ក្រុមស្ត្រីថ្ងៃសុក្រ ស្នើទៅស្ថានទូតឥណ្ឌូនេស៊ី ដែលជាសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាដោះលែងសមាជិកគ្រួសារពួកគេដែលកំពុងជាប់ពន្ធនាគារ និងគោរពសិទ្ធិមនុស្ស ដោយពួកគេថា បច្ចុប្បន្ន កម្ពុជាមិនបានអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យបានពេញលេញនៅឡើយ។
ការបន្តដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា របស់ក្រុមស្ត្រីថ្ងៃសុក្រ នៅថ្ងៃព្រសហ្បតិ៍នេះ បានធ្វើឡើងស្របពេលស្វាមីរបស់ពួកគាត់ដែលជាអតីតសកម្មជនបក្សប្រឆាំង មិនទាន់ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញនៅឡើយ ខណៈពួកគេអះអាងថាជាការឃុំខ្លួនទាំងអយុត្តិធម៌។
ភរិយារបស់អតីតក្រុមប្រឹក្សាខេត្តកំពង់ធំ នៃគណបក្សសង្គ្រោះជាតិ លោក ស៊ុន ធន់ គឺអ្នកស្រី សេង ចាន់ថន ប្រាប់អ្នកសារព័ត៌មានថា ការបន្តដាក់ញត្តិនេះ ដោយសារពួកគាត់ចង់ឱ្យម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងអស់ កោះហៅរដ្ឋាភិបាលកម្ពុជាទៅសាកសួរ ដោយសារបច្ចុប្បន្ន អ្នកស្រីថា កម្ពុជាកំពុងមានការរំលោភសិទិ្ធមនុស្សកាន់តែធ្ងន់ធ្ងរ។
លើសពីនេះ អ្នកស្រីថា ពលរដ្ឋដែលហ៊ានរិះគន់និងបញ្ចេញមិតមួយចំនួនត្រូវបានរដ្ឋាភិបាលឃុំខ្លួនជាបន្តបន្ទាប់ ដោយគិតមកដល់ពេលនេះមិនទាន់ត្រូវបានដោះលែងទេ។
អ្នកស្រីថា៖ «ដើម្បីឱ្យគាត់ជួយអន្តរាគមន៍នូវរឿងដែលស្វាមីនិងឪពុកម្ដាយយើងខ្ញុំកំពុងជាប់ឃុំទាំងអយុត្តិធម៌ ដោយគ្មានកំហុសសោះ ជាពិសេសប្រទេសកម្ពុជាយើងបាត់សិទ្ធិសេរីភាព គឺអត់មានដោះស្រាយនូវបញ្ហាដែលប្រជាពលរដ្ឋជួបទុក្ខលំបាក ហើយជាពិសេសនិយាយស្ដីអីបន្តិចត្រូវចាប់ចងដាក់ពន្ធនាគារទាំងអយុត្តិធម៌»។
យ៉ាងណាក៏ដោយ ការដាក់ញត្តិរបស់ក្រុមស្ដី្រថ្ងៃសុក្រនេះ ក៏មានការតាមឃ្លាំមើលពីសំណាក់អាជ្ញាធរជាច្រើននាក់ ខណៈស្ត្រីដែលទៅដាក់ញត្តិនោះមានគ្នាប្រហែល១០នាក់ប៉ុណ្ណោះ។ ក្រោយពីតវ៉ានៅមុខស្ថានទូតប្រហែល១ម៉ោង ស្ត្រី២នាក់ត្រូវបានអនុញ្ញាតឱ្យចូលទៅដាក់ញត្តិនៅក្នុងស្ថានទូតឥណ្ឌូនេស៊ី។
អ្នកស្រី សេង ចាន់ថន ដែលបានចូលទៅដាក់ញត្តិនោះ បានលើកឡើងថា៖ «គាត់ [មន្ត្រីទូត] គ្រាន់តែនិយាយថានឹងជួយដោះស្រាយពួកខ្ញុំ ហើយជួយហៅប្រទេសហត្ថលេខីទាំងអស់ជួបប្រជុំគ្នា ដោះស្រាយបញ្ហាទុក្ខលំបាករបស់ពួកខ្ញុំដែលបានជម្រាបទៅគាត់។ ខ្ញុំសូមឱ្យរដ្ឋាភិបាលឥណ្ឌូនេស៊ី ឱ្យគាត់ជួយអន្តរាគមន៍ដល់ពួកខ្ញុំនៅកម្ពុជាដែលកំពុងរងគ្រោះ ឱ្យគាត់ដោះស្រាយឱ្យបានឆាប់ៗ ជាពិសេសហៅប្រទេសហត្ថលេខីជួយចរចាគ្នា ជាពិសេសរដ្ឋាភិបាលខ្មែរ កុំឱ្យគាត់លុបបំបាត់ថ្ងៃ ២៣តុលា ហ្នឹង»។
តែយ៉ាងណា វីអូឌី មិនអាចស្វែងរកការបញ្ជាក់ជុំវិញករណីនេះពីតំណាងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានទេ នៅថ្ងៃនេះ។
នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការដាក់ញត្តិរបស់ក្រុមស្ត្រីថ្ងៃសុក្រនេះ ទៅប្រទេសម្ចាស់ហត្ថលេខី ដោយសារពួកគាត់អស់ជំនឿទៅលើស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ទើបពួកគាត់នាំគ្នាទៅរកកិច្ចអន្តរាគមន៍ពីស្ថាប័នអន្តរជាតិវិញ។
លោកថា៖ «បើយើងនិយាយពីសិទ្ធិមនុស្សនៅប្រទេសកម្ពុជាយើង គឺមានការធ្លាក់ចុះខ្លាំងរហូតទៅដល់មានការរិះគន់ជាបន្តបន្ទាប់។ ហើយថ្មីៗ អ្នករាយការណ៍ពិសេស ៣រូប របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក៏ចេញសេចក្ដីថ្លែងការណ៍បន្ថែមទៀត។ ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការបង្ក្រាបសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនគណបក្សនយោបាយអីជាដើម អ៊ីចឹងការទាមទារដោះលែងគ្រួសារពួកគាត់ ហើយគាត់យល់ថាស្ថាប័នណាអាចដោះស្រាយបាន ជាសិទ្ធិរបស់ពួកគាត់»។
កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទទួលយកនូវការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការមួយនេះ និងកែលម្អស្ថានភាពសិទ្ធិមនុស្សនិងប្រព័ន្ធតុលាការឡើងវិញ ដើម្បីចៀសផុតពីការរិះគន់ឬការចាត់វិធានការជាក់ស្ដែងណាមួយពីសហគមន៍អន្តរជាតិ។
ការជំរុញរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ បានធ្វើឡើងក្រោយពីសកម្មជនសិទ្ធិមនុស្សនិងសកម្មជននយោបាយសរុប១៥នាក់ ក្នុងសំណុំរឿងពីរផ្សេងគ្នា ត្រូវបានតុលាការកម្ពុជាផ្ដន្ទាទោសជាបន្តបន្ទាប់កាលពីចុងខែតុលា ក្នុងនោះមានការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ចំនួន៧នាក់ ដែលជាសមាជិកខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ, សមាជិកអតីតគណបក្សសង្គ្រោះជាតិ ចំនួន៧រូប ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ឬ «បង្កភាពវឹកវរក្នុងសង្គម»។ លើសពីនេះ ការកាត់ទោសកូនអតីតសកម្មជនបក្សប្រឆាំង ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ វ័យ១៦ឆ្នាំ ឱ្យជាប់ពន្ធនាគារ៨ខែ ពាក់ព័ន្ធបទ «ញុះញង់ និងប្រមាថមន្ត្រីរាជការសាធារណៈ» ជាដើម៕