ក្រុមហ៊ុន​បដិសេធ​សំណើ​សុំ​ចរចា​ពី​ភាគី​ការពារ​បុគ្គលិក​ទូរទស្សន៍ CNC ដែល​បាន​បញ្ឈប់

ស្ថានីយ​ផ្សាយ​របស់ក្រុម​ហ៊ុន ខេមបូឌាន ប្រតខេសស្ទីងសឺវីស (Cambodian Broadcasting Service Co.,Ltd)​ ស្ថិត​នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ (ផ្ដល់ឱ្យ)

ភាគីក្រុមហ៊ុនគ្រប់គ្រងទូរទស្សន៍ CNC បដិសេធសំណើសុំជួបពិភាក្សាផ្លូវច្បាប់ ដើម្បីបើកផ្លូវឱ្យមានកា​​រ​ផ្ដល់​សំណងបន្ថែមដល់បុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារ។

កា​ល​ពីថ្ងៃចន្ទសប្ដាហ៍មុន បុគ្គលិកមួយចំនួន​ធ្វើការនៅទូរទស្សន៍ CNC អះអាងថា ភាគីក្រុមហ៊ុន ខេមបូឌាន ប្រតខេសស្ទីងសឺវីស (Ca​mbo​di​an Broadcasting Service Co., Ltd ឬ CBS) ​ដែល​គ្រប់​គ្រង​​​ទូរទស្សន៍ CNC បានបញ្ឈ​ប់បុគ្គលិក​​​​​​ផ្នែ​​​កព័ត៌មាន ផ្នែកកាត់តរូបភាព និងអ្នកសម្របសម្រួលកម្មវិធី សរុប២២នាក់ ទាំងមិនបានទូរទាត់ប្រា​ក់អត្ថប្រយោជន៍ឱ្យបានពេញលេញតាមច្បាប់ស្ដីពីការងារទេ ដូចជា ប្រាក់ជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំ។

ក​​រណីនេះ ពួកគេស្វែងរកមេធាវីនៅសហ​ភាពការងារកម្ពុជា ឱ្យជួយការពារផ្លូវច្បាប់ ដើម្បីទាមទារអត្ថប្រ​យោជន៍បន្ថែមពីភាគីក្រុមហ៊ុនដែលបានបញ្ឈប់ពួកគេពីការងារ។

ប្រ​ធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទនេះ ភាគីក្រុមហ៊ុនបានប​ដិសេធទទួលលិខិត​របស់មេធាវី​ដែលសុំជួបដើម្បីពិភាក្សាផ្លូវច្បាប់រកដំណោះស្រាយ។

តែ​យ៉ាងណា លោកថា បញ្ហានេះ ក្រុមការងារនឹងបន្តផ្ញើសារតាមអ៊ីម៉ែលបន្ថែមទៀតទៅភាគីក្រុមហ៊ុន CBS ដើម្បី​ព្យាយាមរកការ​ជជែកទល់មុខគ្នា មុនឈានទៅរកកិច្ចអន្តរាគមន៍ពីក្រសួងការងារ និងក្រុមប្រឹ​​ក្សាអា​ជ្ញាកណ្ដាល។

តែយ៉ាងណា ក្រោយពីមានការផ្សព្វផ្សាយ​ពីបញ្ហានេះ ក្រុមហ៊ុន (CBS) បានបំភ្លឺក្នុងលិខិតចុះថ្ងៃទី២៨ ខែ​តុលា ឆ្នាំ២០២១ សប្ដាហ៍មុ​ន​ថា ការបញ្ឈប់បុគ្គលិកនេះ ដោយសារតែក្រុម​ហ៊ុន​ត្រូវកែសម្រួលការងារ ហើយ​ថា​ វិធានកែសម្រួលនោះ ក្រុមហ៊ុនបានជូនដំណឹងរួចហើយចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ដោយធ្វើ​ជា២ដំ​​ណាក់កាល ហើយនេះជាការកែសម្រួលដំណាក់កាលទី២ ដោយបានបញ្ចប់កិច្ច​សន្យា​បុគ្គលិកចំនួ​ន​១៧នាក់នៅទូរទស្សន៍ CNC។ 

ក្រុមហ៊ុនបានគូសបញ្ជាក់ថា ការបញ្ចប់កិច្ចសន្យាបុគ្គលិកនេះ ខ្លួនបានអនុវត្តស្របតាមច្បាប់ការងារ សម្រាប់ការទូរទាត់អត្ថប្រយោជន៍ជូនបុគ្គលិក ដូចជា ប្រាក់ខែចុងក្រោយ ប្រាក់ជូនដំណឹងមុន ទៅតាមអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ប្រាក់ដំណាច់ឈប់សម្រាកដែលនៅសល់ ប្រាក់រម្លឹកអតីតភាពការរងារមុនឆ្នាំ២០១៩ និងប្រាក់ដំណាច់អតីតភាពការងារ​ក្រោយឆ្នាំ​២០១៩ដែលនៅសល់។ 

យ៉ាងនេះក្ដី បុគ្គលិកផ្នែកព័ត៌មានទូរទស្សន៍​ CNC ម្នាក់ ប្រចាំនៅខេត្តត្បូងឃ្មុំ លោក ជឹង សេងឡុង ឱ្យ​ដឹង​​ថា គាត់ធ្វើការនៅក្រុមហ៊ុននេះរយៈ៨ឆ្នាំហើយ តែការទូរទាត់ពីភាគីក្រុមហ៊ុនបានតែមួយឆ្នាំទេ។

លោកថា៖ «ខ្ញុំគ្រាន់តែចង់បានការគិតគូរពីក្រុមហ៊ុនហ្នឹងឱ្យគ្រប់ឆ្នាំរបស់ខ្ញុំដែលខ្ញុំធ្វើការ។ ទី២ បើគាត់អត់ព្រម​ មានតែទៅក្រសួងការងារ ឬក៏សុំអន្តរាគមន៍ពីសម្តេច [នាយករដ្ឋមន្ត្រី] ឱ្យជួយពួកខ្ញុំ ពីព្រោះដូចដឹងហើយ បើក្រុមហ៊ុនគាត់ថាក្ស័យធន អាហ្នឹងមិនអីទេ! អានេះ គាត់បញ្ឈប់បុគ្គលិកក្នុងហេតុផលកែសម្រួលផ្សេងៗ​ ហើយមួយចំនួនក្នុងហ្នឹងឃើញ​រើសបុគ្គលិកបន្ថែមទៀត»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ