បទយកការណ៍៖ អតីតអ្នកប្រដាល់ម្នាក់តស៊ូលក់ភេសជ្ជៈរកចំណូលជួយគ្រួសារនិងសងថ្លៃព្យាបាល ក្រោយធ្លាក់ខ្លួនពិការ

អតីតកីឡាករប្រដាល់ ធី ដារ៉ាម៉ា កំពុងអង្គុយលើរទេះលក់ទឹក និងភេសជ្ជៈ នៅតាមបណ្ដិយផ្លូវមាត់ទន្លេ នាក្រុងតាខ្មៅ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ (ប៉ា តុងចិន)

ធ្លាប់តែជាបុគ្គលដែលមានកាយសម្បទាមាំមួន និងបង្ហាញក្បាច់គុននៅលើសង្វៀនប្រដាល់គុនខ្មែរយ៉ាងស្វាហាប់ ប៉ុន្តែជីវិតយុវជនម្នាក់បានផ្លាស់ប្តូរទាំងស្រុងពីអាជីពលើសង្វៀន មកជាអ្នកអង្គុយលើរទេះជនពិការ ក្បែរធុងក្លាសេទឹកនិងភេសជ្ជៈនៅតាមភ្លើងស្តុប និងទីប្រជុំជននានាជំនួសវិញ។

«ឥឡូវខ្ញុំប្រដាល់លែងកើតហើយ តាំងពីធ្លាក់ខ្លួនពិការមក។ តាំងពីធ្លាក់ខ្លួនពិការ ធ្លាក់ខ្លួនឈឺមក វាយលែងកើតលែងអីហើយបង។»

នេះជាការលើកឡើងរបស់អតីតកីឡាករប្រដាល់គុនខ្មែរម្នាក់ ដែលបានធ្លាក់ខ្លួនក្លាយជាជន​ពិការជើងទាំងសងខាង ក្រោយជួបឧបទ្ទវហេតុធ្លាក់ពីលើអាគារកម្ពស់ ៥ជាន់ នៅពេលដែលយុវជនរូបនេះឆ្លៀតពេលពីការហ្វឹកហាត់ ទៅធ្វើការខាងក្រៅបន្ថែម ជាជាងម៉ាស៊ីនត្រជាក់។ បច្ចុប្បន្ន អតីតកីឡាកររូបនេះប្រកបរបរជាអ្នកលក់ទឹក និងភេសជ្ជៈចល័ត នៅតាមទីប្រជុំជននានាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ និងសងថ្លៃព្យាបាលជំងឺរបស់ខ្លួន។

មានសម្បុរខ្មៅស្រអែម និងមាឌក្រអាញ យុវជន ធី ដារ៉ាម៉ា គឺជាអតីតកីឡាករប្រដាល់នៃក្លិបប្រដាល់កុលបុត្រគុនខ្មែរ ដែលបានចូលប្រឡូកក្នុងវិស័យនេះ អំឡុងឆ្នាំ២០២០។ ​ដោយសារតែជីវភាពខ្វះខាត ហើយពុំសូវរកថវិកាបានពីការឡើងសង្វៀនផងនោះ យុវជនខាងលើបានឆ្លៀតពេលពីការឡើងសង្វៀន ដើម្បីចេញទៅធ្វើការជាជាងម៉ាស៊ីនត្រជាក់ នៅឯខេត្តព្រះសីហនុ កាលពីអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដំបូងៗ។ ប៉ុន្តែជាអកុសល យុវជន ដារ៉ាម៉ា ត្រូវជួបឧបទ្ទវហេតុមួយ គឺធ្លាក់ពីលើអាគារមួយកន្លែងកម្ពស់ ៥ជាន់ ក្នុងខេត្តព្រះសីហនុ។

​ឧបទ្ទវហេតុនេះបណ្តាលឱ្យលោកមានរបួសបែកបាក់ឆ្អឹងចង្កេះ ខណៈដើមដៃខាងស្តាំ​របស់លោកវិញត្រូវដោតជាប់នឹងចម្រូងដែកដែលគេបណ្ដុះនៅខាងក្រោម ដោយត្រូវបានអ្នកនៅក្នុងហេតុការណ៍យកកាំបិតមកវះសាច់ភ្លាមៗ យកដែកចេញ ដើម្បីបញ្ជូនមកមន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ។

ការព្យាបាលត្រូវចំណាយពេលអស់រយៈពេលប្រមាណ ៣ខែ ដោយបានវះកាត់ពោះ និងឆ្អឹងជំនីខ្នងផ្នែកខាងក្រោម ខណៈការចំណាយផ្សេងៗត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងពីការយកប្លង់ដីទៅបញ្ចាំនៅធនាគារ ដែលសរុប​ជាង ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែនៅតែមិនអាចដូចដើមបាន ដោយសារតែឆ្អឹងខ្នងត្រូវបានរងរបួសធ្ងន់ធ្ងរពេក មិនអាចបញ្ជាសកម្មភាពទៅជើង ទើបបណ្តាលឱ្យយុវជនរូបនេះត្រូវធ្លាក់ខ្លួនក្លាយជាជនពិការជើងទាំងសងខាង តាំងពីពាក់កណ្តាលឆ្នាំ២០២០មក។

ស្លៀកសារុង និងពាក់អាវវាលក្លៀក អង្គុយលើកៅអីជនពិការ ដែលមានសភាពចាស់និងច្រែះចាប់​ផ្នែកមួយចំនួន លោក ធី ដារ៉ាម៉ា បានឱ្យដឹងថា​ ក្រោយពេលព្យាបាលរួច លោកត្រូវបានត្រលប់មកស្នាក់នៅផ្ទះ ដោយដេកនឹងកន្ទេល មិនអាចសូម្បីតែងាកខ្លួន។

យុវជនវ័យ២៥ឆ្នាំរូបនេះ បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា លោកពិតជាមានវិប្បដិសារីជាខ្លាំង ដែលត្រូវរងគ្រោះបែបនេះ ពេលចេញទៅបំពេញការងារ ​ខណៈលោកសញ្ជឹងគិតថា វ័យបច្ចុប្បន្នគួរតែជាវ័យដែលត្រូវរកចំណូលជួយគ្រួសារ ប៉ុន្តែលោកបែរជាក្លាយជាបន្ទុកមួយដ៏ធ្ងន់សម្រាប់គ្រួសារទៅវិញ។

លោកថា៖ «សោកស្ដាយខ្លាំងណាស់ ដោយសារមនុស្សយើងកំពុងពេញកម្លាំង បែរជាមិនបានជួយគ្រួសារ បែរជាយកបន្ទុកដាក់គ្រួសារថែមទៀតទៅលើពួកគាត់ ដែលគាត់ចាស់ជរាមានជំងឺផ្ទាល់ខ្លួនប្រចាំកាយគាត់ហើយ យើងយកបន្ទុកទៅដាក់លើពួកគាត់»។

ការឈឺចាប់ផ្លូវកាយតែមួយមុខមិនទាន់ជាសម្ពាធធ្ងន់ធ្ងរសម្រាប់អតីតកីឡាករប្រដាល់រូបនេះទេ ប៉ុន្តែការឈឺចាប់ផ្លូវចិត្តផ្សេងៗ ដូចជា ការមើលងាយលេងសើចពីសំណាក់មនុស្សជុំវិញខ្លួនមួយចំនួនថែមទៀតនោះ បានបង្ខំចិត្តឱ្យលោកម្តងម្កាលមានអារម្មណ៍ថាលែងចង់រស់ ហើយចង់លេបថ្នាំសម្លាប់ខ្លួនម្តងជាពីរដង ប៉ុន្តែត្រូវបានក្រុមគ្រួសារហាមឃាត់ និងលើកទឹកចិត្តវិញ។

លោកថា៖ «ខ្លះគេហៅអាខ្វិន អាអីទៅ! គេមើលងាយ គេមើលអី! ក្មេងៗខ្លះដែលយើងស្គាល់ហ្នឹង វាហៅអា! ហៅអីអ៊ីចឹងទៅ! ប៉ុន្តែយើងធ្វើអីវាអត់កើត ចេះតែទ្រាំៗទៅ»។

លោកបន្ថែមថា៖ «ពេលខ្លះចង់តែយកថ្នាំលេបសម្លាប់ខ្លួនឯង តែម៉ែគាត់ចេះតែយកលាក់។ យូរៗទៅ យើងបានគិតសព្វៗទៅ បើយើងនៅតែប្រឹងសម្លាប់ខ្លួនទៀត គាត់ខំព្យាបាលយើងអស់លុយមួយគគោកហើយ យើងខំសម្លាប់ខ្លួនទៀត អាហ្នឹងគាត់អស់ទឹកចិត្តគាត់»។

ងាកមកអ្នកស្រី ឡាយ ឈឿន ដែលជាម្តាយរបស់អតីតកីឡាករប្រដាល់រូបនេះ បានរម្លឹកពីអតីតកាលដោយទឹកភ្នែករលីងរលោងថា ពេលដែលកូនប្រុសរបស់អ្នកស្រីរៀបចេញទៅធ្វើការនៅឯខេត្តព្រះសីហនុ ប្ដីអ្នកស្រីគឺលោក សែន ប៊ុនធី បានត្រឹមតែស្រោចទឹកលើក្បាលកូនឱ្យសុខសប្បាយ ដោយមិនបានស្រោចសព្វខ្លួន ព្រោះតែប្រញាប់ពេក។ យ៉ាងណា ដល់ពេលគ្រោះថ្នាក់ អ្នកស្រីថាមានតែក្បាលប៉ុណ្ណោះដែលមិនមានរបួស។

អ្នកស្រី ឡាយ ឈឿន និងកូនប្រុស (លោក ធី ដារ៉ាម៉ា) កំពុងពិភាក្សាគ្នា មុនពេលចេញដំណើរទៅលក់ទឹកនិងភេសជ្ជៈ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។
អ្នកស្រី ឡាយ ឈឿន និងកូនប្រុស (លោក ធី ដារ៉ាម៉ា) កំពុងពិភាក្សាគ្នា មុនពេលចេញដំណើរទៅលក់ទឹកនិងភេសជ្ជៈ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ (ប៉ា តុងចិន)

អ្នកស្រីថា៖ «ប្ដីខ្ញុំបានស្រោចទឹកបានតែក្បាលហ្នឹង! ល្អតែក្បាលហ្នឹង ក្រៅពីនឹងបាក់បែកទាំងអស់»។

អង្គុយលើធុងក្លាសេនៅក្រោមសំយាបផ្ទះ អ្នកស្រី ឈឿន បានរៀបរាប់ថា អ្នកស្រីមានកូនប្រុសស្រីចំនួន១១នាក់ ដោយអតីតកីឡាករ ធី ដារ៉ាម៉ា គឺជាកូនទី៤ ដែលធ្លាប់ជាទីពឹងសម្រាប់គ្រួសារ។ ដោយឡែក កូនប្រុសច្បងរបស់អ្នកស្រី កំពុងជាប់ពន្ធនាគារ ពាក់ព័ន្ធ​ករណីគ្រឿងញៀន រីឯកូនប្រុសស្រី ៩នាក់ផ្សេងទៀត នៅតូចៗនៅឡើយ។ ស្ត្រីរូបនេះបានរៀបរាប់ទាំងទឹកភ្នែកថា ដំបូងៗ ពេលដែលឃើញកូនប្រុសដែលធ្លាប់មានកាយសម្បទាមាំមួន និងជាទីពឹងគ្រួសារ ធ្លាក់ខ្លួនទៅជាពិការបែបនេះ អ្នកស្រីហាក់អស់ទាំងកម្លាំងចិត្ត និងកម្លាំងកាយ ហើយពេលខ្លះ អ្នកស្រីថា គិតអ្វីលែងចេញ ស្ទើរឆ្កួតថែមទៀតផង។

អ្នកស្រីបន្តថា៖ «ដល់ពេលឃើញកូនឈឺអ៊ីចឹង ខ្ញុំដូចអស់កម្លាំងចិត្តណាស់ មានតែកូនមួយហ្នឹងជួយយើង ក្រៅពីហ្នឹងសុទ្ធតែតូចៗអ៊ីចឹងហ្អាស៎។ ដល់ពេលកូនធ្លាក់អ៊ីចឹងមក ខ្ញុំពិបាក ព្រោះមានតែកូនហ្នឹងដែលជួយខ្ញុំ ក្រៅហ្នឹងវានៅតូចៗ។ អាកូនបងប្រុស[កូនប្រុសច្បង]នោះ វាអត់កើត វាបែកថ្នាំបែកអី»។

ទោះជាបែបនេះក្តី ​ស្ត្រីវ័យ៥៤ឆ្នាំរូបនេះ បានអះអាងថា គាត់នៅតែខិតខំស្វះស្វែងរកថវិកា ដើម្បីព្យាបាលកូនជាបន្តបន្ទាប់ និងលើកទឹកចិត្តកូនឱ្យតស៊ូរស់បន្តទៀត ដោយមិនឱ្យកូនគិតខ្លីបញ្ចប់ជីវិតរបស់ខ្លួននោះទេ។​

អ្នកស្រី ឈឿន មានប្រសាសន៍ថា៖ «ខ្ញុំឱ្យកូនប្រឹងដើរ ប្រឹងអីឡើង អត់ឱ្យកូនសម្លាប់ខ្លួនទេ ព្រោះខ្ញុំមើលថែកូនរហូត។ ខ្ញុំអត់ហ៊ានទុកថ្នាំនៅវាល ​ខ្ញុំខ្លាចវាយកថ្នាំលេបអី យកថ្នាំលាក់រហូត។ វាតូចចិត្តវាហ្នឹង! បានខ្ញុំថាមិនបាច់តូចចិត្តទេកូនអើយ មនុស្សយើងសុទ្ធតែមានកម្មមានអីហើយ បានអ៊ីចឹង»។

អ្នកស្រី ឡាយ ឈឿន បាននិយាយដោយមិនរុញរាចិត្តថា អ្នកស្រីតែងតែបង់ស្រន់ឱ្យកូនប្រុសបានជាសះស្បើយវិញ ដើម្បីអាចរស់នៅបានស្រួលដូចគេ ខណៈបច្ចុប្បន្នត្រូវអង្គុយជាប់លើកៅអីជានិច្ច។ ជាមួយគ្នានេះ អ្នកស្រីថា ប្រសិនបើកូនប្រុសបានដើររួចដូចមុន នោះអ្នកស្រីអាចចេញទៅធ្វើការរកចំណូលជួយគ្រួសារ និងបង់ធនាគារបាន ប៉ុន្តែបើកូនដើរមិនរួចទេ នោះត្រូវនៅមើលថែជាប់រហូត ព្រោះស្វាមីរបស់អ្នកស្រីក៏មានជំងឺប្រចាំកាយ មិនអាចធ្វើការអ្វីបាននោះដែរ។

អ្នកស្រី ឡាយ ឈឿន និងលោក សែន ប៊ុនធី ដែលជាឪពុកម្ដាយរបស់អតីតកីឡាករ ធី ដារ៉ាម៉ា អង្គុយក្រោយសំយាបផ្ទះ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។
អ្នកស្រី ឡាយ ឈឿន និងលោក សែន ប៊ុនធី ដែលជាឪពុកម្ដាយរបស់អតីតកីឡាករ ធី ដារ៉ាម៉ា អង្គុយក្រោយសំយាបផ្ទះ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ (ប៉ា តុងចិន)

អ្នកស្រីបន្ថែមថា៖ «ខ្ញុំបន់រាល់ថ្ងៃ បន់ឱ្យកូនខ្ញុំដើររួច ឱ្យជា ឱ្យគ្នាដើររួចទៅ ខ្ញុំបានដើរលក់ដូរអ៊ីចឹងទៅ! មើលថែគាត់រហូត បើឪពុកលាងចានមិនកើតផង»។

បើតាមអ្នកស្រី ឡាយ ឈឿន បានឱ្យដឹងថា បច្ចុប្បន្ន បំណុលធនាគារដែលគ្រួសារអ្នកស្រីខ្ចីមកព្យាបាលកូនប្រុសនៅសល់ខ្ទង់ជាង១ម៉ឺនដុល្លារ ដែលតម្រូវឱ្យបង់ការប្រាក់ប្រមាណ ៣៥០ដុល្លារ ជារៀងរាល់ខែ។ អ្នកស្រីបន្ថែមថា ជំងឺនេះប្រហែលមិនអាចជាសះស្បើយបានដូចមុននោះឡើយ ព្រោះតែចង្កេះមិនអាចបញ្ជាទៅជើងទាំងសងខាងបាន។

ងាកមកអតីតកីឡាករប្រដាល់នៃក្លិបប្រដាល់កុលបុត្រគុនខ្មែរ ធី ដារ៉ាម៉ា បានឱ្យដឹងថា ក្រោយធ្លាក់ខ្លួនពិការ និងសម្រាកនៅផ្ទះមួយរយៈ លោកតែងតែឃើញមានបុគ្គលិកធនាគារមកចាំយកលុយជារៀងរាល់ខែ ខណៈម្តាយរបស់លោកក៏តែងតែគេចមិនហ៊ាននៅផ្ទះ ដោយសារតែមិនមានលុយបង់ការទៅធនាគារ។

កត្តានេះបានជំរុញចិត្តឱ្យលោកប្តេជ្ញាចិត្តស្វះស្វែងរកចំណូលទាំងឈឺទាំងជា ដើម្បីលក់ទឹកនិងភេសជ្ជៈនៅតាមភ្លើងស្តុប និងទីប្រជុំជននានាក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងជួយបង់រម្លស់កម្ចីដែលម្តាយបានយកមកព្យាបាលលោកកាលពីគ្រោះថ្នាក់នោះ។

លោក ដារ៉ាម៉ា បានឱ្យដឹងថា សព្វថ្ងៃ លោកប្រកបរបរនេះនៅក្បែរមាត់ទន្លេក្រុងតាខ្មៅ ដោយត្រូវធ្វើដំណើរពីផ្ទះនៅឯខណ្ឌកំបូល ទៅក្រុងតាខ្មៅ ជារៀងរាល់ថ្ងៃ និងអាចរកថវិកាចំណេញបានខ្លះចន្លោះពី១ ទៅ២ម៉ឺន ប៉ុណ្ណោះក្នុងមួយថ្ងៃ។

ទោះជាបែបនេះក្តី ​អតីតកីឡាករនៃក្លិបកុលបុត្រគុនខ្មែររូបនេះ មិនចង់ត្អូញត្អែរឱ្យទស្សនិកជនបានឃើញនោះទេ។ ជាពិសេស លោកថា មិនអាចដាច់ចិត្តលាដៃសុំលុយពីអ្នកដទៃដាច់ខាត ពោលគឺសុខចិត្តខិតខំដោយកម្លាំងញើសឈាមរបស់ខ្លួន ទោះត្រូវលំបាកប៉ុនណាក៏ដោយ។

លោកថា៖ «ខ្ញុំប្ដេជ្ញាចិត្តថា ទោះឈឺ ទោះម៉េចក៏ដោយ ត្រូវតែងើបទៅលក់រកលុយជួយគ្រួសារដែរ។ ទោះលក់មិនដាច់ ឬដាច់ក៏ដោយ ក៏ត្រូវតែទៅដែរ ដើម្បីជួយជីវភាពគ្រួសារយើងបានខ្លះ បានហូបចុកទៅ បានតិចៗ ចេះតែបង់អង្គការខ្លះ»។

នាយិកាអង្គការជនពិការកម្ពុជា អ្នកស្រី ម៉ាក់ ម៉ូនីកា បានមានប្រសាសន៍ថា សហព័ន្ធប្រដាល់គុនខ្មែរ ដែលជាស្ថាប័នពាក់ព័ន្ធ គួរតែធ្វើយ៉ាងណាធានាឱ្យបាននូវការថែទាំព្យាបាលសុខភាពកីឡាករដែលជួបនូវបញ្ហាផ្សេងៗដូចទៅនឹងកម្មករនយោជិតផ្សេងៗដែរ។

អ្នកស្រីបន្តថា នៅពេលជួបគ្រោះថ្នាក់ការងារ មានន័យថា គ្រោះថ្នាក់នៅអំឡុងពេលដែលបំពេញកាតព្វកិច្ច ក្រោមការគ្រប់គ្រងរបស់ស្ថាប័ន។ អ្នកស្រីបន្តថា កត្តាតម្រូវ ២យ៉ាងសំខាន់ៗ គឺការធានាបាននូវការព្យាបាល ដោយស្ដារកាយសម្បទាឡើងវិញ និងការផ្តល់ឱកាសការងារ ឬជំនាញអ្វីមួយដែលស្របទៅតាមលទ្ធភាពរបស់គាត់ដែលអាចធ្វើទៅបាន។

អ្នកស្រីមានប្រសាសន៍ថា៖ «ការផ្តល់ឱកាសទី១ គឺយើងគិតពីសុវត្ថិភាព ធានាថាសុខភាពគាត់បានល្អប្រសើរសិន […] អត់ទាន់គិតរឿងលុយទេ គិតថាធ្វើម៉េចឱ្យសុខភាពគាត់បានប្រសើរឡើង គាត់គេចផុតពីពិការភាពសិន។ ទី២ នៅពេលដែលយើងស្តារគាត់ឡើងបានហើយ […] នៅដំណាក់កាលទី២ហ្នឹង យើងត្រូវផ្តល់ឱ្យគាត់ថាតើលទ្ធភាពគាត់អាច​ធ្វើអីបាន»។

អ្នកស្រីបន្ថែមថា សហព័ន្ធប្រដាល់ ក៏គួរតែសិក្សាផ្តល់លទ្ធភាពការងារដែលគាត់អាចធ្វើបាន ក្នុងនាមជាមន្ត្រីចៅក្រម ឬក៏ការងារផ្សេងទៀតដែលស្ថិតក្នុងរចនាសម្ពន្ធកីឡា ដើម្បីធានាថា ទោះបីជាគាត់ធ្លាក់ខ្លួនពិការ ប៉ុន្តែគាត់នៅតែអាចបន្តការងារលើវិស័យមួយនេះបានតាមលទ្ធភាព។

មាត្រា១០ និង១១ នៃច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព បានបញ្ជាក់ថា រដ្ឋត្រូវយកចិត្តទុកដាក់ ជួយលើកតម្កើងជីវភាពរស់នៅរបស់ជនមានពិការភាពឱ្យបានសមរម្យ ស្របតាមស្ថានភាពសេដ្ឋកិច្ចជាតិ និងត្រូវមានវិធានការចាំបាច់ធានា ដើម្បីបំផុសនិងលើកទឹកចិត្តពលរដ្ឋ សប្បុរសជនផ្នែកឯកជន និងអង្គការ​ផ្សេងៗឱ្យចូលរួមឧបត្ថម្ភដល់ពួកគេ​។

មាត្រា៤២ នៃច្បាប់ដដែលនេះ បានគូសបញ្ជាក់​ថា រដ្ឋត្រូវលើកទឹកចិត្តដល់ជនមានពិការភាព ដែលប្រកបរបរ អាជីវកម្ម ឬសិប្បកម្មជាលក្ខណៈឯកជន ឬគ្រួសារ ឬសមូហភាពរបស់ជនពិការ តាមរយៈការកាត់បន្ថយពន្ធដារ និងការផ្តល់អាទិភាពផ្សេងៗទៀតស្របតាមច្បាប់ជាធរមាន។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន​ បានលើកឡើងថា លោកធ្លាប់បានដឹងពីដំណឹងរបស់យុវជន ធី ដារ៉ាម៉ា នេះដែរ ហើយក៏បានណែនាំឱ្យមានការទាក់ទងមកលោក ដើម្បីប្រាកដថាជាអតីតកីឡាករប្រដាល់មែនឬ យ៉ាងណា។ ប៉ុន្តែលោកថា មិនមានដំណឹងមកលោកទាល់តែសោះ។ យ៉ាងណាក្តី លោក តែម ម៉ឺន អះអាងថានឹងចុះជួយសម្រួលតាមលទ្ធភាព នៅពេលដែលទទួលបានដំណឹងពិតប្រាកដ។

លោកថា៖ «ដូចជាអត់ឃើញមាននរណាទាក់ទងមកខ្ញុំ! ចាំមើលខ្ញុំមើល៍ៗ ខ្ញុំនឹងសួរនាំទៅមើល៍ នៅក្លិបណាពិតប្រាកដ គ្រូរបៀបម៉េច អីរបៀបម៉េចណាស់! គ្រូរបៀបម៉េច ត្រូវតែមើលគ្នា ហើយគួរតែជូនដំណឹងមកខ្ញុំ។ ឱ្យតែមានដំណឹងមកដល់ខ្ញុំ ខ្ញុំនឹងជួយទាំងអស់ ថាជាកីឡាកររបស់យើងពិតប្រាកដ ឬអត់»។

ថ្នាក់ដឹកនាំសហព័ន្ធគុនខ្មែររូបនេះ បានមានប្រសាសន៍ថា ក្នុងករណីមានរបួសស្នាមនៅអំឡុងពេលប្រកួត សហព័ន្ធ និងភាគីពាក់ព័ន្ធ នឹងជួយសម្រួលដល់ការព្យាបាល។ ដោយឡែក សម្រាប់បញ្ហាផ្សេងៗដែលកីឡាករជួបប្រទះ សហព័ន្ធអះអាងថា នឹងចូលរួមជួយសម្រួលតាមលទ្ធភាព ព្រោះកីឡាប្រភេទនេះជាកីឡាស្ម័គ្រចិត្ត ហើយរដ្ឋក៏មិនមានការធានារ៉ាប់រងអាយុជីវិតទាំងស្រុងនោះដែរ។

លោកមានប្រសាសន៍ថា៖ «យើងត្រូវតែមើលថែទាំគ្នាហើយអាហ្នឹង ទៅតាមលទ្ធភាពរៀងៗខ្លួន ព្រោះការប្រកួតរាល់ថ្ងៃជាការប្រកួតឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយក៏មិនមែនថាយើងធ្វើអាជីពទាំងស្រុង ហើយយើងមានការធានារ៉ាប់រងអាយុជីវិត គឺវាអត់មានដែរអាហ្នឹង»។

ត្រលប់មកអតីតកីឡាករប្រដាល់ ធី ដារ៉ាម៉ា បានរៀបរាប់​ថា លោកពិតជាសោកស្តាយ ដែលមិនអាចបន្តអាជីពប្រដាល់នេះទៀតបាន ពោលគឺបានត្រឹមតែមើលការប្រកួតរបស់កីឡាករផ្សេងៗប៉ុណ្ណោះ។ លោកបន្ថែមថា ទោះបីជាបច្ចុប្បន្នធ្លាក់ខ្លួនក្លាយជាជនមានពិការភាពក៏ពិតមែន ប៉ុន្តែលោកនៅតែមានចិត្តដិតដាម​ចង់ប្រឡូកវិស័យប្រដាល់គុនខ្មែរវិញ។ តែយ៉ាងណា លោកថា គាត់បានអស់ឱកាសទៅហើយ។

លោកថា៖ «បើនិយាយពីគុនខ្មែរ ចិត្តនៅតែស្រឡាញ់។ ឃើញគេវាយចង់តែវាយដែរ តែបើថាយើងវាអ៊ីចឹងហើយ យើងមិនអាចទៅមុខទៀតទេ ទោះយើងជា ក៏យើងមិនអាច។ ប៉ុន្តែចិត្តស្រឡាញ់នៅតែស្រឡាញ់ នៅតែគាំទ្រ»។

អតីតកីឡាករ ធី ដារ៉ាម៉ា នៅក្លិបប្រដាល់គជសាសរគុនខ្មែរ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។
អតីតកីឡាករ ធី ដារ៉ាម៉ា នៅក្លិបប្រដាល់គជសាសរគុនខ្មែរ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ (ប៉ា តុងចិន)

អតីតសិស្សគុននៃក្លិបកុលបុត្រគុនខ្មែររូបនេះ បានអះអាងថា ជាវិប្បដិសារីមួយដ៏អាក្រក់បំផុត ប្រសិនបើលោកបញ្ចប់ជីវិតខ្លួនឯងកាលពីចេញពីមន្ទីរពេទ្យ។ ដូច្នេះ លោកថានឹងប្រើជីវិតដែលសេសសល់ ជួយរកចំណូលតាមលទ្ធភាព ដើម្បីជួយផ្គត់ផ្គង់គ្រួសារ និងសងទៅធនាគារ​ ពិសេសគឺជួយប្អូនៗឱ្យបានរៀនខ្ពង់ខ្ពស់ កុំឱ្យពិបាកដូចលោក។

លោកថា៖ «អាពេលហ្នឹង បើយើងគិតខ្លី វាអត់ប្រយោជន៍ ដល់ពេលយើងគិតសព្វៗទៅ មានតែប្រឹងតិកតក់ៗជួយគ្រួសារវិញ លក់បានលុយខ្លះបានអីមើលជួយគ្រួសារ ជួយឱ្យបានបង់ថ្លៃអង្គការ[ធនាគារ] សម្រាប់យកប្លង់ដីផ្ទះយើងមកវិញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ