អង្គការ WHO ជំរុញឱ្យអ្នកដំណើរពាក់ម៉ាស់ស្របពេលវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីឆ្លងរីករាលដាលខ្លាំង

អ្នក​ធ្វើ​ដំណើរ​អូសអីវ៉ាន់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ប៉េកាំង​ ចំពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។ (REUTERS/Tingshu Wang)

មន្ត្រីអ​ង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ប្រទេសនានាគួរតែពិចារណាក្នុងការណែនាំឱ្យអ្នកដំណើរទាំងឡាយពាក់ម៉ាស់​ សម្រាប់ជើងហោះហើររយៈចម្ងាយឆ្ងាយ ខណៈ​វីរុស​​កូវីដ-១៩ បំប្លែងខ្លួន​ថ្មីចុងក្រោយ​ មានការរីករាលដាលយ៉ាងឆាប់រហ័សនៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងក្នុង​សន្និសីទសា​រព័ត៌មាន​មួយ មន្ត្រីអង្គការសុខភាពពិភពលោក និងអឺរ៉ុប បានបន្ថែម​ថា វីរុស​កូវីដ​-១៩ បំប្លែង​ថ្មី​​ប្រភេទ XBB.1.5 នេះ​ក៏ត្រូវ​បាន​រក​ឃើញ​ថាមាន​ការ​កើន​ឡើង​នៅ​តំបន់​អឺរ៉ុបផង​ដែរ បើទោះបី​ជាស្ថិតក្នុងចំនួនតិចតួចក៏ដោយ។

ទាក់ទិននឹងករណីនេះ មន្ត្រី​សង្គ្រោះប​ន្ទាន់​ជាន់​ខ្ពស់​របស់​អង្គការសុខភាពពិភពលោក ប្រចាំ​នៅ​ទ្វីបអឺរ៉ុប លោកស្រី Catherine Smallwood បន្តថា អ្នកដំណើរគួរតែត្រូវបានណែនាំឱ្យពាក់ម៉ាស់​​នៅក្នុងទីតាំងដែលមានហានិភ័យខ្ពស់ ដូចជាការហោះហើរក្នុងរយៈចម្ងាយឆ្ងាយ។

លោកស្រីបន្ថែមថា៖ «សកម្មភាពនេះក៏គួរតែត្រូវបានដាក់ជាការណែនាំមួយ​សម្រាប់អ្នកដំណើរដែលមកពីគ្រប់ទីតាំងដែលមានការឆ្លងរីករាលដាលខ្ពស់នៃវីរុសកូវីដ-១៩ ផងដែរ»។

យោងតាមអ្នកជំនាញផ្នែកសុខាភិបាល វីរុស​កូវីដ-១៩ បំប្លែង​ខ្លួន​​​ថ្មី​​ប្រភេទ XBB.1.5 ដែល​អាច​ចម្លងក្នុង​រយៈ​ពេល​យ៉ាងឆាប់​រហ័ស​មានចំនួន ២៧,៦% នៃករណីកូវីដ-១៩ សរុបនៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី​៧ ខែ​មករា។

ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយ ថាតើវីរុស​​កូវីដ-១៩​បំប្លែងខ្លួន​ថ្មី​នេះនឹង​បង្ក​ឱ្យ​មាន​រលក​នៃ​ការ​ឆ្លង​ជាស​កល ឬយ៉ាងណានោះទេ ខណៈអ្នក​ជំនាញ​បន្ត​អះអាង​ថា វ៉ាក់​សាំងនា​ពេល​បច្ចុប្បនេះនៅ​តែដើរតួនាទីសំខាន់ក្នុងការការពារប្រឆាំង​នឹង​រោគ​សញ្ញាធ្ងន់ធ្ងរ ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់។

គួរបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ មានចំនួន​ប្រមាណជា ៦៦៥​លាន​ករណី ខណៈអ្នកស្លាប់ដោយសារជំងឺនេះមានចំនួនជាង៦លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ