ខេមបូចា ថា​អ្នក​សារព័ត៌មាន​ជិត​១០​នាក់​រង​ការ​យាយី​និង​ជាប់​ពន្ធនាគារ​អំឡុង​ពេល​ពួកគេ​រាយការណ៍​រឿង​វិវាទ​ដីធ្លី

សកម្មភាពកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចុះ​រុះរើផ្ទះនិងឈូសឆាយរបស់ផ្ទះ​របស់ពលរដ្ឋក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

របាយការណ៍​​សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បាន​រកឃើញថា មាន​អ្នកសារព័ត៌មាន​ជិត១០នាក់បាន​រង​នូវ​ការ​យាយីនិងជាប់ពន្ធនាគារ ដោយ​សារ​​តែ​រាយការណ៍ពាក់ព័ន្ធ​រឿង​ជម្លោះដីធ្លី ក្នុង​រយៈពេល​៣ខែចុងក្រោយ​នេះ ក្រោយ​​​ពី​ក្រសួង​​ព័ត៌មានបាន​ចេញសេចក្ដីជូនដំណឹងមួយ​ដោយ​បើក​ផ្លូវ​​ឱ្យ​អាជ្ញាធរ​អាច​ចោទប្រកាន់ទៅលើ​​អ្នកសារព័ត៌មាន ដែលអាជ្ញាធរ​ថាបាន​​រំខានដល់ការងាររបស់ពួកគេ។

យោងតាម​របាយការណ៍ឃ្លាំមើលប្រចាំត្រីមាសជាលើកដំបូងរបស់ខ្លួន ស្តី​ពី «ស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជា» ដែលចេញផ្សាយ​នៅថ្ងៃម្សិលមិញនេះ​ ខេមបូចា បានដកស្រង់សង្ខេបនៃករណីដែលទាក់ទងនឹង​សេរីភាព​​សារព័ត៌​មាន និង​សេរីភាពនៃការបញ្ចេញមតិរបស់អ្នកសារព័ត៌មាន ដោយ​គិត​​ចាប់ពីខែកក្កដា ដល់ខែ​កញ្ញា ឆ្នាំ​២០២១។

ក្នុងរបាយការណ៍នោះ ខេមបូចា បាន​លើកឡើង​ថា កាលពីចុងឆ្នាំ២០២០ ក្រសួងព័ត៌មានបាន​ចេញ​សេចក្ដីជូន​ព័ត៌​មានមួយ​​​ ដោយ​​​​អនុ​ញ្ញាត​ឱ្យអាជ្ញាធរចោទប្រកាន់អ្នកសារព័ត៌មាន​ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ បើរំខាន​ដល់​ការងារ​របស់​ពួកគេ។

ក្រោយ​ចេញសេចក្ដីជូនដំណឹងនេះ ខេមបូចា​​ ថា៖ «​មន្រ្តីមូលដ្ឋាននៅតាមទីតាំងផ្សេងៗ​គ្នា​បានប្រើប្រាស់សេចក្ដីជូនដំណឹងនេះ ដើម្បីផ្ដល់ភាពត្រឹមត្រូវលើការបណ្ដេញអ្នកសារព័ត៌មានដែលព្យាយាមរាយការណ៍អំពីជម្លោះដីធ្លី ឬការបណ្ដេញចេញ ដោយមានទាំងការគំរាមចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើអ្នកសារព័ត៌មានខកខានមិនបានចាកចេញ ហើយក្នុងករណីខ្លះមានការចោទប្រកាន់ពីបទព្រហ្មទណ្ឌផងដែរ»។

របាយការណ៍​ខេមបូចា បញ្ជាក់ថា មានករណីចំនួន៩ ដែលទាក់ទងនឹងការរំលោភសិទ្ធិបញ្ចេញមតិដោយសេរី​ភាពរបស់​អ្នក​សារព័ត៌​មាន​ក្នុង​អំឡុង​ពេល៣ខែចុងក្រោយនេះ ​ករណីភាគច្រើនជា​ការយាយីទៅ​លើអ្នកសារព័ត៌មានដែលរាយការណ៍អំពីជម្លោះ​ដីធ្លី រួមទាំង​ករណីដ៏ចម្រូងចម្រាសនៃគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាល ដែលក្នុងនោះមានអ្នកសារព័ត៌មាន៨នាក់ ត្រូវបានយាយី និងម្នាក់ត្រូវបានកាត់ទោសឱ្យ​ជាប់ពន្ធនាគារ។

អ្នករាយការណ៍ព័ត៌មាននៅសារ​ព័ត៌មាន វីអូអេ ប្រចាំរាជធានីភ្នំពេញ លោក ស៊ុន ណារិន មានប្រសាសន៍​នៅថ្ងៃនេះថា ក្រោយ​ពីក្រសួងព័ត៌មាន​អនុញ្ញាត​ឱ្យអាជ្ញាធរ​ចោទប្រកាន់អ្នកសារព័ត៌មាន ចំពោះការរំខានដល់ការងាររបស់ពួកគេ ស្របពេល​អាជ្ញាធរមូលដ្ឋានខ្លះខ្វះចំណេះដឹងនោះ បាន​ធ្វើឱ្យ​រូបគាត់និងអ្នកសារព័ត៌មានមួយ​ចំនួន​ទៀត​ជួបការលំបាកច្រើន នៅពេលចុះយកព័ត៌មានពាក់ព័ន្ធរឿងដីធ្លី សង្គម និងរឿងនយោបាយ ជាដើម។

លោក​ថា៖ «ថ្នាក់ក្រោម គាត់មិនទាន់យល់ឱ្យច្បាស់ពីតួនាទីសារព័ត៌មាន នៅពេលដែលយើងប្រាប់សារព័ត៌មាន ហើយឮថាមកពីស្ថាប័ន វីអូអេ គាត់តាមយើង គាត់មើលយើងសម្ភាសអ្នកណា ហើយបើទាក់ទងនឹងរឿងនយោ​បាយទៀត គាត់កាន់តែយកចិត្តទុកដាក់។ ហើយខ្ញុំបានបទពិសោធន៍ផ្ទាល់ គាត់សុំថតជាកាតយើង ថតរូបយើងទុក មិនដឹងជាគាត់បង្ហាញទៅអ្នកណាទេ។ ហើយគាត់មានការតាមដានជាបន្តបន្ទាប់ ខ្ញុំគិតថា វានៅតែជាបញ្ហា។ ធម្មតា អ្នកកាសែតក៏មានការព្រួយបារម្ភពីសុវត្ថិភាពដែរ នៅពេលដែលធ្វើរឿងបែបរសើប»។

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ មានប្រសាសន៍ថា កន្លងមក ខេមបូចា និងអ្នកសារព័ត៌មានមួយចំនួនតែងតែចោទប្រកាន់មកស្ថាប័នមានសមត្ថកិច្ច ថាបានរំលោភបំពានសិទ្ធិសេរីភាពអ្នកសារព័ត៌មាន។

ជាក់ស្តែង លោកថា នាពេលកន្លងមក សមាគមនេះក៍ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍នានា ឱ្យលុបរូបភាពដកហូតបណ្ណអ្នកសារព័ត៌មានខេមបូចា វីអូអេ ឬជិះម៉ូតូដេញឃាត់អ្នកសារព័ត៌មាន វីអូឌី ជាដើម ប៉ុន្តែនៅពេលក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធ អញ្ជើញអ្នកសារព័ត៌មាន​ទាំងនោះមកផ្ដល់ព័ត៌មានលម្អិតបន្ថែម បែរជា​បុគ្គលទាំងនោះគេចវេះ និង​មិនព្រមចូលរួមរាយការណ៍ជាផ្លូវការឡើយ។

អ្នកនាំពាក្យរូបនោះចាត់ទុករបាយការណ៍ខេមបូចា ថាជារបាយការណ៍ដែលមិនមានភាពស្មោះត្រង់ មិនគ្រប់ជ្រុងជ្រោយទៅលើបទដ្ឋានគតិយុត្តិ និងមានចេតនាចោទប្រកាន់ទៅលើ​​ស្ថាប័នមានសមត្ថកិច្ច​ដែលកំពុងអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនតាមច្បាប់ជាធរមាន។

លោកមានប្រសាសន៍ថា៖ «ការកត់ត្រាទិន្នន័យករណីអ្នកសារព័ត៌មានរបស់ [ខេមបូចា] ថាជាការរំលោភបំពានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គឺជាការកត់ត្រាដែលមិនបានឆ្លុះបញ្ចាំងឱ្យ​បានគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ​ទាល់តែសោះ ទៅតាមអង្គហេតុនិងអង្គច្បាប់នៃករណីនីមួយៗ ដែលចំណុចនេះអាចនិយាយបានថា របាយការណ៍នេះជារបាយការណ៍ដែលមានបំណងបំភ័ន្តសាធារណមតិ ឱ្យមានការយល់ច្រឡំមកលើការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច»។

នាយក​ប្រតិបត្តិ​​ខេមបូចា​ លោក ណុប វី មានប្រសាសន៍ថា របាយការណ៍ដែលខេមបូចា​​ផ្សព្វផ្សាយជាសាធារណៈនោះ មានឯកសារយោងនិងភស្តុតាងច្បាស់លាស់គ្រប់ជ្រុងជ្រោយ។ ប៉ុន្តែលោកថា ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋគួរតែទទួលយកការរិះគន់របស់ខេមបូចា និងអង្គការសង្គមស៊ីវិលផ្សេងទៀត មកដោះស្រាយ ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មានជាដើម ដើម្បីស្ដារមុខមាត់រដ្ឋាភិបាល។

លោក​ថា៖ «ខ្ញុំគិតថា ក្រសួងស្ថាប័នជំនាញរបស់រដ្ឋ គាត់គួរតែពិនិត្យពិចារណា ហើយយើងគួរតែពិនិត្យថាតើយើងគួរតែធ្វើកិច្ចការងាររួមគ្នា ឬមួយក៏សហការគ្នាបន្ថែមទៀត ធ្វើម៉េចបាន ដើម្បីធានាអំពីការអនុវត្តសេរីភាពសារព័ត៌មាន ឬ​មួយក៏សេរីភាពបញ្ចេញមតិឱ្យបានកាន់តែល្អប្រសើរឡើង ពីព្រោះថា បើសិនជាសេរីភាពទាំងអស់ហ្នឹងល្អប្រសើរឡើង មុខមាត់គឺថានឹងបានទៅដល់រដ្ឋាភិបាលទៅវិញទេ ដោយសារតែរដ្ឋាភិបាលលោកជាអ្នកដឹកនាំប្រទេសជាតិ»។

ក្នុងរបាយការណ៍របស់ខ្លួនស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០២០ អង្គការអ្នកសារព័ត៌មានគ្មានព្រំ​ដែន ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ​ប្រទេសបារាំង បាន​ដាក់​ចំណាត់​ថ្នាក់ប្រទេសកម្ពុជានៅលេខរៀងទី១៤៤ ក្នុងចំណោមប្រទេស១៨០ ដែលតួលេខនេះបង្ហាញពីការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជា​ជាបន្តបន្ទាប់ចាប់​តាំងពីឆ្នាំ២០១៧មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ