រូប​លោក ហ៊ុន សែន ត្រូវ​បាន​រំលេច​លើ​ក្រដាស​ប្រាក់​រៀល​ភ្ជាប់​ខួប​២៣តុលា

ក្រដាសប្រាក់៣ម៉ឺនរៀល ដែលត្រូវបានធនាគារប្រកាសឱ្យចរាចរនិងប្រើប្រាស់នៅលើទីផ្សារកម្ពុជា។ (ហ្វេសប៊ុក៖ ធនាគារជាតិ នៃកម្ពុជា – National Bank of Cambodia)

រដ្ឋាភិបាលបាន​ប្រកាស​ឱ្យប្រើប្រាស់​ក្រដាស​ប្រាក់ «៣ម៉ឺន​រៀល​» ប្រភេ​ទ​ថ្មី ដែលមានរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេចតា ដោយភ្ជាប់​សារ​ថា អបអរសាទរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទី​ក្រុ​ងប៉ារីស ដែ​លខួបនេះ​​នឹ​ង​ចូលមកដល់នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

អនុក្រឹត្យចុះថ្ងៃទី​១៨ ខែ​​តុលា ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចឱ្យប្រើប្រាស់ក្រដាសប្រាក់​ថ្មី​ប្រភេទ​ «៣ម៉ឺន​រៀល» ចាប់ពីថ្ងៃចុះហត្ថលេខាទៅ។ អនុក្រឹត្យនេះ​បញ្ជាក់ថា ធនាគារជាតិនៃ​កម្ពុជា មានភារកិច្ចចេញប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈ​សម្គាល់នៃក្រ​ដា​សប្រាក់ប្រភេទថ្មីនេះ។

ដោយឡែក សេចក្ដីប្រកាសរបស់ធនាគារជាតិ​នៃកម្ពុជា បានប្រកាសថា ផ្ទៃខាងមុខនៃក្រដាសប្រាក់ ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំព្រះភក្ត្រនៃព្រះករុណា ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ព្រះ​បរមរត​ន​កោដ្ឋ នាឱកាសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ចំណែកផ្នែ​ក​ខាង​ខ្នង​ត្រូវបាន​រំលេច​ឡើងនូវព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះន​រោត្ដម​ សីហនុ ព្រះបរមរតនកោដ្ឋ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសនៃការយាងនិវត្តន៍មក​កាន់មាតុភូមិវិញរបស់ព្រះករុណា​ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ១៩៩១។

បន្ថែមពីនេះ នៅលើក្រដាសប្រាក់ប្រភេទ «៣ម៉ឺនរៀល» នេះវិញ នៅខាងក្រោម​អក្សរធនាគារជាតិ​នៃកម្ពុជា បាន​សរសេរ​ថា «អបអរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (១៩៩១-២០២១)» ។

ប្រធានអង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​លើកឡើងនៅថ្ងៃចន្ទនេះថា រូបភាព​នៅ​លើក្រដាស​ប្រាក់៣ម៉ឺនរៀលនោះ ​គឺចង់​បង្ហាញពីប្រវត្តិសាស្ត្រ ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបុគ្គលឆ្នើមមួយរូបក្នុងការ​​ជួយជ្រោមជ្រែងឱ្យមានកិច្ចព្រមព្រៀងនេះ។

លោកលើកឡើងថា៖ «វាបង្ហាញអំពីប្រវត្តិសាស្រ្ត ដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជា​ ដែល​ជា​បុគ្គល​ឆ្នើម​ទាំង​២​រូប​ហ្នឹង​ អ្នកដែលនាំមក​នូវសន្តិភាព​តាមប្រវត្តិសាស្រ្តកម្ពុជា​​ ដែល​ជា​អ្នក​ជួយ​ផ្ចុងផ្ដើម ជួយ​ជំរុញ​នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​»។

អតីត​តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ​មាន​ប្រសាសន៍​ថា បើសិនជាគេគិតពីប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់កម្ពុជា ហើយចង់លើកស្តារស្នា​ដៃ​របស់វរជន​​ខ្មែរដែលបានផ្សះផ្សាជាតិនិងបញ្ចប់សង្គ្រាមជាដើម រដ្ឋាភិបាលគួរយកថ្ងៃ២៣តុលា​ ជាថ្ងៃបុណ្យជាតិឡើងវិញ ប្រហែលជាប្រសើរជាងការ​បំផុសដាក់រូបថ្នាក់ដឹកនាំលើក្រដាសប្រាក់។

លោកថា៖ «យើងគាំទ្រសម្ដេចឪ លោកជាប្រធាន​កាលពីសម័យហ្នឹង ហើយលោកជាព្រះមហាក្សត្រ ការដែលដាក់រូបព្រះអង្គ​ជារឿងត្រឹមត្រូវហើយ។ ក៏ប៉ុន្តែសម្ដេចនាយករដ្ឋមន្ត្រី​ ប្រជាពលរដ្ឋខ្មែរអបអរប៉ុនណាយើង​មិន​ដឹង ក៏ប៉ុន្តែអ្នកគាំទ្រលោកច្បាស់ជាគាំទ្រហើយ»។

ដូចគ្នានេះដែរ នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា បញ្ហាសិទ្ធិមនុស្សនិ​ងភាពផុយស្រួយនៃការបែកបាក់ជាតិនៅតែគំរាមកំហែងកម្ពុជា បើសារនេះមានតែនៅលើក្រដាសប្រាក់ទេ​នោះ។

លោកថា៖ «បញ្ហាវានៅសំខាន់បំផុតត្រង់ថា គ្រប់ភាគីអ្នកនយោបាយទាំងអស់ត្រូវធ្វើយ៉ាងណា ត្រូវ​មានឆន្ទៈ​ ដើម្បី​រក​នូវឯកភាពជាតិនិងសាមគ្គីភាពជាតិ​តែមួយ​ឱ្យបា​ន អាហ្នឹងគឺជារឿងសំខាន់ […] ហើយនិងដើរតាមព្រះរាជតម្រិះព្រះករុណាព្រះបាទ​នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋនៃយើង»។

ប៉ុន្តែបើតាមអនុក្រឹត្យចុះថ្ងៃទី២ ខែ​សីហា ឆ្នាំ២០១៩ ទិវាសន្តិភាពទីក្រុងប៉ារីសត្រូវបានរដ្ឋាភិបាលលុបចេញពីប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ ជាលើកទី២ ចាប់ពីឆ្នាំ២០២០មក ក្នុងនោះក៏មានទាំង «ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​​១០ធ្នូ» ផងដែរ ក្រោមហេតុផលថា ដើម្បីសម្រួលបន្ទុកអ្នកវិនិយោគដែលត្អូញត្អែរថា កម្ពុជាមានថ្ងៃបុណ្យជាតិ​ឈប់​សម្រាក​ច្រើន​ពេក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ