អាជ្ញាធរ​និង​ពលរដ្ឋ​ស្នើ​តុលាការ​ខេត្តព្រះវិហារ​ដោះលែង​ជនពិការ​ម្នាក់​ដែល​រង​ហិង្សា​និង​ជាប់ឃុំ​ក្រោយ​មាន​ជម្លោះ​ដីធ្លី

ទីតាំងស្នាក់ការស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ)

អាជ្ញាធរមូលដ្ឋាននិងពលរដ្ឋនៅឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានស្នើដល់តុលាការខេត្តនេះពិចារណា​និងដោះលែងជនពិការម្នាក់ដែលរងអំពើហិង្សានិងកំពុងជាប់ឃុំក្នុងពន្ធនាគារ​ ក្រោយ​ជនពិការ​នោះមាន​ជម្លោះដីធ្លីជាមួយពលរដ្ឋដូចគ្នា។

ក្នុងលិខិតសរសេរ​ដោយ​ដៃ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ​មេភូ​មិស្វាយ និងមេភូមិរលំឡែង នៃឃុំរណសិរ្ស និង​ពលរដ្ឋប្រមាណ៣០នាក់ នាំគ្នាផ្ដិតមេដៃស្នើ​ដល់​តុលាការខេត្តព្រះវិហារ ពិចារណាដោះលែងជនពិការម្នាក់​ឈ្មោះ នួន នាត ឱ្យមានសេរីភាពវិញ ដែលពួកគេអះអាងថា បានរងអំពើហិង្សានិងជាប់ឃុំយ៉ាងអយុត្តិធម៌ ក្រោយមានជម្លោះដីធ្លីជាមួយពលរដ្ឋមកពីខេត្តផ្សេង។

មេភូមិស្វាយ លោក មាស ចិប ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍​នេះថា លោក នួន នាត ជាជនពិការជើងខាងស្ដារស់​​​​នៅ​ភូមិ​រលំ​ឡែង មានជម្លោះដីធ្លីជាមួយបុគ្គល ឈ្មោះ ម៉ៅ មឿន និងបក្សពួក៣នាក់ទៀត រហូតមានអំពើហិង្សា​កើតឡើងកាលពាក់កណ្ដាលខែមុននេះ។

មេភូមិរូបនេះបន្តថា​ កាលពីឆ្នាំ១៩៩៥ អាជ្ញាធរបានកាត់ដីមួយផ្នែកឱ្យពិជនពិការឈ្មោះ នួន នាត បង្កបង្កើន​ផលសម្រាប់​ចិញ្ចឹមជីវិតរហូតមកដល់បច្ចុប្បន្ននេះ ហើយគាត់​​មាន​ជម្លោះព្រំ​ដី​ជាមួយ​បុគ្គល​ ឈ្មោះ ម៉ៅ មឿន នៅឆ្នាំ២០២១ ខណៈ​ដី​របស់​លោក ម៉ៅ មឿន កាន់កាប់ជាដីព្រៃនិងមិនទាន់មានបណ្ណកម្មសិទ្ធិដូចគ្នា។

លោកបន្ថែមថា៖ «ការពិត ដីដែលភាគីទាំង២នោះ​កំពុងអាស្រ័យផលនិងកំពុង​កាន់កាប់​ជាដីសហគមន៍នៅឡើយទេ​ មិនទាន់ប្លង់កម្មសិទ្ធិទេ បើសិនរដ្ឋចង់បានយកវិញ គេយកវិញហើយ។ ប៉ុន្តែពួកគាត់អត់ចេះចែករំលែកគ្នា​ រស់នៅ​បង្ក​ឱ្យមានជម្លោះ​រហូតមានអំពើហិង្សាកើតឡើងទៅវិញ»

អនុភូមិស្វាយ លោក អៀង លាន ដែលឃើញហេតុការណ៍នេះ ប្រាប់ វីអូឌី ថាជម្លោះរវាងជនពិការ ឈ្មោះ​ នួន នាត និងភាគីលោក ម៉ៅ មឿន បានឈាន​ដល់​ផ្ទុះអំពើ​ហិង្សា​នោះ បានកើតឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ លោក​អះអាងថា ក្នុងហេតុការណ៍​ជម្លោះនោះ ​ដំបូងឡើយ​ភាគី​ទាំងពីរ​បាន​ជេរប្រមាថ​គ្នា​ទៅវិញទៅមកនៅ​លើដីកំពុងមានជម្លោះ រហូតប៉ះទង្គិច​គ្នា ដោយភាគីលោក ម៉ៅ មឿន មាន​គ្នា៤នាក់ មាន​កូនបង្កើត និងកូនប្រសារ ប្រដាប់ដោយ​ពូថៅ និងកាំបិតជាប់ដៃ។ 

​លោក អៀង លាន បន្តថា លោក ម៉ៅ មឿន បានយកពូថៅហក់ទៅកាប់លោក នួន នាត មុន ប៉ុន្តែលោក នួន នាត បានគេចផុត និងបានហក់ទៅខាំបបូរ​មាត់លោក ម៉ៅ មឿន វិញ​រហូត​រងរបួស ហើយ​កូនប្រុសលោក ម៉ៅ មឿន ម្នាក់បានហក់ទៅកាប់លើជនពិការនោះ​ទៀត តែមិនត្រូវ ប៉ុន្តែក្រោយ​មក ​​​​ពួកគេបានវាយ​ជន​ពិការ​នោះ​ជា​ច្រើន​ដៃ។

លោកបន្ថែមថា៖ «មុនដំបូង តាមឿនហក់ទៅកាប់នឹងពូថៅ ហើយអានោះ [កូន​តាមឿន] កាប់​នឹង​ខ្វែវ កាំបិត​ហ្នឹង តាមឿនជាអ្នកកាប់មុន ប៉ុន្តែកាប់អត់ត្រូវទេ កាប់ខុសទាំងអស់គ្នា។ ស្នាមរបួសហ្នឹង​ជាស្នាមខាំ​ទេ ជនពិការអ្នកខាំ។ ពេលដែលកាប់ខុសទាំងអស់គ្នាទៅ វាធ្លាក់ពូថៅកាំបិត ហើយវាយគ្នានឹងដៃម្ដង ដល់វាយគ្នានឹងដៃ ពេលនោះខាំគ្នាតែម្តង។ ខ្ញុំនេះឯងអ្នកទៅឃាត់ បើខ្ញុំអត់ឃាត់ ខាំគ្នាងាប់អស់បាត់ហើយ»

បើតាមលោក អៀង លាន គឺថាជនពិការ លោក នួន នាត ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារចាប់ខ្លួន​នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ខណៈដែលជនពិការរូបនោះធ្វើដំណើរទៅទីរួមខេត្ត ប៉ុន្តែលោកមិនបានដឹងថាតុលាការសម្រេចឃុំនៅពេលណានោះទេ។

ក្នុងវីដេអូឃ្លីប​មួយ​ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកស្រី កើត ម៉េត ជាភរិយារបស់ជនពិការនោះ​ បានអំពាវនាវដល់តុលាការខេត្តព្រះវិហារ ឱ្យទម្លាក់ចោលការចោទប្រកាន់និងដោះលែងស្វាមីរបស់អ្នកស្រីឱ្យមានសេរីភាពវិញ ដោយថា ស្វាមីរបស់អ្នកស្រីពុំមានកំហុសអ្វីនោះឡើយ។

អ្នកស្រីបន្ថែមថា៖ «គេលោតកាប់ប្ដីខ្ញុំ ដល់ខ្ញុំខ្លាចគេកាប់គាត់ គាត់ក៏លោតទៅឱបគេ ហើយគេបានខាំ​កកេរគាត់ ប៉ុន្តែគេច ក៏គេកកេរគាត់ខុស ហើយគាត់បានខាំកកេរគេវិញ គាត់ខាំគេដាច់បបូរ​មាត់។ គេនោះមាន​ពូថៅ គេលោតកាប់ប្ដីខ្ញុំទៀត តែប្ដីខ្ញុំលោតឱប​ទៀត ហើយ​បានខាំដៃ ហើយបាន​ជ្រុះពូថៅហ្នឹង​ទៀត កុំ​អី​គេកាប់ប្ដីខ្ញុំស្លាប់ហើយ»

វីអូឌី មិនទាន់អាចរកការឆ្លើយតបពីភាគី​ម្ខាងទៀតដែលមានឈ្មោះ ម៉ៅ មឿន និងបក្សពួកបានទេនៅថ្ងៃព្រហស្បតិ៍​នេះ។

មេឃុំរណសិរ្ស លោក ហុង សន និងមេប៉ុស្តិ៍ លោក អួន រោន បានបដិសេធឆ្លើយតបជុំវិញករណីនេះ។

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រីមេធាវី លុក ស៊ីសុវណ្ណារី សមាជិក​គណៈមេធាវី​នៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីការពារឱ្យជនជនពិការ លោក នួន នាត បានដាក់សំណើមួយទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីស្នើសុំ​ឱ្យ​កូនក្ដីបាននៅក្រៅឃុំបណ្ដោះអាសន្ន ដោយ​សម្អាងថា កូនក្តី​របស់ខ្លួនមានទីលំនៅ​ច្បាស់​លាស់ មិនរត់គេច​ មិនគាបសង្កត់​សាក្សីឬជនរងគ្រោះ មិនធ្វើ​ឱ្យ​ប៉ះពាល់ដល់នីតិវិធីតុលាការ និង​ចូលខ្លួន​តាមការកោះហៅ​របស់តុលាការគ្រប់​នីតិវិធីទាំងអស់។ ហើយម្យ៉ាងទៀត លោកស្រីថា កូនក្ដីរបស់ខ្លួនជាមេគ្រួសារ ជាអ្នករកប្រាក់ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ