អភិបាលរងក្រុងកូឡុំបូ (Colombo) លោក Muhammad Iqbal បានលើកឡើងថា ផែនការរបស់រដ្ឋាភិបាលស្រីលង្កាក្នុងការអភិវឌ្ឍគម្រោងវិនិយោគនានានៅក្នុងប្រទេស គឺមិនសមស្របនោះទេសម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសការប្រគល់ដីដែលមានតម្លៃខ្ពស់ចំនួន៣ទីតាំងនៅទីក្រុងកូឡុំបូសម្រាប់គម្រោងដែលផ្អែកលើការជួលរយៈពេល៩៩ឆ្នាំ។
ទាក់ទិននឹងករណីនេះ លោកបានព្រមានថា ការផ្ដល់ជូនរយៈពេលវែងនេះអាចនឹងធ្វើឱ្យជោគវាសនារបស់ប្រទេសធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ ខណៈដែលលោកបញ្ជាក់ថា រដ្ឋាភិបាលបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងដំណើរការផ្ដល់អចលនទ្រព្យជាច្រើនដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Fort ដល់វិនិយោគិន ដោយសារតែទីតាំងនេះនៅជិតទីក្រុងកំពង់ផែ។
ទន្ទឹមនឹងនេះដែរ លេខាធិការនៃគណបក្ស Frontline Socialist Party លោក Duminda Nagamuwa បានឱ្យដឹងថា ប្រទេសចិនកំពុងតែព្យាយាមក្នុងការដាក់ប្រទេសស្រីលង្កានៅក្នុងក្របខណ្ឌនៃផែនការសេដ្ឋកិច្ចរបស់ខ្លួន ជាមជ្ឈមណ្ឌលមួយសម្រាប់ការអនុវត្តគម្រោង«ខ្សែក្រវាត់ និងផ្លូវ»។ លោកបន្ថែមថា ឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ចរបស់ចិននៅស្រីលង្កា ត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំឡុងពេលការបោះឆ្នោតនាពេលថ្មីៗនេះ។
កិច្ចសន្យាជួលទីតាំងមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតស្រីលង្កា (SLECC) មានតម្លៃ៣,៧ពាន់លានរូពីស្រីលង្កា ខណៈដែលការជួលយីហោធនាគារ People’s Bank មានតម្លៃ១,៣ពាន់លានរូពីស្រីលង្កា និងឃ្លាំង Sathosa មានតម្លៃ១,៦ពាន់លានរូពីស្រីលង្កា។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន A24 News លោក Muhammad Iqbal ថ្លែងថា៖ «រដ្ឋាភិបាលស្រីលង្កា [GoSL] បានរៀបចំផែនការមួយដែលគ្រោងនឹងជួលឱ្យក្រុមហ៊ុនបរទេសសម្រាប់រយៈពេល៩៩ឆ្នាំ ក្នុងការអភិវឌ្ឍអចលនទ្រព្យមួយចំនួនដែលមានទីតាំងនៅ D.R. Wijewardena Mawatha។ តាមគំនិតរបស់ខ្ញុំ ផែនការរបស់ពួកគេគឺមានគោលបំណងក្នុងការបង្កើតក្លឹបកាស៊ីណូ ដោយសារតែវាស្ថិតនៅជិតទីតាំង Nelum Pokuna ដែលត្រូវបានស្គាល់ថាជា Lotus Tower»។
លោកបន្តថា៖ «ខ្ញុំគិតថា វាមិនសមស្របនោះទេក្នុងការផ្ដល់កិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំ ខណៈដែលយើងមិនដឹងច្បាស់ថានឹងមានអ្វីកើតឡើងក្នុងរយៈពេល២០ឆ្នាំខាងមុខនោះទេ។ វាគួរតែត្រូវបានផ្ដល់ជូនក្នុងរយៈពេលតិចជាងនេះ និងឆ្លងកាត់ការគិតគូរឱ្យបានហ្មត់ចត់។ បើមិនដូច្នេះទេ ប្រទេសជាតិនឹងត្រូវទទួលរងនូវការខាតបង់ជាក់ជាមិនខាន»។
លោកបន្តទៀតថា៖ «រដ្ឋាភិបាលស្រីលង្កាកំពុងតែមានគម្រោងផ្ដល់អចលនទ្រព្យជាច្រើនកន្លែងស្ថិតនៅក្នុងតំបន់ Fort ដល់ក្រុមហ៊ុនពាក់ព័ន្ធនានា ដោយសារតែវាមានទីតាំងស្ថិតនៅជិតទីក្រុងកំពង់ផែកូឡុំបូ»។
ជាមួយគ្នានេះ លោក Duminda Nagamuwa ក៏បានលើកឡើងឱ្យដឹងផងដែរថា៖ «តាមរយៈការពង្រីកឥទ្ធិពលរបស់ខ្លួន ចិនរំពឹងថាខ្លួននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចនៅឆ្នាំ២០២៨ លើសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ ផ្អែកលើមូលដ្ឋាននេះ ពួកគេបានផ្ដួចផ្ដើមគម្រោង “ផ្លូវមួយខ្សែក្រវាត់មួយ” ហើយស្រីលង្កាបានក្លាយជាមជ្ឈមណ្ឌលមួយក្រោមផែនការសេដ្ឋកិច្ចខាងលើនេះ»។
លោកបន្ថែមថា៖ «ដោយសារតែហេតុផលនេះហើយ ស្រីលង្កាបានទទួលឥទ្ធិពលមួយផ្នែកពីប្រទេសចិន និងមួយផ្នែកទៀតដោយឥណ្ឌា អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប។ ឥទ្ធិពលនេះមានទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច ហើយក្នុងអំឡុងពេលការបោះឆ្នោតចុងក្រោយនេះ ជំនួយហិរញ្ញវត្ថុត្រូវបានផ្ដល់ដោយអង្គភាពបរទេសមួយចំនួន»។
លោក Muhammad Iqbal បានគូសបញ្ជាក់ថា៖ «ពួកគេទាំងនេះ បច្ចុប្បន្ន បានចូលរួមក្នុងការដណ្ដើមគ្រប់គ្រងអចលនទ្រព្យនានានៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃប្រទេសស្រីលង្កា ខណៈដែលក្រុមហ៊ុនមួយដែលមានឈ្មោះថា “Selendiva Investments Limited” កំពុងតែរៀបចំផែនការ ដើម្បីកាន់កាប់ទីតាំងដ៏មានតម្លៃមួយចំនួននៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃប្រទេសស្រីលង្កា»៕