អតីត​ប្រធាន​ព្រៃសហគមន៍​រុក្ខាវ័ន ជួប​គ្រោះថ្នាក់​ចរាចរណ៍​រងរបួស​ធ្ងន់

អតីតប្រធានព្រៃសហគមន៍រុក្ខាវ័ន លោក ប៊ុន សាលួត ត្រូវបញ្ជូនទៅព្យាបាលក្រោយជួបថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ (រូបថតត្រូវបានបង្ហោះក្នុងហ្វេសប៊ុកលោក ប៊ុន សាលួត)

អតីតប្រធានព្រៃសហគមន៍រុក្ខាវ័ន ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងកជើង និងបាក់ដងកាំបិតខាងស្ដាំ ក្រោយពីជួបប្រជុំជាមួយព្រះអង្គ ថូ ធូរស់ ដើម្បីជជែកគ្នាគ្រោងធ្វើសាលាសំណាក់នៅក្នុងតំបន់ទេសចរណ៍មួយក្នុងខេត្តឧត្ដរមានជ័យ កាលពីម្សិលមិញ។

ប្រធានព្រៃសហគមន៍សង្ឃរុក្ខាវ័ន ព្រះអង្គ ថូ ធូរស់ ប្រាប់ វីអូឌី នៅថ្ងៃទី២៦ ខែតុលានេះថា អតីតប្រធានសហគមន៍​ព្រៃសហគមន៍រុក្ខាវ័ន និងបច្ចុប្បន្ន​មានតួនាទីជាប្រធានបណ្ដាញការពារសត្វព្រៃ សហគមន៍រុក្ខាវ័ន លោក ប៊ុន សាលួត បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ រវាងម៉ូ​តូដែល​​ជន​រង​គ្រោះបាន​ជិះ ជាមួយនឹងត្រាក់ទ័រ។

ព្រះអង្គ ថូ ធូរស់ បញ្ជាក់ថា ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍នោះ ក្រុមគ្រួសារ សាច់ញាតិ បានបញ្ជូនលោក ប៊ុន សាលួត ទៅព្យាបាលនិងវះកាត់ជើង​និងឆ្អឹងដងកាំបិតខាងស្ដាំ នៅខេត្តបាត់ដំបង ដោយជោគជ័យ នៅព្រឹកថ្ងៃទី២៦ ខែតុលា​។

ព្រះអង្គអំពាវនាវទៅសាធារណជន សប្បុរសជនក្នុងនិងក្រៅប្រទេសជួយជាថវិកា ដើម្បីបង់ថ្លៃ​ព្យាបាល​គាត់តាមសទ្ធា តាមរយៈកុងធនាគារអេស៊ីលីដាទាន់ចិត្តរបស់ព្រះអង្គ ឈ្មោះ ថូ ធូរស់ លេខ 0717549538 ព្រោះថ្លៃព្យាបាលសរុបមានចំនួន​៤ ៥០០ដុល្លារ។

ព្រះអង្គ​មានសង្ឃដីកាបន្ត​ថា៖ «ការលះបង់របស់គាត់ខ្ពស់ណាស់ សឹងតែមិនមាននរណាម្នាក់ធ្វើបានដូចគាត់ [ក្នុងការចូលរួមការពារធនធានធម្មជាតិ] និយាយពីគុណសម្បត្តិ ពីការលះបង់របស់គាត់ ដូចជាការធ្វើការងារការពារព្រៃសហគមន៍»។

ព្រះអង្គ ថូ ធូរស់ បញ្ជាក់ថា ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍​នោះ សមត្ថកិច្ច​បាន​ឃាត់ត្រាក់​ទ័រ និង​ម៉ូតូ​របស់លោក ប៊ុន សាលួត រក្សាទុកនៅអធិការក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដើម្បីអនុវត្តវិធានការច្បាប់បន្តផងដែរ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ