អវកាសយានិក​ចិន​៣​រូប​បាន​ទៅ​ដល់​ស្ថានីយ​អវកាស​របស់​ខ្លួន​ដោយ​ជោគជ័យ

យានអវកាសដែលមានឈ្មោះថា Shenzhou-13 នេះ ត្រូវបានបង្ហោះចេញពីខេត្ត កានស៊ូ (Gansu) ភាគ​ពាយព្យ​ប្រ​ទេសចិន នៅរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១។ (REUTERS / CCTV)

ប្រទេសចិន កាលពីថ្ងៃសៅរ៍កន្លងទៅ បានបាញ់បង្ហោះរ៉ុក្កែតមួយដែលផ្ទុកអវកាសយានិកចំនួន៣នាក់​ទៅកាន់ស្ថានីយអវកាសនាពេលអនាគតរបស់ខ្លួនដោយជោគជ័យ។

យានអវកាសដែលមានឈ្មោះថា Shenzhou-13 នេះ ត្រូវបានបង្ហោះចេញពីខេត្ត កានស៊ូ (Gansu) ភាគ​ពាយព្យ​ប្រ​ទេសចិន នៅរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ និង​បាន​ចូលចត​ដោយ​ជោគ​ជ័យ​នៅ​ស្ថានីយអវកាសក្នុ​ងរយៈពេលប្រមាណជា៦ម៉ោងបន្ទាប់ពីចាកចេញពីផែនដី។

ទាក់ទិននឹងករណីនេះ ប្រទេសចិនសង្ឃឹមថា នឹងបញ្ចប់​ការ​សាង​សង់​ស្ថានីយ​អវកាសផ្ទាល់ខ្លួន ដើម្បីប្រជែងជាមួយស្ថានីយ៍អវកាស​អន្តរជាតិ (International Space Station) នៅចុងឆ្នាំក្រោយ ហើយការបង្ហោះយានអវកាស Shenzhou-13 នេះ គឺជាបេសកកម្មទី​២របស់ប្រទេសដែលត្រូវការសម្រាប់​គម្រោង​នេះ។

ក្នុងចំណោមអវកាសយានិកទាំង៣រូប ដែលរួមមា​នបុ​រស២នាក់ និងស្ត្រីម្នាក់ ក្នុងនោះ អ្នកស្រី វ៉ាង យ៉ាភីង (Wang Yaping) គឺជាស្ត្រីដំបូងគេដែលបានទៅដល់ស្ថានីយអវកាសចិននេះ។

បន្ទាប់ពីទៅដល់ស្ថានីយអវកាសនេះ អវកាសយានិកទាំង៣រូប ក៏នឹងត្រូវស្នាក់នៅទីនោះរយៈពេល៦ខែ ជាបេសកកម្មនៅទីអវកាសដែលមានរយៈពេលយូរបំផុតសម្រាប់ប្រទេសចិន ដោយពួកគេនឹងត្រូវធ្វើតេស្តបច្ចេកវិទ្យាសំខាន់ៗ រួមនឹងការងារមួយចំនួនទៀត។

គួរបញ្ជាក់ថា ប្រទេសចិនបានចំណាយពេលមួយទសវត្សរ៍ចុងក្រោយ ដើម្បីអភិវឌ្ឍ​បច្ចេក​វិទ្យាអវកាស​ផ្ទាល់​ខ្លួន ខណៈដែ​ល​ខ្លួនត្រូវបានរារាំងដោយច្បាប់សហរដ្ឋអាមេរិកក្នុងការធ្វើការជាមួយអង្គការ​​ណាសា (NASA)។

ស្របពេលដែលស្ថានីយ​អវកាស​អន្តរជាតិ នឹងឈប់ធ្វើប្រតិបត្តិការក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខនេះ ស្ថានីយអវកាសរបស់ចិនត្រូវបានរំពឹងថានឹងក្លាយជាស្ថានីយតែមួយគត់​នៅក្នុងដែនអវកាស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ