អតីតអ្នកសារព័ត៌មានឯករាជ្យសញ្ជាតិអាមេរិកាំងមួយរូប លោក ណេត ថៃយើ (Nate Thayer) ដែលធ្លាប់បានប្រឡូកក្នុងវិស័យព័ត៌មានជាច្រើន ក្នុងនោះរួមមានទាំងការធ្វើបទសម្ភាសក្នុងឆ្នាំ១៩៩៧ ជាមួយមេដឹកនាំរបបប្រល័យពូជសាសន៍នៃខ្មែរក្រហម ប៉ុល ពត បានទទួលមរណភាពក្នុងអាយុ៦២ឆ្នាំ នៅសហរដ្ឋអាមេរិក។
គ្រួសាររបស់លោកបានថ្លែងប្រាប់សារព័ត៌មាន AFP នៅថ្ងៃពុធម្សិលមិញនេះថា លោក ណេត ថៃយើ បានទទួលមរណភាព នៅឯគេហដ្ឋានរបស់លោក ក្នុងទីក្រុង Falmouth រដ្ឋ Massachusetts កាលពីថ្ងៃអង្គារ។
គ្រួសាររបស់លោក ណេត ថៃយើ បានបន្តថា៖ «គាត់ [លោក ណេត ថេយើ] មានជំងឺប្រចាំកាយជាច្រើន ខណៈរូបលោកបានធ្លាក់ខ្លួនឈឺធ្ងន់អស់រយៈពេលជាច្រើនខែមកហើយ មុនពេលទទួលមរណភាព»។
អតីតអ្នកសារព័ត៌មានអាមេរិកាំងរូបនេះ ត្រូវបានគេដឹងថាធ្លាប់បានចំណាយពេលជាច្រើនឆ្នាំដើម្បីរាយការណ៍អំពីនយោបាយ និងសង្គមកម្ពុជា រួមទាំងអំពីរបបខ្មែរក្រហម ដែលជារបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ ដោយបានសម្លាប់មនុស្សអស់ជាងមួយលាននាក់ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ចាប់ផ្ដើមក្នុងឆ្នាំ១៩៨៩ លោក ណេត ថេយើ បានបម្រើការងារនៅសារព័ត៌មាន Associated Press និងក្រោយមកទៀតនៅស្ថាប័នកាសែត និងទស្សនាវដ្ដីមួយចំនួន ដែលមានដូចជា ភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) និង Far Eastern Economic Review ដោយលោកក៏បានបង្កើតទំនាក់ទំនងជាមួយនឹងប្រភពជាច្រើននៅក្នុងតំបន់ព្រៃដ៏គ្រោះថ្នាក់នៃប្រទេសថៃ និងកម្ពុជាផងដែរ។
រូបលោកក៏ចាប់ផ្ដើមទទួលបានកេរ្តិ៍ឈ្មោះជាអ្នកកាសែតល្បីឈ្មោះមួយរូប ចេញពីដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់នានា ដែលមានដូចជាការធ្វើដំណើរជាមួយក្រុមរាយការណ៍ដែលមកពីទស្សនាវដ្តី Soldier of Fortune ទៅកាន់ភាគខាងកើតប្រទេសកម្ពុជា ដើម្បីស្វែងរកសត្វគោព្រៃដែលរងនូវការផុតពូជ។
អំឡុងពេលចុះយកព័ត៌មាននៅក្នុងព្រៃ តាមបណ្ដោយព្រំដែនភាគខាងលិចនៃប្រទេសថៃ និងកម្ពុជា លោក ណេត ថៃយើ ក៏ធ្លាប់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារគ្រាប់មីនក្នុងឆ្នាំ១៩៨៩ ខណៈពេលធ្វើដំណើរជាមួយទ័ពព្រៃកម្ពុជាផងដែរ។
ទោះជាយ៉ាងណា ការងាររបស់លោកបានផ្ដល់ជាលទ្ធផលផ្លែផ្កាក្នុងឆ្នាំ១៩៩៧ នៅពេលដែលរូបលោកបានផ្ញើសារសម្ងាត់មួយទៅកាន់និពន្ធនាយកទស្សនាវដ្ដី Far Eastern Economic Review ដោយថា ខ្លួននឹងសម្ភាស ប៉ុល ពត ដែលគ្មានអ្នកកាសែតណាមួយបានជួបអស់រយៈពេលពីរទសវត្សរ៍មកហើយ។
ក្នុងរយៈពេលមួយឆ្នាំក្រោយមក លោក ថៃយើ ក៏បានរៀបរាប់អំពីមរណភាពរបស់ ប៉ុល ពត និងមានបទសម្ភាសជាមួយអតីតមេដឹកនាំខ្មែរក្រហមដ៏មានឥទ្ធិពលម្នាក់ទៀត គឺ តាម៉ុក ផងដែរ។
ក្នុងនាមជាកូនប្រុសរបស់អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសសិង្ហបុរី អ្នកសារព័ត៌មានឆ្នើមរូបនេះបានចំណាយពេលយ៉ាងច្រើននៃអាជីពរបស់ខ្លួនដោយផ្តោតលើតំបន់អាស៊ី ដែលក្នុងនោះរួមមានទាំងរាយការណ៍ពីស្ថានភាពប្រយុទ្ធគ្នាតាមព្រំដែនមីយ៉ាន់ម៉ា និងការធ្វើអត្ថបទស៊ើបអង្កេតលើប្រទេសកូរ៉េខាងជើង។
លោកក៏ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ ដើម្បីរាយការណ៍អំពីការឈ្លានពានរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៣ ផងដែរ។
លោក ណេត ថៃយើ ក៏ធ្លាប់បានឈ្នះពានរង្វាន់ផ្នែកសារព័ត៌មានជាច្រើនផងដែរ ដែលក្នុងនោះ រួមទាំងពានរង្វាន់ពីសម្ព័ន្ធអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ International Consortium of Investigative Journalistes (ICIJ) សម្រាប់ការរាយការណ៍ការស៊ើបអង្កេតអន្តរជាតិឆ្នើម។
តាមរយៈការងារដែលខ្លួនបានធ្វើ លោក ណេត ថៃយើ ពិតជាមានមោទកភាពក្នុងការក្លាយជាអ្នកសារព័ត៌មានឯករាជ្យមួយរូប ដោយរូបលោកក៏ធ្លាប់បានអំពាវនាវឱ្យមានការផ្ដល់តម្លៃ និងប្រាក់ខែកាន់តែប្រសើរសម្រាប់អ្នកសារព័ត៌មានក្រៅម៉ោងផងដែរ៕