បទ​យកការណ៍​៖ អឿត ហំ ពិការ​ភ្នែក រៀន​ចប់​បរិញ្ញាបត្រ​និងប្ដេជ្ញា​បង្កើត​របរ​ផ្ទាល់​ខ្លួន

យុវតី អឿត ហំ បង្ហាញឯកសារទាក់ទងការងារនិងការសិក្សា នៅក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ (ទួក ពិសិដ្ឋ)

ប្រែប្រួលពីភ្នែកភ្លឺទៅជាងងឹតទាំងស្រុងពេលអាយុ១៧ឆ្នាំដោយ​សារ​តែ​ជំងឺ បាន​ធ្វើឱ្យយុវតីម្នាក់​បាក់​ទឹក​ចិត្ត​យ៉ាងខ្លាំង ដែលអារ​​ម្មណ៍បែបនេះមិនមានមនុស្សច្រើនទេដែលយល់។ ទោះយ៉ាងណា ពេល​និយាយ​ពី​អនាគត​ គាត់ហាក់ដូចជារីករាយនិង​​មានជំនឿចិត្តមាំ ក្នុង​ការ​បង្កើតរបរ​ផ្ទាល់ខ្លួន​និងធ្វើកិច្ចការដែលធ្លាប់ស្រមៃតាំងពីកុមារមក។​

យុវតី អឿត ហំ មាន​ស្រុកកំណើតនៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ធ្លាប់​មាន​ក្ដីស្រមៃតាំង​ពី​កុមារ​មក​ ដោយគាត់​​ចង់​ក្លាយ​ជា​អ្នក​អភិរក្ស និងផ្សព្វផ្សាយឱ្យមនុស្សគ្រប់គ្នាចេះ​ស្រឡាញ់និង​ចូល​រួម​ថែ​រក្សាសម្បត្តិធម្មជាតិ។ បំណងប្រាថ្នានេះ ដោយសារតែ​ ហំ​ សិក្សា​តាម​ឯកសារ​នានា​ឃើញថា ធនធានធម្មជាតិមានសារៈសំខាន់មិនអាចខ្វះបាន។​

ប៉ុន្តែក្ដីស្រមៃនោះ ហំ និយាយថា វាបានស្លាប់ម្ដងរួចទៅហើយ គឺស្លាប់ជាមួយរូបគាត់កាលពី១០​ឆ្នាំ​មុន នៅពេលដែលគាត់កំពុងតែសប្បាយជាមួយការសិក្សានៅថ្នាក់ទី៧ ស្រាប់តែមានជំងឺភ្នែក​រហូតដល់ពិការ​មើលអ្វីលែងឃើញទាំងស្រុង។ កញ្ញាថា ចាប់ពីពេលនោះមក​ បាន​ធ្វើឱ្យ​អ្វីៗ​គ្រប់​យ៉ាង​​នៃជីវិតរបស់គាត់ចាប់ផ្ដើមថ្មីទាំងអស់នៅក្នុងទម្រង់ថ្មីមួយទៀត​ដែលគាត់មិន​ធ្លាប់​បាន​គិត។​

យុវតី អឿត ហំ និយាយថា៖ «ដូចមនុស្សកើតថ្មី ដើរក៏ខ្ញុំអត់ចេះដើរ និយាយក៏និយាយលែងចង់កើត។ និយាយរួម អត់ធ្វើអ្វីបានទាំងអស់ សូម្បីតែញ៉ាំបាយខ្លួនឯង ក៏ខ្ញុំអត់ចេះញ៉ាំដែរ»។​

អំឡុង​​ពេលនោះ​ ភ្នែករបស់គាត់​បាន​​​ងងឹតបន្តិចម្ដងៗ ដោយមិនដឹងថាដោះស្រាយដោយវិធីសាស្ត្រណា ព្រោះគ្រួសារគាត់ក្រីក្រ មិនអាចទៅរកពេទ្យជំនាញឱ្យជួយព្យាបាលនោះទេ។​

ក្រោយពេលបាត់បង់ភ្នែកទាំងគូហើយ ហំ ក៏ទទួលរងការប្រមាថមើលងាយពីអ្នកភូមិមួយចំនួន​ផង​ដែរ ដែលពេលខ្លះគាត់មានអារម្មណ៍ថា មិនមានអ្នកណាស្រឡាញ់ចូ​លចិ​ត្ត​គាត់​ទេ។

កញ្ញាបន្តថា៖ «គេរើសអើងខ្ញុំរហូត! ឆ្នាំនោះ ខ្ញុំឃ្លានបបរ សុំលុយម៉ាក់ទៅទិញ។ គេថាឱ្យខ្ញុំ អី! ខ្វាក់ចេះស៊ីបបរដែរ? ខ្ញុំខឹងមែន ខ្ញុំខឹងណាស់»។​

ក្រោយពេលប៉ះទង្គិចធ្ងន់ធ្ងរទាំងផ្លូវចិត្តនិងផ្លូវកាយមួយរយៈ ហំ បានចាប់ផ្ដើម​​តាំង​ចិត្តព្យាយាម​រៀន​បន្ត​ ដោយមានការជួយជ្រោមជ្រែងផ្ដល់កម្លាំងចិត្តពីគ្រួសារ សប្បុរសជន និងអង្គការសប្បុរសធម៌នានា។​

គិតមកដល់ឆ្នាំ២០២១នេះ ហំ មានអាយុ២៨ឆ្នាំ ហើយ​គាត់​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញា​បត្រ​​ជំនាញ​ទេសចរណ៍​ នៅសាកលវិទ្យាល័យមួយនៅខេត្តសៀមរាប​ នៅឆ្នាំ២០១៧។ ក្រោយបញ្ចប់​ការ​សិក្សា ហំ បាន​សុំស្ថាប័នមួយចំនួននៅក្នុងខេត្តសៀមរាប ដើម្បីធ្វើការងារតាមចិត្តដែលខ្លួនស្រឡាញ់ ប៉ុន្តែត្រូវបដិសេធដោយសារពិការភាព ម៉្យាង​​ការងារទាំងនោះត្រូវចុះតាមភូមិ​ដែល​ប្រជាពលរដ្ឋរស់នៅ និងចូលព្រៃ។​

ហំ មិនបានខឹងឬ​អន់ចិត្តជាមួយស្ថាប័នទាំងនោះដែលមិនព្រមទទួលយករូបគាត់ឱ្យបម្រើការ​ងារ​ទេ ព្រោះពួកគេបកស្រាយសមហេតុផល ដោយសារតែការងារត្រូវធ្វើដំណើរទៅតាមភូមិនិងចូលព្រៃ ពេលខ្លះត្រូវឆ្លងកាត់ទឹកដែលរូបគាត់មិនអាចធ្វើកើត។​

នៅឆ្នាំ២០១៨ និង២០១៩ ហំ បានបម្រើការងារនៅហាងលក់អាហារមួយកន្លែងក្នុងក្រុងសៀមរាប និងឆ្លៀតរៀនជំនាញម៉ាស្សាបន្ថែម ដើម្បីរកចំណូលចិញ្ចឹមជីវិត។​ គាត់គឺជាកូនទី៥ នៅក្នុងចំណោមបងប្អូន១១នាក់។ ដោយសារតែគ្រួសារក្រីក្រ បានធ្វើឱ្យ​​គាត់​ត្រូវ​ប្រឹង​ប្រែងដើម្បី​ចិញ្ចឹម​ខ្លួន​ឯង និងចំណូលមួយចំណែក​យកទៅជួយគ្រួសារទៀតផង។​

អំឡុងពេលបំពេញការងារនោះ ហំ សន្សំបានលុយមួយចំនួន​យកទៅដាក់ទុនជាមួយកសិករដាំដំឡូងមី​ ដែលក្នុង១តោនចំណេញ​បាន​ប្រមាណ១០ម៉ឺន​រៀល។​​

ហំ ក៏ជាមនុស្សម្នាក់រងគ្រោះដោយសារឥទ្ធិពលវិបត្តិកូវីដ-១៩ ដូចមនុស្សទូទៅផ្សេងទៀតដែរ គឺ​ហាងដែលគាត់ធ្វើការងារត្រូវបានបិទ ហើយ​​កន្លែងម៉ាស្សា ក៏មិនមានអតិថិជន។ ចំណែកលុយ​ដែល​ធ្លាប់រកបានពីមុនក៏អស់ ដោយប្រើសម្រាប់ការចំណាយប្រចាំថ្ងៃ និង​ជួយព្យា​បាល​ជំងឺ​​ឱ្យ​ប្អូន។

យុវតី អឿត ហំ បន្ថែមថា៖ «អត់មានលុយផង ឥលូវ! ដល់ពេលប្អូនឈឺ ម៉ត់អស់អាលីង! ហើយចំណាយផ្សេងៗ»។​

យុវតីរូបនេះក៏​ធ្លាប់ធ្វើដំណើរទាំងភ័យខ្លាចទៅរកការងារនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០២០ តែ​​រកការងារធ្វើមិនបាន។ ដោយ​បារម្ភ​ខ្លាចគេធ្វើបាបដោយសារពិការភ្នែក​ ពិបាកធ្វើដំណើរ និង​ពិបាកក្នុងការទំនាក់ទំនងផ្សេងៗផងនោះ គាត់​ក៏បាន​ត្រលប់ទៅស្រុកកំណើតវិញ។​

បច្ចុប្បន្ន ហំ រស់នៅជាមួយឪពុកម្ដាយនៅស្រុកពួក ខេត្តសៀមរាប រង់ចាំស្ថានភាពសេដ្ឋកិច្ចប្រសើរ​ឡើង​វិញ គាត់នឹងធ្វើដំណើរទៅទីក្រុងសៀមរាប រកការងារធ្វើបន្ត ដើម្បីបានដើមទុនចាប់ផ្ដើមមុខរបរខ្លួនឯង។​

អ្នកស្រី ប៉ន់ ង៉ិក ជាម្ដាយរបស់ អឿត ហំ ឱ្យដឹងថា ក្នុងចំណោមកូនគាត់១១នាក់គឺ ហំ រៀនបាន​ច្រើន​ជាង​គេ។ អ្នកស្រីបន្ត​ថា ក្នុងជីវភាពលំបាក​ កូន​បាន​រៀន​ដល់​ថ្នាក់​បរិញ្ញាបត្រនេះ ដោយ​សារ​តែមា​នការជួយពីអង្គការសប្បុរសធម៌នានា។​

អ្នកស្រីបន្តទៀត​ថា គាត់តែងតែគាំទ្រ​ការ​ងារ​ដែល​កូន​ចង់​ធ្វើ ហើយនៅក្នុងបរិបទកូវីដ-១៩ ដែល​កូនមិនមានការងារធ្វើនេះ ក៏គាត់រីករាយក្នុងការទទួលកូនមកផ្ទះវិញ ទោះជាការហូបចុកខ្វះខាតក៏ដោយ។

អ្នកស្រី ប៉ន់ ង៉ិក និយាយថា​៖ «មិនដឹងធ្វើម៉េចទេ បានប្រហុកហូបប្រហុក បានអំបិលហូបអំបិលជាមួយគ្នាអ៊ីចឹង​ទៅ»។​

ស្របពេលដែលរបាយការណ៍អ្នកឆ្លងជំងឺ​កូវីដ-១៩ថយចុះប​ន្តបន្ទាប់មកនោះ ហើយ​រដ្ឋាភិ​បាល​ប្រកាស​ពីផែនការត្រៀមបើកប្រទេសវិញ យុវតី អឿត ហំ ក៏កំពុងត្រៀមខ្លួនទៅក្រុងសៀមរាប ដើម្បីរកការងារធ្វើបន្តទៀត។ ហំ មានជួលបន្ទប់មួយនៅក្រុងសៀមរាប ហើយសម្ភារ​ប្រើប្រាស់របស់​គាត់មួយចំនួន​រក្សាទុកនៅទីនោះ ដោយម្ចាស់បន្ទប់ផ្អាក​យក​ឈ្នួល រហូត​ដល់ ហំ វិលទៅរស់នៅនិងមានការងារធ្វើឡើងវិញ។​

ហំ សង្ឃឹមថា នឹងរកការងារធ្វើបានវិញនៅពេលឆាប់ៗ ដើម្បីបានលុយធ្វើដើមទុនចាប់របរដែលគាត់ចង់ធ្វើ។​

យុវតី អឿត ហំ និយាយថា៖ «គោលបំណងខ្ញុំចង់ធ្វើឱ្យទាល់តែបាន។ ខ្ញុំនិយាយប្រាប់ពូតាមត្រង់ចុះ កាលមុន ខ្ញុំនៅធ្វើការអ៊ីចឹង យើងសន្សំបានបួនដប់ម្ភៃម៉ឺនអ៊ីចឹង​ សល់ពីការចំណាយរបស់យើង គឺយើងរកដូចជា អ្នកធ្វើដំឡូង យើងដាក់បណ្ដាក់ជាមួយគេ ក្នុង១តោន ដាក់២០ម៉ឺន ដល់​ពេលលក់វិញបាន១តោន ៣៥ទៅ៣៦ម៉ឺនដែរ»។​

ក្រៅពីការបណ្ដាក់ទុនជាមួយកសិករ ហំ ក៏ចង់សាកល្បងធ្វើដោយខ្លួនឯងលើការដាំដំណាំនិងចិញ្ចឹមសត្វ ដែលសហការជាមួយអ្នកភ្នែកភ្លឺ។

កញ្ញាបន្តថា៖ «ខ្ញុំជឿថា ខ្ញុំសម្រេច​គោលបំណងរបស់ខ្ញុំឱ្យទាល់តែបាន ទោះបីថាខ្ញុំធ្វើអត់កើត ក៏ប៉ុន្តែឱ្យតែយើងមានលុយ យើងអាចជួលគេធ្វើបាន»។​

មន្ត្រីអង្គការជនពិការកម្ពុជាប្រចាំខេត្តសៀមរាប លោកស្រី កាយ ស្រីអន មានប្រសាសន៍ថា ជនពិការ​មានការលំបាកកាន់តែខ្លាំង ដោយសារតែឥទ្ធិពលនៃមេរោគកូវីដ-១៩។

អ្នកស្រីបន្តថា៖ «បញ្ហាប្រឈមរបស់ពួកគាត់ គឺបញ្ហាអត់ការងារធ្វើ អត់មានស្បៀងអាហារគ្រប់គ្រាន់ ព្រោះជនពិការច្រើន​តែជាជន​ក្រីក្រ»។​

អង្គការនេះក៏មានការផ្សព្វផ្សាយអប់រំបង្កើនចំណេះដឹងដល់ជនពិការ និងមានការសម្របសម្រួលចែកពូជសត្វឱ្យយកទៅចិញ្ចឹម ដើម្បីឱ្យជនពិការបង្កើតជារបរចិញ្ចឹមជីវិត។​

របាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យដឹង​ថា គិតត្រឹមឆ្នាំ២០១៧ កម្ពុជាមានជនពិការជិត១លាននាក់។​ នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលមេរោគកូវីដ-១៩ ជនពិការជាក្រុមគោលដៅមួយដែលងាយរងគ្រោះ ហើយរដ្ឋាភិបាលក៏មានការជួយឧបត្ថម្ភដែរ។​

បើពិនិត្យទៅលើស្ថានភាពអ្នកពិការភ្នែកទាំងសងខាងនេះ ពួកគាត់​​ប្រឈមការលំបាកជាច្រើនដូច​ជា ការធ្វើដំណើរ បរិភោគអាហារ ការទិញឬ​លក់ដូររបរផ្សេងៗ។ ប៉ុន្តែបើ​និយាយ​ពី​យុវតី អឿត ហំ គាត់​មិន​លើក​យក​បញ្ហាដែលលំបាកទាំងអស់​មកធ្វើជាបញ្ហាស្មុគស្មាញនោះទេ គឺគាត់​ព្យាយាមគិតរកមធ្យោបាយណាដែលគាត់អាចធ្វើទៅបាន​ ហើយ​ព្យាយាម​ធ្វើ​ដោយ​មិនខ្លាច​នឿយ​ហត់។​

យុវតី អឿត អំ និយាយថា៖ «យើងហត់នឹងការងារអត់សូវប៉ុន្មានទេ ព្រោះហត់នឹងការងារដែលយើងចូលចិត្ត ទោះបីហត់ប៉ុនណា ក៏យើងនៅតែញញឹមដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ