លោក ហ៊ុន សែន បញ្ជា​ឱ្យ​បើក​ទទួល​អ្នក​ដំណើរ​ពី​ថៃ​ដោយ​មិន​ចាំ​បាច់​ធ្វើ​ចត្តាឡីស័ក

ភ្ញៀវទេសចរធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (រូបភាព៖ បញ្ញា ឆពណ្ណ)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឱ្យមានការបើកទទួលអ្នកដំណើរតាមផ្លូវអាកាសពីប្រទេសថៃ ដោយមិនចាំបាច់ឆ្លងកាត់កា​រធ្វើចត្តាឡីស័ក ដូចដែលរដ្ឋាភិបាលក្រុងបាងកកប្រកាស​អនុវ​ត្តបែបនេះ​សម្រាប់អ្នកដំណើរពីកម្ពុជា​និងប្រទេសចំនួន៤៥ទៀត នៅដើមខែក្រោយ។

ការណែនាំរបស់​លោកនាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ តាម​រយៈខ្សែអាត់សំឡេងមានរយៈពេលជិត៣០នាទី ដែលVODទទួលបាន។ 

តាមប្រភពដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជា​ទៅក្រសួងការបរទេសពិនិត្យមើលលទ្ធភាព​បើក​ទទួលអ្នកដំណើរពីប្រ​ទេសស​មាជិកអាស៊ានដទៃទៀត ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ផងដែរ ខណៈលោកថា បច្ចុប្បន្ន កម្ពុជាមានជើងហោះហើ​រតែពីប្រទេសចិន សិង្ហបុរី និងកូរ៉េខាងត្បូង ប៉ុណ្ណោះ។ 

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «យើងអាចចាប់ផ្ដើមមានគោលការណ៍បដិការជាមួយនឹងថៃ។ យើងទៅថៃ គេមិនឱ្យធ្វើចត្តាឡីស័ក ថៃមកយើង គេក៏មិនធ្វើចត្តាឡីស័ក។ អ៊ីចឹងអាចចាប់ផ្ដើមបើកការហោះ​ហើរ​ ដោយ​ឧបមាថា ទេសចរដែលថៃទទួល គឺអាចមកដល់ថៃ អាចមកដល់កម្ពុជា ក្នុងពេលដែលយើងមានគោលការណ៍រួចមកហើយ​ រវាងវីហ្សាមួយប្រើបាន២ប្រទេសៗអ៊ីចឹងអាចថា ទម្លាយទេសចរថៃ អ្នកវិនិយោគថៃ មកកាន់កម្ពុជាផង និងទេសចរពីប្រទេសដទៃមកប្រទេសថៃ អាចឆ្លងមកទស្សនកិច្ចនៅប្រទេសកម្ពុជា»

ប្រមុខរដ្ឋាភិបាលកម្ពុជាបន្តថា វិធានការនេះជាជំហានបន្ទាប់មួយក្នុងការត្រៀមបើកប្រទេសឡើងវិញទាំងស្រុង ដែលលោករំពឹងកន្លងមកថា នឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២១ ដើម្បីស្ដារវិស័យ​ទេស​ចរណ៍ ពិសេសផ្នែកសេវាកម្មនិងសណ្ឋាគារ ស្របពេ​ល​ពលរដ្ឋកម្ពុជា-ថៃ និងពលរដ្ឋនៅប្រទេសដទៃទៀតភាគច្រើនបា​នចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ថ្លែងនៅថ្ងៃម្សិលមិញថា ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បានកំណត់លក្ខខណ្ឌបើ​កទទួលភ្ញៀវ​ទេ​សចរអន្តរជាតិរួចរាល់ហើយ ប៉ុន្តែនៅរង់ចាំការសម្រេចនិងប្រ​កាសជាផ្លូវការ ដែលលោកថានឹងធ្វើឡើងនៅពេ​លដ៏ខ្លីខាងមុខ។ 

លោកបន្ថែមថា ខាងក្រសួងក៏កំពុងរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារសុវត្ថិភាពពីជំងឺកូវីដ-១៩ សម្រាប់ភ្ញៀវ​អន្តរជាតិដែលចូលមកទស្សនាតំបន់អង្គរ នៅពេលកម្ពុជាបើកទ្វារប្រ​ទេ​​សឡើងវិញផងដែរ ដើម្បីជាផ្នែកមួយពង្រឹងគោលដៅទេសចរណ៍វប្បធម៌ ប្រ​វត្តិសាស្រ្ត និងបរិស្ថានធម្មជាតិ ក្នុងខេត្តដែលសំខាន់​បំផុត​របស់ប្រទេស ស្របតាមផែនការមេរយៈពេលខ្លី ឆ្នាំ២០២១-២០​២​៣​។

លោក តុប សុភ័ក ថ្លែងថា៖ «នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា ដែលយើងហៅ SOP ហ្នឹង គឺយើងបានត្រៀម​លក្ខណៈច្រើនរួចមកហើយ ហើយយើងក៏នឹងបន្តធ្វើថែមទៀត ពាក់ព័ន្ធទៅនឹងការពង្រឹងគោលដៅទេសចរណ៍របស់យើង ទាំងការពង្រឹងឧ​ស្សាហកម្មទេ​សចរណ៍ សេវាកម្មទេសចរណ៍។ អ៊ីចឹង SOP ហ្នឹងសំខាន់! ទាំ​ង SOP ទាក់ទងការធ្វើដំណើរ ការស្នាក់នៅ ការហូបចុ​ក នៅក្នុងក​ញ្ច​ប់ទស្សនកិច្ចហ្នឹង គឺយើងត្រូវរៀបចំទាំងអស់»

អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល ថ្លែងថា ប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត ពិសេ​សផ្នែកសេវាកម្ម សណ្ឋាគារ និ​ងបដិសណ្ឋារកិច្ច បានរងការប៉ះពាល់ធ្ងន់ធ្ងរជាងគេ​ពីវិបត្តិជំងឺផ្លូវដង្ហើមថ្មីអស់រយៈពេលជិត២ឆ្នាំមកនេះ។ លោកបន្ថែមថា វិស័យនេះ​នឹងអាចងើបឡើងវិញ ដោយសាររដ្ឋាភិបាលបានកំណត់គោលការណ៍បើកទទួលទេ​សច​រណ៍​ពីក្រៅប្រទេសនៅចុងឆ្នាំ២០២១នេះ យ៉ាងច្បាស់​លាស់​រួច​ហើយ ដូចជា ការធ្វើចត្តាឡីស័ក និងទេសចរណ៍វ៉ាក់សាំង ជាដើម។

លោក​មានប្រសាសន៍ថា៖ «ខ្ញុំជឿថា ក្នុងអាស៊ីរបស់យើង និងអាស៊ីអាគ្នេយ៍ ក៏យើងឃើញបើកឱ្យមានដំណើរការហើយ ដូចជា ថៃ​អីហ្នឹងក៏បើកដែរ ប៉ុន្តែកំណត់ប្រទេសក្នុងការចូលមកក្នុងប្រទេសថៃ។ អ៊ីចឹងហើយបើសិនជាយើងបើកដំណើរការគ្រប់ទៅ ស្ថានភាពទេសចររបស់យើងនឹងអាចប្រសើរឡើង»។ 

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ឱ្យដឹងនៅថ្ងៃនេះថា ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀ​​មរាប កំ​ពុងរៀបចំសេវាកម្មរបស់ខ្លួនជាបណ្ដើរៗហើយសម្រាប់ត្រៀមទទួល​ភ្ញៀវអន្តរជាតិឡើងវិញ ស្របតាមគន្លងប្រ​ក្រតីភាពថ្មី តាមបទដ្ឋានរួមរបស់អាស៊ាន ដែលផ្ដោតលើគម្លាត​​សុវត្ថិភាពនិងអនាម័យ។ 

លោក​ស្រីថា កិច្ចការនេះទាមទារពេលវេលា ការចំណាយថវិកា និងការរៀបចំយុទ្ធសាស្រ្តទាក់ទាញដល់ភ្ញៀវ ហើយប្រតិ​បត្តិករ​ទេ​សចរណ៍មិនអាចប្រើកញ្ចប់សេវាកម្មនិងផលិតផលដូចមុនបរិបទកូវីដ-១៩ទេ ដោយសារការត្រៀមបើកឡើងវិញនេះ គឺធ្វើឡើងដំណាលគ្នានឹងប្រទេសដទៃក្នុងតំបន់ ដូចជា ប្រទេស​ថៃ ជាដើម។

លោក​ស្រីមានប្រសាសន៍ថា៖ «ធម្មតា ការដើរលេងធ្វើម៉េចឱ្យស្រួលខ្លួន បង្កលក្ខណៈឱ្យគេងាយស្រួលក្នុងការចូលមកអីអ៊ីចឹងទៅ គេចេះតែចង់ចូលហើយ ទាំងគេ ទាំងយើង។ តែប្រសិនបើរៀងពិបាកៗពេក គេប្រៀបធៀបជាមួយប្រទេសជិតខាងទៅ គេនឹងយកប្រទេសណាដែលមានភាពងាយស្រួលជាង។ អ៊ីចឹងយើងមិនប្រាកដទទួលបានខ្ជោកខ្ជាកដូចកាលពីមុនបរិបទកូវីដនោះទេ​ ដោយសារថា ឥលូវវាផ្សេងគ្នាអីអ៊ីចឹង មានការប្រកួតប្រជែង»។ 

យ៉ាងណា លោក​​ស្រីរំពឹងថា ខេត្តសៀមរាបនឹងទទួលបានភ្ញៀវទេសចរ​អន្តរជាតិឡើងវិញបន្តិចម្តងៗបន្ទាប់ពីរដ្ឋាភិបាលបើកប្រទេសឡើងវិញ។

បើតាមប្រធានសមាគម​រូបនេះ មានសណ្ឋាគារនិងភោជនីយដ្ឋានជាង៣ ០០០ទីតាំង ដែលភាគច្រើនស្ថិតក្នុងខេត្ត​សៀមរាប ត្រូវបានបិទទ្វារ និងធ្វើឱ្យប៉ះ​​​ពាល់ដល់ការងារបុគ្គលិកចម្លោះ​ពី៥ទៅ៦ម៉ឺន​កន្លែង ដោយ​ខ្លះត្រូវបង្ខំចិត្តប្តូរ​ទៅធ្វើការ​សំណង់ឬទៅធ្វើ​ស្រែ​​ចម្ការ ខ្លះត្រូវបានរឹបអូសដីធ្លី ផ្ទះសម្បែង​ ដោ​យ​សារបាត់បង់ចំណូល មិនមានលទ្ធភាពសងរម្លស់ធនាគារបានជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ