កុមារ កាក់ សុវណ្ណច័្ឆយ នឹង​ត្រូវ​ដោះលែង​ក្នុង​ខែ​នេះ ប៉ុន្តែ​ត្រូវ​ស្ថិតក្រោម​ការ​តាមដាន​របស់​តុលាការ​រយៈពេល​២ឆ្នាំ

រថយន្តពន្ធនាគារដឹកកុមារា កាក់ សុវណ្ណច្ឆ័យ ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ទោសកុមារ កាក់ សុវណ្ណច័្ឆយ ឱ្យជាប់ពន្ធនាគារ៨ខែ ដោយអនុវត្តទោស​៤ខែ១៥ថ្ងៃ ហើយ​ទោស​នៅសល់ត្រូវព្យួរ ​ដែលនាំឱ្យ​កុមាររូបនេះនឹងត្រូវដោះ​លែង​នៅ​ក្នុង​សប្ដាហ៍​ក្រោយ។

កុមារ កាក់ សុវណ្ណច្ឆ័យ អាយុ១៦ឆ្នាំ ដែលម្ដាយអះអាងថាកំពុងមានជំងឺអូទីហ្សឹម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ ក្រោយមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក្រោមពី​បទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថ​ចំពោះ​អ្នករាជការសាធារណៈ» បន្ទាប់ពីកុមារអាយុក្រោម១៨ឆ្នាំរូបនេះបានបង្ហោះសាររិះគន់រដ្ឋាភិបាល​តាមប្រព័ន្ធតេឡេក្រាម។

ក្រោយពីឃុំខ្លួននៅពន្ធនាគារព្រៃស រង់ចាំ​សវនាការនិងជំនុំជម្រះរយៈពេលជាង៤ខែនោះ ប្រធានក្រុមប្រឹក្សា​ជំនុំជម្រះសាលាដំបូងរាជធានី លោក អ៊ួង វុទ្ធា បានប្រកាសសាលក្រមសំណុំរឿងកូនប្រុសអតីតមន្ត្រី​បក្សប្រឆាំង នៅថ្ងៃចន្ទនេះ។

ប៉ុន្តែមុនពេលប្រកាស ចៅក្រមបានឱ្យតំណាងស្ថានទូត អង្គការសង្គមស៊ីវិល រួមទាំងអ្នកសារព័ត៌មាន ដែលកំពុង​អង្គុយក្នុងបន្ទប់សវនាការរង់ចាំស្ដាប់ការប្រកាសសាលក្រមនេះ ចេញមកខាងក្រៅទាំងអស់ លើកលែងតែមេធាវី និងម្ដាយកុមារ កាក់ សុវណ្ណច្ឆ័យ តែប៉ុណ្ណោះ។

ម្ដាយកុមារ កាក់ សុវណ្ណច្ឆ័យ គឺអ្នកស្រី ព្រំ ចាន់ថា ប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយ​ទឹក​មុខស្រពោនថា ចៅក្រមបានកាត់ទោសកូនប្រុសគាត់ឱ្យជាប់ពន្ធនាគារ៨ខែ ប៉ុន្តែអនុវត្តទោសតែ៤ខែ​១៥ថ្ងៃប៉ុណ្ណោះ។

យ៉ាងណា អ្នកស្រីថា កូនរបស់គាត់ត្រូវបានដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យួរទោស​​រយៈពេល​២​ឆ្នាំ​​ទៀត ​ហើយ​តម្រូវ​ឱ្យ​រូបគេ​បង្ហាញខ្លួន​នៅចំពោះមុខ​តុលាការ​​គ្រប់ពេល​ដែល​​តុលាការកោះហៅ​ជាដើម។

អ្នកស្រី ព្រំ ចាន់ថា បន្តថា ទោះបីជាតុលាការសម្រេចដោះលែងកូនគាត់នៅប៉ុន្មានថ្ងៃខាងមុខក៏ពិតមែន ប៉ុន្តែកូន​របស់​គាត់​មិន​មាន​សិទ្ធិ​ក្នុងការដើរហើរនិងបញ្ចេញមតិនោះទេ។ អ្នកស្រីស្នើទៅតុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់ និងដកបម្រាមឬ​លក្ខខណ្ឌ ដើម្បីឱ្យកូនប្រុសនិងគ្រួសាររបស់គាត់មានសេរីភាពពេញលេញ។

អ្នកស្រី ព្រំ ចាន់ថា ផ្ដល់បទសម្ភាសដល់អ្នកកាសែតនៅមុខសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីកូនប្រុសអ្នកស្រីឈ្មោះ កាក់ សុវណ្ណច្ឆ័យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
អ្នកស្រី ព្រំ ចាន់ថា ផ្ដល់បទសម្ភាសដល់អ្នកកាសែតនៅមុខសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីកូនប្រុសអ្នកស្រីឈ្មោះ កាក់ សុវណ្ណច្ឆ័យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ (ខាន់លក្ខិណា)

អ្នកស្រីថា៖ «ត្បិតបានដោះលែង ប៉ុន្តែយើងអត់មានសេរីភាពក្នុងការដើរហើរ ហើយស្ថិតនៅក្នុងការឃ្លាំមើលរបស់ពួកគាត់ទៀត។ អ៊ីចឹងវាពិបាកណាស់ បន្ទុកធ្ងន់មែនទែន សម្រាប់គ្រួសារខ្ញុំ។ ឥលូវហ្នឹង ​កូនខ្ញុំនៅសល់១០ថ្ងៃទៀតចេញ ​ការរៀនសូត្ររបស់គាត់ក៏ពិបាក ចង់ប្ដូរទីលំនៅក៏ពិបាក ការដើរទៅណាក៏ពិបាក ​ត្រូវបង្ហាញខ្លួនគ្រប់ពេលវេលា​។ បើអត់បង្ហាញខ្លួន គេអាចចាប់គាត់ដាក់ពន្ធនាគារម្ដងទៀត»។

ក្រោយពីចាប់ឃុំខ្លួនកុមារ កាក់ សុវណ្ណច្ឆ័យ នៅពន្ធនាគារនោះ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចេញ​​សេចក្ដីថ្លែងការណ៍រួម​មួយ ដោយ​ចាត់ទុក​ការចាប់ឃុំខ្លួននិងចោទប្រកាន់ទៅ​​កុមាររូប​នេះ ថាជាការធ្វើឡើង​ដោយ​​រំលោភ​អនុ​សញ្ញា អង្គការកំពូលមួយនេះ ស្ដីពីសិទ្ធិ​កុមារ ដែល​កម្ពុជា​បានផ្ដល់សច្ចាប័ននៅឆ្នាំ១៩៩២។

ក្រុមអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិទាំងនោះបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា​ទម្លាក់ចោលការចោទប្រកាន់និងដោះលែងកុមាររូបនេះឱ្យនៅក្រៅឃុំ និងត្រូវធានាថាសិទ្ធិរបស់គាត់ត្រូវបានការពារស្របតាមគោលការណ៍ឧត្ដមផលប្រយោជន៍របស់កុមារ ហើយ​​ត្រូវអនុលោមតាមអនុសញ្ញាស្ដីពីសិទ្ធិកុមារ អនុសញ្ញាស្ដីពីសិទ្ធិជនពិការ និងច្បាប់កម្ពុជា ដើម្បីការពារសិទ្ធិកុមារក្នុងការបញ្ចេញមតិនិងការចូលរួមផងដែរ។

នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំ​អាត មានប្រសាសន៍ថា ក្រមនីតិវិធីបានចែងថា ចំពោះសវនាការកុមារត្រូវធ្វើអសាធារណៈ ដើម្បីចៀសវាងផលប៉ះពាល់​ដល់សេចក្ដីថ្លៃថ្នូររបស់កុមារ​។ ប៉ុន្តែលោកបង្ហាញចម្ងល់ថា អំឡុងពេលសវនាការកន្លងមក​ តុលាការមិនបានធ្វើ​ជាអសាធារណៈដូចពេល​ប្រកាសសាលក្រមនេះទេ។  

លោកបន្តថា សំណុំរឿងកុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានសហគមន៍ជាតិនិងអន្តរជាតិចាប់អារម្មណ៍ខ្លាំង ត្បិតករណីនេះជារឿងនយោបាយ ដោយសារឪពុករបស់​កុមារ​រូបនេះជាអតីតមន្ត្រីបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំនៅពន្ធនាគារ​​ ខណៈម្ដាយតែងសកម្មក្នុងការចេញតវ៉ាជារៀងរាល់ថ្ងៃសុក្រ ដើម្បីទាមទាររកយុត្តិធម៌ឱ្យ​គ្រួសារគាត់និងអ្នកជាប់ឃុំផ្សេងទៀតដែរ។

លោកថា៖ «​ឪពុកគាត់គឺជាសកម្មជនអតីតបក្សប្រឆាំង ហើយត្រូវបានចាប់ដាក់ពន្ធនាគារ មិនទាន់ចេញដែរ ពីរឿង “រួមគំនិតក្បត់និងញុះញង់”។ ហើយម្ដាយរបស់គាត់ យើងឃើញថា ​​​​ការតវ៉ាដែលមានឈ្មោះ “ស្ត្រីថ្ងៃ​សុក្រ” ជាដើម។ ហើយកុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានរងការវាយដំកន្លងមក ​ហើយរកអ្នក​ដែលបង្កមកដាក់ទោសមិនឃើញ។ ​ផ្ទុយទៅវិញ គាត់ត្រូវបានចាប់ដាក់ពន្ធនាគារ ផ្ដន្ទាទោសគាត់។ យើងមើលសាលក្រមហ្នឹង ​វាហាក់បីដូចជាមានការរឹតត្បិតសេរីភាពកុមារបន្ថែមទៀត  ដូចជារឿងការផ្លាស់ប្ដូរទីលំនៅត្រូវជូនដំណឹង ការ​ចង់ចេញទៅក្រៅប្រទេសត្រូវសុំការអនុញ្ញាត​ និងបង្ហាញមុខនៅតុលាការ ជាដើម។ អាហ្នឹងជាការកម្រិតសេរីភាព​ដែលធ្វើឱ្យប៉ះពាល់ទៅដល់គាត់»។​

​កុមារ​ កាក់ សុវណ្ណច្ឆ័យ ធ្លាប់​​ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនម្ដងរួចមកហើយកាល​ពី​​ខែ​តុលា ​ឆ្នាំ២០២០ ពីបទ ​«ចូលទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ» នៅសង្កាត់ចាក់អង្រែ​លើ រាជធានីភ្នំពេញ ដោយ​​បំពានលើបម្រាម​តុលាការ។ ប៉ុន្តែកុមារា​រូបនោះត្រូវ​​បានសមត្ថ​កិច្ច​​ដោះ​លែង​វិញ ក្រោយ​​សាកសួរ​អស់រយៈពេល៤៨ម៉ោង។

ក្រោយពីសមត្ថកិច្ចដោះលែងរួច ប៉ុន្មានខែក្រោយ​មក កុមារា​ កាក់ សុវណ្ណច្ឆ័យ ត្រូវបានជនមិន​ស្គាល់​មុខ​លួច​វាយពីក្រោយ បណ្ដាលឱ្យបែកក្បាលដេរ២០ថ្នេរ។ ប៉ុន្តែជាច្រើនខែមកនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញមុខជនដៃដល់ ដើម្បីយកមកផ្ដន្ទាទោសនៅឡើយទេ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ