អាជ្ញាធរ​កោះកុង ព្រមាន​មិន​ទទួល​ខុសត្រូវ​លើ​ការ​បាត់​ប្រយោជន៍​ចំពោះ​ពលរដ្ឋ​ដែល​មិន​យក​ការ​ដោះស្រាយ

ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ បាននាំគ្នាប្រមូលផ្តុំគ្នាឈរលើកបដាមុខក្រសួងរៀបចំដែនដី ដើម្បីតាមដានញត្តិ​ និងជំរុញទៅរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ចាប់វិវាទដីធ្លីរបស់ពួកគេ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

​រដ្ឋបាលខេត្តកោះកុង និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានព្រមានពីការមិនទទួលខុសត្រូវលើការបាត់បង់ផលប្រយោជន៍ ចំពោះពលរដ្ឋណាដែលមិនព្រមមកចាប់ឆ្នោះយកដីឡូត៍​តាមការកំណត់របស់អាជ្ញាធរ។

កាលពីថ្ងៃទី១៩ ខែតុលា​នេះ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីជូនដំណឹងជាថ្មីទៀតឱ្យប្រជាពលរដ្ឋចំនួន៣ប្រភេទ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ញូញៀន (Union Development Group ឬ UDG​) ស្ថិតនៅស្រុកបទុមសាគរ និងស្រុកគិរីសាគរ ឱ្យទៅចាប់ឆ្នោតយកដីឡូត៍នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ​បន្តទៀត។

ក្នុងសេចក្ដីជូនដំណឹងបានព្រមានថា ប្រសិនបើពលរដ្ឋណាខកខានមិនបានទៅចាប់ឆ្នោតយកដីឡូត៍ ដែលជាការដោះស្រាយគោលនយោបាយរបស់រដ្ឋាភិបាល ទៅតាមការកំណត់របស់អាជ្ញាធរនោះទេ នោះ​រដ្ឋ​បាល​​ខេត្ត​កោះកុង និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ចាត់ទុកពលរដ្ឋទាំងនោះថា​បោះបង់ចោលសិទ្ធិ​ទទួលបានការដោះស្រាយ ហើយអាជ្ញាធរមិនទទួល​ខុសត្រូវ​រាល់​ការ​បាត់​បង់​ផលប្រយោជន៍របស់ពលរដ្ឋទាំងអស់នោះឡើយ។

រដ្ឋបាលខេត្តកោះកុង បញ្ជាក់ថា ពលរដ្ឋប្រភេទទី១ មាន​២៤៧គ្រួសារ ជាពលរដ្ឋរស់នៅក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុន ដែលត្រូវទទួលបានសំណងដីលំនៅឋានទំហំ០,៥ហិកតា ដី​ចម្ការ​ទំហំ៣ហិកតា និងថវិកា៩ ០០០ដុល្លារ ខណៈពលរដ្ឋប្រភេទទី២ មាន២៥៥គ្រួសារ ជាប្រជាពលរដ្ឋរស់នៅខុសមូលដ្ឋានឬខុសភូមិឃុំ ត្រូវទទួលបានសំណងដី២ហិកតា និងពលរដ្ឋប្រភេទទី៣ មាន៨៣១គ្រួសារ ជាប្រជាពលរដ្ឋស្នើសុំគោលនយោបាយបន្ថែម ដែលត្រូវទទួលបានសំណង១ហិកតា។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាល​ខេត្តកោះកុង លោក សុខ សុទ្ធី បានទេ នៅថ្ងៃសុក្រនេះ។

អ្នកស្រី សាំង ពុយ ជាប្រជាពលរដ្ឋរស់​នៅឃុំកោះស្ដេច ស្រុកគិរីសាគរ និងជាពលរដ្ឋប្រភេទទី២ បានប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា អ្នកស្រីមិនអាចទទួលសំណងជាគោលនយោយនូវការផ្ដល់​សំណង​ដី២ហិកតា​នេះ​បានទេ ខណៈក្រុមគ្រួសារអ្នកស្រីប៉ះពាល់ដីក្នុងទំហំច្រើន ដែលមានប្រមាណជា២០ហិកតា ពេញ​ទៅ​ដោយដំណាំហូបផ្លែនោះ។

ពលរដ្ឋរូបនេះបន្តថា ពួកគាត់ប្រហែល៥០គ្រួសារ​ដែលបានប៉ះពាល់ដីក្នុងទំហំច្រើន គឺមិនទាន់ទៅទទួលយកសំណងឬទៅចាប់ឆ្នោតយកដីឡូត៍នៅឡើយទេ រហូតមកដល់ពេលនេះ។ អ្នកស្រីថា ពួកគាត់ត្រៀមតវ៉ានិងដាក់សំណើទៅអាជ្ញាធរពាក់ព័ន្ធទៀត ដើម្បីឱ្យ​ពួកគាត់​ជួយដោះស្រាយបន្តទៀត។

អ្នកស្រី សាំង ពុយ បានចាត់ទុកការព្រមានរបស់អាជ្ញាធរពីការមិនទទួលខុសត្រូវចំពោះពលរដ្ឋណាមិនទៅចាប់ឆ្នោតយកដីឡូត៍នោះថា ជាការបង្ខិតបង្ខំឱ្យពលរដ្ឋទទួលយកសំណងទាំងមិនពេញចិត្ត។

អ្នកស្រីបន្ថែមថា៖ «គាត់ថា គាត់អត់បានបង្ខិតបង្ខំ ប៉ុន្តែការកំណត់ឱ្យប្រជាពលរដ្ឋទៅយកសំណងហ្នឹង វាជាការបង្ខិតបង្ខំ! ​ហើយគាត់ថា ដីយើងមានប៉ុន្មានក៏ដោយ ក៏គាត់ឱ្យ២ហិកតាហ្នឹងដែរ អ៊ីចឹង​ពួកខ្ញុំសម្រេចគ្នា​អត់ទទួលយកបានទេ ហើយពួកខ្ញុំនឹងនាំគ្នាតវ៉ាទៀត»

អ្នកស្រី ព្រាប រដ្ឋា នៅឃុំព្រែកខ្សាច់ ដែលមានដីលំនៅឋាននិងចម្ការត្រឹមតែជាង៦០អា និងជាពលរដ្ឋប្រភេទទី១ បានឱ្យដឹងថា គ្រួសារអ្នកស្រីបានទទួលយកសំណងតាមការដោះស្រាយរបស់អាជ្ញាធរនេះហើយ ប៉ុន្តែអ្នកស្រីនៅតែមានការព្រួយបារម្ភ ខ្លាចជួបការលំបាក និងបាត់បង់​មុខរបរ ដូចប្រជាពលរដ្ឋ​មួយចំនួន​ដែលទទួលបានការដោះស្រាយនាពេលកន្លងមក។

ពលរដ្ឋរូបនេះបន្តថា កន្លងមក ពលរដ្ឋមួយចំនួន​ដែលធ្លាប់ទទួលយកសំណងបានធ្លាក់ខ្លួនក្រីក្រ ដោយពួកគេ​បានបាត់បង់​មុខរបរ ហើយពួកគេបានត្រលប់មកប្រកបរបររកស៊ីនៅភូមិចាស់​វិញ ខណៈទីតាំងថ្មីគ្មាន​កន្លែងសម្រាប់ប្រកបរបររ​ក​ស៊ីដូចទីតាំងចាស់។

អ្នកស្រីបន្ថែមថា៖ «បានជាខ្ញុំទទួល [សំណង] ពីព្រោះដីអ្នកដែលនៅជុំវិញខ្ញុំហ្នឹង គេទទួលយកអស់ នៅតែដីខ្ញុំម្នាក់ឯង។ អ៊ីចឹងយើងពិបាកក្នុងការតវ៉ាទាមទារទៀត អ៊ីចឹងខ្ញុំក៏យកទៅ។ ម៉្យាងទៀតដីជាក់ស្ដែងខ្ញុំតិចដែរ ហើយដីដែលខ្ញុំចាប់​ឆ្នោតបានហ្នឹងចំកន្លែងល្អដែរ»

មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ញូញៀន មានរយៈពេលជាង១០ឆ្នាំទៅហើយ។

លោកបាន​ចាត់ទុកការព្រមានរបស់អាជ្ញាធរទៅលើប្រជាពលរដ្ឋ​​ ថាជាការដាក់សម្ពាធ​លើ​ពលរដ្ឋ​ឱ្យ​ទទួលសំណង​ទាំង​បង្ខំ​ចិត្ត និងគ្មានឆន្ទៈក្នុងការដោះស្រាយបញ្ចប់ជូនពលរដ្ឋឡើយ។ លោកស្នើដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ពិចារណាឡើង​វិញ ដោយជួបពិភាក្សា​ជាមួយពលរដ្ឋណាដែលមិនព្រមទទួលសំណងនោះ ដើម្បីរកដំណោះស្រាយមួយ​ដែលអាចទទួលបានទាំងអស់គ្នា។

លោកបន្ថែមថា៖ «ដើម្បីដោះស្រាយឱ្យបានជោគជ័យ ទាល់តែការដោះស្រាយនោះឈរលើគោលការណ៍​យុត្តិធម៌ ហើយ​ប្រជាពលរដ្ឋ​ត្រេក​អរក្នុងការទទួល​យកសំណោះស្រាយ។ វាមិនមែនជាការចាប់បង្ខំឱ្យប្រជាពលរដ្ឋទទួល​យក​ដំណោះ​ស្រាយ​ទេ។ បើ​មិនទទួល គឺលែងទទួលខុសត្រូវ អ៊ីចឹង​បង្ហាញ​ថា អាជ្ញាធរ​គ្មាន​​ឆន្ទៈក្នុងការដោះស្រាយជូនប្រជាពលរដ្ឋទេ។ ហើយការធ្វើបែបនេះ បង្ហាញថា អាជ្ញាធរគិតប្រយោជន៍ក្រុមហ៊ុនជាជាងប្រយោជន៍ប្រជាពលរដ្ឋ ហើយដំណោះស្រាយបែបនេះនឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែរងទុក្ខ​និង​កាន់​វេទនា»

របាយ​កា​រ​ណ៍និង​ការវិភាគ​ផ្លូវច្បាប់​របស់​អង្គការមួយកាលពីឆ្នាំ២០១២ ​បាន​រក​​ឃើញ​ថា​ គម្រោង​ផ្ដល់​ដី​សម្បទាន​​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិននេះបាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋចំនួន​១​ ១៤៣គ្រួសារ ​ត្រូវ​បង្ខំ​ឱ្យ​បោះ​បង់​ចោល​​​ដីធ្លី​ប្រមាណ​ជាង១ម៉ឺន​ហិ​កតា​ និង​ផ្ទះ១ ៥០០ខ្នង​ត្រូវ​បង្ខំ​ឱ្យ​រុះរើ​និង​​ឈូស​ឆាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ