រយៈពេល​ជិត​២០​ឆ្នាំ ដើមឈើ​ប្រមាណ​២​លាន​ដើម​ត្រូវ​បាន​ដាំ​ក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ

មន្ត្រីបរិស្ថានខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធ ចុះល្បាតនៅព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរបរិស្ថានខេត្តសៀមរាប)

អាជ្ញាធរជាតិអប្សរា បានអះអាងថា រយៈពេលជិត២០ឆ្នាំមកនេះ ដើមឈើសរុបប្រមាណ២លានដើមដាំនៅតំបន់អង្គរ ខណៈថ្មីៗនេះ ​ក្រុមការងារ ព្រះសង្ឃ និងវិស័យឯកជន បានដាំកូនឈើជាង២ ០០០​ដើមបន្ថែមទៀតនៅបរិវេណវត្ត «ព្រះវិហារប្រាំពីរល្វែង» ដើម្បីលើកកម្ពស់សោភ័ណភាពប្រាង្គប្រាសាទទៀតផង។

អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ មានប្រសាសន៍ថា ​អាជ្ញាធរបានចាប់ផ្ដើមការងារដាំកូនឈើឡើងវិញក្នុងរមណីយដ្ឋានអង្គរ តាំងពីឆ្នាំ២០០៤។ រហូតមកដល់ពេលនេះ មានកូនឈើប្រមាណ២លានដើមហើយដែលបានដាំ ដោយចំនួននេះមិនរាប់ដើមឈើដែលអាជ្ញាធរជាតិអប្សរា បានចែកចាយដល់សាធារណជនយកទៅដាំទាំងក្នុងនិងក្រៅខេត្តសៀមរាបនោះទេ។

លោកក៏បានរម្លឹកពីអត្ថប្រយោជន៍ជាច្រើនរបស់ដើមឈើ ទៅលើ​​ផ្នែកបរិស្ថាន និងការអភិរក្សប្រាសាទ។

លោកពន្យល់ថា៖ «ដើមឈើតែងទទួលបាននូវភាពសំណើមខ្ពស់ ដែលវាជួយកាត់បន្ថយកម្ដៅនៅលើថ្មប្រាសាទ និងទប់ខ្យល់ មិនឱ្យប៉ះពាល់ផ្ទាល់ទៅលើថ្មប្រាសាទជាដើម ដែលជួយលើការអភិរក្សមួយផ្នែកធំ។ បន្ថែមពីនេះ ដើមឈើក៏មានតួនាទីជួយស្រូបយកខ្យល់កាបូនអុកស៊ីត មិនឱ្យសាយភាយក្នុងបរិយាកាសជាដើម ដែលកាបូននោះវានឹងក្លាយជាភ្លៀងអាស៊ីតពេលចូលទៅក្នុងបរិយាកាស»

លោកពន្យល់បន្ថែមថា៖ «គោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺចង់ឱ្យវត្តទាំងអស់ក្នុងរមណីយដ្ឋានអង្គរមានសណ្ដាប់ធ្នាប់ និងបរិស្ថានល្អ ស័ក្ដិសមជាទីសក្ការបូជារបស់ប្រជាជនខ្មែរយើងទាំងមូល និងចង់ឱ្យវត្តទាំងអស់ក្លាយជាគំរូដល់វត្តនៅតាមតំបន់ដទៃទៀត»។

យ៉ាងណា ​បទល្មើសលួចកាប់ឈើប្រណិត និងប្រភេទឈើកម្រ ក៏តែងកើតមាននៅតំបន់រមណីយដ្ឋានអង្គរជារឿយៗផងដែរ។

ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ​មាន​ករណី​ជន​ល្មើស​បាន​លួច​កាប់​ដើម​ឈើ​គ្រញូង​មួយ​ដើមនៅ​ក្នុង​តំបន់ការពារទី១ នៃរមណីយដ្ឋានអង្គរ​។ លើសពីនេះ ​ដើមឈើទាលមួយដើមនៅរមណីដ្ឋានអង្គរ ដែលមានអាយុរាប់សិបឆ្នាំ ក៏ត្រូវបាន​ជន​ល្មើស​​លួច​កាប់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

របាយការណ៍ពីមន្ត្រីបរិស្ថាន​ខេត្តសៀមរាប ធ្លាប់ឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២០ រហូតដល់ដើមឆ្នាំ២០២១​នេះ បទល្មើសលួចកាប់ដើមគ្រញូងក្នុងតំបន់អង្គរមាន​​ជាង​១០ករណី ក្នុងនោះក៏មានករណីមួយចំនួនត្រូវ​បាន​មន្រ្តីបរិស្ថាន​​បាន​​រឹ​បអូសវត្ថុតាង និងកសាងសំណុំរឿងទៅតុលាការ​​។ ក្រៅពីការលួចកាប់ឈើប្រណិត ក៏មានករណី​ពលរដ្ឋខ្លះបានកាប់ទន្រ្ទានព្រៃធ្វើចម្ការខុសច្បាប់ទៀតផង ប៉ុន្តែករណីរានដីព្រៃនោះ អាជ្ញាធរគ្រាន់តែធ្វើកិច្ចសន្យានិងផាកពិន័យតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ