កម្មករជាង៣០០នាក់បានបិទទ្វាររោងចក្រ ខេមបូ ហ៊ែនសាំ ទាមទារឱ្យថៅកែទូទាត់ប្រាក់សំណង

រោងចក្រ ខេមបូ ហ៊ែនសាំ។ (ផ្ដល់ឱ្យ)

កម្មករកម្មការិនី​ជាង​ ៣០០នាក់ បម្រើការងារនៅរោងចក្រ ខេមបូ ហ៊ែនសាំ (CAMBO HANDSOME LTD) ស្ថិតក្នុងសង្កាត់​ចោម​ចៅ៣ ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ បាន​នាំគ្នាបិទ​ទ្វា​ររោង​ចក្រ​​​ ដោយកម្មករ​ថា ​រោងចក្រ​នៅតែបើកដំណើរការ​​ តែ​មិន​ផ្ដល់សំណងដល់​កម្មករ​​ដែលរោងចក្របានបញ្ឈប់​​​​។

កម្មករ និងប្រធានសហជីព ស៊ីខៅឌូ ​​ប្រចាំរោងចក្រ ខេមបូ​ ហ៊ែនសាំ លោក នេត តារាវុធ ប្រាប់​វីអូឌីនៅថ្ងៃអង្គារ​​ថា នាព្រឹកនេះ​​ កម្មករជាង​​ ៣០០នាក់​ បាន​មកបិទ​ទ្វារ​រោង​ចក្រ​​។​ កម្មករដែលមកបិទទ្វាររោងចក្រនេះ​ ក្រោយ​​រោងចក្រប្រកាស​បិទដំណើរការការងារឬអាជីវកម្មរបស់ខ្លួន​ តែកម្មករនៅតែឃើញ​មានកម្មករផ្សេងចូលមកធ្វើការជាធម្មតា​។

លោកបន្ថែមថា​ ថៅកែ​រោង​ចក្រ​​បាន​បិទ​ទ្វារ​អាជីវកម្ម​ដោយ​មិន​បាន​ជូន​ដំណឹង​ត្រឹម​ត្រូវ និ​ង​បញ្ឈប់​កម្មករទាំងអស់​​ពីការងារដោយមិនបាន​ទូទាត់​អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ​ឱ្យបាន​ត្រឹមត្រូវតាមផ្លូវច្បាប់នៅ​ឡើយ។ លោកបន្តថា ​​ការបញ្ចប់កិច្ចសន្យាការងារកម្មករពេលនេះ គឺភាគីរោងចក្រដោះស្រាយចំណុចដែលកម្មករទាមទារបាន​តែ ៤ចំណុច ​ប៉ុណ្ណោះ ក្នុងចំណោម ៥ចំណុច ដែល​កម្មករ​បានស្នើសុំ

​លោក នេត តារាវុធ លើកឡើងថា ​កម្មករគ្រាន់តែចង់បាន​ការ​ទូទាត់​អត្ថប្រយោជន៍ចំនួន ៥ចំណុច ​​រួមមាន ប្រាក់​ឈ្នួល​ចុង​ក្រោយ ប្រាក់​ជួស​ឱ្យ​កា​រ​ឈប់សម្រាក​ប្រចាំឆ្នាំដែលនៅសស់ ប្រាក់ជួស​ឱ្យការជូនដំណឹងមុន ប្រាក់អតីតភាពការងារឆ្នាំ២០២៣ និងមុនឆ្នាំ២០១៩​ដែលនៅ​សស់ និង​សំណង​ជំងឺ​ចិត្ត​។

លោកមានប្រសាសន៍ថា៖​ «ដោយសារក្រុមហ៊ុនអត់ទូទាត់ប្រាក់ប្រាំចំណុ​ច​ឱ្យកម្មករ​ ដល់អ៊ីចឹង​​​កម្មករ​បិទផ្លូវ​ មានខាងអភិបាលខណ្ឌ​ និងក្រសួងចុះមកដែរ​ ដាក់ឈ្មោះថា “បិទ” តែឱ្យកម្មករចូលធ្វើការធម្មតា​​»។

ប្រធានសហជីព​បន្តថា ​មូលហេតុដែលថៅកែរោងចក្រ​ចង់​ឱ្យ​កម្មករ​ដែល​ធ្លាប់ធ្វើការច្រើនឆ្នាំ​​ឈប់ធ្វើការ​​​​ ដើម្បីកេងចំណេញ​  និងចង់បង្កើត​រោងចក្រសាជាថ្មីប៉ុណ្ណោះ​។

លោកថា៖ «មានគំនិតចង់ដកចេញ​កម្មករចាស់ៗចោល​ តែដោយមិនគោរព​ច្បាប់​ យកផលចំណេញពីកម្មករ ​គិតលុយអត់គ្រប់គ្រាន់ពីកម្មករ​។ ទីមួយ​ រោងចក្រ​ចង់បើកថ្មី ដើម្បីកាត់បន្ថយពន្ធ​»។​

វីអូឌី បានព្យាយាមសុំការឆ្លើយតបពី​អភិបាលខណ្ឌពោធិ៍សែន​ជ័យ​ លោក ហែម ដារិទ្ធិ​ ​ប៉ុន្តែមិនមានការឆ្លើយតបទេ​ នៅថ្ងៃអង្គារ​។ ចំណែកស្ត្រីម្នាក់ដែលជាអ្នកទទួលទូរសព្ទ​ខាង​​ភាគី​រោងចក្រ ខេមបូ​ ហ៊ែនសាំ បានបដិសេធ​ក្នុងការបញ្ចេញអត្តសញ្ញាណ និងសុំមិនឆ្លើយតប​ជុំវិញករណីនេះឡើយ។​

អ្នកសម្របសម្រួលសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ប្រចាំរាជធានីភ្នំពេញ លោក ឃឹម មករា មានប្រសាសន៍ថា នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ សហជីពកំពុងពិភាក្សា និងស្វែងរកដំណោះស្រាយជាមួយភាគីក្រុមហ៊ុន ដោយមានការសម្របសម្រួលពីក្រសួងការងារ ​ប៉ុន្តែនៅមិនទាន់ទទួលបានលទ្ធផលយ៉ាងណានៅឡើយទេ។

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ​សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានដាក់លិខិតមួយ​ទៅប្រធាននាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យជួយអន្តរាគមន៍ និងដោះស្រាយវិវាទការងារជូនកម្មករនៅក្រុមហ៊ុន ខេមបូ ហ៊ែនសាំ (CAMBO HANDSOME LTD) ឱ្យស្របទៅតាមច្បាប់ការងារ បន្ទាប់ពីក្រុមហ៊ុនប្រកាសបិទអាជីវកម្ម និងបញ្ចប់កិច្ចសន្យាការងាររកម្មករនិយោជិតទាំងអស់។

លិខិតដដែលឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ និយោជកក្រុមហ៊ុន ខេមបូ ហ៊ែនសាំ អិលធីឌី បានជូនដំណឹងអំពីការបិទប្រតិបត្តិការផលិតកម្មរបស់ក្រុមហ៊ុន និងការបញ្ចប់កិច្ចសន្យាការងាររបស់កម្មករ-និយោជិតទាំងអស់ ប៉ុន្តែការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ មិនបានត្រឹមត្រូវតាម​ច្បាប់ស្ដីពីការងារនោះទេ។

ស៊ីខៅឌូ និយាយទៀតថា ​ការ​ដាក់ពាក្យបណ្តឹងទៅប្រធាននាយកដា្ឋនវិវាទការងារ ឱ្យ​អន្តរាគមន៍ និងជួយដោះស្រាយនេះ  ដើម្បីជំរុញឱ្យនិយោជកក្រុមហ៊ុនខាងលើ អនុវត្តច្បាប់កម្ពុជាឱ្យកាន់តែល្អប្រសើរ និងទប់ស្កាត់ការរីករាលដាលនៃបញ្ហាផ្សេងទៀតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ