ក្រសួងថា​ការ​ធ្វើ​តេស្ត​កូវីដ-១៩​លើ​កម្មករ​និយោជិត​ក្រោយ​ភ្ជុំ​បិណ្ឌ​ ឈរ​លើ​គោលការណ៍​ការ​ស្ម័គ្រ​ចិត្ត

កម្មករ-កម្មការិនី ដែលទើបត្រលប់មកពីស្រុកក្រោយចូលឆ្នាំខ្មែរ ធ្វើតេស្ត និងអនុវត្តវិធានការចត្តាឡីស័​ក នៅវិទ្យាល័យជម្ពូវ័ន ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំបន្ថែមដល់​ម្ចាស់ឬនាយករោង​ចក្រសហ​គ្រាសទាំង​អស់ ត្រៀម​ឧបករណ៍ធ្វើតេស្តរហ័សរក​មេរោគកូវីដ-១៩ សម្រាប់ធ្វើតេស្តកម្មករ​និយោជិត​របស់​ខ្លួន ក្រោយ​ពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែថា ​ការធ្វើតេស្ត​នេះផ្អែក​តាម​ការ​ស្ម័គ្រ​ចិត្តនិងមិនមានការ​ផាកពិន័យលើអ្នកមិនអនុវត្តតាមការណែនាំនេះឡើយ។

សេចក្តីណែនាំបន្ថែមរបស់ក្រសួងការងារ ចុះថ្ងៃទី០៤ ខែតុលា​ ឆ្នាំ២០២១នេះ បាន​លើកឡើង​ថា ដើម្បីចូលរួម​ទប់ស្កាត់​ការរីករាលដាល​ទ្រង់ទ្រាយ​ធំ​នៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ​ សហគ្រាស ក៏ដូចជាការរៀនរស់នៅតាមគន្លង​ប្រក្រតីថ្មី និងការ​ត្រៀម​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ ក្រសួងបានលើកទឹកចិត្ត​ដល់​ម្ចាស់​រោង​ចក្រសហគ្រាសទាំងអស់ត្រៀម​​​ឧបករណ៍ធ្វើតេស្តរហ័សរក​មេរោគកូវីដ-១៩ សម្រាប់ធ្វើតេស្តកម្មករ​និយោជិតរបស់​ខ្លួន ក្រោយ​​ពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។

តែយ៉ាងណា ក្រសួងថា ការធ្វើតេស្តរហ័សនេះផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត​ និងមិនមាន​ការ​ផាកពិន័​យ​ទៅលើម្ចាស់រោងចក្រ សហគ្រាស និងកម្មករនិយោជិតឡើយ។​

ក្រសួង​ក៏ណែនាំដល់​កម្មករនិយោជិត​ដែលបានឈប់សម្រាក​ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវ​អនុវត្តឱ្យ​ខ្ជាប់ខ្ជួន​នូវវិធានការ​ «៣កុំ និង​៣ការពារ» ជាពិសេស​ពាក់ម៉ាស់ លាងដៃញឹក​ញាប់ និង​រក្សា​គម្លាតសុវត្ថិភាពបុគ្គលក្នុងពេល​ធ្វើដំណើរ​ដោយ​រថយន្តរួម និងត្រូវ​យកតាមខ្លួន​នូវ​ទឹក​អាល់កុលឬជែលលាងដៃ។

នេះជាការណែនាំបន្ថែមរបស់ក្រសួងការងារ ក្រោយ​ពីខ្លួន​បានចេញសេចក្តីណែនាំ​ដូចគ្នា​​នេះម្តងរួចមក​ហើយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​ពេលនោះ ក្រសួង​គ្រាន់តែ​បាន​ណែនាំដល់ម្ចាស់រោង​ចក្រ​ទាំងអស់ត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ទៅលើកម្មករ​និយោជិត ដោយ​​មិន​បានបញ្ជាក់ថា មានវិធានការ​ផាកពិន័យឬមិនផាកពិន័យនោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ