សកម្មជន​ដីធ្លី​ទើប​សម្រាល​កូន​ម្នាក់​នៅ​ខេត្ត​កោះកុង សុំ​តុលាការ​ពន្យារពេល​ចូល​សវនាការ

អ្នកស្រី អិប តឹង ដែលអះអាងថាជាពលរដ្ឋរងគ្រោះដីធ្លីដោយសារក្រុមហ៊ុន ហេង ហ៊ុយ នៅខេត្តកោះកុង ទទួលដីកាកោះហៅពីតុលាការ កាលពីខែតុលា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

សកម្មជនដីធ្លី នៅស្រុកស្រែអំបិល ខេត្តកោះកុង បានសុំពន្យារពេលចូលសវនាការ ដោយសារខ្លួន​ទើបសម្រាលកូន មិនអាចធ្វើដំណើរទៅចូលរួមសវនាការ និងមិនទា​ន់រកមេធាវីមកការពារក្ដីបាននៅឡើយ។

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក ឃុន តឿន បានចេញដីកាកោះហៅអ្នកស្រី អិប តឹង រស់នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ឱ្យបង្ហាញខ្លួននៅសវនាការនៅព្រឹក​​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្អែកនេះ ក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ» ដែលធ្វើឡើងទៅតាមបណ្ដឹងរបស់​ឧកញ៉ា ហេង ហ៊ុយ ពាក់ព័ន្ធរឿង​បរិហារកេរ្តិ៍។

អ្នកស្រី អិប តឹង ដែលអះអាងថាទើបសម្រាលកូនបានជាង២០ថ្ងៃ ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា អ្នកស្រីបានដាក់ពាក្យ​សុំពន្យារពេលចូលសវនាការនេះ កាលពីចុងសប្ដាហ៍មុន ដោយសារតែអ្នកស្រីទើបសម្រាលកូន ហើយសរសៃខ្ចី ពិបាកក្នុងការធ្វើដំណើរទៅចូលរួមសវនាការ និងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ស្វែងរកមេធាវីមកជួយការពារក្ដី។

ស្ត្រីសកម្មជនដីធ្លីរូបនេះនៅតែលើកឡើងថា ខ្លួនបានរងភាពអយុត្តិធម៌ជាខ្លាំង ខណៈអ្នកស្រីនិងពលរដ្ឋជិត២០០គ្រួសារទៀតបានបាត់បង់ដីធ្លី ដោយសារក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) របស់លោក ហេង ហ៊ុយ រំលោភយកអស់តាំងពីឆ្នាំ២០០៧ និងប្ដែងពលរដ្ឋ១០នាក់​ទៅតុលាការថែមទៀត។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំយល់ថារឿងនេះ វាអយុត្តិធម៌សម្រាប់ខ្ញុំខ្លាំងណាស់ ដែលតុលាការខេត្តកោះកុងចាត់ការ​តាមបណ្ដឹង ហេង ហ៊ុយ យ៉ាងលឿន ដោយសារតែ ហេង ហ៊ុយ មានលុយ។ គាត់ចង់ឱ្យតុលាការធ្វើអីក៏បាន តែសម្រាប់បណ្ដឹងរបស់យើងអ្នករងគ្រោះដីធ្លីវិញ មិនបានគេចាត់ការលឿនអ៊ីចឹងទេ»

អ្នកស្រី ដេត ហួរ ដែលអះអាងថាកំពុងមានជម្លោះដីធ្លី និងជាប់បណ្ដឹងនៅតុលាការដោយសារ​ លោក ហេង ហ៊ុយ ប្ដឹងដែរនោះ ស្នើដល់តុលាការទម្លាក់ចោលការចោទប្រកាន់លើកអ្នកស្រី អិប តឹង និងពលរដ្ឋ៩នាក់ផ្សេងទៀត ដោយថា ពលរដ្ឋទាំងនោះពុំមានកំហុសដូចការចោទប្រកាន់ឡើយ។

ពលរដ្ឋរូបនេះបានចោទលោក ហេង ហ៊ុយ ថា​បានរំលោភយកដីធ្លីរបស់ពួកគាត់ចំនួន១៩៧គ្រួសារ តាំងពី​ឆ្នាំ​២០០៧ និងបានប្ដឹងតំណាងពលរដ្ឋ១០នាក់ទៅតុលាការថែមទៀត ក្នុងនោះមាន អ្នកស្រី អិប តឹង បានរងបណ្ដឹងចំនួន២ដង។

អ្នកស្រីបន្ថែមថា៖ «យើងនិយាយរឿង ហេង ហ៊ុយ យកដី! ដោយសារតែលោក ហេង ហ៊ុយ យកដីយើងមែន! អ៊ីចឹងជុំវិញរឿងហ្នឹង តុលាការគួរទម្លាក់ចោលការចោទប្រកាន់ និងអាជ្ញាធរធ្វើការដោះស្រាយដីធ្លីជូនពួកយើង មិនគួរមកចាត់ការលើបណ្ដឹងប្រឆាំងពលរដ្ឋរងគ្រោះដីធ្លីមួយករណីទៀតអ៊ីចឹង​ទេ»

អ្នកស្រី អិប តឹង បានផ្សព្វផ្សាយរូបថតលោក ហេង ហ៊ុយ លើហ្វេសប៊ុករបស់អ្នកស្រី​ដែល​មាន​ឈ្មោះ «ដា​ដា ដា​ដា» កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ដោយ​​បានសរសេរថា «កើតជាមនុស្ស មុននិងក្រោយគង់តែស្លាប់ តែមុននឹងស្លាប់ ធ្វើឱ្យល្អបន្តិចទៅ កុំដូចពាក្យចាស់ថា ខ្លួនរស់តែឈ្មោះស្អុយរលួយគួរឱ្យខ្ពើម មិនចង់ឮ! ដូចលោក ហេង ហ៊ុយ ប្លន់ដីពលរដ្ឋហើយ ហៅពលរដ្ឋឡើងតុលាការទៀត»

លោក ហេង ហ៊ុយ បានលើកឡើងក្នុងបណ្ដឹងដាក់ទៅអធិការនគរបាលស្រុកស្រែអំបិល កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ថាការផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់អ្នកស្រី អិប តឹង ​នេះជាការ​ភូត​កុហក​បោក​ប្រាស់ ​​មួល​បង្កាច់ ​បង្ខូច​កេរ្តិ៍​ ធ្វើឱ្យ​មាន​ការ​រើស​អើង និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស​សេចក្ដីថ្លៃថ្នូរ​របស់លោកយ៉ាងធ្ងន់ធ្ងរ។ 

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីប្រធាន​ក្រុមហ៊ុន ហេង ហ៊ុយ គឺលោក ហេង ហ៊ុយ បាន​ទេនៅថ្ងៃនេះ។

មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន បានស្នើដល់តុលាការឱ្យពិចារណាឡើងវិញ ចំពោះចំណាត់ការលើបណ្ដឹងប្រឆាំងអ្នកស្រី អិប តឹង។ លោកថា រឿងនេះកើតឡើងដោយសារតែបញ្ហាជម្លោះដីធ្លីរវាងពលរដ្ឋ និងឧកញ៉ា ហេង ហ៊ុយ មិនត្រូវបានដោះស្រាយ។

ជុំវិញការតវ៉ាដីធ្លីរបស់ក្រុមពលរដ្ឋនេះ លោក ហេង ហ៊ុយ ធ្លាប់អះអាងថា ដី​​ដែ​ល​​ក្រុមហ៊ុន​របស់លោកកំពុង​កាន់​កាប់​នោះជា​ដី​មាន​​​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​​ស្របទៅតាម​ច្បាប់ ដែលលោកបានប្រមូលទិញពីប្រជាពលរដ្ឋជាច្រើន​ឆ្នាំ​មក​ហើយ។

រដ្ឋបាលខេត្តកោះកុង បានចុះផ្សាយកាលពីចុងឆ្នាំ២០២០ ​ថាករណីវិវាទដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុន ហេង ហ៊ុយ ត្រូវបានដោះស្រាយចប់ជាស្ថាពរតាំងពីឆ្នាំ២០០៩ តាមរយៈសាលដីកា​ស្ថាពរ​របស់​តុលាការកំពូល និង​អនុក្រឹត្យលេខ​៣៦ របស់​រាជរដ្ឋាភិបាល កាលពីឆ្នាំ២០០៩​នោះ​ផង​ដែរ។

រដ្ឋបាល​ខេត្ត​កោះកុង បន្ត​ថា លោក ហេង ហ៊ុយ ទទួលបានកម្មសិទ្ធិដីធ្លីនោះ​នៅឆ្នាំ២០១១ ខណៈពលរដ្ឋ១៩៧គ្រួសារទើបតែប្រមូលផ្ដុំតវ៉ាជាថ្មីទៀតនៅឆ្នាំ២០១៩ ក្រោយពីតុលាការ និងក្រសួងរៀបចំដែនដី បានបិទបញ្ចប់​បណ្ដឹងតវ៉ារួចទៅហើយ។

ចំណែក​ក្រសួង​រៀបចំ​ដែនដី ​បានបដិសេធចំនួន៣ដងហើយ ដោយ​មិន​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ទាំងនោះឡើយ និង​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់​ ចំពោះ​អ្នក​ដែល​ក្រសួង​ថាបាន​ញុះញង់​ឱ្យ​ពលរដ្ឋ១៩៧គ្រួសារ​នោះឡើង​មក​តវ៉ា​ដល់រាជធានី​ភ្នំពេញផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ