ភ្ញៀវទេសចរបានចាប់ផ្ដើមចាកចេញពីកោះរ៉ុងសន្លឹម និងលុបចោលការកក់កន្លែងស្នាក់នៅ ខណៈអាជ្ញាធរបានពន្យារពេលឱ្យរុះរើចេញសម្រាប់អាជីវកម្ម និងរមណីយដ្ឋាននានានៅឆ្នេរសារ៉ាសេនបេ (Saracen Bay)។
ដំបូងឡើយ អាជ្ញាធរបានប្រាប់ឱ្យអាជីវកម្ម និងរមណីយដ្ឋានមួយចំនួន រុះរើត្រឹមថ្ងៃទី៣១ ខែមករា ក្រោយមកពន្យារដល់ថ្ងៃទី៩ ខែកុម្ភៈ។ បន្ទាប់ពីការងារសាងសង់បានចាប់ផ្តើម ហើយអេស្កាវ៉ាទ័របានចាប់ផ្តើមការងារឈូសឆាយលើកោះនេះកាលពីចុងសប្ដាហ៍មុន រយៈពេលកំណត់ឱ្យរុះរើត្រូវបានពន្យារជាលើកទីពីរ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ។ នេះបើតាមសម្តីរបស់ម្ចាស់រមណីយដ្ឋាន។
ម្ចាស់រមណីយដ្ឋាន Sky Beach នៅឆ្នេរសារ៉ាសេនបេ ឈ្មោះ តូច បានប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរមិនរុះរើ ឬបំផ្លាញបឹងហ្គាឡូដោយខ្លួនឯងទេ ប៉ុន្តែបានធ្វើដំណើរពីរមណីយដ្ឋានមួយទៅរមណីយដ្ឋានមួយ ដើម្បីបាញ់ថ្នាំពណ៌ក្រហមឱ្យរុះរើ និងប្រាប់ឱ្យភ្ញៀវទេសចរចាកចេញ។
ទឹកថ្នាំនៅលើទីតាំងរបស់លោក តូច បាននិយាយថា៖ «ជូនដំណឹងលើកទី៣ ឱ្យរុះរើហើយ ត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣»។
ខណៈបឹងហ្គាឡូចំនួន ១០ របស់លោកត្រូវបានកក់ពេញ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា មានការលុបចោលការកក់ជាបណ្តើរៗ ស្របពេលដំណឹងនៃការបណ្តេញចេញចាប់ផ្តើមឮសុះសាយ។ លោកបានបន្ថែមថា អ្នកដែលបានកក់ទុកក្នុងសប្តាហ៍នេះ ខ្លះបានលុបចោល ហើយខ្លះទៀតចាកចេញភ្លាមៗបន្ទាប់ពីមកដល់។
លោក តូច បាននិយាយថា៖ «ភ្ញៀវរបស់ខ្ញុំគ្រោងស្នាក់នៅមួយសប្តាហ៍ ប៉ុន្តែនៅពេលឃើញការបាញ់ថ្នាំពេញហ្នឹង ពួកគាត់ស្នាក់នៅតែមួយថ្ងៃប៉ុណ្ណោះ ព្រោះបារម្ភពីបញ្ហាសន្តិសុខផ្ទាល់»។
ទោះបីជាអាជ្ញាធរមិនបានបង្ខំនរណាម្នាក់ឱ្យចាកចេញក៏ដោយ ស្ថានភាពនេះបានដាក់សម្ពាធលើលោក តូច និងអាជីវកម្មរបស់លោក។ នៅពេលដែលអាជ្ញាធរបានចុះទៅក្នុងសប្តាហ៍នេះ អាជ្ញាធរបានសួរលោក តូច ថាតើលោកចង់ស្នើសុំអ្វីក្នុងអំឡុងពេលចរចាជាមួយរដ្ឋាភិបាល ហើយលោកបាននិយាយថា លោកចង់បានសំណងយ៉ាងហោចណាស់ ៧០ ០០០ដុល្លារ ដោយថា លោកបានសាងសង់រមណីយដ្ឋាននេះអស់ជាង ២០០ ០០០ដុល្លារ។
លោក តូច បាននិយាយថា៖ «តាមការគិតរបស់ខ្ញុំ គេមិនមានវិធានការក្តៅក្រហាយអីសម្រាប់ឱ្យយើងរុះរើនោះទេ ប៉ុន្តែការបាញ់ថ្នាំនេះ គឺជាការគំរាមកំហែងផ្លូវចិត្ត ចំពោះការរកស៊ីរបស់យើង។ យើងមិនអាចរកស៊ីបាន ដោយសារគាត់បាញ់ថ្នាំក្រហមទៅលើសំណង់ដែលយើងរកស៊ីពេញហ្នឹង។ និយាយទៅ មើលទៅ គឺអត់មានសោភ័ណភាពដែលយើងអាចរកស៊ីកើត»។
អ្នកស្រី ឡេង ម៉េង ម្ចាស់ភោជនីយដ្ឋាន ឡេង ម៉េង បាននិយាយថា អាជ្ញាធរមិនបានទៅមើលភោជនីយដ្ឋានរបស់អ្នកស្រីម្តងទៀតឡើយ ចាប់តាំងពីបានមកបាញ់ថ្នាំនៅទីតាំងរបស់អ្នកស្រី កាលពីសប្តាហ៍មុន។ ទោះយ៉ាងណា អ្នកស្រីថា អេស្កាវ៉ាទ័របានបន្តកាយខ្សាច់នៅខាងក្រោយហាងរបស់អ្នកស្រី និងនៅជិតឆ្នេរ។
អ្នកស្រីបានមានប្រសាសន៍ថា៖ «ថ្មីៗនេះ គេបានធ្វើផ្លូវទៅឆ្នេរក្បែររមណីយដ្ឋាន Moonlight។ ឥលូវនេះ គេឈូសឆាយនៅទីនោះ ហើយប្រែក្លាយអ្វីៗទាំងអស់ទៅជាដីក្រហម»។
អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានប្រាប់ វីអូឌី នៅថ្ងៃទី៩ ខែកុម្ភៈ ថាក្រុមការងារកំពុងសម្របសម្រួល និងប្រមូលព័ត៌មាន ដើម្បីប្រគល់ជូនថ្នាក់លើសម្រេច ប៉ុន្តែលោកមិនបញ្ជាក់លម្អិតអំពីថាតើការអភិវឌ្ឍនេះពាក់ព័ន្ធនឹងអ្វីឡើយ។
លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុម្នាក់ទៀត បានបង្វែរសំណួរទៅអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ ដែលមិនបានឆ្លើយតបនឹងសំណើសុំការអធិប្បាយឡើយ។
យោងតាមលិខិតមួយកាលពីខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញថា ក្រុមហ៊ុនចំនួនពីរទទួលបានដីនៅកោះរ៉ុងសន្លឹម គឺក្រុមហ៊ុន អេម៉ារីអូ ស្សូណាន់ មីរីន ខបភើរេសិន អិលធីឌី (Emario Shonan Marine Corporation) ទទួលបានដីចំនួន ១ ១២៤ហិកតា និងក្រុមហ៊ុន កោះរ៉ុងសន្លឹមរីសត (Koh Rong Sanloem Resort) ទទួលបានដី ១ ០៦៦ ហិកតា។ លិខិតនោះនិយាយថា កិច្ចសន្យាជាមួយក្រុមហ៊ុនទាំងពីរនេះមានតាំងពីឆ្នាំ២០០៨។
អាជ្ញាធរបានបដិសេធផ្តល់ព័ត៌មានអំពីថាតើការអភិវឌ្ឍនោះទាក់ទងនឹងអ្វី ឬក្រុមហ៊ុនណាទទួលបានផ្នែកណាខ្លះនៃកោះនោះឡើយ។ កាលពីដើមសប្តាហ៍នេះ ម្ចាស់អាជីវកម្មមួយចំនួនបាននិយាយថា ពួកគាត់បានចាប់ផ្តើមចរចាជាមួយរដ្ឋាភិបាល ដោយប្រាប់ពួកគាត់ឱ្យក្រឡាស់សម្តីដែលបាននិយាយជាមួយសារព័ត៌មាន៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Canceled Bookings, Spray-Paint on Koh Rong Sanloem As Authorities Extend Deadline