សាលាឧទ្ធរណ៍បាត់ដំបង កោះហៅសកម្មជនព្រៃឈើម្នាក់នៅខេត្តពោធិ៍សាត់ឱ្យចូលសវនាការនៅដើមសប្ដាហ៍ក្រោយ

សកម្មជន​ព្រៃ​ឈើ និង​ដីធ្លី​ លោក គុជ វេង អាយុ៤៧ឆ្នាំ រស់​នៅភូមិដំណាក់ត្រយឹង ឃុំព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។ (ហ្វេសប៊ុកលោក គុជ វេង)

សាលាឧទ្ធរណ៍​បាត់ដំបង បានកោះហៅសកម្មជ​ន​ព្រៃ​ឈើនិង​ដីធ្លីម្នាក់នៅខេត្តពោធិ៍សាត់ ឱ្យចូលសវនាការនៅសប្តាហ៍ក្រោយ​នេះ ពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយ​ក្រុមហ៊ុន​ ភា​ពី​ម៉ិច​ កាល​ពី​១០ឆ្នាំមុន។

ព្រះរាជ​អាជ្ញា ​នៃមហា​អយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង ​​លោក ហេង លុយ ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​សកម្មជន​ព្រៃ​ឈើ និង​ដីធ្លី​ លោក គុជ វេង អាយុ៤៧ឆ្នាំ រស់​នៅភូមិដំណាក់ត្រយឹង ឃុំព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឱ្យចូលសវនាការ​នៅ​សាលាឧទ្ធរណ៍បាត់ដំបង​ នៅថ្ងៃទី​១០ ខែ​មករា​នេះ ក្រោម​បទ​ចោទ «ញុះញង់​ឱ្យប្រព្រឹត្តបទ​ល្មើស» តាម​មាត្រា៤៩៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

សកម្មជន​ព្រៃឈើ និងដីធ្លី លោក គុជ វេង ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា កាលពីឆ្នាំ២០១២ រូប​លោក និង​ពលរដ្ឋរាប់រយនាក់ផ្សេងទៀត​នៅក្នុងសហគមន៍របស់លោក បាន​នាំគ្នាតវ៉ាប្រឆាំងក្រុមហ៊ុន​ ភាពីម៉ិច (Pheapimex) ដែលបានដាក់គ្រឿង​​ចក្រឈូសឆាយដីធ្លី និងព្រៃសហគមន៍របស់ប្រជាពលរដ្ឋដែលកំពុង​អាស្រ័យផល។

លោក​បន្តថា ក្រោយពីលោកចូលរួមតវ៉ាប្រឆាំង​នឹង​ការឈូសឆាយដីធ្លីពី​សំណាក់​ក្រុមហ៊ុនចិនមួយនេះ​ គឺ​រូបលោក​ត្រូវ​បានគេប្តឹង​ទៅ​សាលាដំបូង​​ខេត្តពោធិ៍សាត់ ហើយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ តុលាការ​មួយនេះបានបើកសវនាការ និងបានកាត់ទោសរូបលោក​ឱ្យជាប់ពន្ធនាគារ១ឆ្នាំ ប៉ុន្តែឱ្យលោកនៅក្រៅឃុំដោយព្យួរទោស។ លោក​ថា ក្រោយមក ​លោកបានឱ្យមេធាវីប្តឹង​ជំទាស់​ការសម្រេចនេះ​ទៅសាលាឧទ្ធរណ៍បាត់ដំបង។

លោក គុជ វេង យល់ថា ការ​ចោទ​ប្រកាន់ និង​ការព្យួរទោសលោក១ឆ្នាំនោះ ជា​រឿង​អយុត្តិ​ធម៌ និង​ជាការគំរាមកំហែងបំបាក់ស្មារតីមិន​ឱ្យលោក​ហ៊ានចេញតវ៉ា និងបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតែប៉ុណ្ណោះ។ លោក​ថា លោក​នឹង​ចូល​ទៅឆ្លើយ​បំភ្លឺ​ចំពោះមុខ​តុលាការឧទ្ធរណ៍បាត់ដំបង និងស្នើដល់​តុលាការមួយនេះជួយផ្តល់យុត្តិធម៌ ដោយទម្លាក់ចោលការចោទប្រកាន់នានាលើរូបលោក។

លោកបន្ថែមថា៖ «ការចោទប្រកាន់នេះ ជាការចោទប្រកាន់​ដើម្បីកុំឱ្យមានអ្នកហ៊ានតវ៉ាបន្តទៀតតែប៉ុណ្ណោះ ព្រោះ​ខ្ញុំ​អត់បាន​ទៅ​ញុះញង់​អ្នកណាឱ្យទៅតវ៉ាដូចការចោទប្រកាន់នោះទេ។ សំខាន់ ក្រុមហ៊ុននេះទេ​ដែល​ធ្វើខុស ព្រោះក្រុមហ៊ុននេះចូលមកដល់ អត់បានវាយតម្លៃពីផលប៉ះពាល់បរិស្ថាននិងដីធ្លីរបស់ប្រជាពលរដ្ឋអ្វីទាំងអស់។ មកដល់ដាក់គ្រឿងចក្រទៅឈូសឆាយលើដីដំណាំដាំដុះរបស់​ប្រជាពលរដ្ឋ។ អ៊ីចឹងហើយប្រជាពលរដ្ឋគាត់ងើបតវ៉ា​ខ្លួន​គាត់ មិនមែនខ្ញុំជា[អ្នក]ញុះញង់ឱ្យគាត់តវ៉ាទេ ហើយរឿងនេះតាំងពីឆ្នាំ២០១២ មកដល់ឥលូវនេះ វាគួរតែបញ្ចប់ហើយបណ្តឹងហ្នឹងនោះ»

អ្នកឃ្លាំមើលការរំលោភសិទ្ធិ​មនុស្ស ​នៃ​អង្គការលីកាដូ​ប្រចាំខេត្តពោធិ៍សាត់ លោក ចឹក ចិត្រា មាន​ប្រសាសន៍​ថា ករណីតុលាការ​កោះហៅសកម្មជនព្រៃឈើ និងដីធ្លី លោក គុជ វេង ចូលសវនាការនេះ ហាក់ស្របពេលដែលថ្ងៃបោះឆ្នោតឆ្នាំ២០២៣ ​ខិតជិតមកដល់ ខណៈលោក គុជ វេង ជាប្រជាសហគមន៍ម្នាក់​សកម្មក្នុងការតវ៉ាទាមទារសិទ្ធិដីធ្លី សិទ្ធិបញ្ចេញមតិ និងហ៊ានរិះគន់ពីភាពអសកម្មនានារបស់មន្ត្រីរដ្ឋ និងរដ្ឋាភិបាល។

អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះ បន្តថា ការកោះហៅនេះអាចជាចេតនាគំរាមកំហែងបំបិទសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋដែលហ៊ានចេញតវ៉ាតស៊ូមតិនៅក្នុងសហគមន៍របស់ពួកគេផងដែរ។

លោកបន្ថែមថា៖ «នីតិវិធីរបស់តុលាការ វាហាក់ដូចជាមានភាពចៃដន្យ​ ដែលកើតឡើងមុនពេលបោះឆ្នោតឆ្នាំ២០២៣ខាងមុខ ក្នុងការបង្កការរាំងស្ទះ ឬ​ក៏បំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលហ៊ានចេញតស៊ូម​តិ​នៅក្នុងសហគមន៍របស់ពួកគាត់។ អ៊ីចឹងក្នុងនាមយើងជាសង្គមស៊ីវិល យើងទទូច​ដល់​តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់ទៅលើសកម្មជនសហគមន៍​ដែល​គាត់​ហ៊ាន​ចេញ​តស៊ូ​មតិ និងការផ្តល់ជាគំនិតក្នុងការទាមទារសិទ្ធិសេរីភាព និងវិស័យ​សិទ្ធិ​មនុស្ស ឬ​ក៏​សហគមន៍របស់​ពួកគាត់ ដើម្បីឱ្យពួកគាត់មានសំឡេងឡើងវិញ»

ក្រោមជម្លោះដី​ធ្លីរវាង​ក្រុមហ៊ុន ភាពីម៉ិច និងប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់នេះ គឺក្រុមហ៊ុនបានប្តឹងពលរដ្ឋ ៧នាក់ ទៅតុលាការ​ ដោយ​ចោទ​ថាបានធ្វើឱ្យ​​ខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុនដោយ​ចេតនា ប៉ុន្តែពលរដ្ឋទាំង៧នាក់​នោះត្រូវ​បានតុលាការ​ខេត្តពោធិ៍សាត់ទម្លាក់ចោលការចោទប្រកាន់វិញនៅឆ្នាំ២០១៧ ក្រោយពីជម្លោះនេះបាន​អូសបន្លាយជិត១០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ