ្ងៃទី​២៦ ខែធ្នូ ​កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ​​បានស្នើឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្អាកការរៀបចំសម្ដែង​មតិ​នៅទីលានប្រជាធិបតេយ្យ ដោយលើ​កហេតុផលថា ​សំណើសុំរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្ទុយទៅនឹងមាត្រា៥២២ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ និងស្នើឱ្យសមាគម​គ្រូបង្រៀនមួយនេះដាក់សំណើកែសម្រួលកម្មវត្ថុនៃលិខិតស្នើសុំជួបជុំសម្តែងមតិឡើងវិញ​។

ជុំវិញករណីនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី បានលើកឡើងថា សាលាក្រុងភ្នំពេញមិនអនុញ្ញាតឱ្យសមាគមធ្វើ ដោយសារតែការទាមទារឱ្យដោះលែងអ្នកទោសនយោបាយ គឺខុសពីបេសកកម្មសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ប៉ុន្តែលោកស្រីថា បើទោះបីជាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានកែសម្រួលនិងស្នើជាថ្មីក្ដី ក៏សាលាក្រុងភ្នំពេញនឹងមិនអនុញ្ញាតដដែល។

បន្ថែមពីនេះ អ្នកស្រី អ៊ុក  ឆាយ៉ាវី ថាការដែលអ្នកស្រីព្រមចុះហត្ថលេខាលើកំណត់ហេតុនោះគឺគ្រាន់តែជាភស្តុតាងបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានជូនដំណឹងទៅអាជ្ញាធររួចហើយ តែអាជ្ញាធរមិនអនុញ្ញាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ