ក្រសួងមហាផ្ទៃ​ស្នើ​គណបក្ស កម្ពុជានិយម កែ​លក្ខន្តិកៈ​និង​រៀបចំ​កម្មវិធី​នយោបាយ​ឡើង​វិញ

ទិដ្ឋភាពនៅពីមុខក្រសួងមហាផ្ទៃ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងមហាផ្ទៃ ប្រាប់ទៅគណបក្សកម្ពុជានិយម ឱ្យកែសម្រួល​ខ្លឹមសារ​ក្នុង​​លក្ខន្តិកៈនិងរៀប​ចំ​កម្មវិធី​នយោបាយសំខាន់ៗរបស់ខ្លួនឡើងវិញ បើពុំនោះទេ ក្រសួងនឹងមិនអនុញ្ញាត​ចុះឈ្មោះ​គណបក្សនេះក្នុងបញ្ជីគណបក្សនយោបាយនោះទេ។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើជូនលោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណៈកម្មាធិការ​បណ្ដោះអាសន្ន​គណបក្ស​កម្ពុជានិយម ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​លើកឡើង​ថា ក្រសួង​បានទទួលរួចហើយនូវសំណើសុំចុះឈ្មោះ «គណបក្សកម្ពុជានិយម» ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។

ប៉ុន្តែពាក់ព័ន្ធនឹងសំណើនេះ ក្រសួង​ពិនិត្យឃើញថា គណៈកម្មាធិការបណ្ដោះអាសន្នគណបក្សកម្ពុជានិយម ពុំបានភ្ជាប់មកជាមួយនូវ​កម្ម​វិធីនយោ​បាយ​សំខាន់ៗ​របស់​គណបក្ស ស្របតាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយឡើយ​។ ចំណែកលក្ខន្តិកៈគណបក្ស ក្រសួងក៏សង្កេតឃើញ​​​មាន​ទម្រង់​នៃការសរសេរទុកចន្លោះទំនេរចោលក្នុងទំព័រជាច្រើន ត្រង់ជំពូកនិងផ្នែកនីមួយៗនៃលក្ខន្តិកៈ ខណៈ​ខ្លឹមសារ​ក្នុងប្រការមួយចំនួនមានលក្ខណៈផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីគណបក្សនយោបាយ។

ករណីនេះ ក្រសួងមហាផ្ទៃ ស្នើឱ្យគណបក្សកម្ពុជានិយម ត្រូវកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈ និង​ត្រូវរៀបចំនូវ​ «កម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស» ឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិ នៃ​ច្បាប់ស្ដីពីគណបក្សនយោបាយឡើងវិញ រួចហើយ​ផ្ញើមក​ក្រសួង ក្នុងរយៈពេលយ៉ាង​យូរ​១៥ថ្ងៃ គិតចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងជាកំហិត។

ក្រសួងក៏បានព្រមានដែរថា​ ក្នុងករណីគណបក្សនេះមិនអនុវត្តតាមស្មារតីនៃលិខិតជូនដំណឹង​នេះ ក្រសួង​នឹងមិនអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយឡើយ។ 

គួរបញ្ជាក់ថា រហូតមក​ដល់ពេល​នេះ ​មាន​គណបក្ស​នយោបាយ​ជាង​៤០បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ក្នុងនោះមានគណបក្សចំនួន៦ដែលបានបង្កើតឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង រួមមាន គណបក្សឆន្ទៈខ្មែរ របស់​លោក គង់ មូនីកា កូនប្រុសរបស់​​លោក គង់ គាំ, គណបក្សខ្មែរអភិរក្សនិយម របស់លោក រៀល ខេមរិន្ទ, គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា, គណបក្សកែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន, គណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឬទ្ធិ និងគណបក្សបេះដូងជាតិ ដែលត្រូវបានគេអះអាងថាជារបស់​លោក ថាច់ សេដ្ឋា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ