ពលរដ្ឋ​នៅ​កោះកុង​ធ្វើ​យុទ្ធនាការ​ទាមទារ​ការ​ដោះស្រាយ​ដីធ្លី និង​ទម្លាក់​ចោល​បទ​ចោទ​លើ​តំណាង​ពួកគេ

​ពលរដ្ឋមួយក្រុមដែលកំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ «ហេង ហ៊ុយ» ស្ថិត​ក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង បាននាំ​គ្នាធ្វើយុទ្ធនាការតាមបណ្ដាញសង្គម ទាមទារការដោះស្រាយវិវាទ​ដីធ្លី និងទម្លាក់ចោលការចោទប្រកាន់លើតំណាងរបស់ពួកគេ។ (ផ្ដល់ឱ្យ)

​ពលរដ្ឋមួយក្រុមដែលកំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ «ហេង ហ៊ុយ អេ​គ្រី​ខាល់​ឈ័រ គ្រុប» ស្ថិត​ក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង បាននាំ​គ្នាធ្វើយុទ្ធនាការតាមបណ្ដាញសង្គម ទាមទារការដោះស្រាយវិវាទ​ដីធ្លី និងទម្លាក់ចោលការចោទប្រកាន់លើតំណាងរបស់ពួកគេ។

កាលពីថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមួយក្រុមដែលកំពុងមានបញ្ហាដីធ្លីនៅខេត្តកោះកុង បាននាំគ្នាធ្វើយុទ្ធនាការដោយឈរលើកបដា​ផ្សព្វផ្សាយតាមហ្វេសប៊ុករបស់ពួកគេរៀងៗខ្លួន ដោយស្នើសុំដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួគេ និងស្នើដល់តុលាការខេត្តកោះកុងទម្លាក់ចោលការចោទប្រកាន់លើតំណាងពលរដ្ឋ១០នាក់ដែលកំពុងរងបណ្ដឹងនៅស្ថាប័នមួយនេះផងដែរ។

ក្នុងបដាដែល​ពលរដ្ឋ​លើកបានសរសេរថា «ដីជាអាយុជីវិតរបស់ពួកគេ ១៩៧គ្រួសារ នៅភូមិតានី ឃុំជីខលើ ស្រុក​ស្រែអំបិល ខេត្តកោះកុង» និងបានទាមទារទៅលោក ហេង ហ៊ុយ ជាមន្ត្រីនគរបាលនៅខេត្តកោះកុង សង​ដីជូនប្រជាពលរដ្ឋ១៩៧គ្រួសារវិញ។ ក្នុងបដាទាំងនោះក៏បានសរសេរទាមទារឱ្យតុលាការខេត្តកោះកុងទម្លាក់ការចោទប្រកាន់លើតំណាងពលរដ្ឋ១០នាក់ផងដែរ។

អ្នកស្រី ដេត ហួរ ដែលអះអាងថាជាតំណាងប្រជាពលរដ្ឋ និង​កំពុងជាប់បណ្ដឹងនៅតុលាការ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ការដែលពួកគាត់​ជ្រើសរើសយកការតស៊ូមតិតាមរយៈអនឡាញ​នេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដែលធ្វើឱ្យ​ពួកគាត់​មិនអាចទៅប្រមូលផ្តុំតាមស្ថាប័នពាក់​ព័ន្ធផ្សេងៗទៀត​បាន​ឡើយ។ ប៉ុន្តែអ្នកស្រី​ថា ពេលជំងឺកូវីដ-១៩ស្ងាត់ទៅវិញ ពួកគាត់នឹងឡើងមកតវ៉ាតាមស្ថាប័នរដ្ឋនៅថ្នាក់ជាតិបន្តទៀត ប្រសិន​នៅតែពុំមានដំណោះស្រាយ។

តំណាងពលរដ្ឋរូបនេះឱ្យដឹងទៀត​ថា ដី​ទំហំ​១ ២០០ហិកតារបស់អ្នកភូមិ១៩៧គ្រួសារនេះ ត្រូវបានក្រុម​ហ៊ុនរបស់លោក​ ហេង ហ៊ុយ ដែលជា​មន្ត្រីនគរបាលខេត្តកោះកុង រំលោភយកអស់តាំងពីឆ្នាំ២០០៧។ ហើយលោក ហេង ហ៊ុយ បានប្ដឹងតំណាងពលរដ្ឋ១០នាក់ទៅតុលាការ​ពីបទ «បរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» យ៉ាងអយុត្តិធម៌ថែមទៀត។

អ្នកស្រី ដេត ហួរ បន្ថែមថា៖ «ពួកយើងរាល់ថ្ងៃនេះជាប់បណ្ដឹងនៅតុលាការ ដោយសារតែរឿងតវ៉ាដីធ្លី។ អ៊ីចឹង​សូម​ឱ្យអាជ្ញាធរនិងតុលាការពិចារណាទម្លាក់ចោលការចោទប្រកាន់លើពួកយើង និងចុះមកពិនិត្យដីធ្លីដល់កន្លែងជាក់ស្តែង និងដោះស្រាយដីធ្លីជូនពួកយើងនៅភូមិតានីនេះផ្ទាល់។ ពលរដ្ឋពួកយើងកើតទុក្ខមិនសុខចិត្ត និងធ្លាក់ខ្លួនក្រីក្រដល់សព្វថ្ងៃនេះ និងកូនចៅអត់បានទៅរៀនសូត្រ ដោយសារតែការបាត់បង់ដីធ្លី អត់ដីសម្រាប់បង្កបង្កើនផល។ អ៊ីចឹង​ខ្ញុំសូមអំពាវនាវដល់សម្ដេច​ជួយដោះស្រាយដីធ្លីពលរដ្ឋដែលបាត់បង់ដោយសារលោក ហេង ហ៊ុយ រំលោភយកនេះផង»

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី អិប តឹង ដែលកំពុងជាប់បណ្ដឹងនៅតុលាការដែរនោះ បាននិយាយថា វាជារឿង​អយុត្តិធម៌​មួយដែលពួកគាត់បាត់បង់ដីធ្លីនិងបាត់បង់មុខរបរ ដោយសារក្រុមហ៊ុនមួយនេះប្ដឹង​ពួកគាត់​ទៅតុ​លាការ ហើយត្រូវបានតុលាការចាត់ការលើបណ្ដឹងនោះថែមទៀត។

អ្នកស្រី​បន្តថា ទោះអ្នកភូមិ​បានបាត់បង់ដីធ្លីក្នុងចំនួនច្រើនដោយសារក្រុមហ៊ុន ហេង ហ៊ុយ ក៏ដោយ ប៉ុន្តែអ្នកភូមិទាមទារសំណង​មកវិ​ញត្រឹមតែដី២ហិកតា និងលុយ៧ ០០០ដុល្លារប៉ុណ្ណោះ​ក្នុងមួយគ្រួសារ។ អ្នកស្រីថា​ ក្រុមហ៊ុនបានដាក់គ្រឿងចក្រឈូសឆាយស្រូវនិងផលដំណាំហូបផ្លែផ្សេងទៀតរបស់អ្នកភូមិ ដោយមិនបានដោះស្រាយសំណងឡើយ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំទទួលស្គាល់ថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួន គាត់បានលក់ដីឱ្យលោក ហេង ហ៊ុយ​ មែន! គាត់​លក់ដីព្រៃកន្លែងផ្សេងទេ! ប៉ុន្តែជាក់ស្តែង ដីស្រែដែលពួកគាត់​ធ្វើអាស្រ័យផល​រាល់ឆ្នាំ​ហ្នឹង គឺគាត់​មិនបានលក់! គឺហេង ហ៊ុយ យកដោយស្រស់ៗតែម្តង ហើយអត់មានដោះស្រាយសំណងអីជូនគាត់សោះតែម្តង។ ក្រុមខ្ញុំនេះទៅតវ៉ាដោយខ្លួនឯង អត់មានការញុះញង់ពីអ្នកណាទេ ពីព្រោះអីយើងបានបាត់បង់ដីពិតមែន។ ខ្ញុំមានការខកចិត្តខ្លាំងណាស់ យើងបាត់បង់ដីហើយ យើងតវ៉ាយកដីខ្លួនឯង​មក​វិញសោះ​ ត្រូវជាប់បណ្ដឹងទៀត»

ប្រធានក្រុមហ៊ុន ហេង ហ៊ុយ គឺលោក ហេង ហ៊ុយ មានប្រសាសន៍ថា ដី​ដែល​ក្រុមហ៊ុន​របស់លោកកំពុង​កាន់​កាប់​នោះ គឺជាដីមាន​​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​​ស្របទៅតាម​ច្បាប់ ដែលលោកបានប្រមូលទិញពីប្រជាពលរដ្ឋជាច្រើន​ឆ្នាំ​មក​ហើយ។

លោក​​បន្តថា ករណីពលរដ្ឋក្នុងចំនួន​ច្រើន​ដែលនាំគ្នាតវ៉ានិងប្ដឹងលោកថារំលោភយកដីធ្លីនោះ គឺធ្វើឡើងតាម​ការញុះញង់​របស់មេខ្យល់តែប៉ុណ្ណោះ ហើយថា លោកមិនបានទៅរំលោភយកដីធ្លីពលរដ្ឋ ដូចការចោទប្រកាន់ឡើយ។

លោកបន្ថែមថា៖ «ក្រសួងគេចុះមកពិនិត្យមើល ខាងខេត្តគេចុះមកហើយ ខ្ញុំមានប្លង់ដីត្រឹមត្រូវ អត់មានអីទៅបំពានដីរបស់ប្រជាពលរដ្ឋទាំងអស់ហ្នឹងទេ។ ប៉ុន្តែពលរដ្ឋទាំងអស់ហ្នឹងមានគេញុះញង់ បាននាំគ្នាប្ដឹងធ្វើបាបគេឯង ដើម្បីបំពុលសង្គម»

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង លោក សុខ សុទ្ធី បានទេ​ នៅថ្ងៃអង្គារនេះ។

រដ្ឋបាលខេត្តកោះកុង បានចុះផ្សាយកាលពីចុងឆ្នាំ២០២០ ​ថាករណីវិវាទដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុន ហេង ហ៊ុយ ត្រូវបានដោះស្រាយចប់ជាស្ថាពរតាំងពីឆ្នាំ២០០៩ តាមរយៈសាលដីកា​ស្ថាពរ​របស់​តុលាការកំពូល និង​អនុក្រឹត្យលេខ​៣៦ របស់​រាជរដ្ឋាភិបាល កាលពីឆ្នាំ២០០៩​នោះ​ផង​ដែរ។

រដ្ឋបាល​ខេត្ត​កោះកុង បន្ត​ថា លោក ហេង ហ៊ុយ ទទួលបានកម្មសិទ្ធិដីធ្លីនោះ​នៅឆ្នាំ២០១១ ខណៈពលរដ្ឋ១៩៧គ្រួសារទើបតែប្រមូលផ្តុំតវ៉ាជាថ្មីទៀតនៅឆ្នាំ២០១៩ ក្រោយតុលាការនិងក្រសួងរៀបចំដែនដីបានបិទបញ្ចប់​បណ្ដឹងតវ៉ារួចទៅហើយ។

ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ២០១៩មក ពលរដ្ឋ១៩៧គ្រួសារ ​មក​ពី​ឃុំ​ជីខលើ និង​ជីខក្រោម បាន​ឡើង​មក​តវ៉ា​នៅរាជធានី​​ភ្នំពេញ​​​ជា​បន្ត​បន្ទាប់ ដើម្បី​រក​អន្តរាគមន៍​​ពី​ក្រសួង​រៀបចំ​ដែនដី ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គាត់ ដោយ​ចោទ​​ក្រុមហ៊ុន ហេង ហ៊ុយ ថាបាន​រំលោភ​យក​តាំងពី​ឆ្នាំ២០០៧។ ប៉ុន្តែករណីនេះ​ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី ​បដិសេធចំនួន៣ដងហើយ ដោយ​មិន​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ទាំងនោះឡើយ និង​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់​ ចំពោះ​អ្នក​ដែល​ក្រសួង​ថាបាន​ញុះញង់​ឱ្យ​ពលរដ្ឋ១៩៧គ្រួសារ​នោះឡើង​មក​តវ៉ា​ដល់រាជធានី​ភ្នំពេញផងដែរ​។

យ៉ាងណា​ កន្លងមក មន្ត្រីអង្គការ​សង្គម​ស៊ីវិល​នៅខេត្តកោះកុង​តែងតែ​ស្នើ​ដល់​ក្រសួង​រៀប​ចំ​ដែន​ដី និង​អាជ្ញាធរពាក់ព័ន្ធឱ្យពិចារណានិងដោះស្រាយជូនពលរដ្ឋ ដោយលើគោលការណ៍ច្បាប់ យុត្តិធម៌ និងមនុស្ស​ធម៌ ដើម្បីបញ្ចប់​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ និងកុំឱ្យ​ប្រជាពលរដ្ឋជួបការលំបាកបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ