យុវជន​បរិស្ថាន ស្នើ​សាលា​ឧទ្ធរណ៍​ទម្លាក់​បទ​ចោទ​ពាក់ព័ន្ធ​នឹង​បទ​ញុះញង់

លោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

សកម្មជនបរិស្ថាន៣រូប ទាមទារទៅសាលាឧទ្ធរណ៍​ទម្លាក់​​ប​ទចោ​ទ​ប្រកាន់ ដោយ​ថា អ្វី​ដែល​ពួក​គេ​បាន​ធ្វើកន្លង​ទៅ ជាការចូ​ល​​រួមការពារបរិស្ថាន និង​មិនបាន​ធ្វើអ្វី​ខុស​​ដូច​ដែល​សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់នោះទេ។

យុវជនមាតាធម្មជាតិទាំង៣នាក់នោះ រួមមាន​ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ និងក្រោយ​មក​ តុលាការ​នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេច​ផ្តន្ទាទោស​​​​ក្នុង​ខែ​ឧសភា ឆ្នាំ២០២១ ដាក់ពន្ធនាគារ​ចន្លោះពី១៨ខែ ទៅ២០ខែ ពីបទ «ញុះញង់» ក្រោយ​ពីពួក​គេបង្ហោះសារ​ពី​គម្រោង​ស្លៀកសពាក់ស ដើរពីវត្តភ្នំទៅផ្ទះនាយករដ្ឋមន្ត្រី ដើម្បីសុំបញ្ឈប់ការលុប«បឹងកប់ស្រូវ» ឬ «បឹងតាមោក»។ ករណីនេះបាន​ធ្វើឱ្យពួកគេប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ ដើម្បីស្វែងរកយុត្តិធម៌។

មេធាវីការពារក្ដីឱ្យ​យុវជនទាំង៣នាក់នោះ គឺ​លោក សំ ចំរើន មានប្រសាសន៍​ថា​ នៅក្នុង​​​សាលាឧទ្ធរណ៍ នៅថ្ងៃអង្គារនេះ កូ​នក្ដីរបស់លោក​​បាន​ស្នើតុលាការទម្លាក់​បទ​ចោ​​ទប្រកាន់​របស់សាលាដំបូងរាជធានីភ្នំពេញ ដោយថា អ្វីដែលពួកគេបានធ្វើកន្លងទៅជាការចូលរួមការពារបរិស្ថាន និងមិន​មានចេតនាញុះញង់បង្កភាពវឹកវរក្នុងសង្គម ដូចការ​ចោទប្រកាន់ទេ។

លោកថា៖ «គាត់សុំឱ្យតែរួចផុតពីបទចោទ គាត់ថាគាត់គ្មានចេតនាអីទៅញុះញង់ដូចបទចោទប្រកាន់ទេ»។

បើតាមមេធាវីរូបនេះ សាលដីកាលើបណ្ដឹងជំទាស់នេះ ត្រូវបានប្រធានក្រុមប្រឹក្សាក្នុងអង្គជំនុំជម្រះលើកពេល​ទៅ​ប្រ​កា​​ស​នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។ 

យ៉ាងណា អំឡុងខែកក្កដា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេច​បន្ថែមបទចោទទៅ​លើ​​យុវជនទាំង៣រូបនេះបន្ថែម​មួយករណីទៀតគឺ​ «បទរួមគំនិតក្បត់​»

បញ្ហានេះ ក្រុមអង្គការសង្គមស៊ីវិលបានធ្វើយុទ្ធនាការលើបណ្ដាញសង្គមអស់រយៈពេល​១០​សប្ដាហ៍​មកហើយ ជំរុញ​ឱ្យរដ្ឋាភិបាលពិចារណាដោះលែងសកម្មជនបរិស្ថាន៦រូប និងសកម្មជនសិ​ទ្ធិមនុស្សមួយចំនួនទៀត​ឱ្យ​មានសេរីភាពវិញ។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សទាំងនោះគូសបញ្ជាក់ថា នៅមុនពេលចាប់ខ្លួន យុវជនការពារបរិស្ថានទាំង៦រូបតែងលើកឡើងពីបញ្ហាបរិស្ថាន ជាពិសេសការស្នើសុំឱ្យបញ្ឈប់ការលុបបឹងតាមោក ដែលជាបឹងធំចុងក្រោយក្នុងរាជធានីភ្នំពេញ។ ពួកគេ​យល់​ថា ការ​ស្នើសុំរបស់អ្នកទាំងនោះមិនត្រូវបានអាជ្ញាធររដ្ឋយក​ចិត្តទុកដាក់នោះទេ ផ្ទុយទៅ​វិញ អ្នកទាំងនោះត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារដោយមិនត្រឹមត្រូវទៅវិញ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ