លោក​ ស ខេង​ បញ្ជា​ទៅ​អាជ្ញាធរ​ត្រៀម​ទប់ស្កាត់​ក្រុម​ប្រឆាំង​ដែល​រារាំង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួបសំណេះសំណាលជាមួយមន្ត្រីថ្នាក់ខេត្ត នាឱកាសចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត នៅរសៀលថ្ងៃពុធ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាទៅអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រៀមទប់ស្កាត់ក្រុមប្រឆាំងដែល​ចេញ​ទៅ​រារាំងការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពាក់កណ្ដាលឆ្នាំក្រោយ​ ដើម្បីរក្សាសន្តិសុខជាតិជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត។

ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត នារសៀលថ្ងៃពុធនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​អាណត្តិទី៥​ ខាងមុខនេះ នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ករណីនេះ លោកបញ្ជាទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ​រួមគ្នា​ទប់ស្កាត់ក្រុមប្រឆាំងដែលចេញទៅរារាំងការបោះឆ្នោត ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតផងដែរ ។

លោកថ្លែងដូច្នេះថា៖ «ក្នុង​ន័យនេះ ខ្ញុំក៏សុំស្នើទៅក្រុមការងារ ក៏ដូចជារដ្ឋបាលគ្រប់លំដាប់ថ្នាក់ដែលមានការពាក់ព័ន្ធ​ មេត្តាគាំទ្រនិងចូលរួមធ្វើម៉េចឱ្យការរៀបចំធ្វើបញ្ជីឈ្មោះបោះឆ្នោតរបស់ គ.ជ.ប នេះ ទទួលបានជោគជ័យ ដោយរាប់តាំងពីការគាំទ្រផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ កុំឱ្យមានការរំខានពីមជ្ឈដ្ឋានប្រឆាំងដែលប៉ុនប៉ង​បំផ្លាញ​ការបោះឆ្នោត និងបញ្ហាដទៃទៀតដែលពាក់ព័ន្ធ»។

អ្នកនាំពាក្យគ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ិន មានប្រសាសន៍ថា គណបក្សនេះនឹងត្រៀមខ្លួនចូលរួមការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដរាបណាគណបក្សនេះ​មានសេរីភាពគ្រប់​គ្រាន់​ក្នុង​ការ​ជួបជុំ ផ្សព្វផ្សាយគោលនយោបាយទៅកាន់ម្ចាស់ឆ្នោតបានទូលំទូលាយ​ ដូចបក្សកាន់អំណាច។

ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំក្រោយនេះ លោកមើលឃើញថា ទំនងជាមិនមានក្រុមប្រឆាំងចេញរារាំងការបោះឆ្នោតនោះទេ។ ប៉ុ​ន្តែលោកយល់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មិនគួរថ្លែងសារគំរាមកំហែងម្ចាស់ឆ្នោតបែបនេះទេ ដែល​អាចធ្វើឱ្យក្រុមអ្នកធ្លាប់គាំទ្រអតីតបក្សប្រឆាំងមានការភ័យខា្លច មិនហ៊ាន​បញ្ចេញមតិយោបល់ផ្សេងៗជាដើម។

លោកមានប្រសាសន៍ថា៖ «អាចបង្កឱ្យមានការភ័យខ្លាចដល់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ អាចធ្វើឱ្យពួកគាត់ភ័យខ្លាចមិនហ៊ានចូលរួម មិនហ៊ានបញ្ចេញយោបល់ផ្សេងៗ កាលណាមានការលើកឡើងជាសារនយោបាយបែបនេះ»។

នាយកប្រតិបត្តិអង្គការ​ NICFEC លោក សំ គន្ធាមី មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅពាក់កណ្ដាលឆ្នាំក្រោយនេះ លោកជឿថា មិនមានក្រុមប្រឆាំងណាទៅរារាំងការបោះឆ្នោតនោះទេ។

យ៉ាងណា លោកចាត់ទុកការ​លើកឡើង​របស់​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាជាសារគំរាមកំហែង បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ដែលផ្ទុយនឹងគោលការណ៍​ច្បាប់​។

លោកមានប្រសាសន៍ថា៖ «គំរាមកំហែង មានការបំភិតបំភ័យអ៊ីចឹង​ វាប៉ះពាល់ដល់ដំណើរការបោះឆ្នោតដោយសេរីនិង​យុត្តិធម៌ហើយ ព្រោះការបោះឆ្នោតសេរី គឺគ្មានការបំភិតបំភ័យ គំរាមកំហែង ទិញសន្លឹកឆ្នោត សព្វបែបយ៉ាងហ្នឹង គឺអត់មានទេ»។

រដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ថ្ងៃទី​៥ ​ខែ​មិថុនា ឆ្នាំ​២០២២ ជា​កាលបរិច្ឆេទ​សម្រាប់​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិ​ទី​៥ ខណៈ​ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រនឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ២០២៣។

អង្គការសង្គមស៊ីវិលទាំង​៦៤ បានលើកឡើងថា អនុសាសន៍ឬលក្ខខណ្ឌទាប​បំផុត​សម្រាប់​ការបោះឆ្នោតនៅពេលខាង​មុខ​នេះ គឺផ្អែកលើរដ្ឋធម្មនុញ្ញ ច្បាប់ និង​កតិកាស​ញ្ញាអន្តរជាតិ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងផ្អែកលើអនុសាសន៍ជាច្រើនទៀត ដែលផ្ដល់ដោយស្ថាប័នអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ