រដ្ឋាភិបាល​នឹង​ធ្វើ​ច្បាប់​កាត់​ទោស​ខ្មែរ​ក្រហម​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​កម្ពុជា

ថ្ងៃសាវនាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហម លើលោក នួន ជា និងលោក ខៀវ សំផន ក្នុងសំណុំរឿង០០២ ផ្នែកទី២ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

រដ្ឋាភិបាលនឹងស្វែងរកការយល់ព្រមពីរដ្ឋសភា ដើម្បីបើកផ្លូវឱ្យមានច្បាប់កាត់ទោសខ្មែរក្រហមក្នុងតុលាការព្រហ្មទណ្ឌកម្ពុជា តាមរយៈការ​ស្នើឱ្យមានកិច្ចព្រមព្រៀងប​ន្ថែ​មមួយស្តីពីការរៀបចំអន្តរកាល និងការបញ្ចប់​ការងារ​របស់​អង្គជំនុំជម្រះវិសាមញ្ញសាលាក្ដីខ្មែរក្រហម។

ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ី ផាន បានសរសេរនៅលើទំព័រ​ហ្វេសប៊ុក​របស់​លោ​ក​​ថា នៅថ្ងៃទី៨​ ចុងសប្ដាហ៍នេះ គណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពេញ​អង្គ ក្រោម​អធិបតីភាពរបស់​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន តាមប្រព័ន្ធវីដេអូ។

លោក ផៃ ស៊ី​ផាន បញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ រដ្ឋាភិបាលនឹងពិភាក្សាដើម្បីឆ្លង​របៀប​វារៈ​ចំនួន​៣ ដែល​ក្នុងនោះមានទាំង «សំណើសុំការយល់ព្រម​ពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ​លើ​​​​សេចក្ដីព្រាង​ច្បាប់​ស្តីពីការអនុម័តយល់ព្រមលើ​កិច្ចព្រមព្រៀងបន្ថែម ទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋា​ភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្ដីនៅក្រោមច្បាប់កម្ពុជា នូវឧ​ក្រិ​ដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកា​ល និងការបញ្ចប់កា​​រងាររបស់អង្គជំនុំជម្រះវិសាមញ្ញ»។

បន្ថែមពីនេះ លោក ផៃ ស៊ីផាន បញ្ជាក់ថា ការដែលកម្ពុជាត្រូវ​មានច្បាប់ដាច់ដោយឡែក​បែប​នេះ ដោយ​សារ​បច្ចុប្បន្ន ការកាត់ក្ដីខ្មែរក្រហមមានតែច្បាប់មួយដែលគេហៅថា «តុលាការ​ពិសេស» ឬ «តុលាការកូនកាត់» ដែលតុលាការនេះមានភាគីកម្ពុជា និងអង្គការសហប្រជាជាតិ សម្រាប់វិនិច្ឆយទោសមេដឹកនាំកំពូលៗរបស់ខ្មែរក្រហម។

ប៉ុន្តែលោកថា នៅពេលតុលាការកូនកាត់នេះដកខ្លួនថយ ក្រោយ​កាត់ទោសមេដឹកនាំ​កំពូលៗខ្មែរ​រួច​រាល់​អស់ នឹងនៅសល់តែអ្នកពាក់ព័ន្ធធម្មតា ដែលការនេះ​ តុលាការព្រហ្មទណ្ឌកម្ពុជាជាអ្នកដំណើរការកា​រងារនេះបន្តពីអង្គជំនុំជម្រះវិសាមញ្ញនៃសាលាក្ដីខ្មែរក្រហមនេះ។

លោកថា៖ «អាស្រ័យដូច្នេះ យើងត្រូវមានច្បាប់មួយដែលជាគោលការណ៍​ ដើម្បីកាត់​សេចក្ដីខ្មែរក្រហមនេះឯង ដើម្បីឱ្យកម្ពុជាមានគោលការណ៍ច្បាប់ វិនិច្ឆយច្បាប់លើពួកក្រុមខ្មែរក្រហម»។

នាយករងផ្នែក​ឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត បង្ហាញការ​​ព្រួយបារម្ភទៅលើ​តម្លា​ភាពក្នុង​ការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម ដោយលោក​ថា តុលាការកូនកាត់ដែលមានភាគីអន្តរ​ជាតិ​ផង នៅតែមិនអាចស៊ើបអង្កេតទៅលើឥស្សរជននយោបាយមួយចំនួន ដែលកំពុង​កាន់អំណាច ដែលចៅក្រមអន្តរជាតិយល់ថា ពួកគេជាប់ពាក់ព័ន្ធទៅនឹងរបបខ្មែរក្រហមនោះ។

លោកថា៖ «ខ្ញុំគ្រាន់តែយល់ថា ពីព្រោះបើសិនបញ្ចប់សាលាក្ដីខ្មែរក្រហម ហើយងាកមកកាត់ទោសនៅតុលាការធម្មតា អាហ្នឹងវាមិនអាចទៅរួចទេ ព្រោះច្បាប់ខ្មែរនៅក្នុងក្រមព្រហ្មទណ្ឌ វាមិនអាច​អនុវត្ត​ធាក់ថយ​ទេ វាទាក់ទងទៅនឹងបទឧក្រិដ្ឋនៃសាលាក្ដីខ្មែរក្រហមហ្នឹង […] ទី២ កាលណាបញ្ជូនមកក្នុងច្បាប់ជាតិក្រមព្រហ្មទណ្ឌទៅ អាហ្នឹងវាកាន់តែពិបាកនៅក្នុងការស៊ើបអង្កេតទៅទៀតហើយ»។

កន្លងទៅ ភាគី​អន្តរជាតិនៃសាលាក្ដីខ្មែរ​ក្រហមធ្លាប់ទាមទារ​ឱ្យតុលាការកូនកាន់មួយនេះ​កោះហៅ​មេដឹកនាំ​កំពុង​កាន់​អំណាច​មួយចំនួនមកសាកសួរ ក្នុងនោះរួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ តែការទាមទារនោះមិនអាចទៅរួច ដោយសារតែភាគីខាងកម្ពុជាជំទាស់។

នាយក​ប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក​បណ្ឌិត សេក សុជាតិ យល់ថា ការដែលរដ្ឋាភិបាល​ចង់បង្កើត​ច្បាប់​ដើម្បីកាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម ក្រោយ​តុលាការ​កូនកាត់ត្រូវបាន​បិទបញ្ចប់ គឺ​ជារឿងល្អមួយ ដែល​មានន័យស្មើនឹងបន្តស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម។

ប៉ុន្តែលោកចោទជាសំណួរថា តើរដ្ឋាភិបាលមានលទ្ធភាពធ្វើឱ្យតុលាការកម្ពុជាជាស្ថាប័នគំរូដូច​ដែល​សហគមន៍អន្តរជាតិចង់បាន ឬក៏ជាជ្រុងមួយដើម្បីកៀបអតីតមេដឹកនាំខ្មែរក្រហមដែលមិនទាន់កាត់ក្ដីមិនឱ្យងាកចេញទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សដទៃ។

លោកថា៖ «យើងមិនចង់ឃើញកម្ពុជាយកឱកាស ហើយយកតុលាការហ្នឹង​ មកធ្វើជាមធ្យោបាយមួយដើម្បីគំរាមទៅលើភាគីពាក់ព័ន្ធផ្សេងៗទៀត ពិសេសមេដឹកនាំខ្មែរក្រហម»។

សូមរំឭកថា នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាល​កម្ពុជាបានសំណូមពរ​​ឱ្យ​​​អង្គការ​​សហប្រជាជាតិជួយ​ឧបត្ថម្ភ​​បង្កើត​​​សាលាជម្រះ​ក្ដី ដើម្បី​កាត់ទោស​​មេដឹកនាំ​​ជាន់ខ្ពស់​ខ្មែរក្រហម។ នៅឆ្នាំ​២០០១ រដ្ឋសភាជាតិ​​កម្ពុជា​​បាន​អនុម័ត​​ច្បាប់មួយ​ ​ដើម្បី​​បង្កើត​​តុលាការ​​កាត់សេចក្ដីឧក្រិដ្ឋកម្មដែលបាន​​ប្រព្រឹត្ដ​ឡើង​នៅ​​ប្រទេស​​កម្ពុជា ​​ក្នុងអំឡុង​​​របប​ខ្មែរក្រហម​​ពីឆ្នាំ១៩៧៥-១៩៧៩។

តុលាការនេះមានឈ្មោះ​ថា អង្គជំនុំជម្រះ​​វិសាមញ្ញ​​ក្នុង​តុលាការ​​កម្ពុជា ដើម្បី​​កាត់សេចក្ដីឧក្រិដ្ឋកម្ម​​ដែល​បាន​ប្រព្រឹត្ដឡើង​​ក្នុង​របប​​កម្ពុជា​​ប្រជាធិបតេយ្យ។

រដ្ឋាភិ​បាល​​កម្ពុជាបាន​ទទូច​​​​​សុំថា​ ដើម្បីជា​​ផលប្រយោជន៍​​ដល់​ប្រជាជន​​កម្ពុជា​​ទាំងអស់ តុលាការ​​ជម្រះក្ដី​​ត្រូវប្រព្រឹត្ដទៅ​​​នៅ​ក្នុង​​​ប្រទេស​​​កម្ពុជា ដោយ​ប្រើប្រាស់​​មន្ដ្រី​និង​​ចៅក្រម​​កម្ពុជា គួបផ្សំ​​ជាមួយ​​មន្ដ្រី​និង​​ចៅ​ក្រម​​អន្ដរជាតិ។ ប៉ុន្តែច្រើនឆ្នាំមកនេះ សាលាក្តីនេះបាននាំខ្លួនអតីតមេដឹកនាំខ្មែរក្រហមមួយចំនួនមកកាត់ទោស ក្នុងនោះ​មានលោក​ ខៀវ សំផន, លោក ​អៀង សារី, លោក នួន ជា, អ្នកស្រី អៀង ធីរិទ្ធ និងលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ជាដើម។

ប៉ុ​ន្តែ​នៅក្នុងអំឡុងពេលដំណើរការកាត់ទោសពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស​ជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តនៅចន្លោះពីឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ មេដឹកនាំដែលមានវ័យចំណាស់ទាំងនោះបានស្លាប់ លើកលែងតែលោក​ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង០០១ និងថ្មីៗនេះ លោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ