អ្នកឃ្លាំមើលយល់ថា វប្បធម៌អន្តរាគមន៍របស់រដ្ឋាភិបាលមិនអាចធានាយុត្តិធម៌សង្គមបានទេ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួងរៀបចំដែនដី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

អ្នកឃ្លាំមើលសង្គម យល់ថា ការដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអន្តរាគមន៍រកយុត្តិធម៌ឱ្យ​​​​អ្ន​​ក​​​​​​​អត្ថាធិប្បាយទូរទស្ស​​​​​ន៍​​បា​​យ័ន ​​ដែលត្រូវតុលាការបង្គាប់ឱ្យឃុំខ្លួន ក្រោយ​​រង​ការ​ចោទ​ពី​បទ​ «ឆបោក​ប្រាក់ជាង​៣៦លាន​ដុល្លារ» ភ្ជា​​​ប់​​​នឹង​សារព្រមានដកតំណែងមន្ត្រីអនុវត្តច្បា​ប់ មិនអាចធានាយុត្តិធម៌​​ស​​ង្គម​បាន​ទេ ដរាប​ណា​​​​រដ្ឋាភិបាល​​មិនបង្កើតឱ្យមានប្រព័ន្ធតុលាការ​ឯករាជ្យ​នោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធីបិទសន្និបាត នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កា​​​​លពីថ្ងៃទី២៧ ខែធ្នូ បាន​ទម្លាយ​ថា លោក​បាន​ធានា​​បុគ្គលិក​​ទូរទស្សន៍​បាយ័ន​ម្នាក់ដែល​ត្រូវបាន​ចាប់​ខ្លួន ឱ្យ​​បា​​ននៅក្រៅឃុំ តាមរយៈការបញ្ជូនមេធាវី​ឱ្យការពារក្តី ក្រោយពីលោកបានដឹងកាលពីថ្ងៃអង្គារម្សិលមិញ។

លោកថា៖ «បើរវល់តែល្មោភ​រឿង​ចាប់​រឿង​ចងៗ​ហ្នឹង វាយ៉ាងម៉េចៗ! ឥលូវ ខ្ញុំ​បញ្ជូន​មេធាវី​របស់​ខ្ញុំ​ទៅការ​ពារ​ហ្មង ហើយវាទាក់​ទង​ជាមួយ​នឹង​អ្នក​ឧកញ៉ាដែល​គេមានប្រាក់កាសនោះ។ រួច​ហើយ​គឺ​ថាខាង​យើង​នេះ ផ្នែក​តុលាការផ្នែកអីហ្នឹង អាងឡើងចាប់គ្រឹបៗ។ អារឿងបញ្ហារដ្ឋប្បវេណី យើងកោះហៅទៅបាន​ទេ ដើម្បី​ទៅពិភាក្សា ទៅមើល! ហើយ​គិត​តែពីរឿងចាប់រឿងចងៗ រួចហើយ​គេមើលពីក្រៅមក គេមានដឹងតុលាការឯណា! គេដឹងតែពី ហ៊ុន សែន តែម្តង នៅពេលដែលយើងអត់ដឹងផង»។

លោកថ្លែងទាំងមិនបញ្ចេញឈ្មោះថា អ្នកដែលត្រូវចាប់ខ្លួនដែល​ជាបុគ្គលិកទូរទស្សន៍បាយ័ននោះ រងការចោទ​ប្រកាន់ថាជាប់ព័ន្ធនឹងការឆបោកប្រាក់​ជាង៣៦លានដុលា្លរដើម្បីទៅរៀបចំដី ដែល​ការណ៍​នេះ លោក​ហាក់​មិន​ទាន់​ជឿ​ការ​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ តែថានឹងបន្តតាមដានរហូតទីបញ្ចប់ ដើម្បីចង់ដឹងពីចំណាត់ការច្បាប់មួយនេះ។

លោកថា៖ «បុគ្គលិកបាយ័ននេះ នៅពេលដែលគេត្រូវចាប់ មេធាវីទៅបង្គាប់ទារ​ប្រពន្ធ ៥ ០០០ដុល្លារ​មុនទៀត ហើយ​គ្នាអត់មានលុយទៅទៀត។ ចុះបើ៣៦លាន​ ចាំបាច់ទៅវេទនាទៅអានវិទ្យុបាយ័ន ទូរទស្សន៍បា​យ័​​​​ន​ធ្វើអី? អ៊ីចឹងបានថា អ៊ីចឹងៗ​យើងមើល​ផង​មើលៗ កុំ​អាង​តែ​មាន​អំណាច​គឺ​ថា​ចេះ​តែ​ចាប់​ ចេះ​តែ​ចង ចា​​​ប់ចងៗៗ! រួចហើយគឺថាអ្នកដែល​វេទនាជាង​គេ ​គឺ​នាយករដ្ឋមន្ត្រី! ម្ខាង​គេ​ចោទ​ថា​អាង​អី? អាច​រដ្ឋាភិ​បាលចា​​ប់!​ ប៉ុន្តែតុលាការជាអ្នកបញ្ជាចាប់»។

បញ្ហានេះ លោកបានព្រមានថា៖ «អស់លោកកុំអាងតែមានសក្តិ ខ្ញុំសូមព្រមានប្រាប់អស់លោកឱ្យហើយ កុំថាអស់លោកពាក់ត្រឹម​ផ្កាយ ពាក់​លោកខែ ក៏ខ្ញុំដកចេញបានដែរ ខ្ញុំសុំ[ប្រាប់]ឱ្យហើយ ជានគរបាលយុ​ត្តិ​ធម៌ ជាអាវុធហត្ថក្តី កុំចេះតែបណ្តោយតាមតែចិត្តចង់ៗ អ៊ីចឹងត្រូវមើលបញ្ហាហ្នឹងឱ្យបានដិតដល់»។

ភរិយាសកម្មជនបក្សប្រឆាំង​ ដែល​ស្វាមីគាត់​កំពុង​ជាប់​ពន្ធនាគារដោយ​រដ្ឋាភិបាល​ប្តឹង​ គឺ​អ្នក​ស្រី ព្រំ ចន្ថា អាយុ​៤៥​ឆ្នាំ បង្ហាញ​ការ​ខកចិត្ត ដោយ​ថា ក្នុងសង្គមប្រជាធិបតេយ្យ​​ គេមិនចាប់​ស្វាមី​របស់​គាត់​ដាក់ពន្ធនា​គារ​រហូតដល់​៣ឆ្នាំ ដោយ​គ្រាន់​តែ​មាន​មតិ​ផ្ទុយ​នឹង​រដ្ឋាភិបា​ល​នោះ​ទេ ដែលការណ៍នេះ​ អ្នកស្រីចង់ឃើញរដ្ឋាភិបាលលុបបំបាត់ការរើសអើងខាងនយោបាយ ហើយវិលទៅរកគន្លងប្រជាធិបតេយ្យវិញ។

អ្នកស្រីថា៖ «ខ្ញុំចង់បានមេដឹកនាំបែបប្រជាធិបតេយ្យ ខ្ញុំអត់​​ចង់បានមេដឹកនាំបែបផ្តាច់ការអ៊ីចឹងទេ»។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា កត់សម្គាល់ថា ប្រព័ន្ធតុលាការត្រូវបានគេដឹងថា ​ស្ថិតក្រោមឥទ្ធិពលរបស់មេដឹកនាំបក្សកាន់អំណាច ហើយ​ថាប្រតិកម្មរបស់នាយករដ្ឋមន្ត្រីពេលនេះ អាច​ប៉ះ​ចំមនុស្សដែលនៅកៀកនឹងក្រុមគ្រួសាររបស់លោក។

ប៉ុន្តែអ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះជឿថា បុគ្គលិក​ទូរទស្សន៍​បាយ័ន​ដែល​ត្រូវ​គេ​ចាប់​ឃុំខ្លួន​នេះ អាច​នឹងមាន​សំណាង​ជាង​សកម្មជន​ដីធ្លី បរិស្ថាន និង​សកម្មជន​នយោបាយ​រាប់​រយ​នាក់​ផ្សេង​ទៀត រួម​ទាំង​អ្នក​រងគ្រោះ​​​​​ដោយ​ការអភិវឌ្ឍ​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្ត​កណ្តាល ដែលពួកគេរងគ្រោះពី​ប្រព័ន្ធ​នេះ​ដូ​ច​គ្នា តែមេដឹកនាំមិនទាន់ចេញមុខជួយរកយុត្តិធម៌ឱ្យនៅឡើយ​។

លោកថា៖ «ក្នុងនាមអង្គការសង្គមស៊ីវិល ខ្ញុំចង់ឱ្យសម្តេចនាយករដ្ឋមន្ត្រី លោកកុំឱ្យឃើញតែករណី​មួយ ដូ​​ច​​​ជា​ទូរទស្សន៍បាយ័ន! សូម​ឱ្យលោកជួយប្រមើលមើល​ទៅ​ពលរដ្ឋផ្សេងទៀតដែលរងគ្រោះ​ដោយសារតែប្រ​ព័​ន្ធ​យុត្តិធម៌ហ្នឹងផង […]​ ពីព្រោះថាអ្នក​ដែល​រស់​នៅ​លើ​ទឹក​ដី​ប្រទេសកម្ពុជា គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​រ​បស់​​នា​យ​ករដ្ឋមន្រ្តីតែមួយទេ»។

បញ្ហា​​នេះ លោកយល់ថា ដើម្បីឱ្យប្រព័ន្ធ​យុតិ្តធម៌​អាចធានា​យុត្តិធម៌សង្គម ដោយគ្មានការរើសអើង ឬមិនចាំ​បា​ច់មាន​​នាយក​រដ្ឋមន្ត្រី​ចេញ​អន្តរាគមន៍​ផ្លូវ​ច្បាប់នោះ​ ទាល់​តែ​មន្ត្រីយុត្តិ​ធម៌ រួម​មាន ​ចៅក្រម ព្រះរាជអាជ្ញា និង​ន​គរបា​​​​លយុត្តិធម៌ ជាដើម មិនមែនជាសមាជិកបក្សកាន់អំណាចដូចបច្ចុប្បន្ន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា អ្វីដែលនាយករដ្ឋមន្ត្រី​បានថ្លែង ជាការបញ្ជាទៅ​នគរបាលយុត្តិធម៌ ដើម្បីស្វែងរកការពិត ជុំវិញ​បទ​ចោទ​ប្រកាន់​លើ​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​បាយ័ន មិន​មែន​ជា​ការជ្រៀតជ្រែកកិច្ចការតុលាការនោះទេ។

លោកថា៖ «អ៊ីចឹង ឥលូវនេះ ជនជាប់ចោទ គាត់មានមេធាវី! អ៊ីចឹងមេធាវីគាត់ធ្វើការការពារខ្លះ តតាំងក្តីតាមនីតិវិធីរបស់តុលាការ ហើយការសម្រេចយ៉ាងម៉េច វានៅលើតុលាការ»។

ដោយឡែក សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា សង្កេត​ឃើញ​ថា របត់​នយោបាយនា​រយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោ​យនេះ អ្នកសារព័ត៌មាន​មួយចំនួនត្រូវ​បាន​ចាប់​ខ្លួន ចោទប្រកាន់ និងខ្លះទៀត​​ត្រូវ​ចាប់​ឃុំ​ខ្លួន ប៉ុន្តែ​​មិន​មាន​ប្រ​តិក​ម្ម​​​ពី​នាយករដ្ឋមន្ត្រី ដូចករណីអ្នកអត្ថាធិប្បាយនៅទូរទស្សន៍បាយ័នទេ។ ករណីនេះ លោកគិតថា ប្រតិកម្មនេះអា​ច​​ម​កពីការអនុវត្តច្បាប់ប៉ះផលប្រយោជន៍បក្ខពួក និងក្រុមគ្រួសារច្រើនជាង។

លោកថា៖ «សង្គមកម្ពុជា វាខ្វះនូវយន្តការអនុវត្តច្បាប់​ពិតប្រាកដ ការអនុវត្តច្បាប់មានករណី វាមិនមែនជាកា​រអនុវត្តច្បាប់ជាគោលការណ៍ទូទៅទេ ដែលគេហៅថា “បរិបទបក្ខពួកអញ​ទៅ វារួចខ្លួន មិនមែនបក្ខពួកអ​ញ ចា​ប់អ្ហែងមែនទែន” […] ហើយ​នេះទៅប៉ះអ្នកអត្ថាធិប្បាយទូរទស្សន៍បាយ័ន ជាទូរទស្សន៍របស់កូនគាត់ បាន​គាត់ឈឺឆ្អាល។ ចុះអ្នកផ្សេងទៀត? យើងសួរថាម៉េច? វាមានច្រើនរូបភាពកន្លងមកហើយ»។

យ៉ាងណា លោកគិតថា ដើម្បីធានាយុត្តិធម៌សង្គមដោយគ្មានការរើសអើងនិន្នាការនយោបាយ វាចាំបាច់ណា​​ស់ សសរ​ស្តម្ភរបស់ជា​តិទាំង៣ រួមមាន​​ រដ្ឋាភិបាល តុលាការ និងរដ្ឋសភា​ ត្រូវតែ​​ជាស្ថាប័នឯករាជ្យ មិនរំលោភអំ​ណា​​​ចគ្នាដូច​បច្ចុប្បន្ន ហើយមន្ត្រីតុលាការ​ត្រូវតែងតាំងដោយប្រធានតុលាការកំពូល មិនមែន​តែងតាំងដោយរដ្ឋាភិបាល​ដូចប្រទេសកម្ពុជាទេ នោះ​ទើបប្រព័ន្ធ​ដឹក​នាំ​ធានា​បាន​នូវយុត្តិធម៌​ខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ