កម្ពុជា​នឹង​មិន​កោះ​អញ្ជើញ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ តាមប្រព័ន្ធវីដេអូ ជាមួយនឹងវត្តមានបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងនឹងរៀប​​​ចំនៅពេលខាងមុខនេះ ក្នុងពេលដែលកម្ពុជាធ្វើ​​​ជាម្ចាស់​​ផ្ទះ​ជា​​ថ្មី​ទៀត នឹងមិនមាន​ការកោះអញ្ជើញ​រដ្ឋា​​ភិបាលមីយ៉ាន់ម៉ាដែលគ្រប់​គ្រង​ដោយ​របប​​យោធា ដូច​ដែល​​​រដ្ឋា​​ភិ​​បា​​ល​នៃប្រទេសព្រុយណេធ្លាប់បានអនុវត្តហើយនោះដែរ។

លោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យរបស់រដ្ឋាភិបាល បានប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះ​ថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច​ប្រ​​ជុំពាក់​​ព័ន្ធដទៃទៀត វត្ត​​មា​​ននៃអ្នកនយោបាយរបស់ប្រទេសមីយ៉ាន់ម៉ា នឹងមិនត្រូវបាន​​អញ្ជើញឱ្យ​​ចូល​​រួមទេ។ លោកបន្តថា នេះមិនមែនជាការរើសអើសទេ ប៉ុន្តែវា​ជា​​​​​ការ​​អនុវត្តទៅ​​នឹងស្មារតីរួមរបស់​​អាស៊ាន​​។

​​លោ​​កបន្តថា៖ «ការសម្រេចរបស់អាស៊ាន​​ពីប្រធានមុននោះ គឺអញ្ជើញមីយ៉ាន់​​ម៉ាចូល ប៉ុន្តែអញ្ជើញ​​មិនមែន​​អ្នកនយោបាយទេ អាហ្នឹងជាការសម្រេចតាំងពីប្រជុំកំពូលកន្លងទៅនេះ។ ហើយចំពោះកម្ពុជា នឹងបន្តបែប​ហ្នឹង​ បាទ! មាន៥ចំណុចដែលរដ្ឋាភិបាលបច្ចុប្បន្ន ត្រូវតែឆ្លើយតប បានចុះហត្ថ​លេខាលើកិច្ច​ព្រមព្រៀង​៥​ចំណុចរបស់អាស៊ាន។ យើងអត់បានអញ្ជើញណា៎! អាហ្នឹងជាគោលការណ៍របស់អាស៊ាន។ យើងបន្ត​គោលការណ៍​របស់​អាស៊ានរហូត។ យើងអញ្ជើញ ប៉ុន្តែមិនមែនអញ្ជើញអ្នកនយោបាយ»។

ការថ្លែងដូច្នេះរបស់លោក ផៃ ស៊ីផាន ធ្វើឡើងខណៈដែលអ្នកកាសែតភូមាលើកឡើងនៅក្នុងបណ្ដាញធ្វីតទ័រ (Twitter) របស់ខ្លួន ដោយ​​អះ​​អាងថា មន្រ្តីការទូតបានបញ្ជាក់ពីអវត្តមានរបស់មីយ៉ាន់ម៉ាជាថ្មីទៀតនៅ​​ក្នុង​កិច្ច​ប្រជុំកំពូលអាស៊ី-អឺរ៉ុប ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុង​​ពេល​​ខាងមុខនេះ។ ប្រភពដដែលបន្តថា កម្ពុជា​​នឹងមិនកោះអញ្ជើញលោក មីន អ៊ុងឡាំង ជាមេដឹកនាំសឹកយោធាភូមា ឱ្យចូលរួមក្នុងកិច្ច​​ប្រជុំ​​កំពូលអា​​ស៊ី-អឺរ៉ុប​ ដែលគ្រោងរៀបចំនៅខែ​វិច្ឆិកាខាងមុខនេះឡើយ។ ចំណែកមេដឹកនាំយោធាភូមារូបនេះ ក៏​​យ​​ល់​​​ព្រម​ទៅតាម​​សេចក្ដីសម្រេចនេះដែរ។

កម្ពុជាធ្លាប់ធ្វើជាប្រធានប្ដូរវេនអាស៊ានចំនួន២លើករួចមកហើយ ចាប់តាំងពីប្រទេស​កូនពៅរបស់អាស៊ាន​​មួយ​នេះបានចូល​​ជា​​សមា​​ជិ​ក​​របស់អាស៊ានចុងក្រោយគេបង្អស់កាលពីឆ្នាំ១៩៩៩។ លើកទី១ ដែលកម្ពុជាធ្វើជាប្រធានប្ដូរវេន គឺនៅឆ្នាំ​២០០២ និងលើកទី២ នៅ​​ឆ្នាំ​​២​០​​​១២។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម យល់ឃើញថា នេះជាភាពអាម៉ាស់មួយដែររបស់​​រដ្ឋ​ជា​សមាជិកអាស៊ាន ដែល​​មិនអាចជួយអ្វីបាន នៅពេលសមាជិករបស់ខ្លួនត្រូវរងគ្រោះ​​ដោយ​​ការរំ​​លោភ​​សិ​ទ្ធិមនុស្ស ជាដើម។ លោកបន្ថែម​ថា ដោយ​សារ​តែ​ធម្មនុញ្ញ​​​អា​​ស៊ានបាន​កំណត់​ខណ្ឌ​​​សីមាចង្អៀតពេ​ក ដូច្នេះហើយ​មិនអាចជួយឱ្យអាស៊ានឈានទៅរកវឌ្ឍនភាពកាន់តែប្រសើរផ្នែកសិទ្ធិមនុស្សនិង​​ប្រជាធិប​តេយ្យ​នៅក្នុងតំបន់បាន។

លោកបន្តថា៖ «រឿងនេះវាដូចជាមានបញ្ហា ដូចជា​​បញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ​​ជាអ្នកជិតខាង វាគួរមាន​​ការ​អន្តរាគមន៍អីខ្លះៗ។ ដូច្នេះ យូរៗទៅ វាបានតែនិយាយ ប្រជុំគ្នា រួចហើយសើចស្ញេញស្ងាញដាក់គ្នា និង​​បង្ហា​ញ​​ពិភពលោកមើលទៅ។ វាអត់បានការអីប៉ុន្មានទេ»។

បើតាមលោកបណ្ឌិត ឡៅ ម៉ុងហៃ នេះជារឿងគ្រោះថ្នាក់មួយដែរសម្រាប់កម្ពុជានិងរដ្ឋជាស​​មាជិក​អាស៊ាន​ទាំងមូល ប្រសិនបើនៅ​​តែ​​បន្ត​​ផាត់​​​​ចេញភាគីណាមួយដែលជាសមាជិករបស់ខ្លួនចេញ ព្រោះតែហេតុ​​ផល​​​ផ្សេងៗ វានឹងនាំឱ្យអាស៊ានត្រូវចុះអន់ថយបន្តិចម្តងៗ។

នៅក្នុងកិច្ចប្រជុំនៃមេដឹកនាំកំពូលអាស៊ាន កាលពីថ្ងៃទី​២៦ ខែ​តុលា ដែលប្រទេស​ព្រុ​​យណេជាអ្នករៀបចំ គឺមិន​មាន​​វត្ត​​​​​មាន​​មេ​​ដឹក​​នាំនៃប្រទេសភូមាចូលរួមទេ។ ជាប្រធាននៃកិច្ចប្រជុំ ព្រុយ​​ណេបានលើកឡើងនៅ​ក្នុង​កិច្ចប្រជុំកំពូលអាស៊ានថា ខ្លួនបាន​​អញ្ជើ​​ញអ្ន​ក​​តំណាងដែលមិន​​មែន​​ជា​​អ្នក​​​នយោបាយពីប្រទេសភូមា ប៉ុន្តែមិនមានវត្តមានពួកគេចូលរួមសម្រាប់កិច្ចប្រជុំកំពូលនេះទេ។

មន្រ្តីការបរទេស​មីយ៉ាន់ម៉ា ត្រូវបានកាសែតស្រង់សម្ដីមកចុះផ្សាយដោយលើកឡើងថា គេនឹង​មិនចូល​​រួមប្រ​​ជុំ​​ឡើយ ប្រសិនបើអ្នកតំណាងមិនមែនជាប្រមុខរដ្ឋឬជាមន្រ្តីជាន់ខ្ពស់ណាមួយនៅក្នុងជួររដ្ឋាភិបាលដែលដឹកនាំដោយរបបសឹកយោធានោះទេ។

ប្រទេសភូមា ត្រូវរងការរិះគន់និងទណ្ឌកម្មជាបន្តបន្ទាប់ពីប្រទេសលោកសេរី ក្រោយពីមេដឹកនាំ​យោធា​​ឡើង​​កាន់កាប់អំណាចដោយ​​រដ្ឋ​​ប្រ​​ហារ​​បង្ហូរឈាម កាលពីខែ​កុម្ភៈ ឆ្នាំ២០២១។ ពលរដ្ឋភូមារាប់រយនាក់ត្រូវ​​បាញ់​​សម្លាប់ និងផ្សេងទៀតត្រូវចាប់ខ្លួន ខណៈមាន​​ការ​​តវ៉ា​​ឱ្យ​លោក មីន អ៊ុងឡាំង ចុះ​​ចេញ​ពី​​តំ​ណែ​ង។

មាត្រា៣២ នៃធម្មនុញ្ញអាស៊ាន បានកំណត់ពីតួនាទីរបស់ប្រធានអាស៊ាន ដោយបញ្ជាក់ថា រដ្ឋសមាជិក​​ដែល​​ត្រូវធ្វើ​​ជា​​ប្រធាន​​អា​ស៊ាន ​​ត្រូវ​លើកស្ទួយយ៉ាងសកម្ម និងធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍និង​​សុខុ​​មាលភាពរបស់អាស៊ាន រួមទាំងការខិតខំប្រឹងប្រែងកសាង​​ស​​ហគមន៍អាស៊ាន តាម​​រយៈ​​ការ​​ផ្ដួច​​ផ្ដើម​​​គោលនយោបាយ ការសម្របសម្រួល កុងសង់ស៊ី និងកិច្ចសហប្រតិបត្តិកា​​រ ជា​​ដើម។ ​​នៅក្នុង​​​គោល​ការ​ណ៍​​ទាំង១៤ចំណុច នៅត្រង់ចំណុចទី៥ មាត្រា២ នៃធម្មនុញ្ញអាស៊ាននេះ កំណត់ថា មិនជ្រៀត​​ជ្រែក​​កិច្ច​​ការ​​ផ្ទៃ​​​​ក្នុងនៃរដ្ឋ​​សមា​​​ជិក​អាស៊ាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ