ពលរដ្ឋ​នៅ​កោះកុង​ជិត​១​ពាន់​គ្រួសារ​រក​អន្តរា​គមន៍​ពី​អាជ្ញាធរ​ស្រុក​ឱ្យ​ជួយ​ដោះស្រាយ​រឿង​ដីធ្លី

ពលរដ្ឋដែលជាតំណាងគ្រួសាររងគ្រោះដីធ្លីនៅស្រុកបទុមសាគរ ខេត្តកោះកុង ពាក់ព័ន្ធនឹងក្រុមហ៊ុនលោក លី យ៉ុងផាត់ បានមកដាក់ញត្តិនៅសាលាស្រុកបទុមសាគរ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋជិត១ ០០០គ្រួសារ នៅស្រុកចំនួន៣ ក្នុងខេត្តកោះកុង ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់ បានរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរស្រុកឱ្យជួយដោះស្រាយវិវាទដីធ្លី ក្រោយជម្លោះអូសបន្លាយជាង១០ឆ្នាំគ្មានការដោះស្រាយ។

លរដ្ឋ៥នាក់ តំណាងឱ្យ៨៤៣គ្រួសារ នៅថ្ងៃទី​១១ ខែតុលា ឆ្នាំ២០២១នេះ បាននាំគ្នាយកញត្តិទៅដាក់នៅរដ្ឋបាល​ស្រុកបទុមសាគរ​ជាថ្មីទៀត ដើម្បីជំរុញទៅអាជ្ញាធរស្រុកនេះពន្លឿនការដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគាត់។

ក្នុងញត្តិនោះបានលើកឡើងថា ប្រជាពលរដ្ឋ៨៤៣​គ្រួសារ និង​មាន​ដីសរុប១ ៧២៧,៦ហិកតា ស្ថិតក្នុងស្រុកបទុមសាគរ ស្រុកស្រែអំបិល និងស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានក្រុមហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេន​ថេសិន» របស់លោកឧកញ៉ា​ លី យ៉ុងផាត់ សមាជិកព្រឹទ្ធ​សភា​​ ឈូសឆាយរំលោភយកអស់តាំងពីឆ្នាំ២០០៦។

ក្នុងញត្តិនេះ​ ក្រុមពលរដ្ឋអះអាងថា ដី​នោះ​ ពួកគេបានកាន់កាប់និង​ចូល​អាស្រ័យផលតាំង​ពីឆ្នាំ១៩៧៩ ហើយ​អ្នកខ្លះទៀតបានកាន់កាប់នៅ​​ឆ្នាំ​២០០០ ដោយអ្នក​ខ្លះធ្វើ​ចម្ការ អ្នកខ្លះធ្វើស្រែនិងដាំដំណាំហូបផ្លែផ្សេងៗទៀត​សម្រាប់ចិញ្ចឹមជីវិត ដោយពុំមានអាជ្ញាធរណាទៅហាមឃាត់ឬរារាំងឡើយ។

ញត្តិដដែលបន្តថា ទើប​តែ​នៅ​ឆ្នាំ​២០០៦ ក្រុមហ៊ុន​របស់លោក លី យ៉ុង​ផាត់ បាន​ទៅ​ឈូស​ឆាយ​ផលដំណាំ​របស់​ពួកគាត់​អស់ដើម្បីយកដីដាំអំពៅ ហើយបានបង្ខំឱ្យពលរដ្ឋយកសំណងបន្តិចបន្តួ​ច។

លោក ឈឹម សាផាន ដែលអះអាងថាជាតំណាងពលរដ្ឋ ប្រាប់ វីអូឌី នៅថ្ងៃចន្ទ​នេះ​ថា ពលរដ្ឋបាន​តវ៉ា​ជាច្រើន​ឆ្នាំ និង​បានរកកិច្ចអន្តរាគមន៍​ពីអាជ្ញាធរ​ក្រោម​ជាតិ និង​ស្ថាប័ន​ថ្នាក់​ជាតិ​ជាច្រើន​កន្លែង​ដែរ ប៉ុន្តែ​រហូតពេល​នេះ ​មិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។

លោកបន្តថា សំណងដែលអ្នកភូមិចង់​បានគឺសុំការផ្ដល់ដី២ហិកតា និងលុយសំណង​ខូច​ផល​ដំណាំ៥០០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រួសារ ខណៈ​ការ​បាត់​បង់​ដីធ្លី​​ជាង១០ឆ្នាំមកនេះបានធ្វើឱ្យពួកគាត់គ្មានដី​សម្រាប់​បង្កបង្កើន​ផល និងពលរដ្ឋខ្លះធ្លាក់ខ្លួនក្រីក្រ ជាដើម។

លោកបន្ថែមថា៖ «ប្រសិនបើនៅតែអត់មានដំណោះស្រាយទេ ប្រជាសហគមន៍យើងនឹងទៅរស់នៅលើដីរបស់ពួកយើងដែលបានបាត់បង់វិញហើយ ព្រោះដីនោះគេទុកចោលអត់ធ្វើអីទេឥលូវនេះ។ យើងក៏បានដាក់​ញត្តិ​ជម្រាបជូនអាជ្ញាធររួចហើយដែរ។ ប្រជាសហគមន៍យើងចង់បានតែ៥ ០០០ដុល្លារ និងដី២ហិកតាទេ ព្រោះដីពួកយើងដែលបាត់បង់នោះវាច្រើនហួសទៅហើយ»

តំណាងពលរដ្ឋរូបនេះបន្ថែមថា អ្នកភូមិកំពុងរកវិធានការ ដើម្បីប្ដឹងលោក លី យ៉ុងផាត់ ទៅតុលាការ និងសហគមន៍​អន្តរជាតិ​ផង​ដែរ ប្រសិនបើពួកគេនៅតែមិនទទួលបានការដោះស្រាយ។

អភិបាល​ស្រុកបទុមសាគរ លោក ហាក់ ឡេង មាន​ប្រសាសន៍​ថា អាជ្ញាធរស្រុកមិនអាចដោះស្រាយ​ទៀតបាន​ទេ ព្រោះករណី​នេះ​ ខាង​ក្រសួងរៀបចំ​ដែន​ដី និងអាជ្ញាធរពាក់ព័ន្ធ បានដោះស្រាយឱ្យចប់យូរហើយ។ លោក​ថា ពលរដ្ឋទាំងនោះមកទាមទារម្តងទៀតតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ព្រោះការងារនេះ ក្រសួងគេដោះស្រាយចប់អស់ហើយ។ រឿងចាស់ទេ! ប៉ុន្តែពួកគាត់ចេះមកតវ៉ាទាមទារទៀត»

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត និងលោកឧកញ៉ា លី យ៉ុងផាត់ បាន​ទេ នៅថ្ងៃចន្ទនេះ។

ជុំវិញ​ជម្លោះដីធ្លី​នេះ មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា កន្លងមក អាជ្ញាធរបានដោះស្រាយបញ្ចប់វិវាទប្រហែលជា៥ក្រុមរួចមកហើយ។ ប៉ុន្តែលោក​ថា ក្រោយមកក៏មាន​​មួយក្រុមផ្សេង​ទៀតបានអះអាងថា ពួកគេក៏បាត់បង់ដីធ្លីដោយសារក្រុមហ៊ុន​នេះ​រំលោភយកដែរ​ ហើយ​បានផ្ទុះការតវ៉ាដើម្បីទាមទារសំណង។

លោកបន្ថែមថា៖ «បើសិនជាពួកគាត់ពិតជាប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដីស្រែដីចម្ការដោយ​សារ​ក្រុមហ៊ុនរំលោភយកមែន អាជ្ញាធរ​មិនបាច់គិតថាពួកគាត់ជាអ្នកតវ៉ាមុនឬអ្នកតវ៉ាក្រោយទេ បើសិនជាពួកគាត់ជាជនរងគ្រោះពិតប្រាកដ គួរតែមានដំណោះស្រាយណាមួយសមរម្យជូនពួកគាត់ដែរ ដើម្បីឈាន​​ទៅរកការដោះស្រាយបញ្ចប់ជម្លោះដីធ្លីនៅក្នុងខេត្តកោះកុង»

កាលពីថ្ងៃទី២១ ខែកញ្ញា ​ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់ បាន​ចេញ​សេច​ក្ដីប្រកាស​ព័ត៌មាន​មួយ​​ ដោយបដិសេធមិនដោះស្រាយជូន​ក្រុមពលរដ្ឋ៨៤៣គ្រួសារនេះទេ ក្រោមហេតុផលថា ក្រសួងបានដោះស្រាយជូនពួកគេរួចរាល់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ