គណបក្ស​មួយ​ជំរុញ​ក្រសួង​មហាផ្ទៃ​ពន្លឿន​នីតិវិធី ក្រោយ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ជិត​៥​ខែ

ពលរដ្ឋធ្វើដំណើរពីមុខក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ (រូបថត៖ ហួត វុទ្ធី)

គណបក្ស​បេះដូងជាតិ ស្នើ​យ៉ាងទទូច​​ដល់ក្រសួងមហាផ្ទៃពន្លឿននីតិវិធីលើការពិនិត្យនិង​សម្រេច​លើការ​ស្នើ​សុំចុះបញ្ជី​គណបក្សមួយ​នេះឱ្យ​បាន​ឆាប់ ដើម្បីឱ្យ​ខ្លួន​មាន​លទ្ធភាព​ធ្វើ​សកម្ម​ភាពនយោបាយស្របតាមច្បាប់។

សេចក្ដីថ្លែងការណ៍របស់គណបក្ស​បេះដូងជាតិ ដែលមាន​លោក សៀម ភ្លុក ជាប្រធាន​ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ បាន​លើកឡើង​ថា គណបក្សនេះបាន​ដាក់ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​គណបក្សនយោបាយ​ទៅក្រសួង​មហាផ្ទៃ អស់រយៈពេលជិត៥ខែ​មកហើយ និងបាន​ធ្វើការ​កែ​សម្រួល​ចំនួន៣លើក​ជាបន្តបន្ទាប់តាមសំណើរបស់​ក្រសួង ឱ្យ​ស្របតាម​បទប្បញ្ញត្តិ​នៃច្បាប់​ស្តីពីច្បាប់​គណបក្សនយោបាយ។

សេចក្ដីថ្លែងការណ៍ដដែលនោះ​បន្តថា៖ «គណបក្សបេះដូងជាតិ មានការ​សោក​ស្ដាយ​យ៉ាងខ្លាំង​ចំពោះក្រសួង​មហាផ្ទៃ ដែលយឺតយ៉ាវក្នុងការ​ឆ្លើយ​តប​ចំពោះការ​ស្នើ​សុំ​ចុះបញ្ជី​គណបក្ស​នយោ​បាយ​នៃគណបក្សបេះដូងជាតិ»។

ករណីនេះ គណបក្សបេះដូងជាតិ​ បាន​អំពាវនាវ​យ៉ាងទទូចដល់​ក្រសួងមហាផ្ទៃពន្លឿន​ការ​ពិនិត្យនិង​សម្រេច​លើការ​​​ស្នើ​សុំ​នេះឱ្យ​បាន​ឆាប់ ដើម្បីឱ្យខ្លួនមានលទ្ធភាព​ធ្វើសកម្មភាពនយោបាយ​ស្របតាម​ច្បាប់​របស់កម្ពុជា។

កន្លងមក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានដាក់សំណើស្នើសុំបង្កើតគណបក្សនយោបាយថ្មីនេះទៅកាន់ក្រសួង​មហាផ្ទៃ កាលពីថ្ងៃទី៣ ខែមិថុនា។ ប៉ុន្តែផ្អែកតាមបញ្ញត្តិមាត្រា១០ នៃច្បាប់ស្ដីពី​គណបក្សនយោបាយ ក្រសួងបានស្នើឱ្យតំណាងស្ថាបនិកគណបក្សនេះត្រូវធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈ​គណបក្ស​ឱ្យត្រឹមត្រូវ​ ស្រប​តាមបញ្ញត្តិ​មាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្ដីពីគណបក្សនយោបាយ រួចផ្ញើទៅក្រសួង​វិញ។

គិតចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ នៅខែវិច្ឆិកា ឆ្នាំ២០១៧ ដោយតុលាការកំពូលកម្ពុជាមក មានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួនជាង២០នាក់ ក្នុងចំណោម១១៨នាក់ ដែលជាប់បម្រាម​​ធ្វើនយោបាយរយៈពេល៥ឆ្នាំនោះ បានស្នើសុំសិទ្ធិធ្វើនយោបាយ​ឡើងវិញ។ ពួកគេមួយចំនួនបានទៅបង្កើតគណបក្សនយោបាយថ្មី និងមួយចំនួនទៀតនៅមិនទាន់សម្រេចចិត្តនៅឡើយទេ ខណៈការបោះឆ្នោតឃុំ-សង្កាត់នឹងធ្វើឡើងនៅឆ្នាំក្រោយនេះ។

រហូតមក​ដល់ពេល​នេះ ​មាន​គណបក្ស​នយោបាយ​ជាង​៤០បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ក្នុងនោះមានគណបក្សចំនួន៥ ដែលបានបង្កើតឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង រួមមាន គណបក្សឆន្ទៈខ្មែរ របស់​លោក គង់ មូនីកា កូនប្រុសរបស់​​លោក គង់ គាំ, គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ្រ, គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា, គណបក្សកំណែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន និងគណបក្សបេះដូងជាតិ ដែលត្រូវបានគេអះអាងថាជារបស់​លោក ថាច់ សេដ្ឋា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ