ក្រុម​ប្រឹក្សា​ធម្មនុញ្ញ៖​ សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​កំណត់​ «សញ្ជាតិ​ខ្មែរ​តែ​មួយ» មិន​ប៉ះពាល់​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ

ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅអគារស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងរៀបចំសេចក្ដីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញទៅលើការធ្វើវិសោធនកម្មធម្មនុញ្ញ។ (ហ្វេសប៊ុក៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ)

ក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយព្រះមហាក្សត្រថា សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់​ជាតិ មិនធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញនោះទេ។

ការទូលថ្វាយនេះ ក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងរៀបចំសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ នាព្រឹកថ្ងៃចន្ទនេះ។

ស្ថាប័នសាម៉ីមួយនេះបានចេញសេចក្ដីប្រកាសព័ត៌មាន​នៅថ្ងៃនេះ ដោយបញ្ជាក់ថា បាន​ទូលថ្វាយព្រះមហាក្សត្រថា សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ ដូចជា ​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​នាយករដ្ឋមន្ត្រី ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់ ធ្វើឡើង​ស្របតាមបរិបទនៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោ​យរដ្ឋធម្មនុញ្ញនោះទេ។

សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា សេចក្ដីព្រាងច្បាប់​ធម្មនុញ្ញស្តីពី៖ «វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ​មាត្រា៣និងមាត្រា៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ សំដៅ​ធានានូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ»។

វីអូឌី មិនអាចសុំការបញ្ជាក់​បន្ថែមពីអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ុត ឈន បានទេ នៅថ្ងៃនេះ។

នៅថ្ងៃចន្ទនេះដែរ​​ ព្រះមហាក្សត្រ ព្រះបាទ ​នរោត្ដម សីហមុនី​​ បានផ្ញើលិខិតមួយច្បាប់​ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាព្រះអង្គបានទទួលលិខិតរបស់ក្រុមប្រឹក្សាធម្មនុញ្ញហើយ ហើយ​ព្រះអង្គបញ្ជូនលិខិត​នេះ​ទៅលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​​​ចាត់ការតាមនីតិវិធីផងដែរ។

យ៉ាងណា សម្រាប់អ្នកវិភាគនយោបាយចាស់​វស្សា លោក​បណ្ឌិត ឡៅ ម៉ុងហៃ ​មានប្រសាសន៍ថា ដើម្បី​ឱ្យ​សមា​ជិក​​មាន​អំណាចរបស់ស្ថាប័នកំពូលៗ ប្រើប្រាស់អំណាចបម្រើតែផលប្រយោជន៍ជាតិនោះបាន គឺការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញត្រូវតម្រូវឱ្យសមាជិកទាំងអស់មានសញ្ជាតិខ្មែរតែមួយ ជាពិសេសព្រះមហាក្សត្រ អគ្គមេបញ្ជាការកងទ័ពជាតិ សវនករជាតិ ជាអាទិ៍ ឱ្យមានសញ្ជាតិខ្មែរតែមួយដែរ បើពុំដូច្នោះទេ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអត់មានន័យ អត់ប្រយោជន៍ និងអត់បានការនោះទេ ។

លោកមានប្រសាសន៍ថា៖ «យើងត្រូវយកហេតុផលដែលត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវឱ្យមានថ្នាក់ដឹកនាំមានសញ្ជាតិមួយ ត្រូវស្មោះ​ត្រង់ បញ្ចៀសការជ្រៀតជ្រែកពីបរទេស អាហ្នឹងត្រូវតែតម្រូវឱ្យ​សមាជិកសភា សមាជិកព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ហើយសមាជិក​គណៈរដ្ឋមន្ត្រី ឱ្យមានសញ្ជាតិ​តែមួយដែរ»។

កាលពីថ្ងៃទី៦ ខែតុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ សិក្សា​រៀបចំ​ធ្វើសេចក្ដីព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កំណត់ឱ្យថ្នាក់ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជានាយករដ្ឋមន្ត្រី ​ប្រធាន​ព្រឹទ្ធសភា ​ប្រធា​ន​រដ្ឋសភា និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។ ភ្លាមៗ​ ក្រោយ​ពី​ការ​ប្រកាស​នេះ ក្រសួង មន្ទីរ និងស្ថាប័ន​ឯកជនមួយចំនួន បាន​ចេញ​សេចក្ដីប្រកាសនិង​ញត្តិគាំទ្រ​យ៉ាង​ព្រោងព្រាត​ ដោយ​មានទាំង​ក្រសួងយុត្តិធម៌ កងទ័ពជើ​ង​គោ​ក មន្រ្តីរាជការជាច្រើនផ្សេងទៀត។

ការសម្រេចនេះធ្វើឡើងភ្ជាមៗ ក្រោយពេលអតីតប្រធានគណបក្សសង្រ្គោះជាតិ​ លោក សម រង្ស៊ី បានចោទប្រកាន់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយឃើញការចុះផ្សាយរបស់កាសែតបរទេស The Guardian ថាប្រមុខរដ្ឋាភិបាលកម្ពុជាបានទិញសញ្ជាតិស៊ីប្រើស (Cyprus) ដែលជាដែនកោះមួយនៅក្នុងតំបន់អឺរ៉ុប។

យ៉ាងណា សារព័ត៌មាន The Guardian បានផ្ញើលិខិតមកអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក កុយ គួង ដែលខាងក្រសួងបានបញ្ចេញនៅថ្ងៃនេះ បានបង្ហាញការសោកស្ដាយចំពោះកំហុសរបស់ខ្លួន ដោយបង្កឱ្យមានការបារម្ភដល់លោក​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រោះបានផ្សាយខុសការពិត ដែលថា ​លោកទិញសញ្ជាតិពីប្រទេសស៊ីប្រើស។ ​កាសែតបរទេសដ៏ល្បីមួយនេះក៏​បានអះអាងថា ខ្លួនបានកែតម្រូវនូវកំហុសនោះរួចហើយដែរ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ