ពលរដ្ឋ​ជាង​១០០​គ្រួសារ​ផ្ទុះ​ការតវ៉ា ក្រោយ​ទាហាន​ធ្វើ​បណ្ណកម្មសិទ្ធិ​លើ​ដីធ្លី​កំពុង​មាន​ជម្លោះ

ពលរដ្ឋលើកបដាតំណាងអ្នកភូមិចំនួន១៤៥​គ្រួសារ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ការតវ៉ា ក្រោយពេលក្រុមយោធានៅក្នុងបន្ទាយមួយបានធ្វើបណ្ណកម្មសិទ្ធិលើដីធ្លីដែលកំពុងមានជម្លោះ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

អ្នកភូមិចំនួន១៤៥​គ្រួសារ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ាជាថ្មីទៀត នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ក្រោយពេលក្រុមយោធានៅក្នុងបន្ទាយមួយបានធ្វើបណ្ណកម្មសិទ្ធិលើដីធ្លីដែលកំពុងមានជម្លោះ។

លោក ជា សុខ ដែលអះអាងថាជាតំណាងពលរដ្ឋទាំង១៤៥គ្រួសារ បានប្រាប់ វីអូឌី ថាពលរដ្ឋប្រមាណ១០០នាក់ តំណាង​​ឱ្យ​​១៤៥គ្រួសារ បាននាំគ្នា​ប្រមូល​ផ្ដុំតវ៉ានៅមុខ​បន្ទាយ​ទាហាន​វរ​សេនា​តូច​ការពារ​អាកាស​លេខ​៩១ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បី​ទាមទារឱ្យមានដំណោះស្រាយរឿងដីធ្លីរបស់ពួកគាត់។

លោកបន្តថា ពួកគាត់​មានជម្លោះដីធ្លីជាមួយទាហានជើងអាកាសលេខ៩១ ជិត២០ឆ្នាំហើយ រហូតពេលនេះនៅមិនទាន់ដោះស្រាយចប់នៅឡើយទេ។ លោកថា ពេលនេះ មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​វរសេនា​តូច​លេខ​៩១ លោក សុខ ប៉ាង បានធ្វើបណ្ណកម្មសិទ្ធិជាសមូហភាពលើដីកំពុងមានជម្លោះនោះ ដោយមិនបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងដោះស្រាយជូនពលរដ្ឋឡើយ។

តំណាងពលរដ្ឋរូបនេះឱ្យដឹងទៀត​​ថា ជុំវិញជម្លោះដីធ្លីនេះ រដ្ឋាភិបាលបានចេញសេចក្ដីសម្រេច​ជាច្រើនឆ្នាំហើយ ឱ្យកាត់ដីទំហំជាង៤​ហិកតាជូនពលរដ្ឋ១៤៥គ្រួសារ ប៉ុន្តែមេ​យោធា​នៅវរ​សេនា​តូច​លេខ​៩១ មិនបានអនុវត្តតាមឡើយ និងបានធ្វើរបាយការណ៍ភូមិកុហក​រដ្ឋាភិបាល​ថាបាន​ដោះស្រាយ​បញ្ចប់​វិវាទ​ជូន​ពលរដ្ឋ​ទៀតផង ខណៈពលរដ្ឋមិនទាន់ទទួលបានដំណោះស្រាយអ្វីទាំងអស់។

លោកបន្ថែមថា៖ «បញ្ហាជម្លោះដីធ្លីរបស់ពួកខ្ញុំនេះ គឺមានសេចក្ដីសម្រេច ស.ជ.ណ មានទាំងចំណាររបស់នាយករដ្ឋមន្ត្រី ឱ្យកាត់ចេញដីជាង៤ហិកតាជូនមកដល់ពួកខ្ញុំ បែរជាអនុវត្តន៍ហ្នឹងអត់ចេញតាំងពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះ។ ហើយឥលូវមិនត្រឹមតែមិនអនុវត្តទេ គាត់ថែមទាំងធ្វើប្លង់កម្មសិទ្ធិយកទាំងដីជាង៤ហិកតារបស់ពួកខ្ញុំទៀត ធ្វើជាកម្មសិទ្ធិរបស់លោក សុខ ប៉ាង ប្រធានអង្គភាពនេះទៀត»។

អ្នកស្រី មូល សាមឺន ជាមេភូមិព្រៃទា និងជាជនរងផលប៉ះពាល់ដីធ្លីនេះដែរនោះ បាននិយាយថា ករណីមេបញ្ជាការនៃបញ្ជាការដ្ឋានវរសេនាតូចលេខ៩១ លោក សុខ ប៉ាង សុំធ្វើបណ្ណកម្មលើដីកំពុងមានជម្លោះនេះ គឺអាជ្ញាធរភូមិមិនបានដឹងឡើយ។

មេភូមិរូបនេះអះអាងថា ដីកំពុងមានជម្លោះនោះជាដីរបស់អ្នកភូមិដែលបានកាន់កាប់តាំងពីមុនសម័យ ប៉ុល ពត ប៉ុន្តែឆ្នាំ១៩៨៧ មន្រ្តីយោធាជាន់ខ្ពស់ម្នាក់បានខ្ចីដីពី​អ្នកភូមិជាច្រើនហិកតានៅតំបន់នោះ ដើម្បីបោះទីតាំងឱ្យពលទាហានឈរជើង ដោយសងដីនោះជូនពលរដ្ឋវិញក្រោយប្រទេសមានសុខសន្តិភាព។

អ្នកស្រីបន្តថា នៅឆ្នាំ២០០០ អ្នកភូមិបានទាមទារដីនោះមកវិញ ហើយ​នៅ​ឆ្នាំ២០១៧ លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន ក៏បានចេញបទបញ្ជាទៅក្រសួងការពារជាតិឱ្យ​​ដោះស្រាយបញ្ចប់បញ្ហានេះ​ហើយនៅឆ្នាំ២០១៨។ ក្នុងនោះ ​មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ក៏បានសន្យាចំពោះមុខតំណាងពលរដ្ឋថា លោកនឹងដោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លីនេះជូនពួកគាត់​​ឱ្យបានឆាប់ផងដែរ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ ពុំមានអ្នកភូមិណាម្នាក់ទទួលបានសំណង​នៅឡើយ។

អ្នកស្រីបន្ថែមថា៖ «ឯកសារពលរដ្ឋមានពេញនៅក្នុងដៃ ស្របទៅតាមផ្លូវច្បាប់ទាំងអស់។ លោក​ឧប [ឧបនាយករដ្ឋមន្ត្រី] ប៊ិន ឈិន ក៏ឱ្យក្រសួងការពារជាតិអនុវត្តតាមចំណារសម្ដេច! លោក ជា សុផារ៉ា ក៏ឱ្យអនុវត្តតាមចំណាររបស់សម្តេច! តែនៅតែមិនអនុវត្ត! ហើយឥលូវបែរជាលោក សុខ ប៉ាង សុំចុះបញ្ជីជាប្រព័ន្ធទៀត។ អ៊ីចឹងប្រជាពលរដ្ឋគាត់ម៉េចសុខចិត្ត! ហើយខ្ញុំក្នុងនាំជាមេភូមិ ជាតំណាង ខ្ញុំរកតែភាពយុត្តិធម៌ជូនពលរដ្ឋទេ ដោះឱ្យពួកគាត់មកក្នុងគោលនយោ​បាយឈ្នះៗ»

អ្នកនាំពាក្យ​កងទ័ព​ជើង​អាកាស នៃ​ក្រសួងការពារជាតិ លោក ប្រាក់ សុខា មានប្រសាសន៍ថា ជម្លោះ​នេះមិន​ពាក់ព័ន្ធ​នឹង​អគ្គនាយកដ្ឋាន​កងទ័ព​ជើង​អាកាស​ទេ គឺ​ពាក់ព័ន្ធ​នឹងបញ្ជា​ការដ្ឋាន​វរសេនា​តូច​លេខ​៩១​​នោះ​ផ្ទាល់តែម្តង ហើយលោកបានបង្វែរឱ្យទៅសួរ​មេបញ្ជាការនៃ​បញ្ជាការដ្ឋាន​វរសេនា​តូច​លេខ​៩១ លោក សុខ ប៉ាង វិញ។

លោកបន្ថែមថា៖ «បញ្ហាហ្នឹងជារបស់កងកម្លាំងការពារអាកាស មិនមែនរបស់ទ័ពអាកាសទេ! ហើយរឿងវិវាទដីធ្លីជាមួយប្រជាពលរដ្ឋហ្នឹង ខ្ញុំមិនបានដឹងទេ។ សូមសួរទៅឧត្ដមសេនីយ៍ទោ សុខ ប៉ាង ដែលគាត់ជាមេបញ្ជាការការពារអាកាសកងទ័ពជើងគោក។ ខ្ញុំទ័ពអាកាស ខ្ញុំអត់សូវដឹងរឿងរបស់គេទេ»

វីអូឌី មិនអាចសុំការឆ្លើយតបពីលោក សុខ ប៉ាង ដែលរងការចោទក្នុងរឿងនេះ​បាននៅឡើយ​​ទេ នៅថ្ងៃអង្គារ។

បើតាមតំណាងពលរដ្ឋ ដីធ្លីដែលមន្រ្តីទាហានខ្ចីពលរដ្ឋដើម្បីដាក់ទាហាននោះ គឺមានទំហំ៩ហិកតា ប៉ុន្តែក្រោយមក រដ្ឋាភិបាលសម្រេចសងដីមកឱ្យពលរដ្ឋវិញបានត្រឹមតែ៤ហិកតាប៉ុណ្ណោះ សម្រាប់ពលរដ្ឋ៣៥គ្រួសារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ